ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។


លោក សុខ លាភ អគ្គនាយក ក្រុមហ៊ុន Sala ដែលជា​អ្នក​រៀបចំ​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ (Major and University Virtual Fair) ​នេះ​ឡើង បានឱ្យដឹងថា ពិព័រណ៍​នេះ​ធ្វើឡើង​ដោយ​ទទួល​បាន​ការគាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហការ​ជាមួយ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ចំនួន​ ២០ នៅ​រាជធានី​ភ្នំពេញ ដើម្បីឱ្យ​សិស្ស និង​និស្សិត​អាច​ស្វែងយល់​ពី​ជំនាញ​សិក្សា និង​សាកល​​វិទ្យាល័យ​ដែលមាន​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បានឱ្យ​ដឹងថា ពិព័រណ៍​នេះ ជា​វេទិកា​ចែករំលែក​ចំណេះដឹង​ក្នុង​គោលបំណង​នាំយក​នូវ​ព័ត៌មាន​អំពី​មុខជំនាញ​សិក្សា ចែករំលែក​បទពិសោធ​នៃ​ការជ្រើសរើស​ជំនាញ និង​អនុញ្ញាត​ឱ្យ​សិស្ស-និស្សិត សាកសួរ​ដោយផ្ទាល់​ទៅកាន់​វាគ្មិន​ជំនាញ​ដែល​មកពី​សាកលវិទ្យាល័យ និង​គ្រឹះស្ថានឧត្ដមសិក្សា​ទាំង​ ២០​។

លោក​ថ្លែងថា​៖ «​គោលដៅ​ចម្បង​របស់​យើង គឺ​ចង់​ជំរុញ​ការយល់ដឹង​ដល់​សិស្ស​-​និស្សិត អំពី​មុខជំនាញ និង​សាកល​វិទ្យាល័យ​ដែល​ពួកគេ​ចង់​ចាប់​យកទៅ​បន្ត​ការសិក្សា​ហើយ​អ្វីដែល​សំខាន់​គឺ​យើង​ចង់ឱ្យ​សិស្ស ពួកគាត់​ត្រូវ​យល់​លើ​មុខវិជ្ជា​ដែល​ពួកគាត់​ចង់​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​នេះ​ឱ្យ​បាន​ច្បាស់​ត្រូវ​នឹង​ជំនាញ​របស់​ខ្លួនឯង​»​។

នៅពេល​ដែល​សិស្ស-​និស្សិត​ជ្រើសរើស​មុខជំនាញ​សិក្សា​ខុសពី​ចំណង់​ចំណូល​ចិត្ដ និង​ទេពកោសល្យ​របស់ខ្លួន​ ក្រោយពី​សិក្សា​ដល់​ឆ្នាំ​ទី​ ២-៣ ពួកគេ​មាន​អារម្មណ៍​ថា​សិក្សា​ខុស​ជំនាញ ការសិក្សា​ក៏​មិនបាន​ល្អ ខាត​ពេលវេលា និង​ថវិកា​ថែមទៀត​។ ដូច្នេះ​ពិព័រណ៍​នេះ គឺ​ផ្ដោត​សំខាន់​លើ​ចំណុច​ទាំងនេះ ដើម្បីឱ្យ​ពួកគេ​បាន​យល់ច្បាស់​។


លោក​បញ្ជាក់ថា​៖ «​នៅពេលដែល​សិស្ស-និស្សិត​បាន​យល់​ពីមុខ​ជំនាញ ឬ​មុខវិជ្ជា​សិក្សា​នីមួយៗ​បានច្បាស់លាស់​ស្រប​ពេលដែល​បច្ចុប្បន្ន​មាន​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ជាង ​៤០​ នៅ​រាជធានី​ភ្នំពេញ ពួកគេ​នឹង​អាច​សម្រេច​ចិត្ដ​ជ្រើសរើស​មុខជំនាញ​សិក្សា​បាន​ត្រឹមត្រូវ​»​។

បើតាម​លោក សុខ លាភ សិស្ស-និស្សិត​ដែល​ចូលរួម​ក្នុង​ពិព័រណ៍​នេះ​ទាំងអស់គ្នា ក្រៅពី​ទទួលបាន​បទពិសោធ ចំណេះដឹង​ថ្មីៗ​ពួកគេ​ក៏មាន​ឱកាស​ទទួលបាន​អាហារូបករណ៍ និង​ការបញ្ចុះតម្លៃ​ពី ៥ ទៅ ៣០% ពី​សាកលវិទ្យាល័យ​ដៃគូ​ដែល​ចូលរួម​ក្នុង​ពិព័រណ៍​នេះ​ផងដែរ​។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ ថ្លែងថា ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​ជា​វេទិកា​ចែករំលែក​ព័ត៌មាន​អំពី​ចំណេះដឹង និង​បទពិសោធ​អំពី​មុខជំនាញ​សិក្សា​ជូន​អ្នកចូលរួម ដើម្បី​ជា​យោបល់​សម្រាប់​ជ្រើសរើស​ជំនាញ​សិក្សា​បន្ត​។ លោក​ថ្លែងថា​៖ «​អ្នកចូលរួម​អាច​សាកសួរ​បន្ថែម​ទៅកាន់​អ្នកជំនាញ និង​គណៈគ្រប់គ្រង​សាកលវិទ្យាល័យ​ដៃគូ​»​។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន ពិព័រណ៍​អនឡាញ​នេះ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ​២៩ មករា ២០២២​។ ពិព័រណ៍​នេះ​ធ្វើឡើង​រយៈពេល ​៤ ​ម៉ោង ចាប់ពី​ម៉ោង ៧:៣០ ​ព្រឹក ដល់ ១១:៣០ ព្រឹក តាម​ប្រព័ន្ធ​វីដេអូ​ហ្ស៊ូម​។ និស្សិត​អាច​ស្វែងយល់​ពី​សាកល​វិទ្យាល័យ​ដែលមាន​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការចែករំលែក​ពី​វាគ្មិន​ជំនាញ និង​អ្នកជំនាញ​ក្នុង​វិស័យនេះ​ព្រមទាំង​និស្សិត​អំពី​បទពិសោធ​របស់​ពួកគេ នៅក្នុង​មុខជំនាញ​ជាក់លាក់​ពី​សាកលវិទ្យាល័យ​នានា​។ សិស្សានុសិស្ស​ក៏​ទទួលបាន​ឱកាស​ដើម្បី​ស្វែងរក​ជម្រើស​ជាច្រើន​ទៀត ដូចជា​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ អាហារូបករណ៍ និង​ឱកាស​កម្មសិក្សា​មួយចំនួន​បន្ទាប់ពី​បាន​ចូលរួម​ក្នុង​ពិព័រណ៍​នេះ​៕