កោះកុងៈ អាជ្ញាធរ​ខេត្តកោះកុង​កំណត់​យក​ទីតាំង​សំខាន់ៗ​ចំនួន​ ៤ ​សម្រាប់​ដំឡើង​ផ្ទាំង​ប៉ាណូ ក្រោម​ប្រធានបទ “​តំបន់​គ្មាន​ការប្រើប្រាស់​ប្លាស្ទិក​” សំដៅ​ផ្សព្វផ្សាយ​ជូន​ដល់​សាធារណជន​ឱ្យ​មាន​ការយល់ដឹង​ពី​ការទប់ស្កាត់ និង​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​ក្នុង​ភូមិសាស្ត្រ​ខេត្តកោះកុង​។ នេះ​បើតាម​លោក​ សុខ សុទ្ធី អភិបាលរង​ខេត្តកោះកុង​។


លោក​ សុខ សុទ្ធី អភិបាលរង​ និង​ជា​អ្នកនាំពាក្យ​ខេត្តកោះកុង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៥ ខែឧសភា ថា តាមរយៈ​កិច្ចប្រជុំ​នា​ថ្ងៃទី​ ២៤ ឧសភា រដ្ឋបាល​ខេត្តកោះកុង បាន​ពិភាក្សា​ស្តីពី​សំណើសុំ​ទីតាំង​រៀបចំ​ដាក់​ដំឡើង​ផ្ទាំង​ប៉ាណូ ក្រោម​ប្រធានបទ “​តំបន់​គ្មាន​ការប្រើប្រាស់​ប្លាស្ទិក​”​។ ជា​លទ្ធផល កិច្ចប្រជុំ​បានសម្រេច​ឯកភាព​កំណត់​យក​ទីតាំង​សម្រាប់​ដំឡើង​ប៉ាណូ​ចំនួន ​៤ ​ទីតាំង រួមមាន ទីតាំង​ទី​ ១ នៅ​សហគមន៍​អេកូទេសចរណ៍​ជីផាត ទីតាំង​ទី​ ២ នៅ​សហគមន៍​ទេសចរណ៍​អារ៉ែង ទីតាំង​ទី ​៣ នៅ​សហគមន៍​ទេសចរណ៍​តាតៃ និង ទីតាំង​ទី​ ៤ នៅ​វត្ត​ប៉ាក់ខ្លង​។

លោក​អភិបាលរង​ឱ្យដឹងថា ការដំឡើង​ផ្ទាំង​ប៉ាណូ​នេះ​ធ្វើឡើង​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ដូរ​ឥរិយាបថ​ពី​ការប្រើប្រាស់​ប្លាស្ទិក​មកប្រើប្រាស់​របស់របរ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន ឬ​អាច​កែច្នៃ​ប្រើប្រាស់​ឡើងវិញ​បាន ជាពិសេស​អប់រំ​កុំឱ្យ​មានការ​បោះចោល​ប្លាស្ទិក​ចូលទៅក្នុង​ទឹក ជាពិសេស​ទឹកសមុទ្រ​។ ផ្ទាំង​ប៉ាណូ​មាន​ទំហំ​ជាង​ ១​ ម៉ែត្រក្រឡា ហើយ​រូបភាព​ដែល​បង្ហាញ​លើ​ផ្ទាំង​ប៉ាណូ​នោះ​នឹងដាក់​រូប​ក្នុងន័យ​បំផុស​ស្មារតី​ឱ្យ​ពលរដ្ឋ​ចាប់អារម្មណ៍​ស្រឡាញ់​ភាពស្រស់ស្អាត​នៃ​ការ​វេចខ្ចប់​បែប​ធម្មជាតិ និង​ការកែច្នៃ​មួយចំនួន​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​ការកាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លាស្ទិក​។ តួយ៉ាង​ដូចជា ខ្ចប់ ឬ​ដាក់​ម្ហូប​ដោយ​ស្លឹកចេក ឬ​ស្លឹក​ឈូក​ជាដើម​។

លោក​ថ្លែងថា​៖ «​យើង​អត់​សរសេរ​អក្សរ​ច្រើន​ទេ​គ្រាន់តែ​ដាក់ថា កន្លែង​ដែល​មិន​ប្រើប្រាស់​ប្លាស្ទិក ហើយ​រូប​ថង់​ប្លាស្ទិក យើង​គូស​ខ្វែង​។ ចំណែក​សញ្ញា​ធិក គឺ​ប្រើ​លើ​រូប​ដែល​បង្ហាញថា មិន​ប៉ះពាល់​បរិស្ថាន និង​ការប្រើប្រាស់​របស់​ដែល​អាច​កែច្នៃ​ឡើងវិញ​បាន​»​។


