ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​១៣ (ASEM13) នៅ​ថ្ងៃទី​ ២៥-២៦ ខែវិច្ឆិកា ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​វិមាន​សនិ្តភាព ហើយ​កម្ពុជា​ប្តេជ្ញា​ជំរុញ​ពហុភាគី​និយម​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​សកល​។


សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កាលពី​ថ្ងៃ​ទី​ ២៣ ខែវិច្ឆិកា បានឱ្យដឹងថា​៖ «​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល ASEM១៣ ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់បំផុត​របស់​កម្ពុជា ក្នុង​ការជំរុញ​ពហុភាគី​និយម​ក៏​ដូចជា​ការចូលរួម​យ៉ាងសកម្ម​តាមតែ​អាចធ្វើ​ទៅបាន​របស់ខ្លួន​នៅក្នុង​សហគមន៍​អន្តរជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​សកល​នាពេល​បច្ចុប្បន្ន និង​កំពុង​លេចឡើង​ថ្មីៗ​នេះ​»​។

កិច្ចប្រជុំ​កំពូល ASEM13 ក្រោម​មូលបទ «​ការពង្រឹង​ពហុភាគី​និយម​ដើម្បី​កំណើន​រួមគ្នា​» នឹងមាន​ការចូលរួម​ពី​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​អ្នកតំណាង​ជាន់ខ្ពស់​របស់​ប្រទេស​ដៃគូ ASEM ទាំង ៥១ មកពី​អាស៊ី និង​អឺរ៉ុប ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ប្រធាន​គណៈកម្មការ​អឺរ៉ុប និង​អគ្គលេខាធិការ​អាស៊ាន​។ កិច្ចប្រជុំ​នេះ​នឹង​ផ្តល់ឱកាស​ដ៏ទាន់​ពេលវេលា​មួយ​ដល់​ថ្នាក់ដឹកនាំ​មកពី​តំបន់​អាស៊ី និង​អឺរ៉ុប ដើម្បី​បញ្ជាក់​ជាថ្មី​អំពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​អាស៊ី-អឺរ៉ុប ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​សកល និង​តំបន់​សម្រាប់​ផលប្រយោជន៍​ទៅវិញទៅមក​។ ក្នុងនោះ​រួមទាំង​បញ្ហា​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​ផលប៉ះពាល់​ដល់​សង្គម-សេដ្ឋកិច្ច​បណ្តាលមកពី​ជំងឺ​នេះ​ផងដែរ​។

ក្នុង​អំឡុងពេល​កិច្ចប្រជុំ​រយៈពេល​ ២ ​ថ្ងៃនេះ ថ្នាក់ដឹកនាំ ASEM នឹង​ពិភាក្សា​អំពី​តួនាទី​របស់ ASEM ក្នុង​ការលើកកម្ពស់​ពហុភាគី​និយម ដោយ​ផ្តោតលើ​ប្រធានបទ​ពាក់ព័ន្ធ រួមមាន ASEM ក្នុង​គម្រប់​ខួប​ ២៥ ​ឆ្នាំ​៖ សមិទ្ធផល បញ្ហា​ប្រឈម និង​ទិសដៅ​នាពេល​អនាគត ការធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ដំណើរការ​ពហុភាគី​និយម​ដើម្បី​សន្តិភាព និង​ស្ថិរភាព​សកល ការពង្រឹង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ផ្អែកលើ​វិធាន​ច្បាប់ កំណើន និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន​, ការតភ្ជាប់ ស្ត្រី សន្តិភាព និង​សន្តិសុខ និង​ការប្រែប្រួល​អាកាសធាតុ​។


ថ្នាក់ដឹកនាំ ASEM នឹង​ពិភាក្សា​ផងដែរ​អំពី​ជំងឺ​កូវីដ- ១៩ និង​ការស្ដារ និង​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច ឡើងវិញ ដោយ​ផ្តោតលើ​ការដោះស្រាយ​បញ្ហា​ប្រឈម​បង្កឡើង​ដោយ​ជំងឺ​កូវីដ​ ១៩ ការពន្លឿន ការស្ដារ​សង្គម-សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​កូវីដ​ ១៩ ដើម្បី​កំណើន​រួមគ្នា និង​ការកសាង​ឡើងវិញ​នូវ​អនាគត​ប្រកបដោយ​ភាពធន់​។


ASEM​​ ១៣ នឹង​អនុម័ត​ឯកសារ​លទ្ធផល​សំខាន់ៗ​ចំនួន​ ៣ រួមមាន​សេចក្តី​ថ្លែងការណ៍​ប្រធាន​អង្គប្រជុំ ASEM១៣ សេចក្តី​ថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​ស្តីពី​ការស្តារ​សង្គម-សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ និង​ឯកសារ​សកម្មភាព​អនាគត​ស្តីពី​ការតភ្ជាប់ ASEM​។

លោក ហេង គីមគង់ អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា ប្រាប់ ភ្នំពេញ​ប៉ុស្ត៍​ថា កម្ពុជា​ក៏​អាច​មាន​ឱកាស​ពិភាក្សា​ជាមួយ​បណ្តា​ប្រទេស​អឺរ៉ុប​នូវ​បញ្ហាសំខាន់ៗ​មួយចំនួន​ដែល​ជះឥទ្ធិពល​ដល់​ប្រទេស​កម្ពុជា និង​តំបន់​ទាំងមូល​ក៏ដូចជា​បញ្ហាសំខាន់​របស់ អឺរ៉ុប និង​ពិភពលោក​ទាំងមូល​។

លោក​ថ្លែងថា​៖ «​សង្ឃឹមថា​បន្ទាប់ពី​កិច្ចប្រជុំ​នេះ កម្ពុជា​នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន និង​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់ខ្លួន​ក្រោយ​វិបត្តិ​ជំងឺ​រាតត្បាត​»​។

លោក ថុង ម៉េងដាវិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ថ្លែងថា​ការធ្វើ​ជា​ម្ចាស់ផ្ទះ គឺជា​មោទនភាព​របស់​កម្ពុជា ដែល​ត្រូវបាន​ជ្រើស​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ ASEM នៅ​ឆ្នាំនេះ​។ ដំណើរការ​កិច្ចប្រជុំ​នឹង​ជួយ​ពង្រីក និង​ផ្សព្វផ្សាយ​បន្ថែមទៀត​ទៅកាន់​សហគមន៍​អឺរ៉ុប​អំពី​កម្ពុជា​៕