ពោធិសាត់ ​ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​ ពោធិ​សាត់​ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​បុរស​ម្នា​ក់​នៅ​ថ្ងៃទី​២២​ឧសភា ​ឆ្នាំ​ ២០២២​ ក្រោយ​ចាប់​ខ្លួន​បាន​២​ថ្ងៃ​ ករណី​រំលោភ​ស្ត្រី​សតិ​មិន​គ្រប់​ម្នាក់​រហូត​មាន​ផ្ទៃពោះ​៦​ខែ​ដែល​កើត​ហេតុ​នៅ​ឃុំ​ លាច​ ស្រុក​ ភ្នំក្រវាញ​ ខេត្ត ពោធិ​សាត់​។​​


លោក​ប៉ុល​ ចំរើន​ នាយ​ការិយា​ល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ការពារ​អនីតិ​ជន ខេត្ត​ ពោធិ​សាត់​ឱ្យ​ដឹង​នៅ​ថ្ងៃទី​២២​ ឧសភា​ ថា​ បុរស​ឈ្មោះ​ សឿន​ ទី​ អាយុ​ ៥៤​ឆ្នាំ ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរ​នៃ​តុលាកា​រ​ខេត្ត​ពោធិ​សាត់​សម្រេច​ចេញ​ដីកា​ឃុំ​ក្នុង​ពន្ធនា​គារ​ហើយ​នៅ​ថ្ងៃទី​២២​ ឧសភា​។​ បុរស​ម្នាក់​នេះ​ត្រូវ​បាន​សមត្ថ​កិច្ច​របស់​លោក​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី​២០​ ឧសភា ​ឆ្នាំ ​២០២២​នៅ​ក្នុង​ឃុំ​លាច​ ស្រុក​ភ្នំក្រវាញ​ ទី​ដែល​ជន​សង្ស័យ​កំពុង​រស់​នៅ​។​​

លោក​ថ្លែង​ថា​៖«​ តំណាង​អយ្យការ​បាន​ចោទ​ជន​ឈ្មោះ ​សឿន​ ទី ​បទ ​រំលោភ​សេព​សន្ថវៈ​មាន​ស្ថាន​ទម្ងន់​ទោស​ទាក់ទង​ជនរង​គ្រោះ​តាម​មាត្រា​២៤១​នៃ​ក្រមព្រហ្ម​ទណ្ឌ​។ ​បន្ទាប់​មក​ចៅក្រម​ស៊ើប​សួរ​សម្រេច​ចេញ​ដីកា​ឃុំ​តាម​ការ​ស្នើ​សុំ​របស់​តំ​ណា​អយ្យ​ការ​»​។​

បើ​តាម​បញ្ញត្តិ​មាត្រា​២៤១​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​នេះ ​បើសិន​តុលា​ការ​រកឃើញ​ថា ​ ជន​ត្រូវ​ចោទ​ពិតជា​បាន​ប្រព្រឹត្ត​មែន​នោះ ​នឹង​ត្រូវ​ជាប់​ពន្ធ​នា​គា​រ​ពី​៧​ទៅ​១៥​ឆ្នាំ។​


លោក​ ហ៊ុន ​ចាន់​ធា នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ ​នៃ​ អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ភ្នំក្រវាញ ប្រាប់​នៅ​ថ្ងៃទី​២២ ​ឧសភា​ តាម​ពាក្យ​បណ្តឹង​របស់​ម្តាយ​នារី​រងគ្រោះ ​ថា​ ស្ត្រី​រងគ្រោះ​ឈ្មោះ​ម​.​ត​ អាយុ​៣០​ត្រូវ​បាន​ជន​សង្ស័យ​ឈ្មោះ ​សឿន​ ទី​ រស់​នៅ​ក្នុង​ឃុំ​ លាច ជាមួយ​គ្នា​ចាប់​នាង​រំលោភ​រហូត​មាន​ផ្ទៃ​ពោះ​៦​ខែ​ហើយ​ដែល​នាង​ក៏​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់​ដែរ​។​ ចំពោះ​ដើម​ហេតុ​នៃ​រឿង​នេះ​ គឺ​កា​ល​ពី​អំឡុង​ខែ​ធ្នូ ​ឆ្នាំ ​២០២១​ជន​រង​គ្រោះ​បាន​ទៅ​ឃ្វាល​ក្របី​ហើយ​ត្រូវបាន​ជន​សង្ស័យ​ចាប់​រំលោភ​នៅ​ក្នុង​ព្រៃ​របោះ​តាម​វាល​ស្រែ​បាន​សម្រេច​ចំនួន​២​ដង​តែ​ដោយ​សារ​ស្ត្រី​រងគ្រោះ​មាន​សតិ​មិន​គ្រប់​ក៏​មិនបាន​ប្រាប់​ឪពុក​ម្តាយ​ឱ្យ​ដឹង​។​


