ភ្នំពេញៈ កិច្ចប្រជុំ​រក​ដំណោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ជា​លើក​ទី​ ១០ ដែល​រៀបចំ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពីថ្ងៃ​ទី ​១១ ខែឧសភា នៅតែ​មិនទាន់​ទទួលបាន​លទ្ធផល​វិជ្ជមាន​នៅឡើយ ខណៈ​តំណាង​ភាគី​កម្មករ និយោជិត នៅតែ​រក្សា​ជំហរ​ទាមទារ​ដដែល​ហើយ​ក្រុមហ៊ុន​ក៏​នៅតែ​បន្ត​ច្រានចោល​សំណើ​របស់​ពួកគេ​ដដែល​។


មិន​ខុសពី​សព្វដង​ក្រសួង​ការ​-​ងារ បន្ត​អញ្ជើញ​គូភាគី​វិវាទ មកជួប​ប្រជុំ​ដោះស្រាយ ដើម្បីឱ្យ​ភាគី ទាំង​ ២​ ចរចា​គ្នា និង​ផ្តល់​សម្បទាន​ឱ្យ​គ្នា​ទៅវិញទៅមក ដើម្បី​អាចឈាន​ទៅ​បញ្ចប់​ជម្លោះ​ដែល​អូសបន្លាយ​ជិត​កន្លះ​ឆ្នាំ​មកហើយ​នេះ​។ យ៉ាងណាមិញ កិច្ចប្រជុំ​ជា​លើក ទី​ ១០ ភាគី​ទាំង​ ២​ នៅតែ​មិនទាន់​រក​ចំណុចរួម​ឃើញ​នៅឡើយ​ទេ ខណៈ​ក្រសួង​ការងារ​បានកំណត់​កាលបរិច្ឆេទ​ប្រជុំ​លើក​ទី​ ១១ នៅ​ថ្ងៃទី​ ១៨ ​ឧសភា ដើម្បីឱ្យ​ភាគី​ទាំង​ ២ មានឱកាស​និយាយ​គ្នា​ឡើងវិញ​អំពី​លទ្ធភាព​នៃ​ការសម្បទាន​គ្នា​ទៅវិញ​ទៅមក​ដែល​អាច​ឈានទៅ​បញ្ចប់​វិវាទ​នេះ​។

សេចក្តី​ជូនដំណឹង​ស្តីពី​វឌ្ឍនភាព​នៃ​ការដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កាលពី​ថ្ងៃទី​ ១១ ខែឧសភា បានឱ្យ​ដឹងថា សម្រាប់​មតិ​របស់​សហជីព និង​តំណាង​ភាគី​កម្មករនិយោជិត នៅតែ​រក្សា​ជំហរ​ដដែល ដោយ​ស្នើឱ្យ​កម្មករនិយោជិត ២០០ ​នាក់ ដែល​បាន​បញ្ឈប់​ពី​ការងារ​ចូល​ធ្វើ​ការងារ​វិញ និង​ធ្វើការ​ដោះដូរ​ជាមួយ​កម្មករ​និយោជិត ដែល​កំពុង​បម្រើ​ការងារ​ហើយ​ស្ម័គ្រចិត្ត​លាឈប់ ជំនួស​ប្រហែល ៣០០ ​នាក់ និង​ធ្វើការ​ខែ​ទី​ ១ ចំនួន ៥០% និង​ខែ​ទី ​២ ចំនួន ៧០% រហូតដល់​មាន​វេន​ធ្វើ​ការងារ​ពេញ​វិញ​។

បន្ថែម​ពីនេះ តំណាង​សហជីព​មាន​ចម្ងល់​ចំពោះ​ការមិន​ព្រម​ទទួល​យក​កម្មករនិយោជិត​ចូល​ធ្វើការ​វិញ ខណៈ​ដែល​ក្រុមហ៊ុន​ខ្វះ​បុគ្គលិក និង​កំពុង​ជ្រើសរើស​បុគ្គលិក​។

