ភ្នំពេញៈ ក្នុង​សន្និសីទ​មហាសមុទ្រ​ឥណ្ឌា​ដែល​ធ្វើឡើង​នា​ដើមខែ​ធ្នូ​កន្លងទៅ​ថ្មីៗ​នេះ កម្ពុជា​បញ្ជាក់​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ការលើក​កម្ពស់​ទំនាក់ទំនង​ទៅវិញទៅមក​រវាង​បណ្ដា​ប្រទេស​មហាសមុទ្រ​ឥណ្ឌា និង​អាស៊ាន ដើម្បី​កសាង​សន្តិភាព និង​វិបុលភាព​នៅក្នុង​តំបន់​។


លោក​ អ៊ុច បូររិទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​ការបរទេស​ថ្លែងថា​៖ «​ខ្ញុំ​សូមបញ្ជាក់​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​ដ៏មុតមាំ​របស់​កម្ពុជា​ក្នុង​ការលើកកម្ពស់​ទំនាក់ទំនង​ទៅវិញទៅមក​រវាង​បណ្ដា​ប្រទេស​មហាសមុទ្រ​ឥណ្ឌា និង​អាស៊ាន​។ ជាពិសេស នៅពេល​ដែល​កម្ពុជា​នឹង​ទទួល​តួនាទី​ដ៏សំខាន់​ជា​ប្រធាន​អាស៊ាន​ចាប់ពី​ខែមករា ឆ្នាំ​ ២០២២ ដើម្បី​យើង​ទាំងអស់​គ្នា​អាច​កសាង​ភាពសុខដុមរមនា សន្តិភាព ចីរភាព និង​វិបុលភាព​សម្រាប់​តំបន់​ទាំងមូល​»​។

លោក​ថ្លែង​ដូច្នេះ​ក្នុង​សន្និសីទ​មហាសមុទ្រ​ឥណ្ឌា​លើក​ទី​ ៥ នៅ​ទីក្រុង​អាប៊ុយដាប៊ី ប្រទេស​អារ៉ាប់រួម ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ៤ និង​ថ្ងៃទី​ ៥ ខែធ្នូ​។ លោក បូររិទ្ធ ​ថ្លែងថា មហាសមុទ្រ​ឥណ្ឌា គឺជា​ទីតាំង​ផ្លូវ​សមុទ្រ​សំខាន់ៗ​ដែល​តភ្ជាប់​មជ្ឈិមបូព៌ា អាហ្វ្រិក និង​អាស៊ីបូព៌ា​ជាមួយ​អឺរ៉ុប និង​អាមេរិក​។ ផ្លូវ​សមុទ្រ​សំខាន់ៗ​អស់ទាំង​នេះ បាន​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​តាម​សមុទ្រ​ក្នុង​តំបន់​មហាសមុទ្រ​ឥណ្ឌា ផ្ទុក​ប្រេង​លើសពី​ពាក់កណ្តាល​នៃ​ពិភពលោក និង​ជា​ម្ចាស់ផ្ទះ​កំពង់ផែ​ចំនួន ២៣ ក្នុង​ចំណោម​កំពង់ផែ​កុងតឺន័រ​កំពូល​ទាំង​ ១០០ នៅក្នុង​ពិភពលោក​។

លោក​បន្តថា ដោយ​វិបត្តិ​កូវីដ ​១៩ ត្រូវបាន​គេ​រំពឹងថា​នឹង​មាន​ភាពធូរស្រាល​ក្នុងពេល​ដ៏ខ្លី​ខាងមុខ ការលើក​កម្ពស់​ប្រក្រតីកម្ម​នៃ​រំហូរ​ពាណិជ្ជកម្ម ធុរកិច្ច និង​ការវិនិយោគ ស្របតាម​ការផ្លាស់ប្តូរ​ពិភពលោក គឺជា​កិច្ចការ​សំខាន់ និង​បន្ទាន់​សំដៅ​ស្តារ និង​លើកកម្ពស់​ការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច នៅក្នុង​តំបន់​មហាសមុទ្រ​ឥណ្ឌា​។


មន្ត្រីការទូត​រូបនេះ​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​មហាសមុទ្រ​ឥណ្ឌា ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​ក្នុង​សកលលោក​ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​បៃតង​។ ជាពិសេស​ការលើក​ទឹកចិត្ត​ដល់​វិស័យ​ឯកជន​ក្នុង​ការបង្កើន​ការវិនិយោគ​បៃតង ការលើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការវិនិយោគ​លើ​គ្រប់​វិស័យ​ពាក់ព័ន្ធ​នឹង​ការលើកកម្ពស់​ការអភិវឌ្ឍ​ឧស្សាហកម្ម និង​ការអនុម័ត​បច្ចេកវិទ្យា​បៃតង​។


លោក​ថ្លែងថា​៖ «​ការលើកកម្ពស់​ការអភិវឌ្ឍ​បៃតង គឺជា​សសរស្តម្ភ​គ្រឹះ​មួយ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​រយៈពេល​វែង ដែល​នឹង​បង្កើន​ប្រសិទ្ធភាព​សេដ្ឋកិច្ច និង​ពង្រឹង​ភាពធន់​នឹង​អាកាសធាតុ​»​។

