មណ្ឌលគិរីៈ ប្រជាពលរដ្ឋ​ជា​ជនជាតិដើម​ភាគតិច​ព្នង​ក្នុង​ខេត្តមណ្ឌលគិរី​ចំនួន​ ៣២ ​គ្រួសារ​កំពុង​រៀបចំ​ឯកសារ​ដាក់​​ជូន​ទៅ​រដ្ឋបាលខេត្ត និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​សុំ​អន្តរាគមន៍​ដោះស្រាយ​បញ្ហាដីធ្លី ក្រោយពី​មាន​អ្នក​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​លើដី​ត្រណម កន្លែង​សែនព្រេន និង​ដីចម្ការ​វិលជុំ​របស់​ពួកគាត់​ចំនួន​ ៨០ ​ហិកតា នៅ​ភូមិ​ត្រែង ឃុំ​ដាក់ដាំ ស្រុក​អូររាំង​។


លោក ស្វាយ ភេន តំណាង​ជនជាតិដើម​ភាគតិច​ព្នង​ក្នុង​ទំនាស់​ដីធ្លី​នេះ​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​ ២៨ ខែវិច្ឆិកា​ថា មាន​អ្នក​លួច​ឃុបឃិត​គ្នា​ធ្វើ​ប្លង់រឹង​លើ​ផ្ទៃដី​ជាង​ ៨០ ​ហិកតា លើដី​ចម្ការ​វិលជុំ ព្រៃ​ត្រណម ព្រៃ​អារក្ស​អ្នកតា កន្លែង​កប់ខ្មោច និង​កន្លែង​​សែនព្រេន​របស់​ជនជាតិ​ដើមភាគតិច​ព្នង​ចំនួន​ ៣២ ​គ្រួសារ​នៅ​ភូមិ​ត្រែង ឃុំ​ដាក់ដាំ ស្រុក អូររាំង ខេត្ត​មណ្ឌលគិរី​។

លោក​បញ្ជាក់ថា ដី​នោះ​ត្រូវបាន​ឈូសឆាយ​អស់​ប្រមាណ​ជាង​ ១០ ​ហិកតា​ហើយ ប៉ុន្តែ​ក្រោយ​មានការ​តវ៉ា​រារាំង និង​ចូលទៅ​ឃាត់​ជាច្រើនលើក សកម្មភាព​ឈូសឆាយ​ក៏បាន​ផ្អាក ប៉ុន្តែ​យ៉ាងណាក្ដី ជនជាតិដើម​ភាគតិច​មិន​សុខចិត្ត​ឱ្យមាន​ការឈូសឆាយដី​ប្រពៃណី​តពី​ដូនតា​នៅ​ទីតាំង​នោះ​បន្ត​ទៀតឡើយ​។ លោក​បាន​បន្ថែមថា ក្រុម​ជនជាតិ​ដើម​ភាគតិច​កំពុង​រៀបចំ​ធ្វើឯកសារ ដើម្បី​ដាក់​ជូនទៅ​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដើម្បី​ជួយ​អន្តរាគមន៍​ដោះស្រាយ​ក្នុងពេល​ឆាប់​ខាងមុខនេះ​។

លោក​ថ្លែងថា​៖ «​ពួកខ្ញុំ​នឹងដាក់​ពាក្យស្នើសុំ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋបាលខេត្ត និង​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត ដើម្បី​ឱ្យជួយ​ដោះស្រាយ​បញ្ហា​នេះ ហេតុ​អី​នៅ​​សុខៗ​មាន​ការចេញ​ប្លង់រឹង​លើ​ដី​​នៅ​កណ្តាល​ព្រៃ​អ៊ីចឹង​»​។


