មាន​ដើមកំណើត​នៅ​ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល​លោក ជិន ម៉ាលីន ជា​កូន​ប្រជាពលរដ្ឋ​សាមញ្ញ​មាន​ឪពុក​ជា​វេជ្ជបណ្ឌិត និង​ម្ដាយ​ជា​មេផ្ទះ​។ ក្រោយ​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ​តាមរយៈ​ការខិតខំ​សិក្សា​រៀនសូត្រ​ប្រកប​ដោយ​ភាពឆ្លាត​វៃ លោក​បាន​ទទួល​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ២ នៅក្នុង​ស្រុក និង​នៅ​សាលាភូមិន្ទ​រដ្ឋបាល ថ្នាក់​អនុបណ្ឌិត​ចំនួន​ ២ ទៀត នៅ​ប្រទេស​ជប៉ុន និង​សហរដ្ឋ​អាមេរិក និង​អាហារូបករណ៍​ថ្នាក់បណ្ឌិត​នៅ​ប្រទេស​ចិន និង​ជប៉ុន​។


តាមរយៈ​ការខិតខំ​រៀនសូត្រ និង​ការកសាង​សមត្ថភាព មិន​បោះបង់​ក្រោយ​ប្រឡូក​ការងារ​ជា​មន្ដ្រីរាជការ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​ជាង ១០ ​ឆ្នាំ ចាប់​តាំងពី​ឆ្នាំ​ ២០០២ ដល់​ឆ្នាំ​ ២០១៣ លោក​ទទួលបាន​សេចក្ដី​ទុកចិត្ដ​ពី​រាជរដ្ឋាភិបាល ក៏ត្រូវ​បានតែងតាំង​ជា​អនុរដ្ឋលេខាធិការ ក្រសួង​យុត្ដិធម៌ ហើយ​នៅ​ខែកុម្ភៈ ឆ្នាំ​ ២០២០ ​ត្រូវបាន​រាជរដ្ឋាភិបាល​ទូលថ្វាយ​ព្រះមហាក្សត្រ តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​យុត្ដិធម៌​ថែមទៀត ខណៈ​បច្ចុប្បន្ន​លោក​ក៏មាន​តួនាទី​ជា​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ផងដែរ​។

ភ្នំពេញ​ប៉ុស្ដិ៍​បាន​ជួប​សម្ភាស​លោក​ផ្ទាល់ ដើម្បី​ស្នើ​សុំឱ្យ​លោក​ចែករំលែក​បទពិសោធ​លើ​ការសិក្សា​រៀនសូត្រ របៀប​ស្នើសុំ​អាហារូបករណ៍ និង​ការប្រឡូក​ការងារ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ដល់​យុវជន ដែល​មាន​ខ្លឹមសារ​ដូចខាងក្រោម​នេះ​៖

តើ​លោក​បាន​ប្រឡង​ជាប់​បាក់ឌុប​នៅ​ឆ្នាំ​ណា​?

ខ្ញុំ​បាន​សិក្សា​នៅ​បឋមសិក្សា​រហូត​ដល់​អនុវិទ្យាល័យ និង​វិទ្យាល័យ​នៅ​ក្រុង​តាខ្មៅ ហើយ​បាន​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់ឌុប​) នៅ​ឆ្នាំ​ ១៩៩៦ ក្រោយមក​នៅ​ឆ្នាំ​ ១៩៩៦ ខ្ញុំ​ក៏បាន​ប្រឡង​ជាប់​អាហារូបករណ៍​ចូលរៀន​នៅ​សាកលវិទ្យាល័យ​នីតិសាស្ដ្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ស្ថិត​នៅក្បែរ​វិទ្យាល័យ​បឹងត្របែក​រយៈពេល ៤ ​ឆ្នាំ​។ អ៊ីចឹង ខ្ញុំ​ទទួលបាន​បរិញ្ញាបត្រ​ផ្នែក​ច្បាប់​នេះ​នៅ​ឆ្នាំ​ ២០០០​។


នៅពេល​លោក​ទទួលបាន​បរិញ្ញាបត្រ​ផ្នែក​ច្បាប់ តើ​លោក​មាន​រៀន​យកមុខ​ជំនាញ​អ្វី​ផ្សេង​បន្ថែមទៀត​ទេ​?