លើសពីនេះ លោក​ អ៊ុច បូររិទ្ធ ក៏បាន​អំពាវនាវ​ដល់​បណ្តា​ប្រទេស​ទាំងនេះ​ជំរុញ​សេដ្ឋកិច្ច​ពណ៌​ខៀវ​តាមរយៈ​ការគ្រប់គ្រង និង​ការប្រើប្រាស់​ធនធាន​មហាសមុទ្រ​ប្រកបដោយ​ចីរភាព និង​ជំរុញ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជា​សកល និង​តំបន់ ដើម្បី​ទាញយក​ធនធាន​ទាំងនេះ តាមរបៀប​ដែលមាន​និរន្តរភាព​ជាង​។

លោក បូររិទ្ធ ​ថ្លែងថា​៖ «​តំបន់​មហាសមុទ្រ​ឥណ្ឌា គួរតែ​ធានា​ការប្រើប្រាស់ ប្រកប​ដោយ​ចីរភាព​នូវ​ធនធាន​សមុទ្រ ដោយ​សម្រប​សកម្មភាព​របស់​ខ្លួន​ជាមួយ​នឹង​លិខិតូបករណ៍​ស្នូល​របស់​អង្គការ​សហប្រជាជាតិ​»​។

មន្ត្រីការទូត​ជាន់ខ្ពស់​រូបនេះ​ក៏​បាន​ជំរុញ​ឱ្យ​បណ្តា​ប្រទេស​ទាំងនេះ​ធ្វើការ​រួមគ្នា ដើម្បី​ជំរុញ​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ ឱ្យ​ដល់​កម្រិត​អតិបរមា ដើម្បី​បង្កើត​សសរស្តម្ភ​កំណើន​ថ្មី​មួយ​ប្រកប​ដោយ​ភាពធន់ ព្រមទាំង​បញ្ជាក់ថា ការសម្រប​ខ្លួន​ទៅ​នឹង​ភាពធម្មតា​ថ្មី​នឹង​ជំរុញ​កាន់តែខ្លាំង​ដល់​ការចាប់យក​បច្ចេកវិទ្យា​ឌីជីថល​សម្រាប់​ការអភិវឌ្ឍ​ឧស្សាហកម្ម និង​ការធ្វើ​ឧស្សាហូបនីយកម្ម​សេដ្ឋកិច្ច​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នា​ថ្ងៃទី​ ៦ ខែធ្នូ ថា​ទាំង​អាស៊ាន និង​កម្ពុជា បាន​ព្យាយាម​ធ្វើឱ្យមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់ ហើយ​ជាពិសេស​តំបន់​ធំ​ជាង​នេះ​គឺ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​គេ​ហៅថា តំបន់​មហាសមុទ្រ​ឥណ្ឌា​។ ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​រួមគ្នា​ទាមទារ​ឱ្យ​មាន​កិច្ចសហការ​គ្នា​ល្អ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា និង​សាមគ្គីភាព​ក្នុង​ចំណោម​បណ្តា​ប្រទេស​ទាំងអស់​នៅក្នុង​តំបន់​។

លោក​បាន​ថ្លែងថា​៖ «​អ៊ីចឹង​ហើយ ខ្ញុំ​គិតថា កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន អាច​នឹង​ធ្វើឱ្យ​មាន​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​តំបន់​ឈាន​ទៅ​ដោះស្រាយ​បញ្ហា​ធំៗ​នៅក្នុង​តំបន់​របស់​យើង​»​។

លោក​ គិន ភា បាន​បញ្ជាក់ដែរថា​៖ «​ហើយ​បញ្ហា​ចំពោះ​មុខជា​ចម្បង ដែល​តែងតែ​លេចឡើង​ហ្នឹង គឺ​ខ្ញុំ​គិតថា បញ្ហា​កូវីដ​ ១៩ ការឡើង​កម្តៅ​ពិភពលោក ការប្រកួតប្រជែង​ខាង​ភូមិសាស្ត្រ​នយោបាយ​នៃ​មហាអំណាច​ហ្នឹងហើយ ធ្វើ​ម៉េច​ដើម្បី​ឱ្យ​រក្សាបាន​នូវ​តុល្យភាព​នៃ​ទំនាក់ទំនង​ស្ថិរភាព សន្តិភាព​ និង​បរិយាប័ន្ន​នៅក្នុង​តំបន់​»​។

គួរបញ្ជាក់​ផងដែរ​ថា មហាសមុទ្រ​ឥណ្ឌា គឺជា​មហាសមុទ្រ​ធំ​ទី​ ៣ ក្នុងចំណោម​មហាសមុទ្រ​ទាំង​ ៥ របស់​ពិភពលោក ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​ជាង​ ៧០ ​លាន​គីឡូ​ម៉ែត្រការ៉េ ឬ​គ្របដណ្តប់​ផ្ទៃ​ទឹក​ ១៩ ​ភាគរយ​។ មហាសមុទ្រ​នេះ​មាន​ព្រំ​ប្រទល់​ជាប់​អាស៊ី​នៅ​ភាគ​ខាងជើង​ជាប់​អាហ្វ្រិក​នៅ​ភាគខាងលិច និង​ជាប់​អូស្ត្រាលី​នៅ​ភាគ​ខាងកើត​៕