ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​ពីការ​រកឃើញ​មនុស្ស​ចំនួន​ ៤​ នាក់​ទៀត ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូ​វីដ ១៩ ក្នុង​នោះ​មាន​៣នាក់​មិន​បាន​ចាក់​វ៉ាក់​សាំង​កូ​វីដ ១៩ ខណៈ​​អ្នក​ឆ្លង​ថ្មី​បន្ថែម​ទៀត រកឃើញ​ជាង ​៣០ ​នាក់ និងអ្នក​​ជាសះស្បើយ​មាន ​៣០​ នាក់។


យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបា​ល​នៅ​ព្រឹក​ថ្ងៃទី ២៥ ​ខែវិច្ឆិកា ឆ្នាំ ២០២១​ នេះ បា​នឱ្យដឹងថា ក្រសួង​បាន​រក​ឃើញ​មនុស្ស​ចំនួន ៣២ (PCR) នាក់​ទៀត​ មាន​វិជ្ជមាន​កូ​វីដ ១៩ និង​មាន​អ្នកជា​សះស្បើយ​ចំនួន ៣០ នាក់។ ករណី​រកឃើញ​នេះ​មាន​ករណី​ឆ្លង​ក្នុង​សហ​គមន៍ ចំនួន ២៥ នាក់ និង​អ្នកដំណើរ​ពី​បរទេស​ចំនួន ៧ នាក់។

គិត​ត្រឹម​ព្រឹកថ្ងៃទី ២៥​ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ សរុប​ចំនួន ១២០ ០០៩ នាក់​អ្នកជា​សះ​ស្បើយ​សរុប​ចំនួន ១១៦​ ៣៨៧ នាក់ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​រហូត​ដល់ ២ ៩១៨ នាក់៕