លោក​បន្តថា​ លុះ​នៅ​ថ្ងៃទី​២០​ ឧសភា ​ឆ្នាំ ​២០២២​ ដោយ​សារ​តែ​ស្ត្រី​រងគ្រោះ​មាន​អាការ​មិន​ស្រួល​ខ្លួន​ហើយ​ពោះ​របស់​នាង​ខុសប្លែក​ពី​ធម្មតា​ផង​នោះ​ម្តាយ​របស់​នាង​បាន​ហៅ​សួរ​។ ​ពេល​នោះ​ស្ត្រី​រងគ្រោះ​បាន​ប្រាប់​ម្តាយ​ថា ​បុរស​ឈ្មោះ​សឿន​ ទី​ បាន​ចាប់​នាង​រំលោភ​ពេល​ពេល​នាង​ទៅ​ឃ្វាល​ក្របី​នៅ​វាលស្រែ​។​ បន្ទាប់​ពី​ឮ​កូន​ស្រី​ប្រាប់​ដូ​ច​នេះ​ស្ត្រី​ជា​ម្តាយ​បានមក​ប្តឹង​នៅ​ប៉ុស្តិ៍​ន​គរ​បាល​ឃុំ​លាច​ហើយ​សមត្ថ​កិច្ច​របស់​លោក​បាន​ដឹក​ស្ត្រី​រងគ្រោះ​ទៅ​ធ្វើ​កោសល្យ​វិច័យ​នៅ​មន្ទី​រ​ពេទ្យ​បង្អែក​ស្រុក​ភ្នំក្រវាញ​ក៏ត្រូ​វ​ លោក​គ្រូ​ពេទ្យ​ប្រាប់​ថា ​ជន​រងគ្រោះ​មាន​ផ្ទៃ​ពោះ​៦​ខែ​ហើយ​។​

បើ​តាម​លោក​ ហ៊ុន​ ចាន់​ធា​ ក្រោយ​ពី​ទទួល​បាន​លិខិត​ពេទ្យ និង​ក្រោយ​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​របស់​ម្តាយ​ស្ត្រី​រងគ្រោះ​មក ​កម្លាំង​នគរ​បាល​ស្រុក​ភ្នំក្រវាញ​បាន​ចុះ​ឃាត់​ខ្លួន​ជ​ន​សង្ស័យ​ឈ្មោះ​សឿន ​ទី​ នៅ​ថ្ងៃទី​២១​ ឧសភា​ ឆ្នាំ​ ២០២២​តែម្ត​ង​។ ជន​សង្ស័យ​ឈ្មោះ​សឿន​ ទី​ បាន​ឆ្លើយ​ប្រាប់​សមត្ថ​កិច្ច​របស់​លោក​ថា​ គាត់​ពិតជា​បាន​ចាប់​ស្ត្រី​រងគ្រោះ​រំលោភ​សេពសន្ថ​វៈ​ពិត​ប្រាកដ​មែន​តែ​បាន​២​ដង​ប៉ុណ្ណោះ​។ ក្រោយ​ទទួល​បាន​ចម្លើយ​សារភាព​មក​ កម្លាំង​ជំនាញ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​សង្ស័យ​បន្ត​ទៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនី​តិជន​ខេត្ត​ ពោធិ​សាត់​នៅ​ថ្ងៃទី​២១ ​ឧសភា​​៕​