ភ្នំពេញៈ​ ក្រសួង​បរិស្ថាន​មាន​បេសកកម្ម​ជាច្រើន​ក្នុង​វិស័យ​នេះក្នុងនោះ​ការលើកកម្ពស់​ប្រតិបត្តិ​មេត្រីភាព​បរិស្ថានគឺជា​កិច្ចការ​មួយ​ដ៏​សំខាន់ធ្វើយ៉ាងណា​ឱ្យកម្ពុ​ជាមាន​បរិស្ថាន​ស្អាត មាន​ភាព​បៃតង និង​មាន​ភាព​ស៊ី​វិ​ល័យ។ នេះ​ជាការ​ថ្លែងរបស់​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថានក្នុងពេល​ប្រគល់​នូវ​បណ្ណ​សរសើរ​មេត្រីភាព​បរិស្ថាន​ទៅ​ដល់​ប្រតិបត្តិ​ករ ជា​នីតិ​បុគ្គល និង​រូបវន្ត​បុគ្គល​ឆ្នើម សរុប​ចំនួន ២៣០ នាក់។


លោក សាយ សំ​អាល់ បានលើកឡើង​ក្នុង​ពិធី​លើក​ទឹកចិត្ត​មេត្រី​ភាព​បរិស្ថាន ក្រោម​ប្រធាន​បទ «រួមគ្នា​ដើម្បី​មេត្រី​ភាព​បរិស្ថាន»កាលពី​រសៀល​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ២០២១​ថា ការងារ​នេះ អាច​សម្រេច​បាន ដរាប​ណា​មាន​ការ​ចូលរួម​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​និង​ប្រជា​ពលរដ្ឋ​គ្រប់រូប។ ជា​ប្រវត្តិ​សាស្ត្រ​ថ្មី​របស់​កម្ពុជា ប្រជាពលរដ្ឋ​ចាប់​ផ្តើម​ស្គាល់​អំពី​សក្ដានុ​ពលនិង​សម្រស់​ប្រទេស​កម្ពុជា​ដែល​មាន​តំបន់​ទេស​ចរណ៍​សម្បូរ​បែប​ជាពិសេស​ទេស​ភាព​បែប​ធម្មជាតិ​។

លោក​បាន​បញ្ជាក់​ថា៖ «ផ្តើម​ចេញ​ពី​កត្តា​នេះបង្កើត​នូវ​មន​សិកា​រស្រឡាញ់​ទឹកដី​និង​ធម្មជាតិ​ក្នុង​ប្រទេស ដែលជា​មូលដ្ឋាន​គ្រឹះ​ជំរុញ​ឱ្យ​កិច្ច​គាំពារ​បរិ​ស្ថាន និង​ការ​អភិរក្ស​ធន​ធានធម្ម​ជាតិ ទទួល​បាន​ជោគ​ជ័យ»​។

លោក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែង​អំណរគុណ​ចំពោះ​ការ​ចូល​រួម​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​របស់​ប្រតិ​បត្តិ​ករ​ទាំ​អស់​ដែល​បាន​ចូលរួម​ជាមួយ​ក្រសួង​បរិស្ថាន ហើយ​លោក ​សាយ សំ​អាល់ ក៏បាន​ស្នើឱ្យ​ប្រតិ​បត្តិ​ករ​ទាំងអស់​បន្តស​កម្មភាព​នេះ​ជាមួយ​ក្រសួងប​រិស្ថាន​ទៀត​ដើម្បី​រួមគ្នា​លើ​កម្ពស់​កិច្ច​គាំពារ​បរិស្ថាន ការអ​ភិរក្ស​ជីវចម្រុះ ការប្រើ​ប្រាស់​ធនធាន​ធម្មជាតិ​ឱ្យមាន​និរន្តរ​ភាព និង​ការ​រស់​នៅ​ដោយ​ចីរភាព នៅ​កម្ពុជា​។


នា​ឱកាស​នោះដែរ លោក ជួប ប៉ារីស៍ អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ចំណេះ​ដឹង​និង​ព័ត៌មាន​បរិស្ថាន ក្រសួង​បរិស្ថាន ក៏បាន​សម្ដែង​នូវ​ការដឹង​គុណ​ដល់​អ្នក​គាំទ្រ អ្នក​ឧបត្ថម្ភ និង​ប្រតិ​បត្តិ​ករ​មេត្រី​ភាព​បរិស្ថាន​ទាំ​ងអស់ ក្នុង​បុព្វ​ហេតុ​លើ​កម្ពស់​បរិ​ស្ថាន និង​ធន​ធាន​ធម្មជាតិ​។