សហជីព​សំណូមពរ​ក្រសួង​ការងារ​ផ្តល់​លិខិត​របស់​អធិការ​ការងារ​ស្តីពី​ការឯកភាព​លើ​ការបញ្ឈប់​ពី​ការងារ​រួម​របស់​កម្មករនិយោជិត​ចំនួន ១ ៣២៩ ​នាក់ ក្នុងនោះ មាន​ថ្នាក់ដឹកនាំ​សហជីព ប្រតិភូ​បុគ្គលិក សកម្មជន និង​សមាជិក​សហជីព​នាពេល​កន្លងមក​។ សហជីព​ស្នើសុំ​បើក​ការិយាល័យ​សហជីព​ដែល​ស្ថិតនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​ឡើងវិញ ដើម្បី​ធ្វើការ​ទំនាក់ទំនង​ការងារ​វិញ ដោយសារ​ម្ចាស់ផ្ទះ នៅតែ​បន្ត​ទាមទារ​ប្រាក់​ជួល​ផ្ទះ ដែល​មាន​ម៉ូតូ និង​សម្ភារ​ផ្សេងៗ​នៅក្នុង​នោះ និង​ស្នើសុំ​ទម្លាក់​រាល់​បទ​ចោទ​ទាំងអស់ ដល់​ថ្នាក់ដឹកនាំ និង​សមាជិក​ដែល​ត្រូវ​បាន​ចោទប្រកាន់​។


ចំណែកឯ​មតិ​របស់​តំណាង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​បញ្ជាក់ថា សំណើ​របស់​កម្មករនិយោជិត​ជា​សំណើ​ដដែលៗ ហើយ​ក្រុមហ៊ុន​មិនអាច​ទទួល​យក​អតីត​បុគ្គលិក​ប្រមាណ​ជិត ២០០ ​នាក់​នេះ ដែល​បាន​បញ្ឈប់​ពី​ការងារ​ឱ្យចូល​ធ្វើការ​វិញ​នោះទេ​។ តំណាង​ក្រុមហ៊ុន​ថា​៖ «​ចំនួន​បុគ្គលិក​ដែល​កំពុង​បំពេញ​ការងារ នៅតែ​លើសពី​ចំនួន​តម្រូវការ​ជាក់ស្តែង ហើយ​ចំពោះ​ការជ្រើសរើស​បុគ្គលិក​ថ្មី គឺ​សម្រាប់​បំពេញ​តំណែង​នៅក្នុង​ផ្នែក​ផ្សេង​ជំនួស​បុគ្គលិក​ដែល​បាន​លាឈប់​កន្លងមក ហើយ​ជា​តួនាទី និង​ផ្នែក​ដែល​មិន​ត្រូវបាន​កាត់បន្ថយ ដូចជា ផ្នែក​ព័ត៌មានវិទ្យា (IT) ឬ​ផ្នែក​ជំនាញ​កាមេរ៉ា ជាដើម​»​។

ឆ្លៀត​ក្នុងឱកាស​នេះ ក្រសួង​បញ្ជាក់​ផងដែរ​ថា បើទោះបី​ជា​មិនទាន់មាន​ការឯកភាព​គ្នា ក៏​ក្រសួង​នឹង​បន្ត​ខិតខំ​ធ្វើការ​សម្របសម្រួល និង​កំណត់​កាលបរិច្ឆេទ​ប្រជុំ​បន្តបន្ទាប់​ទៀត ស្របតាម​តួនាទី​ដែល​កំណត់ ដោយ​ច្បាប់​ក៏ដូចជា​ការទាមទារ​របស់​គូភាគី​។

ជាថ្មី​ម្តងទៀត ក្រសួង​ស្នើឱ្យ​ភាគី​ទាំង​ ២​ មាន​ការយោគយល់​គ្នា​ខ្ពស់​ក្នុង​ការចូលរួម​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នេះ បន្ត​សហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ភាគី​ពាក់ព័ន្ធ​ដោយ​សន្តិវិធី និង​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​។

យោងតាម​នីតិវិធី​ច្បាប់ ប្រសិនបើ​វិវាទ​ការងារ​នេះ​មិនអាច​ស្វែងរក​ដំណោះស្រាយ​បាន​ដោយ​ការផ្សះផ្សា​នីតិវិធី​បន្ទាប់​គឺអាច​បញ្ជូន​ទៅ​តុលាការ ដើម្បី​រក​ដំណោះស្រាយ​ចុងក្រោយ​។ ពាក់ព័ន្ធ​បញ្ហា​នេះដែរ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​សិទ្ធិ​ការងារ​ជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ រួមគ្នា​ដោះស្រាយ​វិវាទ​នេះ​ឱ្យបាន​ឆាប់​ចប់​ ដើម្បី​កុំ​ឱ្យមាន​បាតុភាព​ណាមួយ​កើតឡើង ដែល​អាច​ជះឥទ្ធិពល​ដល់​សង្គម ខណៈ​ស្ថាប័នរដ្ឋ​កំពុង​បន្ត​សម្របសម្រួល​ជូន​ភាគី​ទាំង ​២៕