ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបន្តអំពាវនាវដល់ពលរដ្ឋដែលរស់នៅកណ្ដាលរាជធានីភ្នំពេញឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីចូលរួមកាត់បន្ថយការខ្វះខាតទឹកនៅតំបន់ភាគខាងលិច និងខាងត្បូងជាយរាជធានីភ្នំពេញ ខណៈពលរដ្ឋប្រមាណ ៤ ម៉ឺន គ្រួសារនៃតំបន់នេះមិនមានទឹកប្រើប្រាស់គ្រប់គ្រាន់។
តាមវីដេអូមានរយៈពេលជាង ៩ នាទី របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែលបានផ្សព្វផ្សាយបន្តលើហ្វេសប៊ុក លោក នាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលបានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅកណ្ដាលរាជធានីភ្នំពេញឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃនេះបានបញ្ជាក់ថា៖ «នៅមុនរដូវវស្សាមកដល់ គេសង្កេតឃើញថា តម្រូវការនៃការប្រើប្រាស់ទឹកស្អាត គឺមានការកើនឡើងជាលំដាប់ និងការបើកប្រើប្រាស់ទឹកតាមផ្ទះនីមួយៗ ស្របពេលតែមួយដែលធ្វើឱ្យលំហូរនៃសម្ពាធទឹក គឺពុំអាចស្មើគ្នានោះទេ»។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបញ្ជាក់ថា ស្ថិតក្នុងបរិបទមួយ ដែលរាជធានីភ្នំពេញជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាមានកំណើនសេដ្ឋកិច្ចសង្គមយ៉ាងលឿនក្នុងនោះ កំណើនប្រជាពលរដ្ឋកើនឡើងជាបន្តបន្ទាប់ និងផ្ទៃសេវាផ្គត់ផ្គង់ទឹកកាន់តែធំទៅៗ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសូមការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋមួយចំនួនចំពោះការថមថយនៃសម្ពាធទឹក និងខ្វះទឹកប្រើប្រាស់។
លោក ឡុង ណារ៉ូ អគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញថ្លែងតាមរយៈវីដេអូនេះថា លោកពិនិត្យឃើញថា ការងារផ្គត់ផ្គង់ទឹកស្អាត គឺបានធ្វើការផ្គត់ផ្គង់ សំដៅធានាគ្រប់គ្រងធ្វើម៉េចឱ្យការផលិត ដែលមានបច្ចុប្បន្ននេះធានា ២៤ ម៉ោងលើ ២៤ ម៉ោងនៃការផលិតទឹកជូនដល់ប្រជាជន ខណៈរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញមានរោងចក្រផលិតទឹកចំនួន ៤ ទីតាំង។ បច្ចុប្បន្ន រោងចក្រផលិតទឹកស្អាតបាក់ខែង ដែលជារោងចក្រមួយថ្មីបាននិងកំពុងដំណើរការសាងសង់យ៉ាងសកម្ម ដែលគិតមកដល់ពេលនេះគឺសម្រេចបានជាង ៦០ ភាគរយ ក្រោយពីបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១។
លោកលើកឡើងថា ក្នុងបរិបទកូវីដ ១៩ រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញក៏ទទួលរងនូវឥទ្ធិពលនេះដែរ ហើយនៅរដូវប្រាំងកម្ពស់ទឹកទន្លេបានស្រកចុះទាបជាងសព្វដងធ្វើឱ្យការផលិតទឹក ការប្រើប្រាស់ទឹកមានអតុល្យភាពរវាងគ្នា ដោយការផ្គត់ផ្គង់ទឹកអាចមានការខុសគ្នានៃសម្ពាធទឹកខ្លាំង ឬខ្សោយ នៅពេលដែលអតិថិជន សម្រុកប្រើប្រាស់ក្នុងពេលតែមួយ។
