បាត់​ដំបងៈ យ៉ាងហោច​ណាស់​បុរស​ ៥ នាក់​ ត្រូវ​បាន​កៀប​ស្លាប់​ក្នុង​រថយន្ត និង​បុរស​ម្នាក់ទៀត រង​​របួសធ្ងន់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​គ្នា​ស្ថិត​នៅ​ភូមិ-ឃុំ​មោង ស្រុក​មោង​ឫស្សី​ ខេត្ត​បាត់ដំបង​ នៅ​ព្រឹក​ថ្ងៃទី​ ២៨​ តុលា។


លោក ​ចាន់ សុធី នាយការិយាល័យ​ចរាចរណ៍ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ឱ្យ​ ភ្នំពេញ​ ប៉ុស្តិ៍​ ដឹង​នៅ​រសៀល​ថ្ងៃទី​ ២៨ ​តុលា​ថា​ ជនរងគ្រោះ​ស្លាប់​ទី១- ឈ្មោះ ឡុង ហុង ភេទ​ប្រុស អាយុ​ ៤៧ ​ឆ្នាំ (អ្នក​បើកបរ) រស់​នៅភូមិ​កំពង់​ពិល ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ​ខេត្ត​បាត់​ដំបង ទី២- ឈ្មោះ វ៉ាង សំបូរ ភេទ​ប្រុស អាយុ ៥៧ ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្រឡៅ ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ទី៣- ឈ្មោះ ម៉ក់ ភេទ​ប្រុស អាយុ ១៩ ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ស្រឡៅ ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ទី៤- ឈ្មោះ ចាន់ សុ​វឌ្ឍនៈ ភេទ​ប្រុស អាយុ ១៥ ឆ្នាំ​រស់នៅ ភូមិ​ព្រែក​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ និង​ទី៥-ឈ្មោះ ឈុំ វិឆ័យ ភេទ​ប្រុស អាយុ ១៥ ឆ្នាំ រស់នៅ ភូមិ​ព្រែក​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ។

ចំណែក​ម្នាក់​ទៀតរង​​របួស​ធ្ងន់​ឈ្មោះ ឈួ​យ បញ្ញា ភេទ​ប្រុស អាយុ​ ២២ ​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្រឡៅ ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ​​។​

ក្រោយ​កើត​ហេតុភ្លាមៗ​ សមត្ថកិច្ច​បានបញ្ជូនជន​រងគ្រោះ​ដែល​រង​របួស ទៅ​មន្ទីរ​ពេទ្យបង្អែក​ស្រុក​មោង​ឫ​ស្សី​ដើម្បី​សង្គ្រោះ​ជីវិត។

លោក ​ចាន់ សុធី ​ថ្លែង​ថា៖«ករណីនេះ​យើង​កំពុង​តែ​ស្វែងរក​ជនបង្ក ព្រោះ​ក្រោយពី​មាន​បញ្ហា​គាត់​បាន​រត់​ចេញពី​កន្លែងកើតហេតុ​បាត់​ហើយ​ហ្នឹង»។


លោក​ សុធី​ បាន​ប្រាប់​ដោយ​យោង​លើ​របាយការណ៍ ​របស់​ន​គ​របាល​មូលដ្ឋាន​ថា​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើត​ឡើង​កាលពី​ថ្ងៃទី ២៨ តុលា ​នៅវេលា​ម៉ោង​ ៥​ និង ១៥ នាទី​ព្រឹក​ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ ក្នុងភូមិ-ឃុំ​មោង ស្រុក​មោង​ឫស្សី ខេត្តបាត់ដំបង ។

លោក​បន្តថា​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បានកើត​ឡេ​ង រ​វាង​រថយន្ត ១ គ្រឿង​ ម៉ាក​ហ៊ី​ណូ ធុន​ធំ​ប្រភេទ​ដឹកទំនិញ ​ពាក់​ស្លាក​លេខ​កំពង់​ឆ្នាំង 3A-1566 (ពេល​កើតហេតុ​ដឹក​ថ្លៃ​ស្វាយ) និង​រថយន្ត១គ្រឿង​ទៀត​ ម៉ាក​នីសា​ន់​ ប្រភេទ​ដឹកទំនិញ​ពាក់​ស្លាក​លេខ​បាត់ដំបង 2B-2211 ដោយ​រថយន្ត​ទាំង​ ២ ​គ្រឿង​ បើកបរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា។

លោក​បន្តទៀតថា ភ្លាមៗក្រោយ​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​របស់លោក​ បានធ្វើ​កោសល្យវិច័យ​ពិនិត្យឃើញថា ​រថយន្ត​ម៉ាក​ហ៊ី​ណូ​បាន​បើក​ពី​ទិស​កើត​ទៅ​លិច​ ហើយ​បាន​ចូល​ចំណែក​ផ្លូវស្តាំ​របស់​រថយន្ត​ម៉ាក​នីសា​ន់ និង​បុក​ពេញទំហឹង​បណ្តាលឱ្យ​អ្នកជិះ​ក្នុង​កាបិ​ន​ត្រូវ​កៀប​ស្លាប់​ទាំង​ ៥ ​នាក់ និង​របួសធ្ងន់​ម្នាក់។

លោក ចាន់ សុធី​ បញ្ជាក់ថា​ ចំពោះ​សាកសព​គឺ​សមត្ថកិច្ច​របស់លោក​បាន​ប្រគល់ជូន​ក្រុម​គ្រួសារ​រៀងៗខ្លួន ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណី៕