ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​សារ បញ្ជាក់​ទៅកាន់​មេឃុំ​មិនត្រូវ​បោះបង់​ការងារ​ផ្ដល់​សេវាសាធារណៈ និង​មក​ធ្វើ​ការងារ​យឺត​ដោយ​យក​ហេតុផល​ប្រឆាំង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​នាំឱ្យ​ប៉ះពាល់​ដល់​ការស្វែងរក​សេវា​របស់​ប្រជាពលរដ្ឋ​។ លោក​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​ស្ពាន​មិត្តភាព​កម្ពុជា-ចិន​ស្ទឹងត្រង់-ក្រូចឆ្មារ​រវាង​ខេត្ត​កំពង់ចាម​ និង​ខេត្ត​ត្បូងឃ្មុំ​កាលពី​ថ្ងៃទី​ ២៣ ខែវិច្ឆិកា​។


លោក ហ៊ុន សែន ថ្លែងថា​៖ «​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ តែ​មិន​ត្រូវឱ្យ​រាំងស្ទះ​នូវ​កិច្ចការ​ធម្មតា​នៃ​ដំណើរការ​រដ្ឋបាល​ដែលជា​តម្រូវការ​របស់​ប្រជាជន​។ មេឃុំ​ត្រូវតែមាន​អ្នកប្រចាំការ​។ មេឃុំ​ត្រូវ​ចូល​កន្លែង​ស្នាក់​ការឃុំ​ម៉ោង​ ៧ ​ព្រឹក​។ តាម​ខ្ញុំ​ដឹង​ហេតុផល​កូវីដ​នេះ​ធ្វើឱ្យ​មេឃុំ​មួយចំនួន​ម៉ោង​ ៩ ​អត់​ទាន់​ចូល​ស្នាក់ការ​ទេ​។ ប្រជាជន​ទៅរក​អត់ឃើញ​ទេ​»​។

លោក​បាន​ផ្តាំ​ទៅកាន់​មេឃុំ​ និង​មន្ត្រី​មូលដ្ឋាន​ឱ្យ​យកចិត្ត​ទុកដាក់​ផ្តល់​សេវា​ជូន​ប្រជាជន​ពីព្រោះ​ប្រជាជន​ត្រូវការ​មេឃុំ​អភិបាលស្រុក និង​រដ្ឋបាលខេត្ត​ ដើម្បី​ដោះស្រាយ​បញ្ហា​ហើយ​ប្រជាជន​ត្រូវការ​មន្ត្រី​ប្រចាំការ​ដើម្បី​ដោះស្រាយ​បញ្ហា​។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «​កុំ​ផ្អែកលើ​ [​ការប្រយុទ្ធប្រឆាំង​] កូវីដ ហើយ​បែរជា​កិច្ចការរដ្ឋបាល​យើង​បោះបង់ចោល​ក្នុងពេល​ដែល​ប្រជាជនមាន​តម្រូវការ​សូម​យកចិត្តទុកដាក់​អា​កន្លែង​ហ្នឹង​។ ​បាន​សេចក្តីថា កិច្ចការ​យើង​នៅ​បន្តធ្វើ​គ្រាន់តែ​លំដាប់​អាទិភាព​របស់​យើង​គឺ​យក​ការប្រឆាំង​កូវីដ​គឺជា​ចំណុច​អាទិភាព​ធំជាងគេ​។ ​ក៏ប៉ុន្តែ​សូមកុំ​បោះបង់ចោល​កិច្ចការរដ្ឋបាល​នានា​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ទោះបីជា​រដ្ឋាភិបាល​បាន​កាត់បន្ថយ​ការជួបជុំ ប៉ុន្តែ​នៅតែ​ធ្វើការ​តាម​ប្រព័ន្ធ​អនឡាញ​ប៉ុន្តែ​នៅ​ថ្នាក់ឃុំ​មិនអាច​ធ្វើការ​តាម​អនឡាញ​បានទេ​ ពីព្រោះ​ប្រជាជន​ត្រូវ​មកជួប​មន្ត្រីឃុំ​ផ្ទាល់​ដើម្បី​ដោះស្រាយ​បញ្ហា​ដូចជា​ដីធ្លី​ជាដើម​។


លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​ជំរុញ​ឱ្យ​មន្ត្រី​មូលដ្ឋាន​ខិតខំ​សម្របសម្រួល​ដោះស្រាយ​ជម្លោះ​នៅ​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធតុលាការ​ជាជាង​ដោះស្រាយ​នៅឯ​តុលាការ​ពីព្រោះ​កាលណា​ដោះស្រាយ​នៅ​តុលាការ​គឺ​ប្រាកដ​ជាមាន​អ្នក​ឈ្នះក្តី និង​អ្នក​ចាញ់ក្តី​។

លោក សើញ រដ្ឋា មេឃុំ​ពូជ្រៃ​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ២៤ ខែវិច្ឆិកា​ថា ការថ្លែង​សារ​របស់​លោកនាយក​រដ្ឋមន្ត្រី​នេះ​គឺជា​សារ​មួយ​ល្អ ទោះបី​ក្នុង​អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​​កូវីដ​ ១៩ ​ក៏ដោយ ដោយសារ​លោក​ជា​អាជ្ញាធរ​ឃុំ​ដូច្នេះ​លោក​ត្រូវធ្វើ​ការឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ហើយ​លោក​ប្តេជ្ញា​អនុវត្តតាម​ការណែនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

លោក កែវ រំដេត មេឃុំ​ស្ទឹងត្រង់​ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៤ ខែវិច្ឆិកា ថា វា​ជា​ការល្អ​កាលណា​មេឃុំ​ធ្វើតាម​ការណែនាំ​របស់លោក​ ហ៊ុន សែន ​ព្រោះ​វា​អាច​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​ពេញលេញ​ និង​គ្រប់គ្រាន់​។

លោក​ថ្លែងថា​៖ «​បើកាលណា​យើង​យក​លេស​ហ្នឹង​មក​ដាក់​ធ្វើជា​ត្រីមុខ​គឺ​មិនអាច​បម្រើ​​សេវា​ជូន​ដល់​ពួកគាត់​បានល្អ​ទេ​បាទ​»​។ លោក កែវ រំដេត បញ្ជាក់ថា ក្នុងអំឡុងពេល​ជំងឺ​កូវីដ​ ១៩ ​ប្រជាពលរដ្ឋ​មក​ទទួល​សេវាសាធារណៈ នៅ​ឃុំ​របស់​លោក​ជាធម្មតា​ដូច​កាល​មិនទាន់​មាន​ជំងឺ​កូវីដ​ ១៩​។ សេវា​ទាំងនោះ​រួមមាន​ដូចជា​សំបុត្រកំណើត បណ្ណ​សមធម៌ និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​៕