ភ្នំពេញៈ តំណាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​ជាតិ អន្តរជាតិ បានរៀបចំ​វេទិកា​សាធារណៈ​ស្តីពី “ការចូលរួម​របស់​ព​ល​រដ្ឋ ក្នុង​ដំណើរការ​នៃ​ការកសាង​ផែនការ​ថវិកា​ និង​ការតាមដាន​លើ​ការចំណាយ​ថវិកា​សាធារណៈ ក្នុងបរិបទ​កូ​វីដ ១៩ ”ដើម្បី​លើកកម្ពស់​តម្លាភាព គណនេយ្យភាព ឆ្ពោះទៅ​ការផ្តល់​សេវាសាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព។


វេទិកាសាធារណៈ​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី ២៨ តុលា​ នៅ​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​តំណាង​រាជរដ្ឋាភិបាល ដៃគូ​ជាតិ និង​អន្តរជាតិ និង​មាន​ពលរដ្ឋ​ចូលរួម​ផ្តល់​ជាម​តិ និង​យោបល់​ជាច្រើន តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​។

លោក ម៉ា បូរ៉ា អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​តូច ​និង​មធ្យម​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​បាន​ចូលរួម​វេទិកា​ដោយផ្ទាល់​បាន​ថ្លែងថា វេទិកា​នេះ​ពិតជា​មាន​សារ​ណៈ​សំខាន់ ចំពោះ​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់ និង​ឆ្លុះបញ្ចាំង​នូវ​ការរៀបចំ​ផែនការ​ថវិកា និង​ការត្រួតពិនិត្យ​តាមដាន​អនុវត្ត​ថវិកា ទាំង​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ ជាពិសេស ផែនការ​វិនិយោគ ឃុំ សង្កាត់ ដែល​បាន​អនុវត្ត​កន្លងមក។

លោក​ថា៖ «ការចូលរួម​របស់​ប្រជាពលរដ្ឋ ក្នុង​ដំណើរការ​នៃ​ការកសាង​ផែនការ​ថវិកា​ពិតជា​មាន​សារៈសំខាន់​ណាស់ ព្រោះថា វា​អាចជួយ​ឱ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់ បានដឹង​ពី​តម្រូវការ​របស់​សហគម​ន៍ ព្រម​ទ​ទាំង​ជួយ​ជំរុញឱ្យមាន​តម្លាភាព គណនេយ្យភាព ឆ្ពោះទៅ​ការផ្តល់​សេវាសាធារណៈ ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ»។

លោក​បាន​គូសបញ្ជាក់ថា វេទិកា​នេះ​ ក៏​ជា​ឱកាស​ដែល​យើង​អាច​ពិភាក្សាគ្នា ត្រង់​ទៅ​ត្រង់​មក​នូវ​បញ្ហា​ប្រឈម​នានា និង​អ្វី​ដែលជា​ការរាំងស្ទះ ​ដល់​ដំណើរការ​ការចូលរួម​របស់​ប្រជាពលរដ្ឋ ក្នុង​ការរក​សាង​ផែនការ និង​ការ​ត្រួតពិនិត្យ​តាមដាន​ថវិកា ​ព្រមទាំង​កំណត់​ផែនការ​សកម្មភាព​រួម ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព។


លោក តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជាដែល​រៀបចំ​វេទិកា នេះ​បាន​លើកឡើងថា គោលបំណង​នៃ​កម្មវិធី​នេះ ដើម្បី​បង្កើន​ការយល់ដឹង និង​លើកកម្ពស់​ការចូលរួម​របស់​សាធា​រណ​ជន ទៅលើ​តម្លាភាព និង​គណនេយ្យភាព​ថវិកា រួមទាំង​ដំណើរការ​នៃ​ការរៀបចំ​ផែនការ​ថវិកា និង​ការអនុវត្ត​ផែនការ​ថវិកា​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ។