នៅក្នុង​អំឡុង​ពេលដែល​ខ្ញុំ​រៀន​បរិញ្ញាបត្រ​ផ្នែក​ច្បាប់​នេះ ខ្ញុំ​ក៏បាន​ប្រឡង​ជាប់​អាហារូបករណ៍ និង​រៀន​យក​បរិញ្ញាបត្រ​មួយទៀត​ដែរ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ផ្នែក​​ភាសាបរទេស គឺ​ភាសា​អង់គ្លេស​។ ខ្ញុំ​បានបញ្ចប់​បរិញ្ញាបត្រ​ភាសារ​អង់គ្លេស​នេះ នៅ​ឆ្នាំ​ ២០០២​។ ក្រោយ​ពេលដែល​ខ្ញុំ​បានបញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ច្បាប់​នៅ​ឆ្នាំ​ ២០០០ ខ្ញុំ​ក៏បាន​ប្រឡង​ជាប់​អាហារូបករណ៍​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល ផ្នែក​រដ្ឋបាល​សាធារណៈ​រយៈពេល ២ ​ឆ្នាំ ចាប់ពី​ឆ្នាំ​ ២០០០ ដល់​ឆ្នាំ​ ២០០២​។

តើ​លោក​បាន​ចូល​បំពេញ​ការងារ​ក្នុង​រាជរដ្ឋាភិបាល​នៅ​ឆ្នាំ​ណា​?

នៅពេល​ដែល​ខ្ញុំ​ប្រឡង​បញ្ចប់​សាលា​ភូមិន្ទ​រដ្ឋបាល​ដោយ​ទទួលបាន​ចំណាត់ថ្នាក់​ល្អ ពេលនោះ​ខ្ញុំ​អាចមាន​សិទ្ធិ​ជ្រើសរើស​យក​ស្ថាប័នរដ្ឋ​ណា​ក៏​បានដែរ ដើម្បី​បំពេញ​ការងារ​។ ចំពោះ​អ្នក​ប្រឡង​ជាប់​ចូល​សាលា​ភូមិន្ទ​រដ្ឋបាល ក្រោយពេល​រៀន​ចប់ គាត់​នឹង​ក្លាយជា​មន្ដ្រីរាជការ​ដោយ​ស្វ័យប្រវត្តិ​តែម្ដង ហើយ​អ្នក​ដែល​ទទួលបាន​ពិន្ទុ​ល្អ អាច​ជ្រើសរើស​យក​ស្ថាប័នរដ្ឋ​ណាមួយ​ក៏បាន​ដែរ ដើម្បី​បំពេញ​ការងារ​។ នៅពេលនោះ​ខ្ញុំ​បាន​ជ្រើសរើស​យក ស្ថាប័ន​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី ដើម្បី​ចូលធ្វើ​​ការងារ នៅ​ឆ្នាំ​ ២០០២​។

ក្នុងអំឡុង​ពេលដែល​លោក​កំពុង​រៀន​នៅ​មហាវិទ្យាល័យ តើ​លោក​មាន​ដែល​ឆ្លៀត​ធ្វើការ​ក្រៅ​ម៉ោង​ដែរ​ទេ​?

ក្នុងអំឡុង​ពេលដែល​ខ្ញុំ​កំពុង​រៀន​នៅ​មហាវិទ្យាល័យ​ខ្ញុំ​ក៏បាន​ធ្វើ​ការងារ​ក្រៅ​ម៉ោង​មួយចំនួន​ដែរ ដើម្បី​បាន​កម្រៃ​ផ្គត់ផ្គង់​ការសិក្សា​របស់ខ្ញុំ ដោយ​មិន​ពឹង​ផ្អែកទៅលើ​ឪពុកម្ដាយ​ទាំងស្រុង​ទេ​។ ពេលនោះ​ខ្ញុំ​ធ្វើ​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស បង្រៀន​ក្រៅ​ម៉ោង នៅពេល​ថ្ងៃត្រង់ និង​ពេលយប់​ដើម្បី​រក​ចំណូល​។

ចុះ​នៅពេល​ដែល​លោក​បាន​ចូល​ធ្វើការ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​តើ​លោក​ឈប់រៀន ឬក៏​នៅតែ​រៀន​បន្តទៀត​?

