ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។ នេះ​បើតាម​លោក នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​។


លោក នុត សវនា ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពីថ្ងៃ​ទី​ ២៣ មករា​ថា ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ដូស​ទី​ ៣ ឬ​ដូស​ជំរុញ​ដល់​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​នៅ​ទូទាំងប្រទេស គឺធ្វើឡើង​តាម​ទីតាំង​ជាក់ស្ដែង​ដែល​ក្រុម​គ្រូពេទ្យ​អាច​ទៅ​ចាក់​ដល់​ជន​ជាប់ឃុំ​បាន ក្រោយពី​ចាក់ជូន​ដល់​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​រាជធានី​-​ខេត្ដ​។

លោក​បានឱ្យដឹងថា បច្ចុប្បន្ន​មាន​ជន​ជាប់ឃុំ​ជាង ២ ​ពាន់​នាក់​ហើយ​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​ ៣ ហើយ​វ៉ាក់សាំង​សម្រាប់​ចាក់​ដល់​ជន​ជាប់ឃុំ គឺ​ប្រើប្រាស់ ប្រភេទ​វ៉ាក់សាំង ស៊ីណូវ៉ាក់ និង​ ស៊ីណូហ្វាម​។

លោក​ថ្លែងថា​៖ «​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ដូស​ជំរុញ​នេះ គឺ​យើង​មិន​តម្រូវ​ថា ត្រូវតែ​ចាក់​នៅ​មណ្ឌល​អប់រំ​កែប្រែ ឬ​ពន្ធនាគារ​នៅ​ភ្នំពេញ​ទេ ប៉ុន្ដែ​យើង​មើល​តាម​ស្ថានភាព​ជាក់ស្ដែង កន្លែង​ណា​ខាង​ក្រុមគ្រូពេទ្យ​គាត់​ទំនេរ​ដៃ គាត់​អាច​ឆ្លៀត​បាន​នោះ​យើង​នឹង​ទៅ​ចាក់​ដល់​ជន​ជាប់ឃុំ​»​។


បើតាម​លោក សវនា ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​នេះ ខេត្ដ​ខ្លះ ពន្ធនាគារ​បាន​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ ១៦​ឧសភា និង​ខេត្ដ​ខ្លះទៀត​ពន្ធនាគារ​បាន​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ដ លើ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ដល់​ជន​ជាប់ឃុំ​។


លោក​ថ្លែងថា​៖ «​ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​នេះ យើង​អត់​មាន​ទុក​អ្នកណាម្នាក់​ចោល​ទេ​ សូម្បីតែ​ជន​ជាប់ឃុំ អ្នក​ដែល​ចូលមក​ថ្មី​យើង​សាកសួរ​ទៅ ពួកគាត់​អត់​ដែល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ក៏​យើង​ចាក់ដល់​ពួកគាត់​ឡើងវិញ​ដែរ​។ ជនជាប់ឃុំ​ចូល​ថ្មី​ជាង ១ ពាន់​នាក់ ដែល​យើង​បាន​ចាក់​វ៉ាក់សាំង ដល់​ពួកគាត់ ដោយសារ​ពីមុនមក​ពួកគាត់​មិនដែល​ចាក់​»​។

លោក​ថា រាជរដ្ឋាភិបាល​តាមរយៈ​អគ្គនាយកដ្ឋាន​ពន្ធនាគារ និង​ក្រសួងសុខាភិបាល​បាន​យកចិត្តទុកដាក់​ពី​បញ្ហា​សុខភាព​ជា​ចម្បង​ដល់​ជន​ជាប់ឃុំ​គ្រប់គ្នា​នៅតាម​ពន្ធនាគារ​ក្នុង​នោះ​បានឱ្យ​ក្រុមគ្រូពេទ្យ និង​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ប្រភេទ Johnson & Johnson និង AstraZeneca ស៊ីណូវ៉ាក់ និង​ស៊ីណូហ្វាម ជាដើម​ដល់​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ​ និង​មណ្ឌល​អប់រំ​កែប្រែ​ទាំងអស់​ទូទាំងប្រទេស​កម្ពុជា​។

លោក អំ សំអាត នាយករង​អង្គការសិទ្ធិមនុស្ស​លីកាដូ​លើកឡើង​ថា ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​តាម​ការស្ម័គ្រចិត្ត​ដល់​ជន​ជាប់ឃុំ​គឺជា​យន្តការ​មួយ​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ការឆ្លង​កូវីដ​ ១៩ ក្នុង​ពន្ធនាគារ​។

លោក​បន្តថា​៖ «​ប៉ុន្តែ​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​មួយ​មុខ មិន​គ្រប់គ្រាន់​ទេ ព្រោះ​ពន្ធនាគារ​គឺមាន​ភាព​ចង្អៀត​ណែន​នៃ​អ្នក​ជាប់ឃុំ​ដដែល ដូច្នេះ​យើង​មាន​ការព្រួយបារម្ភ​ចំពោះ​មេរោគ​បំប្លែង​ថ្មី អាច​ឆ្លង​ចូលក្នុង​ពន្ធនាគារ​។ យន្តការ​ការដោះស្រាយ​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ជា​រឿង​ចាំបាច់​បំផុត ទន្ទឹមគ្នា​ជាមួយនឹង​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ដល់​អ្នក​ជាប់ឃុំ​»​។

បើតាម​លោក សំអាត កន្លងមក លីកាដូ​បាន​សង្កេតឃើញ​មាន​ជាង​ ១០​ ពន្ធនាគារ​មាន​ការឆ្លង​កូវីដ​ ១៩ ដូច្នេះ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត ចំពោះ​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​កូវីដ-១៩ ក្នុង​ពន្ធនាគារ ជាពិសេស​តុលាការ គួរតែ​ពិនិត្យ​លើ​ការនៅ​ក្រៅ​ឃុំ ចំពោះ​បទល្មើស​ដែល​អាច​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​បាន​។

លោក​បន្តថា តុលាការ​គួរ​ពិនិត្យ​លើ​ការដោះលែង​លើ​សកម្មជន​ និង​មេដឹកនាំ​សហជីព​ដែល​ត្រូវបាន​ឃុំខ្លួន ដោយ​មិន​សមហេតុផល​ និង​មានការ​រិះគន់​ខ្លាំង និង​សកម្មជន​ផ្សេងទៀត ដែល​លក្ខខណ្ឌ​អាច​ទម្លាក់​ការចោទប្រកាន់ និង​អាច​នៅក្រៅ​ឃុំ​​បណ្តោះអាសន្ន​បាន​។ ម្យ៉ាងវិញទៀត​តុលាការ​គួរ​ពិចារណា អនុវត្ត​សេចក្តីសម្រេច​របស់​ក្រសួង​យុត្តិធម៌ ដែល​អាច​ដោះលែង​អ្នក​ជាប់ឃុំ​ដែល​ជិត​ផុត​ទោស​ដោយ​ភ្ជាប់​លក្ខខណ្ឌ​៕