ភ្នំពេញៈ នៅ​ថ្ងៃទី​ ៤-៥ ខែមិថុនា ខាងមុខ រាជរដ្ឋាភិបាល​បាន​ប្រកាស​ឱ្យ​ផ្អាក​ការលក់ដូរ និង​ពិសា​គ្រឿង​ស្រវឹង ដែល​ត្រូវ​នឹង​ថ្ងៃ មុន​ថ្ងៃ​បោះឆ្នោត និង​ចំ​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ ដើម្បីឱ្យ​ដំណើរការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គ្មាន​អំពើ​ហិង្សា​។


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើការ​ហាម​ដូចនេះ​តាមរយៈ​សេចក្តី​ណែនាំ​នា​ថ្ងៃ​ទី​ ២០ ខែឧសភា ដោយ​លោក​លើកឡើង​ថា កន្លងទៅ​រាជរដ្ឋាភិបាល​បាន​សង្កេតឃើញ​ការពិសា​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ភាគច្រើន​អាច​បង្កឱ្យមាន​អំពើ​ហិង្សា គ្រោះថ្នាក់​ចរាចរណ៍ គ្រោះថ្នាក់​សង្គម ការប្រព្រឹត្ត​បទល្មើស​នានា ឬ​ករណីខ្លះ​អាច​បណ្តាល​ឱ្យ​បាត់​សណ្តាប់ធ្នាប់​សាធារណៈ​ថែម​ទៀតផង​។

លោក​បញ្ជាក់ថា​៖ «​ការផ្អាក​លក់​ និង​ពិសា​គ្រឿង​ស្រវឹង​នេះ គឺ​ដើម្បីឱ្យ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​ ៥​ នេះ​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គ្មាន​អំពើហិង្សា គ្មាន​ការគំរាម​កំហែង គ្មាន​ការបំភិតបំភ័យ និង​គ្មាន​បាតុភាព​នានា ដែល​អាច​កើតមាន​ឡើង ដោយសារ​តែ​ការ​ពិសា​គ្រឿង​ស្រវឹង​នេះ​»​។

លោក​ ហ៊ុន សែន ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ និង​ជនបរទេស​ទាំងអស់​ដែល​រស់នៅក្នុង​ប្រទេស​កម្ពុជា ត្រូវ​រួមសហការ​ជាមួយ​រាជរដ្ឋាភិបាល កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(​គជប​) និង​គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​គ្រប់​លំដាប់​ថ្នាក់ ពាណិជ្ជករ​និង​អាជីវករ ដោយ​ត្រូវ​ផ្អាក​ការលក់ដូរ និង​ពិសា​គ្រឿង​ស្រវឹង​ ២ ​ថ្ងៃ គឺ​ថ្ងៃទី​ ៤ និង​ថ្ងៃទី​ ៥ ខែមិថុនា​។


លោក​ក៏បាន​ណែនាំ​ឱ្យ​ក្រសួង ស្ថាប័ន កងរាជ​អាវុធហត្ថ កង​នគរបាលជាតិ រួមជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គ្រប់លំដាប់​ថ្នាក់​ត្រូវ​ធ្វើការ​បំពាក់​បំប៉ន​ដល់​មន្ត្រី​រាជការ​ក្រោម​ឱវាទ និង​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​ផ្សព្វផ្សាយ អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ទាំងអស់​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឱ្យ​អនុវត្ត​ផ្អាក​ការលក់ និង​ពិសា​គ្រឿង​ស្រវឹង​នេះ​ផងដែរ​។


លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ប្រាប់​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក​ ខៀវ កាញារីទ្ធ ត្រូវ​សហការ​ជាមួយ គ.ជ.ប. និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​នេះ តាម​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ និង​ឯកជន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ជនបរទេស ពាណិជ្ជករ អាជីវករ មន្ត្រីរាជការ និង​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ឱ្យបាន​យល់​ជ្រួតជ្រាប និង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​។

លោក​ សោម សូរីដា អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២២ ឧសភា ថា គ.ជ.ប. មិនអាច​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បានទេ គឺមាន​តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច ក្នុងនោះ​មាន​ក្រសួងមហាផ្ទៃ ក្រសួង​ព័ត៌មាន និង​ក្រសួង-​ទូរគមនាគមន៍​។

លោក​ថ្លែងថា​៖ «​ពួកគាត់​មាន​សមត្ថកិច្ច​ក្នុង​ការ​គ្រប់គ្រង​ការផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។ ដូចនេះ បើ​យើង​ពិនិត្យ​ជាទូទៅ​កន្លងមក យើង​ឃើញ​មាន ការផ្សព្វផ្សាយ​នៅតាម​បណ្តាញ​-​សង្គម​នូវ​ការប្រើប្រាស់​ពាក្យ​អសីលធម៌ រូបភាព​ប្រមាថ​ផ្សេងៗ ដែល​ផ្ទុយ​នឹង​បញ្ញត្តិ​ចែង​ក្នុង​មាត្រា​ ៧១»​។

លោក​ ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បាន​ផ្ញើលិខិត​ជូន​លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈបញ្ជាការ​សន្តិសុខ​អចិន្រៃ្តយ៍ សម្រាប់​ការបោះឆ្នោត ស្នើសុំ​កិច្ចសហការ ពិនិត្យ និង​ចាត់វិធានការ​ទៅតាម​ច្បាប់​ជា​ធរមាន​។

លោក ​ទេព នីថា លើកឡើង​ថា​៖ «​ដើម្បី​ធានា​ឱ្យ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​- សង្កាត់​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ ប្រកប​ដោយ​បរិយាកាស​ស្ងប់ស្ងាត់ មាន​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ គ្មាន​អំពើហិង្សា គ្មាន​ការ​គំរាមកំហែង គ្មាន​ការបំភិតបំភ័យ គ.ជ.ប. ស្នើសុំ​កិច្ចសហការ​ពី​លេខាធិការដ្ឋាន​នៃ​គណៈ​បញ្ជាការ​សន្តិសុខ អចិន្រៃ្តយ៍​សម្រាប់​ការបោះឆ្នោត ពិនិត្យ និង​ចាត់​វិធានការ​តាម​សមត្ថកិច្ច និង​តាម​ច្បាប់​ជា​ធរមាន​»​។

គួរ​បញ្ជាក់ថា កម្ពុជា​បានកំណត់​យក​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២២ ជា​កាលបរិច្ឆេទ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​ ៥​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​សម្រាប់​រៀបចំ​ការបោះឆ្នោត​នេះ​ផងដែរ​។

លោក​ នេត សាវឿន ធ្លាប់​ណែនាំ​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត ថា​៖ «​អគ្គស្នងការដ្ឋាន​នគរបាលជាតិ សូម​ធ្វើការ​ណែនាំ​ដល់​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ខេត្ត​ទាំងអស់ ត្រូវ​យកចិត្ត​ទុកដាក់​ពង្រឹង​សមត្ថភាព​កម្លាំង​ប្រជា​ការពារ​ឱ្យមាន​គុណភាព​ និង​លទ្ធភាព​សមស្រប​ជា​កម្លាំង​ជំនួយ​ក្នុង​ការរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​»៕