កំពង់ធំៈ រដ្ឋមន្ដ្រីក្រសួង​យុត្ដិធម៌ លោក​ កើត រិទ្ធ ណែនាំ​ដល់​ចៅក្រម​គ្រប់រូប គប្បី​សាកល្បង​ជួយ​សម្របសម្រួល និង​ផ្សះផ្សា​រវាង​គូភាគី​ជម្លោះ ដើម្បី​អាច​បញ្ចប់​វិវាទ​នៅក្នុង​សំណុំរឿង​ក្តី​នានា មុន​នឹង​ឈានទៅដល់​ការសម្រេច​សេចក្តី​តាមរយៈ​ការ​ចេញ​នូវ​សាលក្រម ឬ​សាលដីកា ប៉ុន្តែ​ការសម្រប​សម្រួល និង​ការផ្សះផ្សា​នេះ​មិនត្រូវ​យកមក​អនុវត្ត​ចំពោះ​រឿងក្តី​ព្រហ្មទណ្ឌ​ឡើយ​។


លោក កើត រិទ្ធ បាន​ថ្លែង​បែបនេះ ក្នុង​ពេល​ធ្វើជា​អធិបតី ពិធី​ប្រកាស​តែងតាំង និង​ចូលកាន់​តំណែង​ជា​ផ្លូវការ​របស់​លោក ផូង វណ្ណ ប្រធាន​សាលាដំបូង​ខេត្តកំពង់ធំ ជំនួស លោក​ លាង សួគ៌ ដែល​ត្រូវបាន​តែងតាំង​ជា​សមាជិក​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​កាលពី​ថ្ងៃទី ​២៤​ ឧសភា នៅ​សាលាដំបូង​ខេត្ដ​កំពង់ធំ​។

លោក​បាន​ថ្លែងថា បច្ចុប្បន្ន​ក្រសួង​យុត្តិធម៌​បាននិង​កំពុង​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការរៀបចំ ទាំង​ក្របខ័ណ្ឌ​គោលនយោបាយ និង​ក្របខ័ណ្ឌ​ច្បាប់ ដើម្បី​លើកកម្ពស់​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ តាមរយៈ​សន្ធានកម្ម និង​ការ​បង្កើត​វិជ្ជាជីវៈ​សន្ធានការី ដើម្បី​បំពេញ​តួនាទី និង​ភារកិច្ច​ក្នុងការ​សម្របសម្រួល​ដោះស្រាយ​ចំពោះ​វិវាទ​មួយចំនួន​ស្របតាម​ច្បាប់ និង​បទប្បញ្ញត្តិ​ជា​ធរមាន​សំដៅ​កាត់បន្ថយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលា​ជម្រះក្តី និង​ការ​បង្ខិត​យន្តការ​ដោះស្រាយ​វិវាទ​ឱ្យ​កាន់តែ​ទៅ​កៀក​ប្រជាជន ព្រមទាំង​ពង្រឹង​សុខដុមរមនា​នៅក្នុង​សហគមន៍ និង​មូលដ្ឋាន​។

លោក​បញ្ជាក់ថា​៖ «​ចៅក្រម​គ្រប់រូប គប្បី​សាកល្បង​ជួយ​សម្របសម្រួល និង​ផ្សះផ្សា​រវាង​គូភាគី ដើម្បី​អាច​បញ្ចប់​វិវាទ​នៅក្នុង​សំណុំរឿង​ក្តី​នានា មុន​នឹង​ឈានទៅ​ការសម្រេច​សេចក្តី​តាមរយៈ​ការចេញ​នូវ​សាលក្រម​ ឬ​សាលដីកា ប៉ុន្តែ​ការសម្របសម្រួល និង​ការផ្សះផ្សា​នេះ​មិន​ត្រូវ​យក​មក​អនុវត្ត​ចំពោះ​រឿងក្តី​ព្រហ្មទណ្ឌ​ឡើយ​»​។

ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ និង​បង្កើន​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា ក៏ដូចជា ការការពារ និង​លើកកម្ពស់​សេចក្តី​ថ្លៃថ្នូរ និង​កេរ្តិ៍ឈ្មោះ​របស់​ចៅក្រម ព្រះរាជអាជ្ញា និង​មន្ត្រី​តុលាការ​ផ្សេងទៀត លោក​រដ្ឋមន្ត្រី​បាន​បន្ត​ណែនាំ និង​ផ្តាំផ្ញើ​ដល់​លោក ផូង វណ្ណ ដែល​ត្រូវ​ចូលកាន់​មុខតំណែង​ជា​ប្រធាន​សាលាដំបូង​ខេត្ត​កំពង់ធំ​នាពេលនេះ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សេចក្តី​ប្តេជ្ញាចិត្ត​របស់ខ្លួន​ឱ្យបាន​ម៉ឺងម៉ាត់​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ដូចដែល​បាន​ធ្វើការ​ប្តេជ្ញាចិត្ត​ក្នុង​ពិធី​ចូលកាន់​តំណែង​នេះ​។


លោក​ កើត រិទ្ធ សង្ឃឹមថា លោក ផូង វណ្ណ នឹង​បន្ត​ខិតខំ​យកចិត្ត​ទុកដាក់​ក្នុងការ​បំពេញ​ភារកិច្ច​របស់ខ្លួន​ក្នុង​ការដឹកនាំ​សាលាដំបូង​ខេត្ត​កំពង់ធំ​ឱ្យមាន​ការរីកចម្រើន ព្រមទាំង​ការ​បម្រើសេវា​យុត្តិធម៌​ឱ្យ​កាន់តែ​ល្អប្រសើរ ហើយ​ជាពិសេស ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យបាន​កាន់តែ​ល្អប្រសើរ ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់​ក្នុង​ស្មារតី​គោរព​គ្នា​ទៅវិញ​ទៅមក ដោយ​ផ្អែក​តាម​តួនាទី និង​ភារកិច្ច​ដែល​ច្បាប់​ប្រគល់ឱ្យ​រៀងៗ​ខ្លួន និង​ដោយ​ប្រកាន់​ឱ្យបាន​ហ្មត់ចត់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ ឧត្តមគតិ​ជាតិ និង​ភាពស្មោះត្រង់ ដើម្បី​បម្រើ​ឱ្យ​វិស័យ​យុត្តិធម៌ និង​បម្រើឱ្យ​ប្រជាជន​កម្ពុជា​។

លោក​ អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ​បាន​ថ្លែងថា ការណែនាំ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នេះ គឺជា​រឿង​ល្អ​ចំពោះ​សំណុំរឿង​រដ្ឋប្បវេណី​នានា​។

លោក​បាន​ថ្លែងថា​៖ «​ព្រោះ​ប្រសិនបើ​ចៅក្រម​គ្រប់រូប​អាច​ធ្វើការ​សាកល្បង​សម្របសម្រួល និង​ផ្សះផ្សា​រវាង​គូភាគី​ក្នុង​សំណុំរឿង​រដ្ឋប្បវេណី ដោយ​តម្លាភាព និង​យុត្តិធម៌ ហើយ​គូភាគី​ស្រុះស្រួល​គ្នា និង​ទទួល​យក គឺអាច​កាត់បន្ថយ​ការយក​ចាញ់​យកឈ្នះ​គ្នា កាត់បន្ថយ​ការ​ចងគំនុំ​គ្នា រស់នៅ​ជាមួយ​គ្នា​ដោយ​ភាពសុខដុមរមនា​ក្នុង​សហគមន៍ ហើយក៏​ជា​គំរូ​ដើម្បី​កាត់បន្ថយ​សំណុំរឿង​នៅតាម​តុលាការ​ ដោយសារ​ពួកគាត់​អាច​ធ្វើការ​ចរចា សម្រុះសម្រួល​គ្នា មុននឹង​សម្រេចចិត្ត​ប្តឹង​ទៅ​តុលាការ​»៕