ភ្នំពេញៈ ក្នុងឱកាស​ទិវា​អប់រំ​អន្តរជាតិ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​ចេញ​សារ​អំពាវនាវ និង​ការ​ថ្លែង​អំណរគុណ​ដល់​លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ជួយ​គាំទ្រ​ដល់​ការបើក​ដំណើរការ​សាលារៀន​ប្រកបដោយ​សុវត្ថិភាព និង​សុខុមាលភាព​ក្នុង​បរិបទ​កូវីដ​ ១៩​។


តាមរយៈ​ខ្សែអាត់​វីដេអូ​ ៤ ​នាទី ដែល​ត្រូវបាន​ផ្សព្វផ្សាយ ដើម្បី​អបអរសាទរ​ទិវា​អប់រំ​អន្តរជាតិ​នៅ​ថ្ងៃទី​ ២៤ ខែមករា ឆ្នាំ​ ២០២២ នេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ថ្លែងឱ្យ​ដឹងថា ក្នុងឱកាស​នេះ លោក សូម​សម្តែង​នូវ​កតញ្ញូតាធម៌​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ដឹកនាំ​ការងារ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩ ទទួលបាន​ជោគជ័យ​។

លោក​បន្តថា ជាមួយគ្នានេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់​នូវ​អាទិភាព​ក្នុង​ការចាក់​វ៉ាក់សាំង​ដល់​បុគ្គលិក​អប់រំ លោកគ្រូ អ្នកគ្រូ ព្រមទាំង​សិស្សានុសិស្ស​ទាំងអស់​ដែល​អាច​បើក​ឱ្យ​ដំណើរការ​សាលារៀន​ឡើងវិញ​។ លោក ក៏បាន​ថ្លែងអំណរគុណ​ដល់​លោកគ្រូ និង​អ្នកគ្រូ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត នៅក្នុង​ការរៀន​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ផ្តល់​ការអប់រំ​ដល់​សិស្សានុសិស្ស នៅក្នុង​បរិបទ​នៃ​ការផ្អាក​ដំណើរការ​សាលារៀន​។

បើតាម​លោក ហង់ជួន ណារ៉ុន នៅក្នុង​កាលៈទេសៈ​ពេលនោះ លោកគ្រូ អ្នកគ្រូ បាន​បញ្ចេញ​នូវ​គំនិត​ច្នៃប្រឌិត នៅក្នុង​ការបង្រៀន តាមបែប​អេឡិចត្រូនិក ការបង្រៀន​តាម​បណ្តុំ ការបង្រៀន​នៅតាម​ខ្នង​ផ្ទះ ការបង្រៀន​ដោយ​ប្រើប្រាស់​ក្រដាស​កិច្ចការ និង​ការ​បង្រៀន​ពី​ចម្ងាយ​ផងដែរ​។


លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់ នៅក្នុង​ទិវា​អប់រំ​អន្តរជាតិ​នេះ ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​ដៃគូ​អភិវឌ្ឍន៍ ក៏ដូចជា​សហគមន៍ មាតាបិតា ដែល​បាន​ជួយ​គាំទ្រ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ជួយ​គាំទ្រ​ដល់​សាលារៀន ដើម្បី​ផ្តល់នូវ​សម្ភារ​ឧបទេស និង​សម្ភារ​អនាម័យ​ផ្សេងៗ ដើម្បី​ធានា​ឱ្យបាន​នូវ​ការបើក​ដំណើរការ​សាលារៀន​ប្រកប​ដោយ​សុវត្ថិភាព​ចាប់ពី​ថ្ងៃទី​ ១០ ខែមករា​ឆ្នាំ​ ២០២២ បាន​បើកប​វេសន​កាល​ថ្មី​នេះ ដើម្បី​ឱកាស​ដល់​សិស្សានុសិស្ស​បាន​ចូលរៀន​ឡើងវិញ​»​។


ដើម្បី​ដំណើរការ​ប្រកបដោយ​សុវត្ថិភាព លោក​រដ្ឋមន្ត្រី​អប់រំ​រូបនេះ​បានដាក់​ចេញ​នូវ​វិធានការ​មួយចំនួន រួមមាន​៖ គ្រឹះស្ថានសិក្សា​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ស្តង់ដា​សុវត្ថិភាព​អនាម័យ​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួងសុខាភិបាល​បានដាក់​ចេញ ជាពិសេស​អនុវត្ត​នូវ​អនុសាសន៍​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ ៣​កុំ និង​៣​ការពារ​។

ក្រៅពីនេះ គ្រប់​គ្រឹះស្ថាន​អប់រំ​ទាំងអស់​ត្រូវបង្កើត​គណៈកម្មការ​សុវត្ថិភាព សុខភាព សិក្សា​នៅតាម​ខេត្ត ក្រុង ដោយមាន​ការចូលរួម​ពី​មណ្ឌល​សុខភាព មាន​គ្រូ​បង្គោល មាន​គ្រូ​ប្រចាំ​ថ្នាក់ និង​វិធាន​មួយទៀត គឺ​នៅ​តំបន់​ណា​ដែលមាន​ហានិភ័យ​ខ្ពស់ ដែលមាន​ការរៀន​តាម​បណ្តុំ មិនត្រូវ​ឱ្យមាន​ចំនួន​សិស្ស​លើសពី ២០ ទៅ​ ២៥ នាក់​នោះទេ និង​រក្សា​គម្លាត​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ត្រូវ​រៀន​ផ្លាស់​វេន​គ្នា​ជាដើម​។

អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ថ្លែងថា កុមារ​តូច និង​យុវជន នៅតាម​គ្រឹះស្ថានសិក្សា​នៅក្នុង​អំឡុងពេល​នៃ​ការផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ​ ១៩ នេះ គឺជា​បញ្ហា​ប្រឈម ពីព្រោះ​ថា ការសិក្សា​នៅក្នុង​ថ្នាក់រៀន​មាន​សភាព​ណែន មិន​ឆ្លើយតប​ទៅនឹង​ការណែនាំ​របស់​រដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​នោះទេ (៣​កុំ និង​៣​ការពារ​)​។

អ្នកស្រី​ថ្លែងថា​៖ «​ការសិក្សា​ក្នុង​ថ្នាក់​មួយចំនួន​វិញ​យ៉ាងតិច ៤០ នាក់​។ ដូច្នេះ ៣​កុំ និង​៣​ការពារ​កន្លែង​ណា​? នេះ យើងខ្ញុំ​ទាំងអស់​គ្នា មិន​ថា​សូម្បីតែ​គ្រូបង្រៀន និង​ពលរដ្ឋ​ទេ គឺមាន​ការបារម្ភ​ដែរ​»​។ អ្នកស្រី​ទទួលស្គាល់​ចំពោះ​ភាពរលូន​ចំពោះ​ដំណើរ​ការបើកប​វេសនកាល និង​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​នៅក្នុង​ដំណាក់កាល​នេះ ប្រកប​ទៅដោយ​ភាពរលូន បើទោះបី​មាន​ភាពរអាក់រអួល​ខ្លះ​ក៏ដោយ​៕