ភ្នំពេញៈ​ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​សម្រេច​បើក​ដំណើរការ​ឡើងវិញ ​​ការចូល​ទស្សនា​សារមន្ទី​រ រោងភាពយន្ត​និង​រោង​សម្តែង​សិល្បៈ នៅក្នុង​រាជធានី​ភ្នំពេញ ​ចាប់ពី​ថ្ងៃទី ៣០ខែតុលា​​តទៅ ប៉ុន្តែ​ត្រូវអនុវត្ត​ឱ្យ​បាន​ហ្មត់ចត់បំផុត​នូវ​វិ​ធាន​ការ​គោលការណ៍​ស្តង់ដា​ប្រតិបត្តិ (SOP) ដែល​រៀប​ចំឡើង​រវាង​ក្រសួង​វប្បធម៌ និង​ក្រសួងសុខាភិបាល។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​វប្បធម៌​ នៅ​ថ្ងៃទី២៨ ខែតុលា។


គោលការណ៍​ស្តង់ដាប្រតិបត្តិ(SOP) ដែល​ចុះហត្ថលេខា​ដោយ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ នៅ​ថ្ងៃទី២៧ ខែតុលា ​មាន​ខ្លឹមសារ​ណែនាំ​ឱ្យ​មានការ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​ឬ​ស្គេ​ន QR Code របស់​ក្រសួងសុខាភិបាល​ចំពោះ​ទស្សនិកជន​គ្រប់រូប ដែល​មក​រោងភាពយន្ត ឬ​រោង​សម្តែង​សិល្បៈ។ ប៉ុន្តែ​ករណីនេះ​ត្រូវបាន​លើកលែង​ចំពោះ​ទស្សនិកជន​ដែលមាន​អា​យុ​ក្រោម៦ឆ្នាំ។

លោកស្រី​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ឱ្យ​​មាន​ការវាស់ស្ទង់​កម្តៅ​​ ចំពោះ​ទស្សនិកជន​គ្រប់រូប ដែល​ចេញចូល​ក្នុង​បរិវេណ​រោងភាពយន្ត ឬ​រោង​សម្តែង​សិល្បៈ និង​តម្រូវ​ឱ្យ​ទស្សនិកជន​គ្រប់​​រូប​ ពាក់​ម៉ាស់​ការពារ​ជានិច្ច​ផងដែរ។

បើ​ពិនិត្យឃើញ​ករណី​សង្ស័យ​ណាមួយ ត្រូវ​រក្សាទុក​ទស្សនិកជន​ ដែលជា​អ្នក​សង្ស័យ​នោះ ក្នុង​បន្ទប់​រង់ចាំ​ដាច់ដោយឡែក និង​ត្រូវ​រាយការណ៍​ជាបន្ទាន់​មក​មន្ត្រី​ជំនាញ​សុខាភិបាល។


លោកស្រី​ថ្លែងថា៖«ត្រូវ​យកចិត្តទុកដាក់​ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ ជន​ចាស់ជរា និង​កុមារតូចៗ ដែលជា​ជន​ងាយ​រងគ្រោះ​ដោយ​កាត់បន្ថយឱ្យ​បានជា​អតិបរមា​ នូវ​ការជួប​ជុំគ្នា​ដែល​អាចជា​កក្តា​ហានិភ័យ​ខ្ពស់​ក្នុង​ការចម្លង​វីរុស​កូ​វីដ១៩»។


ចំណែក​ការទិញ​សំបុត្រ ម្ចាស់​រោងភាពយន្ត ឬ​រោង​សម្តែង​សិល្បៈ ត្រូវ​រិះរក​វិធានការ​ លើកទឹកចិត្ត​ឱ្យទស្សនិកជន​ទិញ​សំបុត្រ​តាម​អន​ឡាញ ឬ​តាម​អែប​របស់ខ្លួន ​ដើម្បី​កាត់បន្ថយ​ការលក់​សំបុត្រ​ដោយផ្ទាល់​នៅ​ហ្នឹង​កន្លែង​ តាម​ដែល​អាចធ្វើ​ទៅបាន។

ត្រូវ​រៀបចំ​ដាក់​សញ្ញា​សម្គាល់ ដើម្បី​ឱ្យ​​ទស្សនិកជន​ ឈរ​រង់ចាំ​ដោយ​រក្សា​គម្លាត​ឱ្យបាន​យ៉ាងតិច ១ម៉ែត្រ​កន្លះ ក្នុងករណី​ទស្សនិកជន​ទិញ​សំបុត្រ​ផ្ទាល់​នៅ​បញ្ជរ​លក់​សំបុត្រ។

លោកស្រី​ភឿង ស​កុ​ណា បន្ថែមថា ចំពោះ​ការ​ចល័ត​ក្នុង​រោងភាពយន្ត ឬ​រោង​សម្តែង​សិល្បៈ ត្រូវគោរព​តាម​ស្លាក​សញ្ញា​ចេញចូល​នៃ​លំហូរ មនុស្ស​ដែល​បានដាក់​បង្ហាញ។