នៅ​អំឡុង​ពេលដែល​ខ្ញុំ​ចូល​បំពេញ​ការងារ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​នៅ​ឆ្នាំ​ ២០០២ ខ្ញុំ​ក៏បាន​ប្រឡង​ជាប់​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​ថ្នាក់​អនុបណ្ឌិត នៅ​ប្រទេស​ជប៉ុន ផ្នែក​វិទ្យាសាស្ដ្រ​នយោបាយ​នៅ​សាកល​វិទ្យាល័យ Nagoya (Nagoya University) នៃ​ទីក្រុង Nagoya រយៈពេល​ជិត ៣ ​ឆ្នាំ (២០០២-២០០៥) ទើប​ខ្ញុំ​ត្រឡប់មក​បំពេញ​ការងារ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​វិញ​។

ក្រោយពី​បាន​បំពេញ​ការងារ​ឡើង​​វិញ​មួយរយៈ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី ហើយ​បើទោះបី​ខ្ញុំ​បញ្ចប់​ការសិក្សា​មកពី​ប្រទេស​ជប៉ុន​ក៏ដោយ ក៏​មិនទាន់​អស់ចិត្ត​ដែរ ពេលនោះ​ខ្ញុំ​ក៏បាន​ប្រឡង​ជាប់​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​នៅ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​ ២០០៩ ទៅ​រៀន​យក​អនុបណ្ឌិត​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ Hawaii នៃ​រដ្ឋ Hawaii​។ ប៉ុន្ដែ​កម្មវិធីសិក្សា​អនុបណ្ឌិត​នេះ គឺមាន​រយៈពេល​តែ ១ ​ឆ្នាំ​ទេ​។ ខ្ញុំ​បានបញ្ចប់​ការសិក្សា​នៅ​ឆ្នាំ​ ២០១០ ក៏​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ហើយ​ក៏បាន​បន្តការងារ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​នេះ​បន្តទៅ​ទៀត​។

អ៊ីចឹង ពាក់ព័ន្ធ​នឹង​ការសិក្សា និង​ការបំពេញ​ការងារ​នេះ គឺ​ខ្ញុំ​បាន​បំពេញ​ការងារ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី រួមទាំង ការសិក្សា​ផង គឺមាន​រយៈពេល​ប្រហែល​ជាង ១០ ​ឆ្នាំ នៅក្នុងនាម​ជា​មន្ដ្រី​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​នៅមុន​ពេលដែល​ខ្ញុំ​បានមក​បំពេញការងារ​នៅ​ក្រសួង​យុត្ដិធម៌ ក្នុង​ក្របខ័ណ្ឌ​នយោបាយ​ក្នុង​ឆ្នាំ ​២០១៣ គឺ​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​ ២០១៣ ខ្ញុំ​ទទួលបាន​ការផ្ដល់​សេចក្ដី​ទុកចិត្ដ​នូវ​ការ​តែង​តាំងពី​ប្រមុខ​រាជរដ្ឋាភិបាល​ឱ្យ​ខ្ញុំ​មក​បំពេញ​ការងារ​ក្នុង​ក្របខ័ណ្ឌ​នយោបាយ​ជា​អនុរដ្ឋលេខាធិការ​នៅ​ក្រសួង​យុត្តិធម៌​នេះ​ក្នុង​ឆ្នាំ​ ២០១៣​។

នៅពេល​ដែល​លោក​មក​ទទួល​ការងារ​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ តើ​លោក​មាន​ឆ្លៀត​រៀន​មុខជំនាញ​អ្វី​បន្ថែមទៀត​ទេ​?