លោក​បន្តថា ការកើត​ទុក្ខ​មិន​សុខចិត្ត និង​ចង់​ដាក់ពាក្យ​ស្វែងរក​ការជួយ​ដោះស្រាយ​នេះ ដោយសារតែ​មានការ​ប៉ះពាល់​ខ្លាំង​ទៅលើ​ដី​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច និង​មាន​ការបារម្ភ ប្រសិនបើ​នៅតែមាន​អ្នក​បំពាន​ឈូសឆាយ​យក​ដីព្រៃ​នោះ​នឹង​​ធ្វើឱ្យ​បាត់បង់​ដីធ្លី និង​កន្លែង​​អបិយជំនឿ​របស់​ជនជាតិ​ភាគតិច​ព្នង និង​លែងមាន​កន្លែង​អាស្រ័យ​ផល​បន្តទៀត​។


លោក​ថ្លែងថា​៖ «​ពិបាក​ជាងគេ​​គឺ​ប្រជាពលរដ្ឋ ព្រោះ​អី​កន្លែង​ហ្នឹង​ជា​ព្រៃ​ត្រណម កន្លែង​សែនព្រេន កន្លែង​បរិស្ថាន ធនធាន​ធម្មជាតិ ដែល​យើង​ធ្លាប់​មើល​ការខុសត្រូវ​កន្លងមក​យើង​ធ្លាប់​រក​ជ័រទឹក វល្លិ ផ្តៅ រក​ទំពាំង ផ្លែឈើ​អី​ផ្សេងៗ​ក្នុង​ហ្នឹង​ហើយ​​សំខាន់​ជាងគេ​គឺ​កន្លែង​ហ្នឹង​ជា​កន្លែង​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​តែម្តង​»​។

លោក​ ជាក់ ម៉េងហ៊ាង អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​មណ្ឌលគិរី​បាន​​ថ្លែង​ពីថ្ងៃ​ទី​ ២៨ ខែវិច្ឆិកា​ថា លោក​មិន​បានដឹង​ពី​បញ្ហា​ដីធ្លី​នៅ​ទី​នោះទេ ប៉ុន្តែ​បើ​មាន​ពលរដ្ឋ​ដាក់​ពាក្យ​មក​រដ្ឋបាលខេត្ត លោក​និង​ពិនិត្យមើល​ជាក់ស្តែង និង​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ស្រាវជ្រាវ​មើល​ពី​អត្តសញ្ញាណ និង​ការកាន់កាប់​ជាក់ស្តែង​របស់​ពួកគាត់​ជា​ពលរដ្ឋ​នៅ​ទីនោះ​។

លោក​ថា​៖ «​ជាទូទៅ​ពលរដ្ឋ ការប្រមូលផ្តុំ​របស់​ពួកគាត់ ឬមួយ​​គាត់​អះអាង​យ៉ាងណា​រឿង​ដីធ្លី​របស់​ពួកគាត់​ហ្នឹង បើ​គាត់​ដាក់ពាក្យ​ចូលមក​យើង​នឹង​ឱ្យ​អាជ្ញាធរ​​ភូមិ ឃុំ​បញ្ជាក់​ពី​អត្តសញ្ញាណ​ពិតប្រាកដ អាកប្បកិរិយា​នៃ​ការកាន់កាប់​ដី​ក្នុង​ការរស់នៅ​របស់គាត់​អ៊ីចឹង​ទៅណា​»​។

លោក គ្រើង តុលា អ្នក​ប្រឹក្សាយោបល់​ក្រុមការងារ​បណ្តាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្តមណ្ឌលគិរី​បាន​ថ្លែង​ពីថ្ងៃ​ទី​ ២៨ ខែវិច្ឆិកា​ថា នេះ​ជា​បទល្មើស និង​ជា​ការបំពាន​សិទ្ធិ​ពលរដ្ឋ​ជា​ជនជាតិដើម​ភាគតិច​ព្នង ព្រោះ​កាលណា​ដីព្រៃ​ស្រោង ដី​កប់​សព ដីចម្ការ​វិលជុំ​របស់​ជនជាតិដើម​ភាគតិច​មាន​គេ​លួច​ធ្វើ​ប្លង់​យក​រហូត​ដល់​ ៨០ ​ហិកតា​បែបនេះ​គឺ​ផ្ទុយ​នឹង​ច្បាប់​។

