គ្រូ​មួយចំនួន​សុំ​អភិបាលខេត្ត​​អន្តរាគមន៍​ផ្លាស់ប្ដូរ​នាយិកា​​សាលា​ ដើម្បី​បញ្ចប់​ជម្លោះ

Content image - Phnom Penh Post
សាលា​ដែលមាន​វិវាទ​រវាង​គ្រូ ជាមួយ​នឹង​នាយិកា​។ រូបថត ហ្វេសប៊ុក​សាលា​

ត្បូងឃ្មុំៈ ​លោកគ្រូ-អ្នកគ្រូ​មួយចំនួន​នៅ​សាលាបឋមសិក្សា​​តេជោសែន​ផ្លាក​សំរោង ក្នុង​ឃុំ​ដារ ស្រុក​មេមត់ បាន​ទទូច​សុំ​អភិបាលខេត្ត​ត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ ជួយ​អន្តរាគមន៍​ផ្លាស់ប្ដូរ​ភារកិច្ច​អ្នកស្រី អ៊ឹម វុឌ្ឍានី ពី​នាយិកា​សាលា​បឋមសិក្សា​នេះ ដើម្បី​បញ្ចប់​វិវាទ​​ជាច្រើន​ឆ្នាំ​ជាមួយ​ពួកគាត់​។

ការទទូច​សុំ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​វិវាទ​ផ្ទៃក្នុង​រវាង​ថ្នាក់ដឹកនាំ​សាលា និង​លោកគ្រូ ​អ្នកគ្រូ ព្រមទាំង​បុគ្គលិក​សិក្សា​ក្នុង​សាលា​នេះ កាន់តែ​រីកធំឡើង​​ដែល​បង្ក​ផលប៉ះពាល់​ដល់​ការសិក្សា​របស់​សិស្ស​។

លោក សុះ អ៊ីសា នាយករង​សាលាបឋមសិក្សា​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​ទី​ ៦ ខែ​​ធ្នូ ឆ្នាំនេះ​ថា វិវាទ​ផ្ទៃក្នុង​រវាង​គ្រូបង្រៀន និង​ថ្នាក់ដឹកនាំ​សាលា​នេះ​បាន​កើតឡើង​តាំងពី​ឆ្នាំ​ ២០១៧ ​មក​ម្ល៉េះ ដែល​កាលនោះ​អ្នកស្រី​នាយិកា​សាលា​នេះ​បាន​រងការប្ដឹង​ចោទប្រកាន់​​ពី​មាតាបិតា​សិស្ស និង​លោកគ្រូ​អ្នកគ្រូ​មួយចំនួន​ថា បាន​កេងប្រវ័ញ្ច​ថវិកា​ទ្រទ្រង់​សាលា និង​ថវិកា​អាហារូបករណ៍​សិស្ស​ក្រីក្រ​របស់​ពួកគេ ប៉ុន្តែ​ករណីនេះ​​បាន​ដោះស្រាយ​ម្ដង​រួចមកហើយ​ បន្ទាប់ពី​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​ (ACU) ​បាន​ណែនាំ​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្ម​ភាពមិនប្រក្រតី​ទាំងនេះ​។

លោក អ៊ីសា បាន​បញ្ជាក់ថា​៖ «​ក្រោយពី​មាន​ការព្រមាន​ពី​ ACU ​ខ្ញុំ​ពិនិត្យឃើញ​មាន​ភាពល្អប្រសើរ​ឡើងវិញ​នូវ​ទំនាក់ទំនង​ការងារ​រវាង​លោកគ្រូ អ្នកគ្រូ បុគ្គលិក​សិក្សា និង​ថ្នាក់ដឹកនាំ​សាលា​នេះ ប៉ុន្តែ​ ១ ​ឆ្នាំក្រោយ​​មក​ក៏​កើតមាន​អរិភាព​នឹង​គ្នា​ជាថ្មី​ឡើងវិញ​»​។

បើតាម​លោក អ៊ីសា ការរកាំរកូស​ជាថ្មី​នេះ គឺ​ដោយសារ​តែ​អ្នកស្រី វុឌ្ឍានី បានចាប់ផ្ដើម​ក្ដោប​ក្ដាប់​ថវិកា​ទ្រទ្រង់​សាលា​មក​ចាយវាយ​តែម្នាក់ឯង ហើយ​ប្រើ​អំណាច​មក​ «​គាបសង្កត់​» ​ឱ្យ​លោកគ្រូ អ្នកគ្រូ ជួយ​ចុះហត្ថលេខា​លើ​វិក្កយបត្រ​ចំណាយ​នោះ​ជា​ថ្នូរ​នឹង​ការឧបត្ថម្ភ​ពី​គាត់​ក្នុង​ ១ ​វិក្កយបត្រ​ ២ ​ម៉ឺន​រៀល​។

