ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ជំហរ​មិន​ជ្រើសរើស​យក​រវាង​សហរដ្ឋ​អាមេរិក ឬ​ប្រទេស​ចិន​ជាដាច់ខាត ទោះបីជា​លោក​ត្រូវបាន​បង្ខំ​ឱ្យ​ជ្រើស​រើស​យក​មួយ​ក៏ដោយ​ដោយ​លោក​បញ្ជាក់ថា កម្ពុជា​ពិតជា​ចង់​ធ្វើ​មិត្ត​របស់​អាមេរិក ហើយ​ទំនាក់ទំនង​រយៈពេល​ ៧២​ ឆ្នាំ​រវាង​ប្រទេស​ទាំង​ ២ បាន​ឈានដល់​កម្រិត​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។


លោក​ប្រកាស​ជំហរ​ដូច្នេះ ក្នុង​ជំនួប​ជាមួយ​លោក ដូណាល់ បេនតុន (Donald Benton) អតីត​សមាជិក​ព្រឹទ្ធសភា សហរដ្ឋ​អាមេរិក និង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ នា​ថ្ងៃទី​ ១១ ខែឧសភា នៅឯ​សហរដ្ឋអាមេរិក គឺ​នៅមុន​ ១ ​ថ្ងៃ នៃ​ការចាប់ផ្តើម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក ដែល​ធ្វើឡើង​នៅ​ថ្ងៃទី ​១២-១៣ ខែឧសភា​។

លោក ហ៊ុន សែន បានបញ្ជាក់​ក្នុង​ហ្វេសប៊ុក បន្ទាប់ពី​ជំនួប​នេះ​ថា​៖ «​កម្ពុជា ពិតជា​ចង់​ធ្វើ​មិត្ត​របស់​អាមេរិក ហើយ​កម្ពុជា​មិនអាច​រើស​រវាង​អាមេរិក​ ឬ​ចិន​នោះទេ​។ កម្ពុជា​មាន​នយោបាយ​អព្យាក្រឹត ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​។ ដូច្នេះ​កម្ពុជា​ចង់​ធ្វើ​មិត្ត​គ្រប់​បណ្តា​ប្រទេស​ទាំងអស់​រួមទាំង​អាមេរិក​ផងដែរ​»​។

លោក​បញ្ជាក់បន្ថែម​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​សហរដ្ឋអាមេរិក​ថា​៖ «​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​យើង តម្រូវការ​របស់​យើង គឺ​បញ្ហា​ពាក់ព័ន្ធ​ជាមួយនឹង​អព្យាក្រឹតភាព​អចិន្រៃ្តយ៍​របស់​យើង​។ យើង​អត់​ត្រូវការ​ជ្រើសរើស​រវាង​​ចិន និង​អាមេរិក​។ យើង​អត់​ត្រូវការ​ជ្រើសរើស​ទេ ទោះបី​អ្នកឯង​បង្ខំ​ឱ្យ​ខ្ញុំ​ជ្រើសរើស​មួយ ក៏​ខ្ញុំ​អត់​ជ្រើសរើស​ដែរ​»​។ លោក​បន្ថែមថា​៖ «​យើង​អត់​ត្រូវការ​ជ្រើសរើស​វៀតណាម​ទៅ​ប្រឆាំង​ថៃ​ទៅ​ជ្រើសរើស​ថៃ​ប្រឆាំង​វៀតណាម ទៅ​ជ្រើសរើស​វៀតណាម​ប្រឆាំង​ចិន​ទៅ​ជ្រើសរើស​ចិន​ប្រឆាំង​វៀតណាម​គឺ​យើង​អត់​ជ្រើសរើស​ទេ​»​។


លោក ហ៊ុន សែន បញ្ជាក់​នៅក្នុង​ពិធី​នេះ​ថា ក្របខ័ណ្ឌ​នៃ​នយោបាយ​កម្ពុជា​គឺ​ដើរ​ស្រប​ជាមួយនឹង​នយោបាយ​របស់​អាស៊ាន ហើយ​គំនិត​ផ្តួចផ្តើម​ណាក៏ដោយ​នៅក្នុង​ក្របខ័ណ្ឌ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ ឬ​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​កម្ពុជា​ត្រូវ​ឈរលើ​គោលការណ៍​ ៣ ​យ៉ាង ដែល​កម្ពុជា​សម្រេច​ថា គាំទ្រ ឬ​មិន​គាំទ្រ​។ គោលការណ៍​ទី ​១ ​គឺ​ត្រូវតែ​បម្រើ​ដល់​សន្តិភាព និង​ការអភិវឌ្ឍ ​ទី​ ២ ​គឺ​មិន​ប្រឆាំងនឹង​ប្រទេស​ណាមួយ ទី​ ៣ ​ត្រូវតែ​គោរព​ឯកភាព និង​មជ្ឈភាព​របស់​អាស៊ាន​។


លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​។ រូបថត SPM

លោក​បាន​ប្រាប់​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ខែមីនា ថា ការដែល​លោក​គាំទ្រ​នូវ​គំនិត​ផ្តួចផ្តើម​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី និង​បើកចំហ​ដោយសារ​លោក​មាន​គោលការណ៍​របស់លោក ហើយ​អាស៊ាន​ក៏មាន​គំនិត​ផ្តួចផ្តើម​ស្តីអំពី​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់ខ្លួន ដែល​ឥឡូវនេះ​កំពុងតែ​រៀបចំ​ផែនការ​សកម្មភាព​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​អាស៊ាន​មិនអាច​ដើរ​គាំទ្រ​អ្នកនេះ ដើរ​គាំទ្រ​អ្នកនោះ​ដោយ​ភ្លេច​នូវ​អ្វី​ដែលជា​គោលការណ៍​របស់ខ្លួន​ដាក់ចេញ​នោះទេ​។ វា​ស្រប​នឹង​គោលជំហរ​របស់​កម្ពុជា​»​។

