បន្ទាយមានជ័យៈ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ប្រាប់​ដល់​កង​កម្លាំង​ដែល​ប្រើប្រាស់​រថយន្ត​ចង្កូត​ស្តាំ ត្រូវ​កែ​មក​ចង្កូត​ឆ្វេង និង​យកមក​ចុះ​បញ្ជី​ចូល​ជា​សម្បត្តិ​រដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​ដឹង​ពី​ច្បាប់​នៃ​ការ​ប្រើប្រាស់​រថយន្ត​ស្លាក​លេខ​នគរបាល។ ចំពោះ​មន្ត្រី​នគរបាល​ណា​ឬ​ជន​ណា​ដែល​លួច​បន្លំ​ប្រើប្រាស់​ស្លាក​លេខ​នគរបាល ក្រុម​ការងារ​បង្ការ​បង្ក្រាប​និង​វិធាន​ការ​តាម​ផ្លូវ​ច្បាប់។


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​បន្ទាន់​មួយ​ផ្សព្វផ្សាយ វិធានការ​ទប់ស្កាត់​រថយន្ត​ចង្កូត​ស្ដាំ​និង​បិទ​វគ្គ​បណ្ដុះ​បណ្ដាល​លំហាត់​របៀប​នៅ​នឹង​កន្លែង​រយ:ពេល​ខ្លី កាល​ពី​ម្សិលមិញ​ថា កង​កម្លាំង​ដែល​ប្រើប្រាស់​រថយន្ត​ចង្កូតស្តាំ ត្រូវ​កែ​ចង្កូត​ឆ្វេង យក​មក​ចុះ​បញ្ជី​ចូល​ជា​សម្បត្តិរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​ដឹង​ពី​ច្បាប់​នៃ​ការ​ប្រើប្រាស់​រថយន្ត​ស្លាក​លេខ​នគរបាល។

ដោយឡែក មន្ត្រី​នគរបាល​ណា ឬ​ជន​ណា​ដែល​លួច​បន្លំ​ប្រើប្រាស់​ស្លាក​លេខ​នគរបាល ក្រុម​ការងារ​បង្ការ បង្ក្រាប​និង​វិធានការ​តាម​ផ្លូវ​ច្បាប់។

លោក​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ​បាន​ប្រាប់​ទៅ​សិក្ខាកាម​ទាំងអស់​ត្រូវ​មាន​វិន័យ​នាំ​មក​នូវ​សេចក្តី​ថ្លៃថ្នូរ ក្រោយ​បញ្ចប់​វគ្គ​លំហាត់របៀប​រយ:ពេល​ខ្លី​នេះ ត្រូវ​យក​ចំណេះដឹង​ទៅ​ប្រើប្រាស់​ជា​ប្រយោជន៍​នៅ​តាម​អង្គភាព​រៀងៗ​ខ្លួន​ឱ្យ​មាន​ប្រសិទ្ធភាព។


លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការ​រង​ទទួល​ផែន​ការងារ​ធនធាន​មនុស្ស បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សិក្ខាកាម​ចំនួន ៤៨ នាក់​ដែល​បានយក​ចិត្ត​ទុក​ដាក់​រៀន​សូត្រ វគ្គ​ពង្រឹង​លំហាត់​របៀប​នៅ​នឹង​កន្លែង សិក្ខាកាម​បាន​ទទួល​ជោគជ័យ​រហូត​ដល់ ៩៩%។ លោក​ក៏​បាន​ស្នើ​ឱ្យ​គ្រប់អង្គភាព​ជំនាញ បណ្តា​អធិការដ្ឋាន​នគរបាល ក្រុង/ស្រុក​ទាំង ៩ និង​វរ:នគរបាល​ការពារ​ព្រំដែន​ទាំង ៤ ត្រូវ​ចាត់​បញ្ជូន​មន្ត្រី​មក​រៀនសូត្របន្ត​ទៀត ដើម្បី​ពង្រឹង​សមត្ថភាព ចំណេះ​ជំនាញ និង​វិន័យ។


លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការ​រង​ទទួល​ផែន​សណ្តាប់ធ្នាប់ បាន​ផ្សព្វផ្សាយ​ពី​វិធានការ​ទប់ស្កាត់​រថយន្ត​ចង្កូត​ស្តាំ និង​បាន​ប្រកាសឱ្យ​មន្ត្រី​នគរបាល​ទូទាំង​ខេត្ត​ដែល​មាន​រថយន្ត​ចង្កូត​ស្តាំ​ត្រូវ​លុប​បំបាត់​ឱ្យ​អស់ ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាព​យក​មក​កែ​ចង្កូត​ឆ្វេង ចុះ​បញ្ជី​ចូល​ជា​សម្បត្តិរដ្ឋ ឱ្យ​បាន​ទាន់​ពេល​វេលា ដើម្បី​ទទួល​បាន​ភាព​ស្របច្បាប់ និង​ស្លាក​លេខ​គំរូ​ថ្មី។

ក្នុង​នោះ​លោក ង៉ាន់ ចិន្តា ក៏​បាន​អំពាវនាវ​ដល់​លោក​អធិការ​គ្រប់​ក្រុង​ស្រុក ត្រូវ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​តាម​មូលដ្ឋាន​ដែល​ខ្លួន​ទទួល​ខុសត្រូវ​ឱ្យ​បាន​ទូលំទូលាយ ព្រោះ​មួយ​រយ:ចុងក្រោយ​នេះ​គ្រោះថ្នាក់​ចរាចរណ៍​ហាក់​មាន​ការ​កើនឡើង ពិសេស​ស្រុក មង្គលបុរី៕