ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា កម្ពុជា​អាច​នឹង​ឈានទៅដល់​គ្រោះមហន្តរាយ​ដោយសារ​កូវីដ​ ១៩​ បើ​មិនមាន​វិធានការ​ទប់ស្កាត់​ត្រឹមត្រូវ ខណៈដែល​លោក​បាន​សាទរ​ជាថ្មី​ចំពោះ​ភាពល្អប្រសើរ​ចំពោះ​ស្ថានភាព​នៃ​ការឆ្លង​មេរោគ​កូវីដ-១៩​ដែល​ក្នុង​រយៈពេល​ ៥​ ថ្ងៃ​ជាប់​គ្នា កម្ពុជា​មិនមាន​តួលេខ​អ្នក​ឆ្លង​កូវីដ​ ១៩ ​ឡើយ​។


លោក​បាន​ថ្លែង​ដូចនេះ​នាឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា​ប្រមាណ​ជា​ ២​ ពាន់​នាក់ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នា​ថ្ងៃទី​ ១១ ខែឧសភា​។

លោក​មានប្រសាសន៍​ថា​៖ «​ការប្រយុទ្ធ​ជាមួយនឹង​មេរោគ​កូវីដ​ ១៩ ​មិនមែនជា​ការប្រយុទ្ធ​មួយ​ធម្មតា​ទេ តែ​ជាការ​ប្រយុទ្ធ​មួយ​ដ៏​តានតឹង​។ កម្ពុជា​នឹង​ធ្លាក់​ទៅក្នុង​មហន្តរាយ​ប្រសិនបើ​យើង​មិនមាន​វិធានការ​ត្រឹមត្រូវ ហើយ​ប្រជាពលរដ្ឋ​ចូលរួម​។ បើ​យើង​មាន​វិធានការ​ត្រឹមត្រូវ​ហើយ តែ​ប្រជាជន​មិន​ចូលរួម នោះ​ក៏​មិន​ជោគជ័យ​ដែរ​»​។

ការចូលរួម​អនុវត្ត​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល​តាមរយៈ​វិធានការ​សុខាភិបាល ៣ ​កុំ ៣​ ការពារ ជាពិសេស​ការទទួល​យក​វ៉ាក់សាំង​ដែលជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការផ្គត់ផ្គង់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ គឺជា​ជោគជ័យ​ដែល​កម្ពុជា​ទទួលបាន​ពី​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩​។

លោក​ថ្លែងថា ពេល​ចាប់​ផ្តើមដំបូង​នៃ​ការឆ្លង​មេរោគ​កូវីដ​ ១៩ មាន​ការមើលស្រាល​ពី​បរទេស​ខ្លះ​ ឬ​អ្នកយក​ព័ត៌មាន​ខ្លះ​អំពី​ភាពទន់ខ្សោយ​របស់​កម្ពុជា​ទៅលើ​ការគ្រប់គ្រង​កូវីដ​ ឬ​សមត្ថភាព​ឆ្លើយតប​របស់​កម្ពុជា​ដែល​គេ​និយាយថា​ប្រព័ន្ធ​សុខាភិបាល​របស់​កម្ពុជា​ទន់ខ្សោយ​។


លោក ហ៊ុន សែន ថា​៖ «​មកដល់ពេលនេះ​យើង​អាច​ធ្វើការ​សន្និដ្ឋានបាន​ហើយ​ថា ប្រព័ន្ធ​សុខាភិបាល​ជឿនលឿន​មិន​ប្រាកដថា​ឈ្នះ​កូវីដ​ទេ ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ​មិន​ប្រាកដថា​ចាញ់​កូវីដ​ដែរ​។ យើង​ឃើញ​ហើយ នៅ​សហរដ្ឋអាមេរិក គឺ​គេ​ចាត់ទុកថា​ជា​មហាអំណាច​បច្ចេកវិទ្យា​ក៏​ដូចគ្នា​នៅ​បារាំង អាល្លឺម៉ង់ និង​ប្រទេស​ដទៃទៀត តែមាន​មនុស្ស​ស្លាប់​ច្រើនណាស់​»​។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស បាន​ថ្លែង​ឱ្យដឹង​កាលពី​ថ្ងៃទី​ ១១ ខែឧសភា​ថា ថ្វីដ្បិតតែ​ស្ថានភាព​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩​ នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ ដែលជា​មោទនភាព​របស់​កម្ពុជា និង​ប្រជាជន​កម្ពុជា តែ​ក៏​មិនត្រូវ​ភ្លេចខ្លួន​ដែរ​។