ដោយសារតែ​ការស្រឡាញ់​ការសិក្សា ដើម្បី​ដុសខាត់​សមត្ថភាព​បន្តទៅ​ទៀត ខ្ញុំ​នៅ​មិនទាន់​ស្កប់ស្កល់​នូវ​អ្វីដែល​ខ្ញុំ​មាន ក៏​តែងតែ​ស្វះ​ស្វែងរក​ចំណេះ​។ ខ្ញុំ​ក៏​ទទួលបាន​អាហារូបករណ៍​ទៅ​រៀន​នៅ​ប្រទេស​ចិន​ថ្នាក់បណ្ឌិត​ផ្នែក​វិទ្យាសាស្ដ្រ​នយោបាយ​នៅ​ឆ្នាំ​ ២០១៨​។ ប៉ុន្ដែ​កម្មវិធីសិក្សា​ថ្នាក់បណ្ឌិត​នៅ​ប្រទេស​ចិន​នេះ គឺមាន​លក្ខណពិសេស គឺជា​កម្មវិធីសិក្សា សម្រាប់​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល ដែលមាន​ការ​មមាញឹក គឺ​មិនចាំបាច់​ឱ្យ​យើង​ទៅ​សិក្សា​ដោយផ្ទាល់​ជាប់​ជាប្រចាំ​នៅ​ប្រទេស​ចិន​នោះទេ គឺជា​កម្មវិធីសិក្សា​បែប​ចល័ត គឺ​យើង​ទៅ​សិក្សា​ផ្ទាល់​ខ្លះ និង​សិក្សា​ពី​ចម្ងាយ​នៅ​កម្ពុជា​ខ្លះ​។ កម្មវិធីសិក្សា​នេះ មាន​រយៈពេល ៣ ​ឆ្នាំ ហើយ​ក្នុង ១ ឆ្នាំ យើង​ត្រូវ​ទៅ​សាលា ២ ​ទៅ ៣​ ដង​ប៉ុណ្ណោះ ហើយ​ក្នុង​ ១​ ដង មាន​រយៈពេល​ប្រហែល ១ ​ខែ ដើម្បី​ជួប​ជាមួយ​គ្រូ ធ្វើ​កិច្ចការងារ​សាលា និង​រៀន​មុខវិជ្ជា​មួយចំនួន​ដែល​សាលា​បាន​តម្រូវ​។

តើ​មានការ​លំបាក​ទេ នៅពេល​ដែល​លោក​ធ្វើការ​ផង រៀន​ផង​បែបនេះ​?

ខ្ញុំ​អាច​ធ្វើ​ការងារ​បណ្ដើរ ធ្វើការ​សិក្សា​ស្រាវជ្រាវ​បណ្ដើរ​លើ​កម្មវិធីសិក្សា​ថ្នាក់បណ្ឌិត​នេះ ដែល​វា​មិន​ប៉ះពាល់​ដល់​ការងារ​របស់​យើង​ទេ​។ ក៏ប៉ុន្ដែ​វា​មិនមែនជា​ការងាយ​ស្រួល ដូច​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ទេ ដែល​យើង​ទៅ​សិក្សា​នៅ​ប្រទេស​គេ​តែម្ដង​នៅ​ទីនោះ​ដែល​វា​​មានការ​ផ្ចង់អារម្មណ៍​ក្នុងការ​សិក្សា​ជាង​។ ក៏ប៉ុន្ដែ​រៀន​ថ្នាក់បណ្ឌិត​នេះ យើង​រៀន​ផង ធ្វើការងារ​ផង វា​មានការ​លំបាក ពីព្រោះ​យើង​មាន​បន្ទុក​ការងារ​ច្រើន ហើយ​ត្រូវ​រៀបចំ​ពេលវេលា​មួយ​សម្រាប់​ការសិក្សា​ថ្នាក់បណ្ឌិត​នេះ​។ យ៉ាងណាក្តី ខ្ញុំ​បាន​ពុះពារ​តស៊ូ​រៀន​រហូត​បានបញ្ចប់​ថ្នាក់បណ្ឌិត​នេះ​នៅ​ចុងឆ្នាំ​ ២០២១ ដោយ​​ទទួលបាន​ការការពារ​នូវ​សារ​ណា​ថ្នាក់បណ្ឌិត​របស់ខ្ញុំ​ដោយ​ជោគជ័យ​។

