ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​លើកឡើងថា ស្ថានភាព​នៃ​វីរុស​កូវីដ​ ១៩ ក្នុងអំឡុងពេល​នៃ​ការឈប់​សម្រាក​ក្នុង​ឱកាស​នៃ​ព្រះរាជពិធី​បុណ្យអុំទូក អកអំបុក សំពះ​ព្រះខែ និង​បណ្តែត​ប្រទីប​ចំនួន​តួលេខ​នៃ​អ្នក​ឆ្លង​ជំងឺ​មិនមាន​ការកើនឡើង​គួរឱ្យ​បារម្ភ​ឡើយ​។


លោក​ថ្លែង​ដូចនេះ នា​ព្រឹក​ថ្ងៃទី​​ ២៣ វិច្ឆិកា ឆ្នាំ​ ២០២១ ​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិតនៅ​ចំណុច​ភូមិ​បឹងដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ភ្ជាប់​ទៅ​ត្រើយ​ខាងកើត​ទន្លេមេគង្គ នៅ​ចំណុច​ភូមិ​ក្តុលកណ្តាល ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ និង​ការប្រកាស​បើក​ការដ្ឋាន​សង់​ផ្លូវជាតិ​លេខ «71C» ​ផងដែរ​។

លោក​មាន​ប្រសាសន៍​ថា៖ «​បន្ទាប់ពី​វ៉ាក់សាំង​បាន​ចាក់​បាន​ទូទាំង​ប្រទេស​ទៅដល់​ប្រជាពលរដ្ឋ​បាន​ជាង​ ៨៨% ហ៊ុន សែន បាន​បើក​ប្រទេស​សាកល្បង​លើកដំបូង គឺ​បើក​ពេល​បុណ្យ​ភ្ជុំ ដោយ​យើង​អនុញ្ញាត​ឱ្យមាន​ការឈប់​សម្រាក​។ ក្រោយពេល​ភ្ជុំ​ចំនួន​នៃ​អ្នក​ឆ្លង​ហាក់​ងើបឡើង​បន្តិច​ ប៉ុន្តែ​បន្ទាប់​ទៅ​មាន​ការស្រុតចុះ​»​។

បន្ទាប់ពី​ឃើញ​តួលេខ​នៃ​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ​នេះ​មាន​ការថយចុះ​ជា​បន្តបន្ទាប់​លោក​ក៏បាន​ប្រាប់​សហការី​របស់​លោក​ឱ្យ​ប្រជាពលរដ្ឋ​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​អុំទូក​ទៀត ដើម្បី​រុញ​ទេសចរណ៍​ផ្ទៃក្នុង ហើយ​ក្នុង​ពេល​ឈប់សម្រាក​នេះ​មាន​ប្រជាពលរដ្ឋ​ជាង​ ១ ​លាន​នាក់​បាន​ដើរលេង​ក្នុង​ផ្ទៃ​ប្រទេស​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​នៃ​ពិធីបុណ្យ​បូក​នឹង​ថ្ងៃអាទិត្យ​ ១ ​ថ្ងៃ​ផងដែរ​។


លោក ហ៊ុន សែន បញ្ជាក់ថា៖ «​ខ្ញុំ​មាន​មោទនភាព​ក្រៃលែង​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា បើទោះបី​ជា​គេ​បំភ័យ​ថា វ៉ាក់សាំង​ចាក់​ស្លាប់ តែ​មនុស្ស​ជាង​ ១៤ ​លាន​នាក់ បាន​ចាក់​វ៉ាក់សាំង ហើយ​មោទនភាព​ទី​ ២ ​គឺ​ប្រជាជន​យើង​បាន​ផ្លាស់ប្តូរ​ឥរិយាបថ​ហើយ ដែល​យើង​ហ៊ាន​ទទួលស្គាល់ និង​លើកទឹកចិត្ត ដើម្បី​ឱ្យ​ការផ្លាស់ប្តូរ​ឥរិយាបថ​នេះ​ក្លាយជា​ទម្លាប់​របស់​ប្រជាជន​យើង​»​។


