ភ្នំពេញៈ ក្រសួង​សុខាភិបាល​កំពុង​ពិភាក្សា និង​រង់ចាំ​មើល​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នកវិទ្យាសាស្ត្រ ដើម្បី​ពិនិត្យមើល​លើ​ការចាក់​វ៉ាក់សាំង​កូវីដ-១៩ ថា តើ​ចាប់ពី​ឆ្នាំ​ ២០២២ ​ខាងមុខនេះ ការចាក់​វ៉ាក់សាំង​កូវីដ​អាច​នឹងត្រូវ​ចាក់​ជាប្រចាំ​ឆ្នាំ ឬ​ត្រូវ​ចាក់​ក្នុង​រយៈពេល​ ៦ ​ខែម្តង នេះ​បើ​យោងតាម​មន្ត្រី​ក្រសួង​សុខាភិបាល​។


អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ (​គ.វ.ក-១៩) លោកស្រី​ ឱ វណ្ណឌីន បាន​ថ្លែង​កាលពី​ថ្ងៃទី​ ២៣ ខែវិច្ឆិកា ថា​ទោះបី​ជា​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ជុំ​ទី​១ នៅ​ទូទាំង​ប្រទេស​ត្រូវបាន​បិទ​បញ្ចប់​ក៏ដោយ ប៉ុន្តែ​ការចាក់​វ៉ាក់សាំង​នេះ​នៅតែ​បន្ត​នៅឡើយ​ទេ​។ ព្រោះ​ក្រុមការងារ​នៅតែ​បន្តការងារ​ចាក់​នេះ​ទៅដល់​ក្រុម​អាយុ​ផ្សេងៗ​ផង និង​សម្រាប់​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​មិនទាន់​បាន​ចាក់​ផង​។ ដំណើរការ​ចាក់​វ៉ាក់សាំង​នៅតែ​បន្ត​ជា​រៀងរហូត​។

លោកស្រី​ថ្លែងថា​៖ «​យើង​កំពុងតែ​ធ្វើការ​សិក្សា ក៏ដូចជា​ពិនិត្យមើល និង​ពិភាក្សាគ្នា ក្នុង​កម្រិត​បច្ចេកទេស ជាមួយ​នឹង​អង្គការ​សុខភាព​ពិភពលោក​ផងដែរ​។ ប៉ុន្តែ​មិនទាន់មាន​ការបញ្ជាក់ ឬក៏​ការណែនាំ​ណាមួយ​ច្បាស់លាស់ នៅឡើយ​ទេ​ថា តើ​នៅក្នុង​ឆ្នាំ​ ២០២២ ​ខាងមុខនេះ​យើង​ត្រូវ​អនុវត្ត​ការចាក់​វ៉ាក់សាំង​ជាប្រចាំ (Routine) ដោយ​លែង​ធ្វើ​យុទ្ធនាការ​ហើយ សម្រាប់​ការចាក់​ដូស​រំឭក​»​។

មន្ត្រី​នាំពាក្យ​រូបនេះ​បញ្ជាក់ថា​៖ «​ដូចនេះ​តើ​ការចាក់​ដូស​រំឭក​នេះ គួរ​ត្រូវធ្វើ​ដូច​ការចាក់​វ៉ាក់សាំង​ផ្តាសាយ​ធម្មតា​ដូចដែល​បងប្អូន​យើង​មួយចំនួន​ធ្លាប់បាន​ចាក់​វ៉ាក់សាំង​នេះ​ជាប្រចាំ​ឆ្នាំ​។ អ៊ីចឹង យើង​សួរថា តើ​វ៉ាក់សាំង​កូវីដ​ ១៩ នេះ​គួរ​ត្រូវបាន​ចាក់​រំឭក​ជា​រៀងរាល់​ឆ្នាំ​ដែរ ឬក៏​ត្រូវ​ចាក់​ក្នុង​រយៈពេល​ ៦ ​ខែម្តង​ឬ​យ៉ាងណា​?»​។


ទាក់ទង​នឹង​ចំណុច​នេះ ខាង​ក្រសួង​សុខាភិបាល​កម្ពុជា​កំពុងតែ​រង់ចាំ​ការសិក្សា​ស្រាវជ្រាវ​ឱ្យបាន​ច្បាស់លាស់​ពី​អ្នក​វិទ្យាសាស្ត្រ​។ នៅពេល​ទទួល​បាន​នូវ​លទ្ធផល​ច្បាស់លាស់ ហើយ​មានការ​សម្រេច​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ពេលនោះ គ.វ.ក-១៩ នឹង​អនុវត្ត​ទៅតាម​ការណែនាំ​នេះ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោកស្រី​ ឱ វណ្ណឌីន​។


ជាមួយ​គ្នានេះ លោកស្រី​ក៏បាន​អំពាវនាវ​ទៅដល់​អ្នក​ដែល​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ត្រូវ​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​នេះ​ឱ្យបាន​គ្រប់ៗ​គ្នា​។ ពិសេស​អ្នក​ដែលមាន​ផ្ទៃពោះ អ្នក​ដែល​បំបៅកូន​ដោយ​ទឹកដោះ អ្នក​ដែលជា​ពី​ជំងឺ​កូវីដ​ ១៩ ​បាន​ ៤ ​ខែ​ឡើងទៅ​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​។

លោកស្រី​ ឱ វណ្ណឌីន​ ថ្លែងថា​៖ «​យើង​ត្រូវ​រួមគ្នា​ទទួល​ខុសត្រូវ​ទប់​ស្កាត់​ការចម្លង​វីរុស​កូវីដ​ ១៩ ​នៅក្នុង​បរិបទ​ដែល​យើង​កំពុងតែ​បោះជំហាន​ទៅរក​ការរស់​នៅក្នុង​ប្រក្រតីភាព​ថ្មី​។ ដូចនេះ​យើង​ត្រូវ​រួមគ្នា​ថែរក្សា​ឱ្យបាន​នូវ​និរន្តរភាព ដោយសារ​យើង​មិន​ចង់ឃើញ​មាន​ការបិទខ្ទប់ មិន​ហ៊ាន​ដើរចេញ​ទៅណា​នោះឡើយ​»​។

មន្ត្រី​ដដែល​បន្តថា ការផ្ទុះ​ចេញ​នូវ​ការចម្លង​វីរុស​កូវីដ​ ១៩ ​ក្នុង​ទ្រង់ទ្រាយ​ធំ កើតចេញ ឬ​មិន​ចេញ គឺ​អាស្រ័យ​លើ​ការប្រតិបត្តិ​របស់​ប្រជាពលរដ្ឋ ដោយ​ទាមទារ​ឱ្យមាន​ការផ្លាស់ប្តូរ​ឥរិយាបថ និង​ទម្លាប់​របស់​ប្រជាពលរដ្ឋ ចំពោះ​ការរស់នៅ​របស់ខ្លួន​ឱ្យស្រប​ទៅនឹង​ពាក្យ​ថា «​ប្រក្រតីភាព​ថ្មី​» ដែល​គ្រប់គ្នា​ត្រូវ​រៀន​រស់​ជាមួយ​នឹង​វត្តមាន​របស់​វីរុស​កូវីដ​ ១៩ និង​ប្រកាន់​ឱ្យបាន​នូវ​វិធានការ​ការពារ​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​។

របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បានឱ្យដឹងថា អត្រា​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃទី​ ២៣ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ប្រជាជន​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើង​មាន​ ១០០,៧៥% ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ​ ១០ ​លាន​នាក់​។ សម្រាប់​លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦ ​លាន​នាក់​បាន​ចំនួន​ ៨៨,១៧%៕

វីដេអូ៖