លោក​បាន​បន្ថែមថា​៖ «​លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​សិក្សា​ណា​ដែល​មិន​ព្រម​ជួយ​ចុះ​ហត្ថលេខា​លើ​វិក្កយបត្រ​ចំណាយ​របស់គាត់​ [​វុឌ្ឍានី​] ​នោះ​មិន​ត្រឹមតែ​មិន​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ ២ ​ម៉ឺន​រៀល​នោះទេ ថែមទាំង​ត្រូវបាន​គាត់​កត់សម្គាល់​ហើយ​ចាំ​ចាប់កំហុស និង​ស្ដីបន្ទោស​ដូចជា​បាវបម្រើ​»​។

ដោយសារ​ទ្រាំ​អត់ធ្មត់​តទៅ​​ទៀត​មិនបាន​ទើប​នៅ​ថ្ងៃទី​ ៥ ​ខែកុម្ភៈ ឆ្នាំ​ ២០២១ លោកគ្រូ អ្នកគ្រូ ព្រមទាំង​បុគ្គលិក​សិក្សា​មួយចំនួន​នាំគ្នា​ធ្វើ​ពាក្យបណ្ដឹង​ប្រឆាំង​អ្នកស្រី វុឌ្ឍានី ហើយ​បានដាក់​ទៅ​មន្ទីរអប់រំ​យុវជន និង​​កីឡា​ខេត្ត​ត្បូងឃ្មុំ​នៅ​ថ្ងៃទី​ ១៥ ​ខែកុម្ភៈ ឆ្នាំ​ ២០២១ ដើម្បីឱ្យ​ចុះ​អង្កេត និង​ដំណោះស្រាយ​។

បន្ទាប់មក​នៅ​ថ្ងៃទី​ ២២ ខែកញ្ញា ឆ្នាំ​ ២០២១ ពួកគាត់​បានដាក់​លិខិត​ស្នើសុំ​ឱ្យ​លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ ជួយ​អន្តរាគមន៍​លើ​បណ្ដឹង​នេះ ប៉ុន្តែ​រហូត​មកទល់​ពេលនេះ​ពុំ​មាន​លទ្ធផល​អ្វី​ទេ​។ ​នេះ​បើតាម​ការអះអាង​ពី​អ្នកគ្រូ អ៊ីវ វុធធឿន ដែល​បាន​ចូលរួម​ប្ដឹង​ប្រឆាំង​នាយិកា វុឌ្ឍានី ម្នាក់​​ទៀត​ក្នុងចំណោម​នោះ​។

អ្នកគ្រូ វុធធឿន ថ្លែងថា​៖ «​ខ្ញុំ​ និង​លោកគ្រូ-អ្នកគ្រូ រួមទាំង​បុគ្គលិក​សិក្សា​មួយចំនួន​ពិតជា​មិនអាច​អត់ទ្រាំ​ចំពោះ​ទង្វើ​កិបកេង​ថវិកា​សម្រាប់​ទ្រទ្រង់​ និង​អភិវឌ្ឍន៍​សាលា​របស់គាត់​សព្វថ្ងៃនេះ​ណាស់ គាត់​ក្ដោប​ថវិកា​ទៅ​ចាយវាយ​គ្មាន​តម្លាភាព​ដោយ​មិន​ខ្វល់​ពី​ទុក្ខលំបាក​របស់​យើងខ្ញុំ​ជា​គ្រូបង្រៀន និង​ការអភិវឌ្ឍ​សាលា​ឱ្យ​ប្រសើរ​ឡើយ​»​។

ចំណែក អ្នកគ្រូ ឡាវ ឌីណា ដែល​បាន​ចូលរួម​ប្ដឹង​នាយិកា​ដែរនោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ថ្មីៗ​នេះ​មាន​ព័ត៌មាន​លេចឮ​ពី​ខាង​មន្ទីរអប់រំ ខេត្ត​ត្បូងឃ្មុំ​ថា អ្នកស្រី​នាយិកា វុឌ្ឍានី ត្រូវបាន​មន្ទីរ​ផ្ទេរ​ភារកិច្ច​ឱ្យទៅ​សាលា​បឋមសិក្សា​ឆ្ងរ ប៉ុន្តែ​រង់ចាំ​ការសម្រេច​ពី​អភិបាលខេត្ត​។

អ្នកគ្រូ​ ឌីណា បាន​ថ្លែងថា​៖ «​ដើម្បី​ភាពរីកចម្រើន​ដល់​សាលា​យើងខ្ញុំ​សូម​ស្នើឱ្យ​មាន​ការផ្លាស់ប្ដូរ​ភារកិច្ច​របស់​អ្នកស្រី វុឌ្ឍានី ចេញពី​សាលា​នេះ​»​។