លោក​លើកឡើង​ថា ក្នុង​ឱកាស​នៃ​ការឈប់​សម្រាក​ក្នុង​ពិធីបុណ្យ​អុំទូក គេ​សង្កេតឃើញ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការពាក់​ម៉ាស់ ការប្រើ​អាល់កុល​លាងដៃ ការរក្សា​គម្លាត ដែល​ធ្វើឱ្យ​រយៈពេល​នៃ​ពិធីបុណ្យ​នេះ អត្រា​នៃ​ការឆ្លង​វីរុស​កូវីដ​ ១៩ ​នៅ​ក្រោម​ចំនួន​ ៥០ ​ដដែល​។

លោកនាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ថា​៖ «​ខ្ញុំ​សុំ​ស្នើឱ្យ​ប្រជាពលរដ្ឋ​របស់​យើង បន្ត​ប្រកាន់​យក​ឥរិយាបថ​នេះ​បន្តទៀត​។ តើ​ដើម្បី​អ្នកណា​? មិនមែន​ដើម្បី​ខ្ញុំ​ទេ តែ​ដើម្បី​បុគ្គល​ម្នាក់ៗ គ្រួសារ​នីមួយៗ​ត្រូវ​ចេះ​ការពារ​ខ្លួន​។ ខ្ញុំ​សប្បាយចិត្ត សប្បាយរីករាយ ហើយ​បន្ត​បើក​ប្រទេស​ឡើងវិញ ដោយ​មិន​ថយក្រោយ​ទេ​។ ខ្ញុំ​មាន​ជំនឿ​ទុកចិត្ត​ថា ការបើក​ប្រទេស​លើក​នេះ​គឺ​អត់​មាន​ថយក្រោយ​ទេ ព្រោះ​ស្ថាន​ភាពមិន​ដូច​មុន​ទេ ដែល​មុន​យើង​មិនមាន​វ៉ាក់សាំង​ការពារ​ខ្លួន​នៅឡើយ​»​។

ជាមួយ​គ្នា​នេះដែរ លោក ហ៊ុន សែន ក៏បាន​លើកឡើង​ផងដែរ​ថា កូវីដ​ ១៩ បាន​បំផ្លាញ​ស្ពាន​អស់​ប្រមាណ​ជា ២០ ​ស្ពាន ដោយសារ​លោក​ត្រូវ​ប្រើប្រាស់​ថវិកាបម្រុង​ទុក​សម្រាប់​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​ទៅ​ប្រើប្រាស់​ ដើម្បី​ទប់ស្កាត់ និង​ដោះស្រាយ​នូវ​បញ្ហា​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ អស់​ថវិកា​ចំនួន​ ២ ៣០០ ​លាន​ដុល្លារ​អាមេរិក​។

អ្នក​ដើរលេង​បុណ្យអុំទូក​នៅតាម​មាត់ទន្លេ​ក្នុង​សង្កាត់​ជ្រោយចង្វារ​។ហុង មិនា

លោកស្រី លី អៃឡែន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៣ វិច្ឆិកា ថា ប្រទេស​កម្ពុជា​បាននិង​កំពុង​ធ្វើការ​សម្រេចចិត្ត​ផ្អែកលើ​ហានិភ័យ​របស់ខ្លួន​ក្នុង​ការសង្គ្រោះ​ជីវិត​ និង​ការពារ​សុខភាព ខណៈពេល​ដែល​កម្ពុជា​រៀបចំ​ផែនការ​ និង​អនុវត្ត​ការបើក​ដំណើរការ​ប្រទេស​ឡើងវិញ ប្រកប​ដោយ​សុវត្ថិភាព​ និង​និរន្តរភាព​នៃ​សេដ្ឋកិច្ច​ និង​សង្គម​ជាពិសេស​ទេសចរណ៍​សុវត្ថិភាព​។