លោក ឡុង ណារ៉ូ បញ្ជាក់ថា៖ «ទោះជាយ៉ាងណាក៏ដោយ គឺរដ្ឋាករទឹកក្រុងភ្នំពេញបានខិតខំប្រឹងប្រែងពង្រីកជាពិសេស គិតគូរដល់តំបន់ដែលខ្វះទឹកនៅតំបន់ជាយក្រុងនេះ។ យើងបានដោះស្រាយនៅតំបន់សំខាន់ៗបានច្រើនហើយជាពិសេសនៅតំបន់ខាងលិច និងខាងត្បូងរាជធានីភ្នំពេញ»។ លោកបន្តថា៖ «តំបន់កំបូល (ខណ្ឌកំបូល) ដែលរយៈពេល ៥ ឆ្នាំមកហើយមិនដែលមានទឹកប្រើប្រាស់ទេ ទោះបីមានបណ្ដាញទឹករួចរាល់ហើយក៏ដោយ ប៉ុន្ដែបច្ចុប្បន្ននេះទឹកបានទៅដល់តំបន់កំបូលហើយកាលពីមុនចូលឆ្នាំ ២០២២»។
បើតាមលោក ណារ៉ូ នៅតំបន់ឈូកវ៉ា ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ ) ក៏រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញបានរៀបចំរួចរាល់ហើយដែរ ដោយសារតំបន់ឈូកវ៉ា និងឈូកវ៉ា ២ នេះ កន្លងមកមិនមានទឹកប្រើប្រាស់ទេ ពិសេសនៅក្នុងតំបន់បូរី។ ប៉ុន្ដែឥឡូវ គឺមានទឹកប្រើប្រាស់គ្រប់គ្រាន់។
លោកថ្លែងថា៖ «សូមជម្រាបជូនថា នៅក្នុងរាជធានីភ្នំពេញក្នុងពេលបច្ចុប្បន្ននេះ សមត្ថភាពផលិតទឹកស្អាតយើង គឺមានប្រមាណ ៦ សែនម៉ែត្រគុបទេ ក្នុង ១ ថ្ងៃ ហើយដើម្បីឆ្លើយតបទៅនឹងការប្រើប្រាស់ គឺយើងត្រូវការទឹកប្រមាណ ៨ សែនម៉ែត្រគុបក្នុង ១ ថ្ងៃ។ អ៊ីចឹង យើងខ្វះប្រមាណ ២ សែនម៉ែត្រគុប ក្នុង ១ ថ្ងៃ»។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅកណ្ដាលរាជធានីភ្នំពេញ ចូលរួមធ្វើការសន្សំសំចៃទឹកទាំងអស់គ្នា ក្នុងរយៈពេលរដូវប្រាំង ឆ្នាំ ២០២២ នេះ និងរដូវប្រាំងឆ្នាំ ២០២៣។ លោកថា៖ «ក្រោយឆ្នាំ ២០២៣ យើងនឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់»។
រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ក៏សូមការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋប្រមាណ ៤ ម៉ឺនគ្រួសារ ដែលរស់នៅប៉ែកខាងលិចរាជធានីភ្នំពេញ ដែលក្នុងនោះ មានភូមិខ្លះនៃសង្កាត់ភ្លើងឆេះរទេះ សង្កាត់ឃ្មួញ សង្កាត់ក្រាំងធ្នង់ សង្កាត់គោករកា សង្កាត់កន្ទោក សង្កាត់ស្នោ សង្កាត់ត្រពាំងក្រសាំង និងសង្កាត់សំរោងក្រោម ចំពោះ ការថមថយនៃសម្ពាធទឹក និងខ្វះទឹកប្រើប្រាស់។
លោក ហេង រដ្ឋា ពលរដ្ឋម្នាក់រស់នៅខណ្ឌពោធិ៍សែនជ័យ បង្ហាញការត្រេកអរ ក្រោយទទួលដំណឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកំពុងរៀបចំឱ្យភូមិមួយចំនួននៅតំបន់នេះមានទឹកប្រើប្រាស់គ្រប់គ្រាន់ក្នុងឆ្នាំ ២០២២ នេះ ខណៈកន្លងមក នៅតំបន់របស់លោកសម្ពាធទឹកខ្សោយ មានការលំបាកក្នុងការប្រើប្រាស់។
ចំណែកពលរដ្ឋម្នាក់ទៀតរស់នៅបូរី ១ កន្លែង ក្នុងខណ្ឌកំបូល លោក ផុន រ៉ាឌី បានឱ្យដឹងថា៖ «ពេលដល់ម៉ោងគេប្រាប់ឱ្យបើកទឹកប្រើប្រាស់ពលរដ្ឋខ្លះ គាត់បើកទឹកយកមកស្ដុកទុកក្នុងធុងបម្រុងសម្រាប់ទុកប្រើប្រាស់។ ប៉ុន្ដែពលរដ្ឋរស់នៅបុរីខ្លះទៀតក្នុងតំបន់នេះ យើងប្រើប្រាស់ទឹកអណ្ដូងពេលព្រឹកឡើងម៉ោង ៦ ព្រឹក គេនឹងបើកទឹកឱ្យយើងប្រើប្រាស់ហើយ»៕
វីដេអូ៖