លោក តុលា បញ្ជាក់ថា នៅក្នុង​ច្បាប់​ដីព្រៃ​ចាប់ពី​ ១០ ​ហិកតា​ឡើងទៅ​គឺ​ត្រូវសុំ​ធ្វើ​អនុប្បយោគ ដែល​មានន័យថា កាត់​ឆ្វៀល​ដី​នោះ​ជា​លក្ខណៈ​សម្បទាន ឬ​ដី​​សង្គមកិច្ច​ជាដើម​។ លោក​ថា​៖ «​អ្វីដែល​សំខាន់បំផុត​គឺ​ដកហូត​​ប្លង់​ហ្នឹង​មកវិញ ហើយ​និរាករណ៍​ប្លង់​ទាំង​ប៉ុន្មាន​ហ្នឹង​ចោល​ឱ្យអស់ ហើយ​ចំពោះ​មន្ត្រី​ណា​ដែល​ហ៊ាន​​ចេញ​ប្លង់​ ឬ​អនុញ្ញាតឱ្យ​បុគ្គល​នេះ​បុគ្គល​នោះ​អី​ជាដើម​គឺ​ត្រូវ​​តែ​ដាក់​ទោសទណ្ឌ​តាមច្បាប់ ដោយ​ត្រូវ​ដក​គាត់​ចេញ​ ឬ​ត្រូវ​ពិន័យ​រដ្ឋបាល​អី​ជាដើម​ដើម្បីឱ្យ​គាត់​រាងចាល​ថ្ងៃក្រោយ​»​។

លោក សៀក មុន្នី អភិបាលស្រុក​អូររាំង​បាន​ថ្លែង​ពីថ្ងៃ​ទី​ ២៨ វិច្ឆិកា​ដែរ​ថា ដី​នៅ​ទីតាំង​នោះ​ដើមឡើយ​មិនមាន​ទំនាស់​អ្វី​ទេ រហូតដល់​មាន​ការធ្វើ​បណ្ណ​កម្មសិទ្ធិ​រួចរាល់ ហើយ​ក៏​មិនមាន​ការតវ៉ា​ណាមួយ​ពី​ពលរដ្ឋ​នោះដែរ ប៉ុន្តែ​ពេលនេះ អាច​មកពី​មាន​ការពាក់ព័ន្ធ​ជាមួយ​អ្នកផ្សេង​ដែល​មក​ទិញ​ដី​នៅ​ទីនោះ ទើប​បង្កើតជា​បញ្ហា​ដោយ​យក​ពលរដ្ឋ​មក​ពាំង​។

លោក​អភិបាលស្រុក​អូររាំង​បញ្ជាក់ថា ដី​នោះ​មាន​ការទិញ​លក់​តាំងពី​ជំនាន់​មុន​លោក​មក​​កាន់តំណែង​ជា​អភិបាលស្រុក​ទៅទៀត ហើយ​ក្រោយមក​ទើប​​តែមាន​នីតិវិធី​ចេញ​បណ្ណ ហេតុដូច្នេះ​ករណីនេះ​ជា​រឿង​ពិបាក​មួយ​មិន​ដឹងថា​ត្រូវ​ដោះ​ដោយ​នីតិវិធី​ណា​ទេ​។

លោក​ថ្លែងថា​៖ «​មិនដឹងថា​ត្រូវ​​ដោះ​ដោយ​នីតិវិធី​របៀប​ម៉េច អាហ្នឹង​ធម្មតា រឿង​បែប​ហ្នឹង​ទាល់តែ​ប្តឹង​ជំទាស់​ទៅ​តុលាការ យើង​អត់​អាច​ទៅធ្វើ​បានទេ ព្រោះនេះ​ដី​គេ​មាន​បណ្ណ​»៕

វីដេអូ៖