ដូច្នេះ​ជា​សញ្ញាបត្រ​ចុងក្រោយ​របស់ខ្ញុំ គឺ​ថ្នាក់អនុបណ្ឌិត​ចំនួន​ ២ នៅ​ប្រទេស​ជប៉ុន និង​សហរដ្ឋអាមេរិក និង​ថ្នាក់បណ្ឌិត​នៅ​ចិន​។ បច្ចុប្បន្ននេះ​ខ្ញុំ​ក៏​កំពុង​សរសេរ​សារណា​ថ្នាក់បណ្ឌិត​មួយទៀត​នៅ​ប្រទេស​ជប៉ុន​ដែរ ប៉ុន្ដែ​ដោយសារ​ការងារ​រវល់​ពេក ខ្ញុំ​មិនទាន់​អាច​បញ្ចប់​ក្នុង​ពេលនេះ​បានទេ ពេល​មាន​ឱកាស ខ្ញុំ​នឹង​ខិតខំ​បញ្ចប់​សារណា​ថ្នាក់បណ្ឌិត​នៅ​ប្រទេស​ជប៉ុន​មួយទៀត ដែលជា​ទិសដៅ​របស់ខ្ញុំ គឺ​យក​ថ្នាក់អនុបណ្ឌិត​ ២ និង​ថ្នាក់បណ្ឌិត ២ ​ដែរ​។

តាមរយៈ​បទពិសោធ​នៃ​ការសិក្សា​រហូត​ទទួល​បាន​ការងារ​នៅក្នុង​ជួរ​រាជរដ្ឋាភិបាល​នេះ តើ​លោក​មាន​ចំណុច​ពិសេស​អ្វី​អាច​ចែករំលែក​ដល់​យុវជន​?

មែនទែនទៅ ការសិក្សា​របស់​យើង វា​ជា​ចំណុច​ចាប់ផ្ដើម​នៃ​ភាពជោគជ័យ​របស់​យើង នៅក្នុង​ការងារ ក៏ប៉ុន្ដែ​គ្រាន់តែ​ថា ដើម្បី​ទទួល​បាន​ការជោគជ័យ​នៅក្នុង​ការងារ វា​គួបផ្សំ​ទៅនឹង​កត្ដា​​ផ្សេងទៀត​។ បានន័យថា ការសិក្សា​យើង​ទទួលបាន​ជំនាញ​ផ្នែក​រឹង ដូចជា​យើង​រៀន​ផ្នែក​ច្បាប់ គឺ​ទទួលបាន​នូវ​ជំនាញ​ផ្នែក​ច្បាប់​។ ដូច្នេះ​ពាក់ព័ន្ធ​នឹង​ការងារ​នេះ ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ការងារ គឺ​យើង​ត្រូវការ​ជំនាញ​ផ្នែក​ទន់​មួយចំនួន​ទៀត ដូចជា​ជំនាញ​នៃ​ការទំនាក់ទំនង ជំនាញ​នៃ​ភាព​ជា​អ្នកដឹកនាំ ការប្រាស្រ័យ យល់ដឹង​ពី​បរិយាកាស​ជុំវិញខ្លួន​យើង និង​ការបត់បែន​ទៅតាម​សភាពការណ៍ បរិយាកាស​កន្លែង​ការងារ​របស់​យើង​ជាដើម​។

