ភ្នំពេញៈ ស្របពេល​នឹង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក W. Patrick Murphy បានធ្វើការ​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង និង​ភាពជា​ដៃគូ​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ដោយ​លោក​លើកឡើងថា សហរដ្ឋ​អាមេរិក​ចង់ឱ្យ​កម្ពុជា​ទទួលបាន​ជោគជ័យ​ក្នុងនាម​ជា​ប្រធាន​កិច្ចប្រជុំ​អាស៊ាន​ឆ្នាំនេះ ព្រោះ​ជោគជ័យ​នេះ​គឺជា​ជោគជ័យ​សម្រាប់​ប្រទេស​អាស៊ាន​ទាំងអស់ និង​ជា​ជោគជ័យ​សម្រាប់​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋ អាមេរិក ផងដែរ​។


កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន- អាមេរិក ធ្វើឡើង​រយៈពេល​ ២ ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​ ១២-១៣ ខែឧសភា ដើម្បី​រំព្ញក​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៤៥ នៃ​ទំនាក់ទំនង​ដៃ​គូ​សន្ទនា​អាស៊ាន​អាមេរិក​។

នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​បេសកកម្ម​សហរដ្ឋអាមេរិក​ចំពោះ​អាស៊ាន (US Mission ASEAN) នា​ថ្ងៃទី​ ១០ ខែឧសភា លោក Murphy បាន​ថ្លែងថា សហរដ្ឋអាមេរិក​បាន​ទទួលស្គាល់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ១៩៥០ គឺ​ ៣​ ឆ្នាំមុន​កម្ពុជា​ទទួលបាន​ឯករាជ្យ​ពី​ប្រទេស​បារាំង​ក្នុង​ឆ្នាំ​ ១៩៥៣ ប៉ុន្តែ​ក្រោយមក​ប្រទេស​ទាំង ​២ ​មាន​បញ្ហា​ប្រឈម​។

លោក​បន្តថា ទោះយ៉ាងណា​ក្នុង​រយៈពេល​ ៣០ ​ឆ្នាំ​ចុង​ក្រោយនេះ សហរដ្ឋអាមេរិក​បាន​ចំណាយ​ថវិកា​ជាង​ ៣ ​ពាន់​លាន​ដុល្លារ​សម្រាប់​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​ប្រទេស​កម្ពុជា ហើយ​ប្រទេស​នេះ​កំពុង​ដំណើរការ​រីកចម្រើន​កាន់តែ​ល្អប្រសើរ​ច្រើន​។


លោក Murphy ​ថ្លែងថា​៖ «​ឆ្នាំនេះ​គឺជា​ឆ្នាំ​ដែលមាន​សារៈសំខាន់​ណាស់ ដោយសារ​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​។ សហរដ្ឋ​-​អាមេរិក និង​អាស៊ាន​មាន​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ដែល​យើង​គ្រោង​នឹង​ដំឡើង​ភាព​ជា​ដៃគូ​នេះ​ឡើង​មួយកម្រិត​ទៀត ហើយ​យើង​ចង់ឱ្យ​ប្រទេស​កម្ពុជា​ទទួលបាន​ជោគជ័យ ព្រោះ​ភាព​ជោគជ័យ​របស់​កម្ពុជា​គឺជា​ជោគជ័យ​សម្រាប់​អាស៊ាន​ទាំងអស់ និង​ជា​ជោគជ័យ​សម្រាប់​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​»​។


លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​បានបង្ហាញ​មោទនភាព​ចំពោះ​កម្មវិធី​ទាំងអស់​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​ជះ​ផល​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​។ កម្មវិធី​ដែល​លោក​ចាប់អារម្មណ៍​ខ្លាំង​បំផុត​គឺ​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​ភាសា​អង់គ្លេស​ដល់​យុវជន​កម្ពុជា​ចំនួន​ ១ ៥០០ ​នាក់​។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក W. Patrick Murphy​។ហុង មិនា

លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ អាមេរិក បានបញ្ជាក់​ទៀតថា​៖ «​ពួកគេ​ភាគច្រើន​ទទួលបាន​នូវ​ជំនាញ​ភាសា​អង់គ្លេស និង​ជំនាញ​ភាពជា​អ្នកដឹកនាំ ដែលមាន​លទ្ធផល​ពិតជា​អស្ចារ្យ​។ ទំនុកចិត្ត និង​សមត្ថភាព​ដែល​យុវជន​កម្ពុជា​ទាំងនេះ​មាន​គឺ​កាន់តែ​ល្អប្រសើរ​ឡើង ដែល​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ប្រកួតប្រជែង និង​ធ្វើ​សមាហរណកម្ម​បន្ថែមទៀត​ជាមួយ​ប្រទេស​ជិតខាង​។ ​អតីត​និស្សិត​កម្ពុជា​រាប់ពាន់នាក់​ដែល​ចេញពី​កម្មវិធី​របស់​យើង​ពិតជា​ធ្វើបាន​ល្អ​នៅ​កម្ពុជា​ហើយ​បាន​បម្រើ​ការងារ​ជា​រដ្ឋមន្ត្រី អ្នកដឹកនាំ​ធុរកិច្ច អ្នក​អប់រំ​»​។

នៅក្នុង​ពិធី​ទទួលទាន​អាហារ​សាមគ្គី​ជាមួយ​ក្រុមអ្នកវិភាគ​សង្គម​នៅលើ​បណ្តាញ​សង្គម​ដែលជា​ពលរដ្ឋ​កម្ពុជា​នៅ​សហរដ្ឋអាមេរិក​នា​ថ្ងៃទី​ ១០ ខែឧសភា​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​លើកឡើងថា កន្លងមក​លោក​បាន​ស្តាប់​នូវ​រាល់​សំឡេង​អ្នកវិភាគ​ទាំងអស់ ដើម្បី​លោក​បានដឹង​ពីអ្វី​ដែលជា​ការចង់បាន និង​ការទិតៀន​លើ​ការដឹកនាំ​របស់​បុគ្គល​នយោបាយ ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​មន្ត្រី​​រាជរដ្ឋាភិបាល​។

លោក ថុង ម៉េងដាវិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ថ្លែងថា កម្ពុជា​ និង​អាមេរិក​អាច​នឹង​ដាក់ឱ្យ​មានការ​ធ្វើ​សមយុទ្ធ​រួមគ្នា «​ឆ្មាំ​អង្គរ ឬ Angkor Sentinel» ឡើងវិញ​នាពេល​បន្តិចទៀតនេះ ដើម្បី​ធ្វើការ​ដោះដូរ និង​ចែករំលែក​បទពិសោធ ការពង្រឹង​សមត្ថភាព​កងទ័ព​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម ការជួញដូរ​មនុស្ស​ និង​គ្រឿងញៀន និង​កិច្ចការ​មនុស្សធម៌​ជាដើម​រវាង​កងទ័ព​ទាំង​ ២​។

លោក​ថ្លែងថា ក្រោម​ក្របខ័ណ្ឌ​ជា​ប្រធាន​អាស៊ាន កម្ពុជា​នឹង​ដឹកនាំ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ពិភាក្សា​ការងារ​ដោះដូ​ពាណិជ្ជកម្ម ការពង្រីក​វិស័យ​ទូរគមនាគមន៏​ និង​ឌីជីថល ការកសាង​ហេដ្ឋ​រចនាសម្ព័ន្ធ​យោធា​ក្នុង​តំបន់ ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ ​១៩ ការគាំទ្រ​កិច្ចការពារបរិស្ថាន​ និង​សត្វព្រៃ លើកកម្ពស់​កសាង​ធនធាន​មនុស្ស និង​ការរក្សា​​សន្តិសុខ​ និង​ស្ថិរភាព​ក្នុង​តំបន់​។

លោក ម៉េងដាវិត បាន​ថ្លែង​​ថា​៖ «​សហរដ្ឋអាមេរិក​ហាក់​មានបំណង​មិន​ចង់ឱ្យ​សម្ព័ន្ធមិត្ត​របស់ខ្លួន​ធ្វើការ​ជ្រើសរើស​រវាង​អាមេរិក និង​ចិន​ឡើយ ផ្ទុយទៅវិញ​អាមេរិក​ចង់ឱ្យមាន​បង្កើត​តំបន់​មួយ​មាន​ចក្ខុវិស័យ​រួមមួយ​ប្រកបដោយ​ការស្ថាបនា​នៅក្រោម​មូលដ្ឋាន​ច្បាប់ ការពារ​សិទ្ធិមនុស្ស​ និង​សេរីភាព ការពារ​កម្មសិទ្ធិបញ្ញា មាន​អភិបាលកិច្ច​ល្អ និង​តំបន់​មួយ​ដែល​ប្រទេស​ធំ​មិន​ធ្វើបាប​ប្រទេស​តូច​»៕