លោក​បន្តថា ជាពិសេស​ផ្តល់ឱកាស​ដល់​អ្នក​បង់​ពន្ធ​រួមទាំង​យុវជន សង្គម​ស៊ីវិល/អង្គការ​មិនមែន​រដ្ឋាភិបាល បាន​ជួប​ជជែក​ពិភាក្សា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ និង​អ្នកធ្វើ​គោលនយោបាយ​នានា សំដៅ​ឆ្ពោះទៅ​បង្កើន​ការ​ចូល​រួម​ជា​សាធារណៈ​ នៅក្នុង​វដ្ត​នៃ​ដំណើរ​ការរៀបចំ​ផែនការ​ថវិកា​ នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ។

លោក​បន្តទៀតថា ការចូលរួម​របស់​ព​ល​រដ្ឋ​ ពិតជា​មាន​សារៈសំខាន់​ណាស់ ពីព្រោះថា ​វា​អាចជួយ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​គណៈកម្មាការ​រៀប​ចំ​ផែនការ​វិនិយោគ បានដឹង​ពី​តម្រូវការ​ពិតប្រាកដ រ​បស់​សហគមន៍​ព្រមទាំង​ជួយ​ជំរុញ​និង​លើកកម្ពស់​នូវ​តម្លាភាព និង​គណនេយ្យភាព សំដៅ​ឆ្ពោះទៅរក​ការសម្រេចបាន​នូវ​ការផ្តល់​សេវាសាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព និង​ទទួលបាន​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ​កាន់តែខ្លាំង​ឡើង​ថែមទៀត។

លោក​ថា បើ​យើង​ពិនិត្យមើល​ពី​ក្របខណ្ឌ​ច្បាប់ នៅ​ថ្នាក់ក្រោម​ជាតិ​មានច្បាប់ និង​គោលនយោបាយ​ជាច្រើន ដែល​ត្រូវបាន​តាក់តែង​ទ្បើង ដើម្បី​លើកកម្ពស់​ការចូលរួម​ពី​សាធារណៈជន​ជាពិសេស​ក្នុងការ​រៀបចំ និង​ការត្រួតពិនិត្យ​ការអនុវត្ត​ថវិកា។

ប៉ុន្តែ​ការអនុវត្ត​ច្បាប់ និង​បទបញ្ជា​នៅ​ថ្នាក់ក្រោម​ជាតិ​ ទាក់ទង​នឹង​ការចូលរួម​ពី​សាធារណៈជន​ នៅ​ទូទាំងប្រទេស គឺ​នៅតែមាន​ការខ្វះខាត និង​មិនទាន់មាន​ប្រសិទ្ធភាព​នៅឡើយ។

លោក វណ្ណា​រ៉ា បាន​បញ្ជាក់ថា៖«តាមរយៈ​លទ្ធផល​ដែល​ទទួលបាន​ពី​វេទិកា​នេះ​ ក្រុមការងារ​នឹង​ចងក្រង​ដើម្បី​ចែករំលែក​ដល់​អ្នក​ពាក់​ព​ន្ធ័​ទាំងអស់ ដើម្បី​ពិចារណា​នូវ​​ចំណុច​គន្លឹះ​មួយចំនួន​ក្នុងការ​កែលម្អ​និង​ធានាបាន​នូវ​ការអភិវឌ្ឍ​មួយ​ដែល​មិន​ទុកឱ្យ​អ្នកណាម្នាក់​នៅក្រៅ​កិច្ចអភិវឌ្ឍន៍​ឡើយ»។

លោក ប្រាយ​អាន ហ្វ​រណា​រី ប្រធាន​កិច្ចសហប្រតិបត្តិការ ប្រតិភូ​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ថ្លែង​កោត​សរសើរ​រដ្ឋាភិបាល​កម្ពុជា​ ចំពោះ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ ក្នុង​ការ​ធ្វើកំណែទម្រង់​ការគ្រប់គ្រង​លើ​តម្លាភាព និង​គណនេយ្យភាព​ថវិកា​នាពេល​កន្លងមក។