ដើម្បី​កាត់បន្ថយ​ការ​ចល័ត​ចុះឡើង​ នៅក្នុង​រោង ​ទស្សនិកជន ដែលមាន​បំណង​ទិញ​អាហារសម្រន់ ឬ​ចូល​បន្ទប់ទឹក ត្រូវធ្វើ​ឱ្យបាន​មុនពេល​ចូលក្នុង​រោង​ប​ញ្ចាំ​ង ឬ​សម្តែង។

លោកស្រី​ថ្លែងថា៖«ត្រូវកាត់​​​បន្ថយ​ចំនួន​ទស្សនិកជន​ដែល​មក​មុន​ម៉ោង​យូរពេក​ ដើម្បី​ចៀសវាង​ការប្រមូលផ្តុំ និង​ការ​ចល័ត​ក្នុង​បរិវេណ​រោងភាពយន្ត ឬ​រោង​សម្តែង​សិល្បៈ​ច្រើនពេក ឬ​ស្នើសុំ​ឱ្យ​ទស្សនិកជន ចាំ​នៅ​ខាងក្រៅ​បរិវេណ​រោង ក្នុងករណី​មក​មុន​ម៉ោង» ។

រីឯ​ការសម្អាត​អនាម័យ លោកស្រី​ប្រាប់ថា ត្រូវដាក់​ទឹក​អាល់កុល​លាងដៃ សម្រាប់​ទស្សនិកជន នៅតាម​កន្លែង​សំខាន់ៗ ក្នុង​បរិវេន​រោងភាពយន្ត ឬ​រោង​សម្តែង​សិល្បៈ។ ត្រូវ​លាង​សម្អាត​មេរោគ​ឱ្យ​បាន​ញឹកញាប់ នៅ​បញ្ជរ​និង​កន្លែង​បិទ​បើកទ្វារ នៅពេល​ប​ញ្ចាំ​ង ឬ​សម្តែង​ចប់ម្តងៗ។

ដោយឡែក ចំពោះ​ការទិញ​អាហារសម្រន់ ត្រូវ​សម្អាត​កន្លែង​លក់​អាហារសម្រន់ និង​រក្សាឱ្យ​​មាន​អនាម័យ​ជាប្រចាំ។

អ្នកលក់​ត្រូវ​ពាក់​ម៉ាស់ និង​ពាក់​ស្រោមដៃ។ រោងភាពយន្ត ឬ​រោង​សម្តែង សិល្បៈ ត្រូវ​រក​វិធានការ​បង់ប្រាក់ ដែល​ចៀសវាង​ការបង់ប្រាក់​ដោយផ្ទាល់​តា​ម​ដែល​អាចធ្វើ​ទៅបាន។

ត្រូវ​​អនុញ្ញាត​ឱ្យ​ទស្សនិកជន​ចូល​បានតែ ៥០ ភាគរយ នៃ​ចំនួន​កៅអី​សរុប​តែប៉ុណ្ណោះ​ នៅក្នុង​រោង​បញ្ចាំង​ឬ​រោង​សម្តែង​សិល្បៈនីមួយៗ និង​ត្រូវ​រក្សា​គម្លាត រវាង​ទស្សនិកជន​ពី​ម្នាក់​ទៅ​ម្នាក់ទៀត យ៉ាងតិច ចន្លោះ​មួយ​ម៉ែត្រ​

កន្លះ។

ប៉ុន្តែ​ក្នុងករណី​ទស្សនិកជន​ចូល​ទ​ស្សន​ាជា​លក្ខណៈ​គ្រួសារ ដែលមាន​សមាជិក មិន​លើសពី៥ នាក់ អាច​អនុញ្ញាត​ឱ្យ​អង្គុយ​ក្បែរគ្នា​បាន។

ជាមួយគ្នា​នោះ ទ្វារ​នៃ​រោង​ប​ញ្ចាំង ​រោង​សម្តែង​សិល្បៈ ត្រូវ​ទុក​ឱ្យ​ចំហ​មុននឹង​ចាប់​ប​ញ្ចាំ​ង​ភាពយន្ត ឬ​សម្តែង សិល្បៈ​ម្តង និង ត្រូវ​រក្សា​សីតុណ្ហភាព​ក្នុង​រោង​ប​ញ្ចាំ​ង​ឬ​រោង​សម្តែង​សិល្បៈ ជា​មធ្យម​ចន្លោះ​ពី ២៤ទៅ ៣០អង្សារ ។ ត្រូវ​កាត់បន្ថយ​ម៉ោង​បញ្ចាំង ឬ​ម៉ោង​សម្តែង ដើម្បី​ទុកចន្លោះ​ពេល យ៉ាង​តិច ៣០ នាទី សម្រាប់​ការសម្អាត រោង​ប​ញ្ចាំង ឬ​រោង​សម្តែង មុ​ន​នឹង​បន្ត​ចាក់​បញ្ចាំ​ង ភាពយន្ត ឬ​សម្តែង​សិល្បៈជាថ្មី៕

វីដេអូ៖