លោកស្រី​ថា​៖ «​សម្តេចនាយក​រដ្ឋមន្ត្រី​តែងតែ​ធ្វើការ​ក្រើនរំឭក​ជារឿយៗ​ទៅដល់​ប្រជាពលរដ្ឋ​យើង​ដើម្បីឱ្យ​រៀន​រស់​ជាមួយនឹង​វត្តមាន​មេរោគ​កូវីដ​ ១៩ ​ដែល​បច្ចុប្បន្ននេះ​នៅលើ​សកលលោក​នៅមាន​ស្ថានភាព​ឆ្លង​នៅឡើយ​ទេ​» ​សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​យកចិត្ត​ទុកដាក់ និង​បន្ត​អនុវត្ត​នូវ​ការណែនាំ​ដ៏ខ្ពស់ខ្ពង់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដោយសារ​មេរោគ​នេះ​នៅតែមាន​ចរាចរណ៍​នៅឡើយ​»​។

លោកស្រី​ថា ការឆ្លង​រាតត្បាត​ជំងឺ​កូវីដ​ ១៩​ នៅលើ​ពិភពលោក បើ​ទោះបី​ជា​នៅតាម​ប្រទេស​ខ្លះ​មាន​ការថមថយ​ក៏ដោយ​តែ​មេរោគ​នេះ​នៅ នៅឡើយ​ទេ ដែលជា​ចំណុច​មួយ​ដែល​គ្រប់គ្នា​ត្រូវតែ​បន្ត​ការពារ​ខ្លួន ហើយ​មិនត្រូវ​ភ្លេចខ្លួន​ពី​មេរោគ​នេះ​ឱ្យសោះ​។ ការប្រកាន់ខ្ជាប់​នូវ​ការប្រុងប្រយ័ត្ន​នេះដែរ ទិសដៅ​តែមួយ​របស់​កម្ពុជា​គឺ​ចង់​រក្សា ដោយ​ធ្វើយ៉ាងណា​ត្រូវ​រួមគ្នា​ដើម្បី​រក្សា​និរន្តរភាព​នៃ​ការរស់នៅ​ធម្មតា​ក្នុង​ប្រក្រតីភាព​ថ្មី​ឱ្យបាន​យូរអង្វែង​។

លោកស្រី​ថា​៖ «​យើង​មិន​ចង់​វិល​ទៅរក​ភាព​សោកសៅ ការបិទខ្ទប់ ហើយក៏​មិន​ចង់​វិល​ទៅរក​ការឆ្លង​រាតត្បាត​ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយទៀត​ដែរ​។ ដូចនេះ​អ្វីដែល​សំខាន់​គឺ​ការរួម​គ្នា​ជា​កម្លាំង​ដោយមាន​ការទទួល​ខុសត្រូវ​របស់​បុគ្គល គ្រួសារ និង​សហគមន៍​នៅក្នុង​ការចេះ​រក្សាបាន ឬ​ការពារ​ខ្លួន​ពី​ការចម្លង​ជំងឺ​តម្កាត់ ពិសេស​ជំងឺ​កូវីដ​ ១៩»​។

ចាប់ពី​ថ្ងៃទី​ ៧ ដល់​ថ្ងៃទី​ ១១ ខែឧសភា កម្ពុជា​មិនមាន​ករណី​ឆ្លង​ថ្មី​នៃ​មេរោគ​កូវីដ​ ១៩ ​ឡើយ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​មោទនភាព​ពី​លទ្ធផល​ដ៏ល្អប្រសើរ​នៃ​មេរោគ​កូវីដ​ ១៩ ​នេះ ហើយ​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ​នៅក្នុង​មន្ទីរពេទ្យ​នៅ​ទូទាំង​ប្រទេស មាន​ជាង​ ២០ ​នាក់​ប៉ុណ្ណោះ​។ យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ១២ ខែឧសភា ឆ្នាំ​ ២០២២ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩​ សរុប​ទូទាំងប្រទេស​ចំនួន ១៣៦ ២៦២ ​នាក់ អ្នកជា​សះស្បើយ​សរុប​ចំនួន ១៣៣ ១៨៦ ​នាក់ និង​អ្នក​ស្លាប់មាន​ចំនួន ៣ ០៥៦ ​នាក់​៕