លោក​ថា៖ «តម្លាភាព​ត្រូវបាន​កែលម្អ​នាពេល​បច្ចុ្បន្ននេះ ដែលជា​សញ្ញា​ល្អ​ណាស់ ជាការ​ពិតណាស់ សញ្ញា​នៃ​ភាពប្រសើរឡើង»។

លោក​បន្តថា ការកែលម្អ​បន្ថែមទៀត​ អាច​នាំមក​នូវ​អត្ថប្រយោជន៍​ដល់​ការចូលរួម​ជា​សាធារណៈ​នៅក្នុង​គណ​នេយ្យ​ភាព​ថវិកា​ ការ​ស្តាប់​ការពិភាក្សា​អំពី​ថវិកា និង​ការទទួលបាន​ព័ត៌មាន​នៃ​ថវិកា។

លោក​បន្តថា៖«ក្នុងនាម​យើង​ជា​ដៃគូ​ផ្តោតទៅលើ​តម្លាភាព ដែល​យើង​ដឹង​ហើយ​សហភាព​អឺរ៉ុប​បាន​ប្តេជ្ញាចិត្ត​ដ៏​រឹងមាំ​ គឺ​តម្លាភាព​ពិតជា​មាន​សារៈសំខាន់ ដោយសារតែ​តម្លាភាព​រឹងមាំ​ង យើង​ក៏បាន​កសាង​ទំនុកចិត្ត​នៅក្នុង​ប្រព័ន្ធ​រដ្ឋាភិបាល ហើយក៏​នាំមក​នូវ​ទំនុកចិត្ត​ដល់​វិស័យ​ឯកជន​ផងដែរ»។

សម្រាប់ លោកស្រី សុខ ច័ន្ទ​ឆវី តំណាងអង្គការ​អុក​ស្វា​ម (ប្រចាំ​កម្ពុជា) បាន​ថ្លែងថា ការរៀបចំ​វេទិកា​សាធារណៈ​នេះ ទិសដៅ​សំខាន់ គឺ​ធ្វើយ៉ាងណា ដើម្បី​កិច្ចអភិវឌ្ឍន៍​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ពលរ​ដ្ឋ ជាពិសេស​ពលរដ្ឋ​ដែល​ស្ថិតក្នុង​ស្ថានភាព​ងាយ​រងគ្រោះ ។

លោ​ក​ស្រី​ថា៖ «ក្នុងអំឡុង​កូ​វីដ យើង​នៅតែ​ជួបប្រទះ​បញ្ហា ហើយ​ពលរដ្ឋ​ជាច្រើន​ ដែល​គាត់​ស្ថិតក្នុង​ស្ថានភាព​ក្រីក្រ កាន់តែ​រងគ្រោះ​ធ្ងន់​ថែមទៀត ហើយ​ពលរដ្ឋ​ជាច្រើន​មិន​ស្ថិតនៅ​ស្ថានភាព​ក្រីក្រ​ទេពី​មុន ប៉ុន្តែ​ពេល​មាន​កូ​វីដ​​គាត់​ធ្លាក់ចូល​ក្នុងស្ថានភាព​ក្រីក្រ​ដែរ ដោយ​មិន​រំពឹងទុក»។

លោកស្រី​​បញ្ជាក់​ថា៖ «យើង​ដឹង​ហើយ​ថា រាជរដ្ឋាភិបាលបានចាប់ផ្តើម​កំណែទម្រង់​អភិបាលកិច្ច​ល្អ​ប្រមាណ ២០ ​ឆ្នាំ​មកហើយ ដែលជា​ស្នូល​ដ៏​ធំ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ ហើយ​ការ​ជ​ជែង​បន្ត​នាពេលនេះ ដើម្បី​ជួយ​ជំរុញ​នូវ​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​ នៅក្នុង​ការធ្វើកំណែទម្រង់​អភិបាលកិច្ច​ល្អ»៕