ជុំវិញ​ករណីនេះ អ្នកស្រី អ៊ឹម វុឌ្ឍានី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កន្លងទៅ​ថ្មីៗ​នេះ មាន​មន្ត្រី​អធិការ​កិច្ច​ពី​មន្ទីរអប់រំ​ខេត្ត និង​មន្ត្រី​អធិការកិច្ច​ពី​រដ្ឋបាលខេត្ត​ចុះ​​មក​សម្របសម្រួល​វិវាទ​នេះ​រួចរាល់​ហើយ ប៉ុន្តែ​លទ្ធផល​នៃ​សេចក្ដី​សម្រេច​យ៉ាងណា​នោះ​​អ្នកស្រី​មិនទាន់​ទទួល​បានទេ​។

ទោះយ៉ាងណា អ្នកស្រី​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​ប្រឆាំង​នឹង​អ្នកស្រី ប៉ុន្តែ​បាន​អះអាង​ថា នឹង​អនុវត្តតាម​សេចក្ដី​​សម្រេច​ពី​ថ្នាក់ដឹកនាំ​ខេត្ត​។

អ្នកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​​របស់​លោកគ្រូ​-​អ្នកគ្រូ​ទាំង​នោះទេ ប៉ុន្តែ​ខ្ញុំ​ទទួលស្គាល់​ថា ការដឹកនាំ គ្រប់គ្រង​របស់ខ្ញុំ​នៅ​​មាន​កម្រិត​។ ការពិត លោកគ្រូ​អ្នកគ្រូ​ដែល​ប្ដឹង​ប្រឆាំង​ខ្ញុំ​នោះ​​សុទ្ធតែ​ជា​គ្រូ​ដែល​មិន​គោរព​វិន័យ និង​បទបញ្ជាផ្ទៃក្នុង​សាលា​មក​បង្រៀន​មិនទាន់​ម៉ោង និង​​ប្រើ​ហិង្សា​លើ​សិស្ស ល្មើស​ទៅនឹង​ក្រម​វិជ្ជាជីវៈ​គ្រូបង្រៀន​»​។

ស្រដៀង​គ្នា​នេះដែរ អ្នកគ្រូ សន កាស្រ៊ាង ដែល​បង្រៀន​សិស្ស​ថ្នាក់​មត្តេយ្យ​ជាន់ខ្ពស់​នៃ​សាលាបឋមសិក្សា​នេះ​បានអះអាង​ថា ជា​ការពិត​ហើយ លោកគ្រូ អ្នកគ្រូ​ដែល​បានប្ដឹង​ប្រឆាំង​នាយិកា គឺ​តែង​មក​បង្រៀន​មិន​ពេញលេញ គឺ​ភាគច្រើន​មក​យឺត​រហូត​ជាង​ ១ ​ម៉ោង​ក៏មាន​។

អ្នកគ្រូ កាស្រ៊ាង បានបញ្ជាក់​​ថា​៖ «​ខ្ញុំ​ក៏​ធ្លាប់​រង​ការស្ដីបន្ទោស​ពី​អ្នកស្រី​នាយិកា​ដែរ​ នៅពេល​​ខ្ញុំ​មក​បង្រៀន​យឺត​។ ប៉ុន្តែ​ខ្ញុំ​យល់​​ថា ការស្ដីបន្ទោស​របស់គាត់​គឺ​ចង់ឱ្យ​យើង​ល្អ​តែប៉ុណ្ណោះ​»​។

ចំណែក​អ្នកស្រី អ៊ុក យ៉េត អាយុ​ ៥៨ ​ឆ្នាំ​ដែលជា​អាណាព្យាបាល​សិស្ស​ម្នាក់​នៃ​សាលានេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​​ថា លោកគ្រូ អ្នកគ្រូ ក្នុង​សាលា​នេះ​ពិតជា​ខ្វះ​ការគោរព​គ្នា​ទៅវិញ​ទៅមក​ហើយ​ហាក់បីដូច​មាន​​ការបែងចែក​បក្ខពួក​ក្នុង​សាលា​។

អ្នកស្រី​ថា​៖ «​បើតាម​ខ្ញុំ​ពិនិត្យ​អង្កេត​ទាំង​គ្រូ ទាំង​ថ្នាក់ដឹកនាំ​សាលា​នេះ​គឺ​ខ្វះ​វិន័យ មិន​ស្ដីរក​​គ្នា ចាត់ទុក​គ្នា​ជា​សត្រូវ មើល​​ទៅ​ចៅៗ​ខ្ញុំ​ឆ្នាំក្រោយ​បើ​គ្រូៗ​នៅ​​តែ​ខឹង​គ្នា​ទៀត មានតែ​ត្រូវ​ផ្លាស់ប្ដូរ​សាលា​ហើយ​»៕

ព័ត៌មានថ្មីៗ