ភ្នំពេញៈ ប្រទេស​កូឡុំប៊ី បាន​ស្នើ​ជប៉ុន​បន្ត​គាំទ្រ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ហៅថា ស៊ីម៉ាក់ (CMAC) បន្ត​ជួយ​ហ្វឹកហ្វឺន​ដល់កម្លាំង​ជំនាញ​សកម្មភាព​មីន​ កូឡុំប៊ី បន្ថែម​ទៀត​ចាប់​ពី​ឆ្នាំ ២០២២ ក្រោយ​អង្គភាព​ស៊ីម៉ាក់​បាន​ផ្តល់​ការ​ហ្វឹកហ្វឺន​ដល់​កង​ទ័ព​និង​កម្លាំងជំនាញ​សកម្មភាព​មីន​កូឡុំប៊ី បាន​ចំនួន ១៦៦ នាក់។


លោក ហេង រតនា អគ្គនាយក​អង្គភាព ស៊ីម៉ាក់ បាន​សរសេរលើ​ហ្វេសប៊ុក នា​ថ្ងៃ​ទី ​២១ ខែ​មករា ថា៖ « រដ្ឋាភិបាល​កូឡុំប៊ី បាន​ស្នើសុំ​រដ្ឋាភិបាល​ជប៉ុន បន្ត​គាំទ្រ​ឱ្យ​អង្គភាព​ស៊ីម៉ាក់​បន្ត​ជួយ​ផ្តល់​ការ​ហ្វឹកហ្វឺន​ដល់​កម្លាំង​ជំនាញ កូឡុំប៊ី​បន្ថែម​ទៀត​ចាប់​ពី​ឆ្នាំ ២០២២ នេះ»។

លោក​បាន​សរសេរ​ដូច្នេះ​ក្រោយ​ជំនួប​ជាមួយ លោកស្រី Ana Maria Prieto Abad ឯកអគ្គរដ្ឋទូត កូឡុំប៊ី ប្រចាំ​កម្ពុជា​ដែល​មាននិវេសនដ្ឋាន​នៅ​ក្រុង បាងកក ប្រទេស​ថៃ នា​ថ្ងៃទី​២១ ខែ​មករា នៅ​ទី​បញ្ជាការដ្ឋាន​ស៊ីម៉ាក់ រាជធានី​ភ្នំពេញ។

លោក ហេង រតនា សរសេរថា លោកស្រី​បាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ពង្រឹង​កិច្ច​ប្រតិបត្តិការ​យ៉ាង​ល្អ​ទាំង​ទ្វេភាគី និង​ពហុភាគី និង​ថ្លែង​អំណរគុណ​ចំពោះ​អង្គភាព​ស៊ីម៉ាក់ ដែល​បាន​ផ្តល់​ការ​ហ្វឹកហ្វឺន​ដល់​កងទ័ព​និង​កម្លាំង​ជំនាញ​សកម្មភាព​មីន​កូឡុំប៊ី បានចំនួន ១៦៦ នាក់​ទាំង​ការ​ហ្វឹកហ្វឺន​នៅ​កូឡុំប៊ី និង​នៅ​កម្ពុជា។


ការហ្វឹកហ្វឺននេះ​អនុវត្ត​តាម​គម្រោង​កិច្ច​សហប្រតិបតិ្ត​ការ​ត្បូង-ត្បូង​គាំទ្រ​ដោយ​ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA)៕