ដូច្នេះ​ទោះបីជា​យើង​កំពុងតែ​រៀនសូត្រ​នៅ​មហាវិទ្យាល័យ​ក្នុង​ប្រទេស​ក៏ដោយ ក្រៅប្រទេស​ក៏ដោយ យើង​ត្រូវ​កសាង​ខ្លួន​យ៉ាងម៉េច​ឱ្យបាន​នូវ​ជំនាញ​រឹង និង​ជំនាញ​ទន់​ឱ្យបាន​ក្នុងពេល​តែមួយ​។ ជំនាញ​រឹង​នេះ យើង​ត្រូវធ្វើ​ម៉េច​ខិតខំ​សិក្សា​រៀនសូត្រ​នៅ​សាលា​ឱ្យ​ទទួលបាន​ពិន្ទុ​ល្អ ក៏ប៉ុន្ដែ​ក្នុងពេលដែល​យើង​សិក្សា​នេះ ជាពិសេស​សិក្សា​នៅក្រៅ​ប្រទេស គឺ​ត្រូវខិតខំ​យ៉ាងម៉េច​កសាង​នូវ​ជំនាញ​ទន់​របស់​យើង​មួយទៀត ក្នុង​ការកសាង​បុគ្គលិកលក្ខណៈ​របស់​យើង​។

តើ​ត្រូវធ្វើ​ដូចម្តេច​ក្នុង​ការកសាង​បុគ្គលិកលក្ខណៈ​?

ការកសាង​បុគ្គលិកលក្ខណៈ​របស់​យើង​នេះ គឺ​មិនមែន​បាន​ពី​សាលា​មក​ទេ គឺ​បាន​ពី​សង្គម និង​បរិយាកាស​ដែល​យើង​កំពុង​រស់នៅ​។ អ៊ីចឹង​បានជា​ខ្ញុំ​លើក​ទឹក​ចិត្ដ​យុវជន ក្នុង​ពេល​សិក្សា​នៅក្នុង​ស្រុក​ក៏ដោយ ក្រៅ​ស្រុក​ក៏ដោយ គឺ​ការផ្ដោត​លើ​ការសិក្សា​គឺជា​រឿង​សំខាន់​ហើយ ប៉ុន្ដែ​ក៏​កុំ​ផ្ដោត​តែមួយ​មុខ​ទៅលើ​ការសិក្សា​នៅ​សាលា គឺ​យើង​ត្រូវ​ចូលរួម​សកម្មភាព​នានា​នៅក្នុង​សង្គម តាមរយៈ​ការងារ​ស្ម័គ្រចិត្ដ ការងារ​សង្គម ការងារ​សហគមន៍ ដើម្បី​កសាង​នូវ​បុគ្គលិក​លក្ខណៈ របស់​យើង​ឱ្យ​យល់ដឹង​ពី​សង្គម​ឱ្យបាន​ទូលំទូលាយ យល់ដឹង​ពី​មនុស្ស និង​បរិយាកាស​នៅ​ជុំវិញខ្លួន ជាពិសេស​បណ្ដុះ​នូវ​ភាព​ជា​អ្នកដឹកនាំ​របស់​យើង​ឱ្យមាន​ភាព​ពេញវ័យ​គ្រប់គ្រាន់​។

កត្ដា​ទាំងនេះ​បាន​ជួយ​ដល់​យើង​នៅពេលដែល​យើង​ចេញទៅ​បំពេញ​ការងារ ពីព្រោះ​នៅពេល​ដែល​ចេញទៅ​បំពេញ​ការងារ​យើង​មាន​ជំនាញ​ផ្នែក​រឹង​ពូកែ​ហើយ​បន្ថែម​លើ​នេះ យើង​អាចមាន​ជំនាញ​ទន់​មួយទៀត គឺ​យើង​អាចធ្វើ​ការងារ​បានជា​មួយ​មនុស្ស​គ្រប់គ្នា និង​អាច​សម្រប​ខ្លួន​ទៅបាន គ្រប់​បរិយាកាស​ការងារ​ទាំងអស់ និង​អាច​ដោះស្រាយ​បញ្ហា​នៅ​ចំពោះមុខ​បាន​ប្រកបដោយ​ប្រសិទ្ធភាព​។​...(​នៅមាន​ត ដែលជា​ភាគ​បញ្ចប់ នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​ក្រោយ​)​។

វីដេអូ៖