អាជីវកម្ម​ខារ៉ាអូខេ ​រង្គសាល​និង​ឌីស្កូតែក ​ត្រូវបាន​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ​ក្នុង​ភូមិសាស្ត្រ​រាជ​ធានី

Content image - Phnom Penh Post
ទីតាំងខារ៉ាអូខេ ដែលត្រូវបានបិទអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២១ នៅខណ្ឌចំការមន។ រូបថត ហេង​ជីវ័ន

ភ្នំពេញៈ អភិបាល​រាជ​ធានី​ភ្នំពេញ​លោក ​ឃួង ស្រេង ​បាន​សម្រេច​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ​ចំពោះ​អាជីវកម្ម​ខារ៉ាអូខេ​ រង្គសាល​ និង​ឌីស្កូតែក ​ក្នុង​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ ​ចាប់ពី​ថ្ងៃទី ៣០ ​ខែ វិច្ឆិកា ​ឆ្នាំ ២០២១ ​តទៅ​ ដោយ​អនុវត្ត​តាម​គន្លង​ប្រក្រតីភាព​ថ្មី។

លោក​បាន​បញ្ជាក់តាម​រយៈ​សេចក្តី​សម្រេច​នាព្រឹក​ថ្ងៃ​ទី ៣០ ​វិច្ឆិកា​នេះ​ថា ​ម្ចាស់​ទីតាំង ​ឬ​ម្ចាស់​អាជីវកម្ម​ខារ៉ាអូខេ​ រង្គសាល ​និង​ឌីស្កូតែក ​ចាំបាច់​ត្រូវមាន​កាតព្វកិច្ច​ចាត់តាំង​បុគ្គលិក ​ប្រចាំការ​នៅមុខ​ច្រក​ចេញ​-ចូល​ទីតាំង ​ដើម្បី​ធ្វើ​ការត្រួត​ពិនិត្យ​ការចាក់​វ៉ាក់សាំង ​ស្របតាម​សេចក្តី​ណែនាំ ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​និង​ត្រូវ​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​វិធានការ​៣ការពារ​ និង​៣កុំ ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

លោក​ ឃួង ស្រេង ​បញ្ជាក់ថា​៖ «ទីតាំង​ទាំងនេះ ​ត្រូវ​អនុវត្ត​តាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា ​(SOP) ​របស់​ក្រសួង​ទេសចរណ៍ ​គោលការណ៍​ណែនាំ​របស់​ក្រសួង​-ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ​និង​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិ​បាល ​ឱ្យបាន​ម៉ឺងម៉ាត់ ​គឺ ​ការវាស់​កម្តៅ ​ការធ្វើ​អនាម័យ ​និង​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ ​ជាដើម»។

សម្រាប់​បុគ្គល​ល្មើស​ពាក់ព័ន្ធ ​ត្រូវ​អនុវត្ត​ទណ្ឌកម្ម​រដ្ឋបាល ​និង​ទណ្ឌកម្ម​ច្បាប់ ​រួមទាំង​ការផ្សព្វផ្សាយ​ជាសាធារណៈ​ចំពោះ​បុគ្គល​ល្មើស ​ស្របតាម​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ​និង​ជំងឺ​ឆ្លង​កាច​សា​ហាវ ​និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត ​និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជាធរមាន ​ដោយ​គ្មាន​ការលើក​លែង​ឡើយ។ នេះ​បើ​តាម​ លោក​ឃួង ស្រេង៕

វីដេអូ៖

ព័ត៌មានថ្មីៗ