លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បានលើកឡើង​ថា​ក្នុង​រយៈពេល​ជាង​៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​កម្ពុជា​-​អាមេរិក ទោះបី​ជាមាន​ទស្សនៈ​ខុសគ្នា​ខ្លះ​ក៏ដោយ ក៏មាន​ការខិតខំ​ប្រឹង​ប្រែង​យ៉ាងពិត​ប្រាកដ និង​ជាប់លាប់​ក្នុងការ​ពង្រឹង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​២​ឱ្យ​កាន់តែ​ស៊ីជម្រៅ​។​


​លោក​បានលើកឡើង​ដូចនេះ​ក្នុងជំនួប​ទ្វេភាគី​រវាង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក លោកស្រី Wendy Sherman នៅ​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ នៅ​ក្រសួងការបរទេស​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន នៅ​អំឡុង​ពេលមុន​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បានឱ្យដឹងថា លោក​ប្រាក់ សុខុន បានលើកឡើង​ផងដែរ​ថា ពាណិជ្ជកម្ម​គឺជា​គំរូ​ដ៏​ល្អ បំផុត​នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ភាគី​ទាំង​២ ជាពិសេស​កម្មករ​ស្ត្រី ដ៏​ច្រើន​លើសលប់​នៅក្នុង​វិស័យ​វាយ​ន​ភណ្ឌ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​។

​លោក​បាន​បន្ថែមថា ៖ «​វិស័យ​សំខាន់ៗ​ផ្សេងទៀត​នៃ​ទំនាក់ទំនង​កម្ពុជា​-​អាមេរិក​រួមមាន ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ការស្វែងរក​អដ្ឋិធាតុ​ទាហាន​អាមេរិក ការប្រឆាំង​ភេរវកម្ម ការធ្វើ​មាតុភូមិនិវត្តន៍​ពលរ​ដ្ឋ​ខ្មែរ ប្រតិបត្តិ​ការរក្សា​សន្តិភាព កិច្ចសហប្រតិបត្តិការ វប្បធម៌ ជាពិសេស​ការអភិរក្ស និង​ការពារ​បេតិកភណ្ឌ​វប្បធម៌ ជាដើម​»​។​


​នាឱកាស​នោះដែរ លោកស្រី​អនុរដ្ឋមន្ត្រី ក៏បាន​កោតសរសើរ​ក​ម្ពុ​ជា​ចំពោះ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដែល​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ និង​បាន​សម្តែង​អំណរគុណ​ចំពោះ​សកម្មភាព​ឈរលើ​គោលការណ៍ របស់​កម្ពុជា ក្នុងការ​គាំទ្រ​សេចក្តីសម្រេច​របស់​មហា​សន្និបាត​អង្គការសហប្រជាជាតិ​ស្តីពី​អ៊ុយ​ក្រែ​ន​ផងដែរ​។


​លោកស្រី ក៏បាន​សម្តែង​ការគាំទ្រ​របស់​សហរដ្ឋ អាមេរិក​សម្រាប់​ភាពជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​ក្នុងឆ្នាំនេះ និង​បាន​ថ្លែងអំណរគុណ​កម្ពុជា​សម្រាប់​ការ គាំទ្រ​ដល់​ការសម្របសម្រួល​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក​នាពេល​ខាងមុខ​។

​ជាមួយគ្នា​នោះ​ផងដែរ លោកស្រី Wendy Sherman ក៏បាន​លើកឡើង​ពី​កង្វល់​មួយចំនួន​ទាក់ទង​នឹង​គ្នា អភិវឌ្ឍ​មូលដ្ឋាន​ទ័ពជើងទឹក​រា​ម និង​ស្ថានភាព​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា​។​

​ជាការ​ឆ្លើយតប លោក ប្រាក់ សុខុន បាន​លើកឡើងថា តាមរយៈ​បទពិសោធ​ដ៏​ឈឺ​ចាប់ពី ជម្លោះ និង​អំពើ​ប្រល័យពូជសាសន៍​អស់​រយៈកាល​៣០​ឆ្នាំកន្លងមក កម្ពុជា​តែងតែ​ប្រកាន់យក​នូវ​វិធីសាស្ត្រ​ប្រកបដោយ​សង្គតិភាព​ក្នុងការ​ការពារ​សន្តិភាព និង​គោរព​ច្បាប់​អន្តរជាតិ និង​ធម្មនុញ្ញ អង្គការសហប្រជាជាតិ នៅក្នុង​ការអនុវត្តន​យោ​បាយ​ការបរទេស​របស់ខ្លួន ជាពិសេស​នៅក្នុង​បរិបទ​នៃ​បញ្ហា​មី​យ៉ាន់​ម៉ា និង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​។​

​ចំពោះ​ការអភិវឌ្ឍ​មូលដ្ឋាន​ទ័ពជើងទឹក​រា​ម លោក​បាន​អះអាង​សាជាថ្មី​អំពី​ការប្រកាន់​ខ្ជាប់​របស់​ក​ម្ពុ​ជា​ចំពោះ​គោលការណ៍​រដ្ឋធម្មនុញ្ញ​របស់ខ្លួន ដែល​ហាមឃាត់​វត្តមាន​យោធា​បរទេស​។

​លោក ប្រាក់ សុខុន ថា ៖ «​កាយវិការ​ដែល​កម្ពុជា​បានធ្វើ​ឡើង​ក្នុងការ​អនុញ្ញាត​ឱ្យមាន​ដំណើរ​ទស្សនកិច្ច​នានា​ទៅកាន់​មូលដ្ឋាន នេះ​ជាច្រើនលើក​ច្រើនសា គឺជា​កាយវិការ​ដែល​មិន​ធ្លាប់មាន​សម្រាប់​ប្រទេស​នានា បើ​ពិនិត្យមើល​ពី​ទិដ្ឋភាព​ក្នុង​វិស័យ​យោធា​»​។

​លោក ប្រាក់ សុខុន ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ការងារ របស់​ប្រេសិត​ពិសេស​ស្តីពី​បញ្ហា​មី​យ៉ាន់​ម៉ា ចំពោះ​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុងការ​ស្នើសុំ​ឱ្យមាន​កិច្ចប្រជុំ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ជំរុញ​វឌ្ឍនភាព​នៃ​អាទិភាព​ក្នុង​ការបញ្ឈប់​អំពើហិង្សា ការផ្តល់​ជំនួយ​មនុស្ស​ធម៌ និង​កិច្ចសន្ទនា​នយោបាយ ប្រកបដោយ​បរិ​យា​ប័ន្ន​។

​លោក​ថា ៖ «ក​ម្ពុ​ជា​នឹង​បន្ត​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​វិធីសាស្ត្រ​ដែល​ដើរ​មួយ​ជំហាន​ម្តងៗ និង​ការ​ផ្តោតលើ​សកម្ម​ភាពជា​ក់​ស្តែង តាមរយៈ​ការអនុវត្ត​យន្ត​ការកសាង​ទំនុកចិត្ត និង​ភាព ជឿជាក់ ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​»៕​