ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។


លោក ព្រំ យ៉ន ប្រធាន​ការិយាល័យ​នគរបាល បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី-ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពិធី​ប្រគល់​ និង​ទទួល​នូវ​ជំនួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទាំង​ ៤ ​គ្រឿង​នោះ ត្រូវ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ​២៤ ខែមករា ឆ្នាំ​ ២០២២ ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ក្រោម​អធិបតីភាព​របស់លោក MIKAMI MASAHIRO ឯក​អគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។

លោក​ ព្រំ យ៉ន បាន​ថ្លែងថា​៖ «​បច្ចុប្បន្ន រាជធានី​ភ្នំពេញ​មាន​ការអភិវឌ្ឍ​រីកចម្រើន​ខ្លាំង​លើ​វិស័យ​សំណង់​អគារ​ពាណិជ្ជកម្ម​ធំៗ និង​រួមទាំង​សណ្ឋាគារ ក្លិប​កម្សាន្ត និង​រោងចក្រ​សហគ្រាស​យ៉ាង​ស្គុសស្គាយ​។ ​ស្របពេល​នៃ​ដំណើរការ​អភិវឌ្ឍន៍​ជឿនលឿន​នេះ បញ្ហា​គ្រោះ​អគ្គិភ័យ​ក៏មាន​ការកើតមាន​ឡើង​ជា​ញឹកញាប់​ផងដែរ ពិសេស​ក្នុង​រដូវក្ដៅ​នេះ​។ ហេតុដូច្នេះ​ជំនួយ​ជា​រថយន្ត​ពន្លត់​អគ្គិភ័យ​ទាំង​ ៤ ​គ្រឿង​របស់​រាជរដ្ឋាភិបាល និង ប្រជាជន​ជប៉ុន​នាពេលនេះ នឹង​ជួយ​សម្រួល​ដល់​ប្រសិទ្ធភាព​ការងារ​របស់​កងកម្លាំង​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​ក្នុង​រាជធានី​ភ្នំពេញ​របស់​យើង​បាន​កាន់តែ​ប្រសើរ​ថែមទៀត​»​។

លោក​ ព្រំ យ៉ន ថ្លែងថា ក្នុងចំណោម​រថយន្ត​ពន្លត់​អគ្គិភ័យ​ទាំង​ ៤​ គ្រឿង​នោះ មាន​ ២ ​គ្រឿង​ជា​រថយន្ត​ខ្នាត​ធំ ក្នុងនោះ​ ១ ​គ្រឿង​មាន​ជណ្តើរ​សម្រាប់​ប្រើប្រាស់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​ជាប់គាំង​នៅលើ​អគារ​កម្ពស់​ ៤០​ ម៉ែត្រ មិនអាច​ចុះមក​ខាងក្រោម ចំណែក​ ១ ​ទៀត​ប្រើប្រាស់​នូវ​ម្សៅ​សាប៊ូ​សម្រាប់​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ រីឯ​ ២ ​គ្រឿង​ទៀត​ជា​រថយន្ត​ពន្លត់​អគ្គិភ័យ​ខ្នាតតូច ប្រើ​សម្រាប់​ដាក់​ទឹកជា​ជំនួយ​ក្នុងការ​ពន្លត់​អគ្គិភ័យ​។


លោក​បាន​បន្តថា តាមរយៈ​ជំនួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ ៤ ​គ្រឿង​ពី​ប្រទេស​ជប៉ុន​នេះ បានធ្វើឱ្យ​ចំនួន​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កើន​ដល់​ ៩៣ ​គ្រឿង​ក្នុងនោះ​រថយន្ត​ខ្នាត​ធំ​មាន​ចំនួន​ ៤​គ្រឿង និង​កំពុង​ត្រូវបាន​ដាក់ពង្រាយ​នៅតាម​ស្ថានីយ​រថយន្ត​ប្រចាំការ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​ចំនួន​ ៧ ​កន្លែង មាន​គោលដៅ​បូមទឹក ចំនួន​ ១១០ ​ទីតាំង​។


បច្ចុប្បន្ន អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​រាជធានី​ភ្នំពេញ មាន​កម្លាំង​សរុប ១០៤ ​នាក់​ក្នុងនោះ​មាន​បុគ្គលិក​កិច្ចសន្យា ចំនួន​ ៣៧ ​នាក់​សម្រាប់​អន្តរាគមន៍​ឆ្លើយតប​ក្នុង​មូលដ្ឋាន​ប្រជាពលរដ្ឋ​ក្នុង​ករណី​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​។

នៅក្នុង​ឱកាស​នៃ​ពិធី​ប្រគល់ និង​ទទួល​រថយន្ត​ពន្លត់​អគ្គិភ័យ​ទាំង​ ៤​ គ្រឿង​នោះ លោក MIKAMI MASAHIRO ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា រថយន្ត​ពន្លត់​អគ្គិភ័យ​ទាំង​ ៤ ​គ្រឿង​នេះ​នឹង​ជួយ​សម្រួល​ការងារ​របស់​មន្ត្រីនគរបាល​កង​ពន្លត់​អគ្គិភ័យ​ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នៅក្នុង​រាជធានី​ភ្នំពេញ ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​។

ទន្ទឹមនឹងនេះ លោក MIKAMI MASAHIRO បាន​សម្ដែង​នូវ​ភាពជឿជាក់​យ៉ាង​មុតមាំ​ថា​៖ «​រថយន្ត​ពន្លត់​អគ្គិភ័យ​ទាំង​ ៤ ​គ្រឿង​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​បានយូរ​អង្វែង និង​ប្រកបដោយ​ប្រសិទ្ធ​ភាព​ក្នុង​ការកាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ ក្នុង​រាជធានី​ភ្នំពេញ​ហើយ​វា​គឺជា​និមិត្តរូប​នៃ​មិត្តភាព​រវាង​ប្រជាជន​ជប៉ុន និង​ប្រជាជន​កម្ពុជា​»​។

នៅក្នុង​ឱកាស​នោះ​ផងដែរ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ និង​ជំរុញ​ឱ្យ​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ត្រូវ​ពង្រឹង​ប្រសិទ្ធភាព​ការងារ របស់​មន្ត្រីនគរបាល​ជំនាញ​ដោយ​ត្រូវមាន​ការចាត់តាំង​បញ្ជា​កម្លាំង​ប្រចាំការ​នៅតាម​គោលដៅ​ដែល​នៅ​ជិត​ទីតាំង​ឆេះ​បំផុត ដើម្បី​ងាយស្រួល​ធ្វើ​អន្តរាគមន៍​សង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ឆាប់រហ័ស​ដោយ​ត្រូវធ្វើ​ការបែងចែក​ភារកិច្ច និង​ការទទួលខុសត្រូវ​ទៅ​តាម​មុខ​ព្រួញ​ពាក់ព័ន្ធ​កន្លែងកើតហេតុ​ចៀសវាង​ការរីក​រាលដាល​ធំ និង​កំណត់​យុទ្ធសាស្ត្រ​ដើម្បី​ធ្វើការ​ពន្លត់​ឱ្យបាន​ឆាប់រហ័ស និង​ដើម្បី​ផ្តល់​ការសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ឆាបឆេះ​ឱ្យបាន​ទាន់ពេលវេលា​៕

វីដេអូ៖