លោកស្រី​បន្ថែមថា ពិធីបុណ្យ​អុំទូក​បានផ្តល់​ឱកាស​ដ៏ល្អ​មួយ ដើម្បី​សាកល្បង​ថា តើ​ប្រព័ន្ធ និង​សង្គម​មាន​ភាពល្អប្រសើរ​ប៉ុនណា រួមទាំង​អាជ្ញាធរ​មូលដ្ឋាន ឧស្សាហកម្ម​ទេសចរណ៍ បុគ្គល និង​សហគមន៍​ត្រូវ​បាន​រៀបចំ​ដើម្បី​សិក្សា កែសម្រួល និង​និរន្តរភាព​កិច្ចខិតខំ​ប្រឹងប្រែង​បើក​ដំណើរការ​ឡើងវិញ​។

លោកស្រី លី អៃឡែន លើកឡើង​ថា​៖ «​វា​កាន់តែ​មាន​សារៈសំខាន់​ក្នុង​ការត្រួតពិនិត្យ​វិធានការ​ការពារ​វីរុស​កូវីដ​ ១៩ ដើម្បី​ធានា​បាន​នូវ​ការអនុលោម​ភាពល្អ​។ ដូច្នេះ​វា​មិនទាន់​យឺត​ពេល​ទេ​ក្នុង​ការទប់ស្កាត់​ការកើនឡើង​ដ៏ធំ​ដែល​អាច​គ្របដណ្ដប់​លើ​ប្រព័ន្ធ​ថែទាំ​សុខភាព​។ ជំងឺ​រាតត្បាត​មិនទាន់​ចប់​ទេ​។ យើង​ទាំងអស់​គ្នា​មាន​បំណង​តែមួយ​គឺ​ចៀសវាង​ពី​បន្ទាត់​ក្រហម និង​ការពារ​ជន​ងាយ​រងគ្រោះ​ក្នុង​បរិបទ​នៃ​ការបើក​ឡើងវិញ​ដោយ​សុវត្ថិភាព​»​។

ទាក់ទង​នឹង​ស្ថានភាព​ក្រោយ​សម្រាក​ក្នុង​ពិធីបុណ្យ​អុំទូក​នេះដែរ​លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​បាន​ថ្លែង នៅ​ថ្ងៃទី​ ២៣ វិច្ឆិកា​ថា លោកស្រី​សង្កេតឃើញ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ដើរ​កម្សាន្ត​តាម​ទីកន្លែង​ផ្សេងៗ ហើយ​ពួកគាត់​មាន​ការប្រយ័ត្នប្រយែង ការពារ និង​ផ្លាស់ប្តូរ​នូវ​ទម្លាប់​របស់គាត់​ជា​បណ្តើរៗ​ផងដែរ ទោះបីជា​មិនទាន់​បាន​ព្រម​គ្នា​ទាំងអស់​ក៏ដោយ​។

លោកស្រី​មានប្រសាសន៍​ថា៖ «​ប្រជាពលរដ្ឋ​មួយចំនួន​ធំ​បាន​បន្ត​ការអនុវត្ត​វិធានការ​សុខាភិបាល​របស់​យើង ដែល​បង្កលក្ខណៈ​ឱ្យ​ដំណើរ​កម្សាន្ត​របស់​ពួកគាត់ មាន​ភាពល្អប្រសើរ ហើយ​តាម​របាយការណ៍​របស់​ក្រសួង​ចេញ​ជាប្រចាំ​ថ្ងៃនោះ មិនទាន់​ឃើញ​មាន​ការកើនឡើង​ករណី​ឆ្លង​វីរុស​កូវីដ​ ១៩ ​នៅ​ឡើយ​ទេ តែ​យើង​នៅតែ​បន្ត​តាមដាន​ស្ថានភាព​នេះ​ក្នុង​រយៈពេល​ ១ ​ឬ​ ២ ​សប្តាហ៍​បន្តទៀត​»​។