បើតាម​លោក​អភិបាលរង​ខេត្តកោះកុង ការដាក់​ផ្ទាំង​ប៉ាណូ​នេះ​មិនមែន​ធ្វើឡើង​តែ​ ៤ ​ទីតាំង​នេះ​ទេ ទៅ​ថ្ងៃមុខ​នឹងមាន​ការរៀបចំ​ដាក់តាំង​បន្ថែមទៀត ក្នុង​មូលដ្ឋាន​តាម​ដែល​អាចធ្វើ​ទៅបាន ព្រោះ​ថវិកា​ក្នុងការ​ទ្រទ្រង់​ការដាក់​តាំង​នេះ​ជាការ​ផ្តល់ឱ្យ​ដោយ​ក្រសួង​បរិស្ថាន​។


លោក​អភិបាលរង​ខេត្ត​មិនបាន​បញ្ជាក់​ថា ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ទាំងនោះ​នឹងត្រូវ​ដំឡើង​ពេលណា​នោះទេ ប៉ុន្តែ​លោក​បញ្ជាក់ថា​បាន​ជំរុញ​ឱ្យ​មន្ទីរ​បរិស្ថាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការដំឡើង​ប៉ាណូ​ផ្សព្វផ្សាយ​នេះ​ដល់​សាធារណជន​ឱ្យបាន​លឿន​។ ភ្នំពេញ​-​ប៉ុស្តិ៍ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក ហ៊ុន ម៉ារ៉ាឌី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង​បានទេ​នៅ​ថ្ងៃទី​ ២៥ ឧសភា​។

លោក​ ហេង យ៉ុនគូរ៉ា នាយក​ប្រតិបត្តិ​អង្គការ​កែច្នៃ និង​អនាម័យ​សហគមន៍​ថ្លែង​នៅ​ថ្ងៃទី​ ២៥ ឧសភា ថា ការដំឡើង​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​នេះ​គឺជា​រឿង​ល្អ ដើម្បី​ពញ្ញាក់​ស្មារតី​ភ្ញៀវទេសចរ​ឱ្យបាន​យល់ដឹង​កាន់តែច្រើន ដើម្បី​ជួយ​កាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក ជាពិសេស​នៅតាម​ទន្លេ និង​សមុទ្រ​។

លោក​បាន​ថ្លែងថា​៖ «​យើង​ដាក់​ការអប់រំ​ច្រើន​ប៉ុនណា​នឹង​ធ្វើឱ្យ​ប្រជាជន និង​អ្នកទេសចរ គាត់​អាច​ជ្រាប​យល់ដឹង​ច្រើន​ទៅតាម​នោះ​។ ពេល​ដឹងថា​វា​ប៉ះពាល់​សុខភាព​គាត់ គាត់​អាច​បន្ថយ​អ៊ីចឹងទៅ​។ ជាពិសេស​អាជីវ​ករលក់​បាយ លក់​អីហ្នឹង​ពេល​គាត់​ដឹង​ទៅ គាត់​បន្ថយ​ការប្រើប្រាស់​ស្នោ​ទៅប្រើ​កញ្ចប់​ធ្វើ​ពី​ចំបើង ស្លឹក​ចេក កាក​អំពៅ ដើម​ចេក​អ៊ីចឹងទៅ​។ អាហ្នឹង​ក៏​ល្អ​ដែរ ព្រោះ​ប្រើ​ហើយ​បោះចោល​ទៅ​វារ​លាយ​»​។

លោក​ យ៉ុនគូរ៉ា បាន​បញ្ជាក់ដែរថា ការដាក់​ផ្ទាំង​ផ្សព្វផ្សាយ​តែមួយ​មុខ​មិន​គ្រប់គ្រាន់​ទេ ព្រោះ​ពេល​ប្រជាជន​ខ្លះ​បានឃើញ​ហើយ មិនបាន​ចាប់​អារម្មណ ក៏មាន​។ ហេតុនេះ​គួរតែមាន​ការបញ្ជ្រាប​ការយល់ដឹង​បន្ថែមទៀត តាមរយៈ​ការប្រជុំ​ប្រាប់​ណែនាំ បង្ហាញ​ពន្យល់​បន្ថែម​ពី​គុណសម្បត្តិ និង​ផលប៉ះពាល់​នៃ​ប្លាស្ទិក​។

លោក​បាន​ថ្លែងថា​៖ «​ជួនកាល​គ្រាន់តែ​ឃើញ តែ​មិន​យល់ ទាល់តែ​យើង​បញ្ជ្រាប​ថែមទៀត បញ្ជ្រាប​ទៅតាម​អាជីវករ ដោយ​កោះហៅ​គាត់​មក​ប្រជុំ​ហៅ​អ្នក​អាជីវករ​មក​ប្រាប់ ពិគ្រោះគ្នា ពិភាក្សាគ្នា ថា វា​ប៉ះពាល់​អី​ខ្លះ​? អ៊ីចឹងទៅ វា​ជា​រឿង​មួយ​ធ្វើឱ្យ​គាត់​យល់​ជ្រាប​កាន់តែ​ច្រើន​»៕