ភ្នំពេញៈ និយ័ត​ករ ទូរគមនាគមន៍​កម្ពុ​ជា (ន.ទ.ក) បាន​ណែនាំ​ដល់​ក្រុមហ៊ុន ខេ​ម​ជ្ជី អេស អេ​ម អែល​ធី​ឌី (CAM GSM CO.,LTD) ឱ្យបិទ​ខ្ទប់​ជាបន្ទាន់​ នូវ​គេហទំព័រ និង យូ​អ​អិ​ល (Websites and URLs) ចំនួន ៩ ដែល​បាន​បង្ហោះ​រូបភាព ​និង​វីដេអូ​អាសអាភាស​កុមារ​ ដើម្បី​ចូលរួម​សកម្មភាព​បង្ការ ទប់ស្កាត់​ និង​ឆ្លើយតប​ការ​កេង​ប្រ​វ័​ញ​ផ្លូវភេទ​លើ​កុមារ ​តាម​ប្រព័ន្ធ​អន​ឡាញ។ នេះ​បើ​យោងតាម​លិខិត​ ចុះ​ថ្ងៃទី ០៣ ធ្នូ​ ឆ្នាំ ២០២១ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួលបាន។


នៅក្នុង​លិខិត​នោះ លោក ថោង ចិន្តា ប្រធាន​និយ័ត​ករ ទូរគមនាគមន៍ កម្ពុជាបាន​តម្រូវ​ឱ្យ​ក្រុម ​CAM GSM CO.,LTD ​ចាត់វិធានការ​បិទ​ Websites និង URLs ទាំងនេះ ឱ្យបាន​ពេញលេញ​ជាបន្ទាន់ ហើយត្រូវ​រាយ​ការ​ណ៍ជា​ផ្លូវការ​មក ន.ទ.ក​ វិញ ក្នុង​រយៈពេល ៧ ថ្ងៃ ក្រោយ​កាលបរិច្ឆេទ​នៃ​លិខិត​នេះ។

តាមរយៈ​លិខិត​ដដែល​នេះ លោក ថោង ចិន្តា បាន​ព្រមាន​ថា៖«ករណី​មិន​អនុវត្តតាម​ការណែនាំ​នេះ ន.ទ.ក នឹង​អនុវត្ត​នីតិវិធី​លុប​អាជ្ញា​បណ្ណ​ប្រតិបត្តិការ ដែល​ក្រុមហ៊ុន​ទទួលបាន​នឹង​បង្ក​ករាល់​សំណើ​នានា​របស់​ក្រុមហ៊ុន ព្រមទាំង​ចាត់វិធាន​ការ​ជាក់លាក់​ ទៅតាម​ស្ថានភាព ជាក់​ស្តែង ដោយ​​អនុលោម​តាម​ត្រា៦៩ និង​មាត្រា៧៨ នៃ​ច្បាប់​ស្តីពី​ទូរគមនាគមន៍»។

ជុំវិញ​ករណីនេះ តំណាង​ក្រុមហ៊ុន​ CAM GSM CO.,LTD ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ល្ងាច​ថ្ងៃទី០៨ ធ្នូ​ថា នៅពេលនេះ ក្រុមហ៊ុន​ បាន​ឱ្យ​ក្រុមការងារ​ជំនាញ​ ធ្វើ​កិច្ចការ​នេះ ដែល​មកទល់ពេលនេះ បាន​បិទ​ខ្ទប់ Websites និង URLs មួយចំនួន​​រួច​ហើយ។


តំណាង​ក្រុមហ៊ុន​ CAM GSM CO.,LTD រូបនោះ បាន​បញ្ជាក់ថា៖«ក្រុមការងារ​យើង​ កំពុង​ធ្វើ​កិច្ចការ​នេះ តាម​ការណែនាំ​របស់​និយ័​តករ ទូរគមនាគមន៍​កម្ពុ​ជា ក្នុង​ការបិទ​ខ្ទប់ Websites និង URLs ទាំង៩នោះ ហើយ​នៅពេលនេះ​ កិច្ចការ​នេះ ជិត​បានសម្រេច​ហើយ»។


យ៉ាងណាក៏ដោយ​ លោក​មិនបាន​ប្រាប់​ឱ្យ​ដឹងថា​ ក្នុងចំណោម Websites និង URLs ទាំង៩ រួមមាន Xvideos.com,dood.ws/d/inesprenk164, quip.com/Pd1VA8TUEEWS, baraag.net, theporndude.com, 8kun.top, xnxx.com, xnxx2.pro និង porn-images-xxx.com ដែលនិ​យ័​តករ ទូរគមនាគមន៍​កម្ពុ​ជា រួមជាមួយ ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន​ពិនិត្យឃើញ​មានការ​បង្ហោះ​រូបភាព ​និង​វីដេអូ​អាសអាភាស​កុមារ​នោះ ខាង​ក្រុមហ៊ុន​បាន​បិទ​ខ្ទប់​រួចរាល់​បាន​ប៉ុន្មាន ហើយ​មានឈ្មោះ​អ្វីខ្លះ​នោះ​​ទេ ដោយ​​លោក​គ្រាន់​តែ​​បញ្ជាក់ថា ក្រុមហ៊ុន​នឹង​ព្យាយាម​ធ្វើ​វា​ឱ្យបាន​ឆាប់​បំផុត៕

វីដេអូ៖