លោកស្រី លី អៃឡែន បាន​កោតសរសើរ​ដែល​រដ្ឋាភិបាល​កម្ពុជា​បុគ្គលិក​សុខាភិបាល​សហគមន៍ និង​ដៃគូ​បាន​សហការ​គ្នា ដើម្បីឱ្យ​អត្រា​ចាក់​វ៉ាក់សាំង ឈានមុខ​គេ​លើ​ពិភពលោក និង​ធានា​ឱ្យ​អ្នក​ងាយ​រងគ្រោះ ដូចជា​មនុស្ស​ចាស់​ត្រូវ​បាន ការពារ ដែល​ធ្វើឱ្យ​ពួកគេ​អាច​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្តិ​បាន​។

ប៉ុន្តែ​ទាក់ទង​នឹង​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​នេះ លោកស្រី លី អៃឡែន នៅតែ​បញ្ជាក់​ជាថ្មី​ថា ទោះបីជា​យ៉ាងណា​ក៏ដោយ ខណៈ​ដែល​ការចាក់​វ៉ាក់សាំង​មាន​ភាពចាំបាច់ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការកាត់បន្ថយ​ជំងឺ​ធ្ងន់ធ្ងរ និង​ការស្លាប់ តែ​វា​មិនទាន់​គ្រប់គ្រាន់​នោះទេ​។

លោកស្រី​បាន​បញ្ជាក់ថា៖ «​សូម្បីតែ​ពេល​បាន​ចាក់​ថ្នាំ​បង្ការ​យ៉ាង​ពេញលេញ​ក៏ដោយ ក៏​យើង​នៅតែ​ឆ្លង​មេរោគ និង​នៅតែ​ចម្លង​ទៅ​អ្នក​ដទៃទៀត​។ ដូច្នេះ​យើង​ទាំងអស់​គ្នា​ត្រូវ​មាន​ការប្រុងប្រយ័ត្ន ជាពិសេស​ការពារ​ជន​ងាយ​រងគ្រោះ​។ យើង​កំពុង​ឈានចូល​ដំណាក់កាល​ប្រក្រតីភាព​ថ្មី​នៃ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ហើយ​យើង​ត្រូវ​រក្សា​គម្លាត​ពីគ្នា និង​ពាក់​ម៉ាស់​នៅពេល​ចាំបាច់​»​។

លោកស្រី​បន្តថា៖ «​ឥឡូវនេះ​វា​ជា​ទំនួល​ខុសត្រូវ​ផ្ទាល់ខ្លួន​របស់​យើង​។ ខ្ញុំ​មើលឃើញ​ថា ការពាក់​ម៉ាស់​របស់​បុគ្គល​ម្នាក់ៗ​នៅ​កន្លែង​ខ្លះ ក្នុង​ទីក្រុង​ភ្នំពេញ​គឺ​ល្អ​។ មេរោគ​នេះ នៅតែ​រីករាលដាល ហើយ​នឹង​បន្ត​នៅទីនេះ​ទៀត​។ យើង​មិន​ចង់ឃើញ​ការកើនឡើង​ច្រើន​ដែល​វា​អាច​គ្របដណ្ដប់​លើ​សមត្ថភាព​ថែទាំ​សុខភាព​របស់​យើង​នោះទេ​»​។

លោកស្រី​បញ្ជាក់ថា គ្រប់វិស័យ​ទាំងអស់​ត្រូវ​ធានាថា ពួកគេ​មាន​វិធានការ​កាត់បន្ថយ​ហានិភ័យ ព្រោះ​វា​ជា​ទំនួល​ខុសត្រូវ​របស់​មនុស្ស​គ្រប់រូប​ក្នុង​ការធ្វើ​អ្វីដែល​ពួកគេ​អាច​កាត់បន្ថយ​ហានិភ័យ ដើម្បី​ការពារ​ខ្លួន និង​អ្នកដទៃ​៕

វីដេអូ៖