ក្នុងជំនួប​ជាមួយ​លោក Benton លោក ហ៊ុន សែន បញ្ជាក់ថា​កម្ពុជា​ចង់​ជំរុញ​កិច្ចសហប្រតិបត្តិការ​អាស៊ាន និង​អាមេរិក​ពីព្រោះ​វា​ពិតជា​មាន​សារៈសំខាន់​ណាស់​តាមរយៈ​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ​ក្នុង​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រវាង​អាស៊ាន និង​អាមេរិក​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​បន្ថែមទៀត​។

ខណៈ​ឆ្នាំនេះ គឺជា​ខួប​លើក​ទី​ ៤៥ ​ឆ្នាំ​នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា អាស៊ាន​-​អាមេរិក និង​ជា​ខួប​លើក​ទី​ ៧២ ​ឆ្នាំ​នៃ​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក ដែល​បានចាប់ផ្ដើម​នៅ​ឆ្នាំ​ ១៩៥០​។ លោក ហ៊ុន សែន អះអាងថា​៖ «​ទំនាក់ទំនង​ដែលមាន​រយៈពេល ៧២ ​ឆ្នាំនេះ​គឺ​បាន​ឈានដល់​កម្រិត​មួយ ដែល​មិន​ធ្លាប់មាន​ពីមុនមក​រវាង​ប្រទេស​ទាំង​ ២»​។

លោក​បានចាត់ទុក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ​២ បាន​ដំណើរការ​ល្អប្រសើរ ដែល​បានធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​កម្ពុជា និង​អាមេរិក កំពុងមាន​កំណើន​គួរឱ្យ​កត់សម្គាល់ និង​ចាត់ទុក​កិច្ចប្រជុំ​កំពូល​នេះ គឺជា​ឱកាស​ដ៏កម្រ​សម្រាប់​អាស៊ាន​-​អាមេរិក​ក្នុង​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​អាស៊ាន​-​អាមេរិក​។

លោក ហ៊ុន សែន ចង់ឃើញ​ទំនាក់ទំនង​រវាង​អាស៊ាន និង​អាមេរិក​ឈាន​ពី​ដៃគូ​យុទ្ធសាស្ត្រ​ទៅ​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដែលជា​ទំនាក់ទំនង​កម្រិត​កំពូល​មួយ​។

លោក យ៉ង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នា​ថ្ងៃទី​ ១២ ខែឧសភា​ថា គោលនយោបាយ​អព្យាក្រឹត​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា ដែល​អាចធ្វើឱ្យ​កម្ពុជា មាន​មិត្ត​ទូលំទូលាយ ប៉ុន្តែ​កន្លងមក​ដោយសារ​មានការ​ព្រួយបារម្ភ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា សហរដ្ឋអាមេរិក​បាន​ស្នើឱ្យ​កម្ពុជា​មានការ​កែលម្អ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នេះ​ ដើម្បី​ធ្វើឱ្យ​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង​ ២ កាន់តែ​ខិតជិត​ទៅរក​គ្នា​។

លោក​ថា​៖ «​នយោបាយ​ការបរទេស​មួយចំនួន​រវាង​កម្ពុជា​ជាមួយ​សហរដ្ឋ​-​អាមេរិក​ដូចជា​បញ្ហា​ឥទ្ធិពល​ចិន​នៅ​កម្ពុជា ឬក៏​នៅ​តំបន់​អាស៊ាន​អី​ជាដើម​អ៊ីចឹង ក៏​គេ​ចង់​ឃើញថា តើ​ធ្វើ​ម៉េច​ឱ្យ​នយោបាយ​អព្យាក្រឹត​ហ្នឹង វា​អាចធ្វើ​ឱ្យមាន​តុល្យភាព​ដែរ រវាង​ប្រទេស​ដែលមាន​ទំនាក់ទំនង​ការទូត​ ឬក៏​ប្រទេស​មហាអំណាច​ជាពិសេស​មហាអំណាច​នៅក្នុង​តំបន់​»​។

លោក​ គិម អេង ​បន្ត​​ថា​៖ «​អ៊ីចឹង ជាការ​ពិត​ដូច​សម្តេច​លោក​មានប្រសាសន៍ថា យើង​មិនអាច​ជ្រើសរើស​បាន [​រវាង​ចិន និង​អាមេរិក​] ព្រោះ​ប្រកាន់​នយោបាយ​អព្យាក្រឹត​។ បើសិន​យើង​អនុវត្ត​នយោបាយ​អព្យាក្រឹត​ហ្នឹង​បាន​ត្រឹមត្រូវ ហើយ​ធ្វើឱ្យ​កម្ពុជា​ហ្នឹង មិន​ធ្លាក់​ចូលទៅក្នុង​គ្រោះថ្នាក់​នៃ​ការ​ប្រជែង​នៅក្នុង​ភូមិសាស្ត្រ​នយោបាយ​ទេ​»៕