​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងប្រាប់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) ថា​ការធ្វើដំណើរ​របស់លោក​ទៅ​ប្រទេស​មី​យ៉ាន់​ម៉ា មាន​អ្នកគាំទ្រ និង​មាន​អ្នក​មិន​គាំទ្រ ហើយ​ការដែល​លោក​ទៅ ​គឺ​ទៅ​ដាំ​ដើមឈើ មិនមែន​ទៅ​កាប់​ឈើ​នោះទេ ហើយ​អ្នក​មិន​គាំទ្រ​នោះ ហាក់​គិតថា​ ដាំ​ដើមឈើ​តែមួយ​ថ្ងៃ ពីរ​ថ្ងៃ​ហើយ​ចង់បាន​ផ្លែផ្កា​ភ្លាមៗ​។​


​លោក ហ៊ុន សែន បានលើកឡើង​ដូចនេះ​ជាមួយនឹង​លោក ចូ​កូ វី​ដូ​ដូ នា​ព្រឹក​ថ្ងៃទី​ ២១ ខែ មករា ឆ្នាំ ​២០២២ ក្នុង​សន្ទនា​ការងារ​តាម​ប្រព័ន្ធ​ទូរស័ព្ទ ដែល​បាន​ចំណាយពេល​ប្រមាណ​ ៣៥ ​នាទី ដែល​នេះ​ជា​សន្ទនា​ការងារ​ជា​លើក​ទី​២ បន្ទាប់ពី​ការសន្ទនា​លើក​ទី​១ នា​ថ្ងៃទី​ ៤ ខែមករា កន្លងមក​។​

​យោងតាម​ការ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា កិច្ចសន្ទនា​តាម​ប្រព័ន្ធ​ទូរស័ព្ទ ជាមួយ​លោក ចូ​កូ វី​ដូ​ដូ (Joko Widodo)​នេះ ទាក់ទិន​ទៅនឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី ​៧-៨ មករា​កន្លងទៅ​ថ្មីៗ​នេះ​។​

​លោក ហ៊ុន សែន បាន​លើកឡើងថា ៖ «​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ទៅកាន់​មី​យ៉ាន់​ម៉ា មាន​មនុស្ស​មួយចំនួន​អបអរសាទរ និង​គាំទ្រ​ដំណើរ​ទស្សនកិច្ច​នេះ ប៉ុន្តែ​មាន​អ្នកខ្លះ​មិនបាន​គាំទ្រ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​មី​យ៉ាន់​ម៉ា​ឡើយ​។ អ្វីដែល​រូបលោក​ធ្វើដំណើរ​ទៅ​មី​យ៉ាន់​ម៉ា គឺ​ទៅ​ដាំ​ដើមឈើ មិនមែន​ទៅ​កាប់​ឈើ​នោះទេ ហើយ​អ្នក​មិន​គាំទ្រ​នោះ គឺ​ហាក់​គិតថា​ដាំ​ដើមឈើ​តែ ១ ​ថ្ងៃ ២ ​ថ្ងៃ ហើយ​ចង់បាន​ផ្លែផ្កា​ភ្លាមៗ​»​។


​លោក​បាន​បន្តថា ដំណើរ​ទស្សនកិច្ច​ទៅកាន់​មី​យ៉ាន់​ម៉ា គឺ​ដើម្បី​ជំរុញ​ដោះស្រាយ​ស្ថានភាព​ទាល់ច្រក ដើម្បី​រក​ច្រកចេញ ហើយ​ជាពិសេស​ស្ថានភាព​នៅ​មី​យ៉ាន់​ម៉ា​ពីមុន​ហើយ​និង​ស្ថានភាព​នៅពេលនេះ គឺ​មិន​ដូចគ្នា​ទេ ដោយសារ​នៅ​មី​យ៉ាន់​ម៉ា ពីមុន​មាន​រដ្ឋាភិបាល​តែមួយ ប៉ុន្តែ​បច្ចុប្បន្ននេះ គឺថា​អាចមាន​រដ្ឋាភិបាល​២​ឯណោះ​។


​លោក ហ៊ុន សែន បាន​គូសបញ្ជាក់ថា ៖ «​យើង​ធ្វើ​ក៏​ខុស យើង​មិន​ធ្វើ​ក៏​ខុស ប៉ុន្តែ​គោលដៅ​សំខាន់ គឺ​ទម្លាយ​ភាពទាល់ច្រក​ពាក់ព័ន្ធ​នឹង​សភាពការណ៍​នៅ​មី​យ៉ាន់​ម៉ា​នោះ ដែលជា​ប្រទេសមួយ​មាន​សភាពការណ៍ មាន​លក្ខណៈ​ស្មុគស្មាញ​នាពេល​បច្ចុប្បន្ន​»​។​

