ភ្នំពេញៈសាលា​រាជធានី​ភ្នំពេញ​នឹងផ្អាក​ចរាចរណ៍ជា​បណ្តោះ​អាសន្នដោយ​មិន​អនុញ្ញា​តឱ្យ​យាន​ជំនិះ​គ្រប់​ប្រភេទ​ឆ្លង​កាត់​ចា​ប់ពី​មុខ​ព្រះ​ដំណាក់តាម​រុក្ខវិថី​សម្តេច​ប៉ាន (ផ្លូវ​លេខ​ ២១៤) ​ឆ្ពោះទៅ​មហា​វិថី​ព្រះ​នរោត្តម (ផ្លូវ​លេខ ៤១) បន្ត​ទៅ​វិមាន​ឯករាជ្យ មហាវិថី​ព្រះសីហនុ នាគ​បាញ់​ទឹក មហាវិថី​សម្តេច​សុធារស ចាប់ពី​ម៉ោង ​៥:០០ នាទីថ្ងៃទី ៨ ខែធ្នូ រហូតដ​ល់​ចប់​កម្មវិធីដើម្បី​រៀបចំ​ពិធី​ដង្ហែ​ព្រះ​សព​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ។


លោក ឃួ​ង ស្រេង អភិបាល​រាជ​ធានី​ភ្នំពេញ បាន​ជូន​ដំណឹង​នា​រសៀល​ថ្ងៃទី​ ៧ ខែធ្នូ​នេះ​ពី​កា​រប​ញ្ចៀស​ចរាចរណ៍​យាន​យន្ត​គ្រប់​ប្រភេទ​ជា​បណ្តោះអា​សន្ន​ក្នុង​ព្រះរាជ​ពិធី​បុណ្យព្រះ​សព​សម្តេច​ក្រុមព្រះ នរោត្តម​ រណឫទ្ធិ ប្រធាន​ក្រុម​ឧត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហា​ក្សត្រ។​

លោក​បាន​លើក​ឡើង​ថា នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ ២០២១ ចាប់ពី​ម៉ោង ៥:០០ នាទី រដ្ឋបាល​រាជធានី​ភ្នំពេញ​សហ​ការ​ជាមួយ​គណៈកម្មាធិកា​រ​រៀប​ចំ​បុណ្យ​ជាតិ-អន្តរជាតិ​នឹងមាន​រៀបចំ​ពិធី​ដង្ហែនិង​បូជាព្រះ​សពសម្តេចក្រុមព្រះ​នរោត្តម ​រណឫទ្ធិ ចេញពី​ព្រះ​ដំណាក់ ឆ្ពោះទៅមុខ​វត្ត​បទុម​វតី។​

ដើម្បីឱ្យ​កម្មវិធី​ខាង​លើ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់ និង​របៀប​រៀប​រយ​សាធា​រណៈ ព្រម​ទាំង​បញ្ចៀស​បាន​នូវ​ការកក​ស្ទះ​ចរាចរណ៍ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​នឹង​ផ្អាក​ចរាចរ​ណ៍ជាបណ្តោះ​អាសន្ន ដោយ​មិន​អនុញ្ញាត​ឱ្យ​យាន​ជំនិះ​គ្រប់​ប្រភេទ​ឆ្លង​កាត់​ចាប់ពី​មុខ​ព្រះ​ដំណាក់តាម​រុក្ខវិថី​សម្តេច​ប៉ាន (ផ្លូវ​លេខ ​២១៤)​ ឆ្ពោះ​ទៅ​មហាវិថី​ព្រះ​នរោត្តម ​(ផ្លូវ​លេខ ៤១) បន្តទៅ​វិមា​នឯករាជ្យ មហាវិថី​ព្រះសី​ហនុ នាគ​បាញ់​ទឹក ​មហាវិ​ថី​សម្តេច​សុធា​រស​។


លោក ​ឃួ​ង ស្រេង បាន​បញ្ជា​ក់ថា ៖ «សូម​បងប្អូន​ប្រជាព​លរដ្ឋ​ដែលជា​ម្ចាស់​យានយន្ត​​គ្រប់​ប្រភេទ និង​ម្ចាស់​អាជីវក​ម្ម​ទាំងអស់ ដែល​ធ្វើដំណើ​រ​ឆ្លងកា​ត់​នៅតា​ម​ដងផ្លូវ​ទាំងនេះ មេត្តា​យោគ​យល់ អធ្យា​ស្រ័យ និង​បញ្ចៀស​ការ​ធ្វើដំ​ណើរឆ្លងកាត់​តាម​ទីតាំងនិង​កា​លបរិច្ឆេទ​នេះ។ ផុត​រយៈពេ​ល​ហាមឃាត់​បណ្តោះអាសន្ន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹង​បើក​ឱ្យធ្វើ​ចរាចរណ៍​ជាធ​ម្មតា​វិញ​»។


សម្តេ​ចក្រុម​ព្រះ នរោត្តម រណឫទ្ធិ បាន​សោយ​ទិវង្គត​ដោយ​ព្រះ​រោគាពាធ​​នា​ក្រុងប៉ារីស ប្រទេស​បារាំង ក្នុង​ព្រះ​ជន្មាយុ ៧៧ ព្រះ​វស្សា ហើយ​ព្រះ​សព​របស់​ព្រះអង្គ​ត្រូវបាន​យាង​ដង្ហែ​មកកាន់​ប្រទេស​កម្ពុជាកាលពី​ថ្ងៃទី ៥ ​ខែធ្នូ ឆ្នាំ ២០២​១ តាម​ជើង​ហោះហើរ​ពិសេសពី​សាធារ​ណរដ្ឋ​បារាំង៕​