ភ្នំពេញៈ ក្រសួងសុខាភិបាល​ប្រកាស​អនុញ្ញាតឱ្យ​ជនបរទេស​ទាំងអស់​ដែល​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​អាច​ព្យាបាល​នៅ​សណ្ឋាគារ ឬ​និវេសនដ្ឋាន​របស់​ស្ថានទូត ឬ​ទីកន្លែង​ដែល​ពួកគាត់​ជ្រើសរើស ដោយ​ពុំ​ចាំបាច់​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​ ១៩ របស់​រដ្ឋ​ឡើយ​។​​នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​។


ក្រសួង​សុខាភិបាល​នៅ​យប់​ថ្ងៃ​សុក្រ​ទី ២១ ខែមករា​នេះ​បាន​ប្រកាស​នីតិវិធី​សម្រាប់​បង្ការ និង​ទប់ស្កាត់​ការចម្លង និង​រីករាលដាល​នៃ​វីរុស​កូវីដ​ ១៩ បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង (Omicron) សម្រាប់​អ្នកដំណើរ​ចូល​ប្រទេស​កម្ពុជា​ទាំងអស់​។

ការប្រកាស​នេះ​ធ្វើឡើង​ដោយ​យោង​តាម​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បានចេញ​សារ​ពិសេស​ណែ​នាំឱ្យ​កែប្រែ​លក្ខខណ្ឌ​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង (Omicron) បន្ទាប់ពី​ឃើញ​ស្ថានភាព​ជំងឺ​នេះ​មិនមាន​សភាព​ធ្ងន់ធ្ងរ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅថ្ងៃនេះ​បានឱ្យ​ដឹងថា ក្នុងករណី​ទទួលបាន​លទ្ធផល​តេស្ត​រហ័ស​រក​អង់ទីហ្សែន​កូវីដ​ ១៩ អវិជ្ជមាន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​ធម្មតា​។ សម្រាប់​អ្នកដំណើរ​ដែល​ពុំទាន់​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ពេញលេញ​។


ដោយឡែក ត្រូវធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤ ​ថ្ងៃ​ដើម្បី​តាមដាន និង​ត្រួតពិនិត្យ​សុខភាព​ក្នុង​ករណី​ទទួលបាន​លទ្ធផល​តេស្ត​រហ័ស​រក​អង់ទីហ្សែន​កូវីដ​ ១៩ វិជ្ជមាន ត្រូវយក​សំណាក​ធ្វើ​តេស្ត PCR បញ្ជាក់ និង​ធ្វើ Sequencing រក​ប្រភេទ​វីរុស ព្រមទាំង​ត្រូវ​ស្នាក់នៅ​ដាច់ដោយឡែក​។


ក្រសួង​សុខាភិបាល​បញ្ជាក់​ថា៖ «​សម្រាប់​ជនបរទេស​ទាំងអស់​ដែល​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​អនុញ្ញាត​ឱ្យ​ព្យាបាល​នៅ​សណ្ឋាគារ ឬ​និវេសនដ្ឋាន​របស់​ស្ថានទូត ឬ​ទីកន្លែង​ដែល​ពួកគាត់​ជ្រើសរើស ដោយ​ពុំ​ចាំបាច់​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ ១៩ របស់​រដ្ឋ​ទេ​»​។

ដោយឡែក សម្រាប់​ជនជាតិខ្មែរ​ទាំង​អ្នក​មកពី​បរទេស និង​អ្នក​នៅក្នុង​ប្រទេស​អនុញ្ញាត​ឱ្យ​ស្នាក់នៅ​ព្យាបាល​តាម​ផ្ទះ ដូច​ករណី​អ្នកជំងឺ​កូវីដ ​១៩ ប្រភេទ​អាល់ហ្វា ឬ​ដែលតា​ដែរ ដោយ​គោរព​តាម​នីតិវិធី ប្រតិបត្តិ​ស្តង់ដា​សម្រាប់​គ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ នៅតាម​ផ្ទះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​សរសេរថា​៖ «​ប្រសិនបើ​មាន កត្តា​ហានិភ័យ​សុខភាព អ្នកជំងឺ​អាចធ្វើ​ការជ្រើសរើស​ធ្វើការ​ព្យាបាល​នៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​ ១៩ រដ្ឋ ឬ​ឯកជន ដែល​ទទួលបាន​ការអនុញ្ញាត​ឱ្យ​ព្យាបាល​ជំងឺ​កូវីដ​ ១៩»​។

បើតាម​ក្រសួង​សុខាភិបាល​ចំពោះ​អ្នកជំងឺ​កូវីដ ១៩ ប្រភេទ​អូមីក្រុង​ជា​ជនបរទេស ឬ​ជនជាតិខ្មែរ ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ឬ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ប្រសិនជា​មានបំណង​ចាក​ចេញទៅ​ព្យាបាល​នៅតាម​ផ្ទះ ឬ​សណ្ឋាគារ ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​ចាប់ពី​យប់​ថ្ងៃទី​ ២១ ខែមករា ឆ្នាំ​ ២០២២ នេះ​តទៅ​។ ប៉ុន្តែ ក្នុងករណី​ដែល​អ្នកជំងឺ​មាន​គេហដ្ឋាន​សមរម្យ​អាច​ស្នាក់នៅ​ព្យាបាល​ដាច់ដោយឡែក​ពី​ក្រុមគ្រួសារ និង ត្រូវគោរព​តាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​សម្រាប់​គ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ នៅតាម​ផ្ទះ ដោយ​មាន​ការចូលរួម​សហការ​រាយការណ៍​ជូន​ដល់​អាជ្ញាធរ​មូលដ្ឋាន ៕