​ក្នុងជំនួប​សន្ទនា​តាម​ទូរស័ព្ទ​នោះដែរ ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូ​កូ វី​ដូ​ដូ បាន​ចាត់ទុកថា វិធី​ដែល​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ជំរុញ​នេះ គឺមាន​អត្ថប្រយោជន៍ ប៉ុន្តែ​សំខាន់​ទៅទៀត គឺ​ទាំងអស់គ្នា បន្ត​អនុវត្ត​នូវ​គោលការណ៍​ទាំង ៥ ដែល​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន បានសម្រេច​ជា​ឯកច្ឆន្ទ​រួចហើយ ដោយ​ធ្វើយ៉ាងណា​ជំរុញ​ឱ្យ​ភាគី​មី​យ៉ាន់​ម៉ា​អនុវត្ត​ទៅតាម​ផែនការ​ទាំង ៥​នោះ​។

​លោក ចូ​កូ វី​ដូ​ដូ ក៏បាន​គូសបញ្ជាក់ និង​កោតសរសើរ​ផងដែរ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ក្នុងការ​ជំរុញ​ការងារ​ដែល​លោក​បាន​ទៅ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​នេះ ដើម្បី​ជំរុញ​ការទម្លាយ​ភាពទាល់ច្រក​។

​លោក ចូ​កូ វី​ដូ​ដូ ក៏​ស្នើសុំ និង​ឯកភាព​ផងដែរ ធ្វើ​យ៉ាងម៉េច​រក​ដំណោះស្រាយ​ទាំងអស់នេះ គឺ​ត្រូវមាន​ការចូលរួម​ដោយ​ភាគី​ទាំងអស់ ហើយ​ដំណោះស្រាយ​នយោបាយ​នេះ គឺជា​មធ្យោបាយ​ដែល​អាច​ទទួលយក​ដោយ​ភាគី​ទាំងអស់​។​

​នៅក្នុង​ជំនួប​នេះដែរ លោក ចូ​កូ វី​ដូ​ដូ​ថ្លែង​ដែរ​ថា ៖ «​ឥណ្ឌូនេស៊ី​ពិតជា​គាំទ្រ​ដល់​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ក្នុងការ​ជំរុញ​ការងារ​នេះ​។ រីឯ​ចំណុច​ផ្ដួចផ្ដើម​ផ្សេងទៀត​ដូចជា អាស៊ាន​-​ត្រ​យ​ការ និង​យន្តការ​ផ្សេងទៀត​នេះ គឺ​យើង​នឹង​ពិភាក្សា​ឱ្យ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នឹង​ជួប​ពិភាក្សាគ្នា ដើម្បី​រក​មធ្យោបាយ​ក្នុងការ​ជំរុញ​ការងារ​ទៅមុខទៀត​»​។

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ក៏បាន​អរគុណ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នូវ​កិច្ចសន្ទនា​ដែលមាន​សារៈសំខាន់​នេះ ហើយ​លោក​សង្ឃឹមថានឹង​ស្វែងរក​នូវ​ដំណោះស្រាយ​បញ្ហា​នៅ​មី​យ៉ាន់​ម៉ា​នេះ នៅពេល​ខាងមុខ​។​

​នៅក្នុង​ជំនួប​ជាមួយនឹង​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​នេះដែរ លោក ហ៊ុន សែន ក៏បាន​ស្នើ​ទៅ​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី​តាមរយៈ​លោកស្រី រ៉េត​ណូ អិ​ល ភី ម៉ារ​ស៊ូ​ឌី ដើម្បីឱ្យ​លោកស្រី​នាំសារ​របស់លោក​ទៅ​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី កុំឱ្យ​រដ្ឋមន្ត្រីការបរទេស​នេះ ព្រហើន​ពេក​ដែលមាន​សំដីសំដៅ​មិន​គប្បី​ចំពោះ​ថ្នាក់ដឹកនាំ​អាស៊ាន​។​

​លោក ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា ៖ «​សុំ​កុំឱ្យ​រដ្ឋមន្ត្រីការបរទេស​នេះ ព្រហើន​ពេក​ដែលមាន​សំដីសំដៅ​មិន​គប្បី​ចំពោះ​ថ្នាក់ដឹកនាំ​អាស៊ាន ជាពិសេស​ប្រធាន​អាស៊ាន​តែម្ដង ដែល​មិន​សមជា​ភាសា​ការទូត ដូច្នេះហើយ​កុំឱ្យ​យក​លក្ខណៈ​ព្រហើន​ដែល​លើកឡើង​កន្លងទៅនេះ មិន​ដូច​ភាពជាក់ស្ដែង​ដែល​អ្នក​មួយចំនួន ដែល​គេ​តាមដាន​ការងារ​អាស៊ាន ឬ​ធ្វើ​ការងារ​អាស៊ាន​នេះ ហើយ​គាត់​ខ្វះ​នូវ​ការគួរសម​ទៀតផង​»៕