លោកនាយករដ្ឋមន្ត្រីប្រកាសបិទបញ្ចប់ព្រឹត្តិ​ការណ៍​ ២០ ​កុម្ភៈ បន្ទាប់​ពីរកមិន​ឃើញ​អ្នក​ស្លាប់លើក​ដំបូង

Content image - Phnom Penh Post
លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន។ ហុង មិនា

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​បានប្រ​កាស​បិទ​បញ្ចប់​នូវ «ព្រឹត្តិ​ការណ៍​ ២០ ​កុម្ភៈ» ដែល​កម្ពុជា​បាន​ចាត់ទុក​ព្រឹត្តិ​ការណ៍​ឆ្លង​ចូលស​ហគមន៍​នេះថា សោកនាដ​កម្ម​សម្រាប់​ប្រទេស​នេះ​ដោយ​សារ​ជំងឺ​កូ​វីដ ១៩​។ ការ​ប្រកាស​បិទ​នេះ​ត្រូវបាន​លោក​ថ្លែង​ឡើង​តាមរយៈ​សារ​ពិសេស នា​ថ្ងៃទី ​២០​ ខែ ធ្នូ ឆ្នាំ​ ២០២១​ នេះ​។

លោក​បាន​លើក​ឡើង​ថា ចាប់​តាម​ព្រឹត្តិ​ការណ៍ ​២០ ​កុម្ភៈ រហូត​មក​ដល់​​ថ្ងៃទី​ ២០ ​ខែធ្នូ ដែល​មាន​រយៈ​ពេល ​១០ ខែ បាន​ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​បាន​ឆ្លង​ជំងឺ​កូ​វីដ ​១៩ ​ចំនួន​ ១២០ ​៤២៣ នាក់ និង​បាត់​បង់ជីវិត​ចំនួន ​៣ ០០៥ នាក់។

លោក ហ៊ុន សែ​ន មាន​ប្រសាសន៍​ថា ៖ «ថ្ងៃនេះ ជា​លើកដំបូង​ក្នុង​រយៈ​ពេល​ ១០ ​ខែ ដែល​ព្រះរាជា​ណាចក្រ​កម្ពុជា​យើង​មិន​មាន​មនុស្ស​ស្លាប់ហើយ​អត្រា​ឆ្លង​ក៏មាន​ត្រឹម​តែ៧នាក់​ប៉ុណ្ណោះ។ការចាប់ផ្តើម​របស់​យើង​ក្នុង​រយៈពេល​ដ៏​ធំ​ដែល​ធ្វើឱ្យ​ប្រជាជ​ន​របស់​យើង​ក្នុង​ ១ ថ្ងៃ​ឆ្លង​រាប់រយ​នាក់ និង​មាន​អ្នកស្លាប់​រាប់សិប​នាក់»។

ប្រមុខ​រាជរដ្ឋាភិបាល​រូបនេះ​បានចាត់ទុក​ថា​នេះ​ជា​ជោគជ័យ​មួយ​ឬ​អាច​ថា​ជាការ​កាត់បន្ថយ​នៃ​បរាជ័យ​ដោយសារ​កូ​វីដ១៩។

លោក​មានប្រសាសន៍ថា៖«ខ្ញុំ​តែងតែ​និយាយថា​គ្មានទេ​ពាក្យ​ថា​ជោគជ័យ តែ​គ្រាន់តែ​ពាក្យ​ថា​ការខូចខាត​នេះ​វា​មិនធំគឺ​យើង​មិនមាន​ជោគជ័យ​ទេ​នៅលើ​ជំងឺ​នេះតែ​អាច​និយាយបានថា​ជា​ជោគជ័យ​ក្នុងការ​ទប់ស្កាត់​មិនឱ្យ​យើង​ធ្លាក់​ទៅក្នុង​ជ្រោះ​មរណៈ»។

ជា​មួយ​នឹង​ការខិតខំ​ប្រយុទ្ធ​ជាមួយនឹង​ជំងឺ​នេះ រាជរដ្ឋាភិបាល​ក៏បាន​ខិតខំ​រក​វ៉ាក់សាំង​កូ​វីដ១៩​មកចាក់​ជូន​ប្រជា​ពលរដ្ឋ​បាន​ទាន់ពេល​វេលា៕

វីដេអូ៖

ព័ត៌មានថ្មីៗ