កំពតៈ មន្ត្រីពាក់ព័ន្ធនៅខេត្ត កំពតបានបើកកិច្ចប្រជុំដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោសនិងលើកលែងទោសក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២២ ខាងមុខនេះ។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២២ ខែវិច្ឆិកា ដោយមានការចូលរួមពីលោក សេង សិរីបុត្រ អភិបាលរងខេត្តកំពត តំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត នាយករងរដ្ឋបាល ក្រុមការងារពន្ធនាគារខេត្ត និងនាយករងទីចាត់ការអន្តរវិស័យ សរុប ១២ រូប។
លោក សេង សិរីបុត្រ អភិបាលរងខេត្តកំពតបានថ្លែងថា កិច្ចប្រជុំនេះដើម្បីពិនិត្យនិងវាយតម្លៃ បន្ធូរបន្ថយទោសដល់ទណ្ឌិតដែលបានជាប់ឃុំសរុបចំនួន ២៤ នាក់ ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ថ្ងៃទី ៧ ខែ មករា ២០២២ ខាងមុខនេះ។
លោកឆែម សាវុធ អគ្គនាយកពន្ធនាគារ ធ្លាប់បានពន្យល់ថា ការបន្ធូរបន្ថយនិងលើកលែងទោសទណ្ឌិតមានការប្រឡងប្រណាំងរើសយកពិន្ទុល្អ ហើយគេរើសយកតែទណ្ឌិតទេ ទោះបីសមាសភាពក្នុងពន្ធនាគារ មានជនជាប់ចោទ ជនត្រូវចោទ ពិរុទ្ធជន និងទណ្ឌិត ក៏ដោយ។
លោកថា៖«បានន័យថាអ្នកដែលមានសាលក្រមស្ថាពររបស់តុលាការគឺជាអ្នកដែលអាចមានសិទ្ធិស្នើសុំបន្ធូរបន្ថយទោស លើកលែងទោសបាន»។
លោកបានឱ្យដឹងទៀតថា ឧទាហរណ៍ទណ្ឌិតគេចែកជាក្រុម ក្នុងមួយក្រុមមានទណ្ឌិត ១២ នាក់ ហើយក្នុង ១ ខែគេឱ្យក្រុមនីមួយៗបោះឆ្នោតឱ្យគ្នាថា ក្នុងចំណោម ១២ នាក់នោះ ទណ្ឌិតរូបណាមានពិន្ទុ ល្អ ល្អបង្គួរ មធ្យម និងខ្សោយ។
លោកថា៖ «អីចឹងមន្ត្រីគ្រប់គ្រងគេធ្វើនិទ្ទេសតាមនោះ បើឈ្មោះ ក ជាប់និទ្ទេសល្អ គេកត់តាមហ្នឹង បើល្អបង្គួរ អ៊ីចឹងគេធ្វើតារាងមួយ ពេលគេប្រជុំរួចហើយ គេយកតារាងនោះ បិទនៅតាមបន្ទប់ដែលគាត់សម្រាក ហើយអ្នកណាដែលខ្សោយ និងមធ្យមគាត់នឹងប្រឹង ហើយគាត់ឃើញថាឈ្មោះគាត់អត់ត្រឹមត្រូវអាចតវ៉ា ប៉ុន្តែភាគច្រើនដែលយើងធ្វើអត់ឃើញមានអ្នកតវ៉ា»។
លោកបានឱ្យដឹងទៀតថា ការដាក់ឈ្មោះទណ្ឌិតមកវាយតម្លៃបន្ធូរបន្ថយ និងលើកលែងទោសនេះគឺធ្វើឡើងរៀងរាល់៦ខែម្តង ។ លោកថា៖« អីចឹងគាត់បោះឆ្នោត ៦លើក ហើយបើអ្នកណាល្អ៦លើក អ្នកនោះមានអាទិភាពមុនគេដែលបានដាក់ឈ្មោះមក ក្នុងគោលការណ៍បន្ធូរបន្ថយទោសនិងលើកលែងទោស បើគាត់គ្រប់លក្ខខណ្ឌ ២ ភាគ ៣ យើងសុំលើកលែងទោស តែបើគាត់គ្រប់លក្ខខណ្ឌ ១ ភាគ ៣ យើងសុំបន្ធូរបន្ថយទោស»។
លោកបានបញ្ជាក់ថា ព្រោះនៅតាមពន្ធនាគារនីមួយៗគឺមានមន្ត្រីត្រួតពិនិត្យត្រឹមត្រូវ បើទោះបីជាកន្លែងមួយចំនួនមានការថ្លោះធ្លោយក៏ដោយ។លោកថា៖«ជាគោលការណ៍យើងមានឯកសារប្រឡងប្រណាំងត្រឹមត្រូវ»។
លោក អំ សំអាត នាយករងអង្គការលីកាដូបានថ្លែងថាពីមុនមកការបន្ធូរបន្ថយ និងលើកលែងទោសទណ្ឌិត មានភាពមិនប្រក្រតីច្រើន ប៉ុន្តែក្រោយពីមានប្រតិកម្មពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពាក់ព័ន្ធករណីនេះ គណៈកម្មការថ្នាក់ជាតិបានត្រួតពិនិត្យតឹងរ៉ឺងជាងមុន។ យ៉ាងណាក៏ដោយក្នុងនាមជាអង្គការសង្គមស៊ីវិលនៅតែទទូចឱ្យមានការត្រួតពិនិត្យដោយមានតម្លៃភាព។
លោកថា៖ «យើងជាអង្គការសង្គមស៊ីវិលនៅតែទទូចធ្វើយ៉ាងណាការវាយតម្លៃក្នុងការបន្ថូរបន្ថយ និងការលើកលែងទោស ត្រូវមានតម្លាភាព និងយុត្តិធម៌ ដោយមិនមានការរើសអើង»។
សូមជម្រាបថា ព្រះមហាក្សត្រកម្ពុជាកាលពីថ្ងៃទី ១២ មករា ឆ្នាំ ២០២១ បានចេញព្រះរាជក្រឹត្យស្តីពីសការបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតនៅក្នុងពិធីបុណ្យធំៗចំនួន ៥ ដង ក្នុង ១ ឆ្នាំ។ ក្នុងនោះរួមមាន ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ប៉ុលពត ៧ មករា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ គោលបំណងនៃព្រះរាជក្រឹត្យនេះគឺដើម្បីធ្វើសមាហរណកម្មទណ្ឌិតនៅកម្ពុជាឱ្យចូលទៅរួមរស់ក្នុងសង្គមវិញ ឬក្នុងគោលបំណងផ្នែកមនុស្សធម៌៕
វីដេអូ៖