លោក​បាន​ថ្លែង​ថា ៖ «កម្មវិធី​នេះ ជាការ​ផ្ដល់នូវ​ការអ​បអរសា​ទរ ផ្សព្វផ្សាយ និង​បំផុស​ឱ្យ​មាន​ការ​ចូលរួម​កាន់តែ​ច្រើន ដើម្បី​ប្រែ​ក្លាយ​កម្ពុជា​ពោរ​ពេញ​ដោយ​ពលរដ្ឋ​ល្អ និង​បរិស្ថាន​ល្អ»​។

គួរ​បញ្ជាក់​ផងដែរ​ថា ក្រសួងប​រិស្ថាន​ដែលមាន​នាយកដ្ឋាន​​រង្វាន់និង​លើកទឹក​ចិត្តនៃ​អគ្គនាយ​កដ្ឋាន​ចំណេះ​ដឹង និង​ព័ត៌មាន​បរិស្ថាន​ជា​សេនា​ធិការ​បានរៀបចំ​កម្មវិធី​លើក​ទឹកចិត្ត​មេត្រីភាព​បរិស្ថាន​ប្រចាំឆ្នាំដើម្បី​​ផ្តល់​បណ្ណ​សរសើរ​មេត្រីភាព​បរិស្ថាន​ជូន​ដល់​ប្រតិបត្តិ​ករ​ដែល​បាន​ចូលរួម​ប្រតិបត្តិ​មេត្រី​ភាព​បរិស្ថាន​បានល្អ​ប្រសើរ។

បើតាម​ក្រសួងប​រិស្ថាន ការ​បង្កើត​កម្មវិធី​នេះ​ឡើង​ដើម្បី​ជំរុញ​ការចូលរួម​ពី​ប្រតិបត្តិ​ករ ជា​នីតិបុគ្គល និង​រូបវ​ន្តបុគ្គល មកពី​គ្រប់​វិស័យ​មិន​ថា​វិស័យ​សាធារណៈ វិស័យ​ឯកជន ឬ​គ្រឹះស្ថាន​នានា ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវ​ចម្រុះ ការ​ប្រើប្រា​ស់​ធនធាន​ធម្មជាតិ​ឱ្យ​មាន​និរន្តរ​ភាព និង​ការ​រស់នៅ​ដោយ​ចីរភាព​។

ព្រះចៅ​អធិ​ការ​វត្ត​សិរិ​សាគរដូន​ស្តើង ដែល​ស្ថិតក្នុង​ខេត្តព្រៃ​វែង ព្រះអង្គ អ៊ឹម ទៀង ដែល​ទទួល​បាន​ប​ណ្ណស​រ​សើរ​មេត្រី​ភាព​បរិស្ថាន​ពី​ក្រសួង​បរិស្ថាន មាន​សង្ឃដីកា​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី២៥ ខែវិច្ឆិកា ថា ព្រះអង្គ​មាន​ព្រះទ័យ​ត្រេកអរ​ជាខ្លាំង ហើយ​ព្រះអង្គ​យល់​ថា​ប្រទេស​កម្ពុជា​ពិតជា​ត្រូវការ​អ្នក​ដែល​ស្រឡាញ់​ចូល​ចិត្ត និង​ចូលរួម​អភិរក្សកា​រពារ​បរិស្ថាន​យ៉ាង​ក្រៃ​លែង​បំផុត​។

ព្រះអង្គ​ អ៊ឹ​ម ទៀង មាន​ថេរ​ដីកាថា៖​«ការ​ផ្តល់នូវ​បណ្ណ​សរសើរ​នេះ​គឺជា​ការលើកទឹកចិត្ត​ដល់​អាត្មា​ក៏ដូចជា​ដល់​ពុទ្ធបរិស័ទ​ផ្សេង​ៗទៀត​ដែល​ស្រឡាញ់​និង​អភិរក្ស​បរិស្ថាន​របស់​យើង។នេះ​ជា​លើក​ទី១ដែល​យើង​ទទួល​បាន​បណ្ណ​សរសើរ​ថ្នាក់​ជាតិ ហើយ​កន្លងមក​យើង​ធ្លាប់​បាន​ទទួល​ប​ណ្ណសរ​សើរ​ពី​មន្ទីរ​និង​ថ្នាក់ដឹកនាំ​តាម​ខេត្ត»។

ព្រះអង្គ​បាន​បន្ថែមថាព្រះអង្គ​នឹង​បន្ត​ជួយ​ធ្វើការ​ងារ​នេះដល់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​វត្ត​អារាម​របស់​ព្រះអង្គ តាមរយៈ​និមន្ត​ទេសនា និង​ការ​បរិច្ចាគ​ជាដើម។

ចំណែក​លោក យូ​សុះ អាប់​ឌុល​រ៉ា​ស់​ហ៊ីម​ អាយុ ២៨ ឆ្នាំ ដែលជា​អ្នក​ថតរូប និង​វីដេអូ​នៃ​កាសែត ​ភ្នំពេញ ​ប៉ុស្តិ៍ ដែល​ទទួលបាន​ប​ណ្ណស​រ​សើរ​មេត្រីភាព​បរិស្ថាន​នេះដែរក៏បាន​ឱ្យដឹង​ផងដែរ​ថា កម្មវិធី​នេះ​ពិតជា​កម្មវិធី​មួយ​ដ៏​ល្អ​ដោយ​សារជា​ការ​លើកទឹក​ចិត្ត​ដល់​អ្នក​ថតរូប ដូចជា​ រូបលោក និង​អ្នក​ថតរូប​ជាច្រើន​ទៀត​ឱ្យមាន​ការខិតខំ​ប្រឹង​ប្រែង​ផ្ដិត​រូបភាព​ស្អាតៗក៏​ដូចជា ​​ផ្សព្វ​ផ្សាយពី​បរិស្ថាន តំបន់​ទេស​ចរណ៍​នានា រូប​សត្វព្រៃ​ផ្សេងៗជាច្រើនឱ្យ​ប្រជាព​លរដ្ឋ​ក្នុងស្រុក​និង​អន្តរ​ជាតិ​បាន​ស្គា​ល់ពី​កម្ពុជា​។

លោក​បាន​ប្រាប់ថា៖«នេះ​ជា​លើកទី១ដែល​ខ្ញុំ​បាន​ចូលរួម​ក្នុងនាម​ជា​អ្នក​ថតរូប​ម្នាក់​ប៉ុណ្ណោះ តែ​លើក​នេះ​ខ្ញុំ​មានកិ​ត្ដិ​យស​ណាស់​ដែល​ទទួល​លិខិត​ប័ណ្ណសរសើរ​ពី​ក្រសួងបរិស្ថានហើយ​ខ្ញុំ​ចង់ឱ្យ​ក្រសួង​រៀបចំ​កម្មវិធី​នេះ​ជា​រៀង​រាល់​ឆ្នាំ​តែ​ម្តង»។

នៅ​ឆ្នាំ​ ២០២១ នេះ ប្រតិបត្តិ​ករ​មេត្រី​ភាព​បរិស្ថាន​ឆ្នើមសរុប​ជាង ​២០០ ​នេះ ដែល​ទទួល​បាន​ប​ណ្ណស​រ​សើរ​មេត្រី​ភាព​បរិ​ស្ថានមកពី​ចម្រុះ​វិស័យ រួមមាន​ ជាអាទិ៍ នីតិ​បុគ្គល ដូច​ជា ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត ក្រុមហ៊ុន​អចលន​ទ្រព្យ ធនាគារ ផលិត​កម្ម រ​មណី​យ​ដ្ឋា​ន ភោ​ជនី​យដ្ឋា​ន ឬ​គ្រឹះ​ស្ថាន​សាធារណៈ​ផ្សេងៗជាដើម និង​រូបវន្ត​បុគ្គល​មាន​ដូច​ជា អ្នក​ថតរូប សិល្បករ តន្ត្រីករ ផលិត​ករ ​ឬ​បុគ្គល​សាធា​រ​ណៈផ្សេងៗ​ទៀត៕

វីដេអូ៖