ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បន្ត​ក្រើនរំឭក​ម្ចាស់​រោងចក្រ សហគ្រាស​មួយចំនួន​ត្រូវ​គោរព​នូវ​លក្ខខណ្ឌ​ច្បាប់​ស្តីពី​ការងារ ក្រោយពី​ក្រុម​ការងារ​អធិការកិច្ច​បន្ត​រកឃើញ​ក្រុមហ៊ុន​ខ្លះ​មិន​អនុលោម​ទៅតាម​ច្បាប់​ដូចជា​ការមិន​បើកប្រាក់​អតីតភាព និង​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​ដល់​កម្មករ​និយោជិត​ជាដើម​។


ការក្រើន​រំឭក​នេះ ស្រប​ពេល​ដែល​នាយកដ្ឋាន​អធិការកិច្ច​ការងារ​កាលពី​ខែឧសភា ឆ្នាំ ២០២២ បាន​ចេញ​លិខិត​ដាក់​កំហិត​ទៅកាន់ ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស ស្ថិត​នៅក្រៅ​ផ្នែក​វាយនភណ្ឌ​កាត់ដេរ ផលិតផល​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប ជុំវិញ​ការអនុវត្ត​បែបបទ​ស្តីពី​សហគ្រាស លក្ខខណ្ឌ​ទូទៅ​នៃ​ការងារ លក្ខខណ្ឌ សុវត្ថិភាព និង​សុខភាព​ការងារ លក្ខខណ្ឌ​នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម និង​លក្ខខណ្ឌ​ទំនាក់ទំនង​វិជ្ជាជីវៈ​។

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក ហេង សួរ ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា ជា​រៀងរាល់​ឆ្នាំ​អង្គភាព​ជំនាញ​តែងតែ​ចេញ​លិខិត​រំឭក​ទៅកាន់​រោងចក្រ សហគ្រាស​ឱ្យ​គោរព​នូវ​លក្ខខណ្ឌ​ទាំងឡាយ​ដែល​មានចែង​នៅក្នុង​ច្បាប់​ការងារ​។

លោក​ថា​៖ «​វា​គឺជា​រឿង​ប្រចាំឆ្នាំ​របស់​អង្គភាព​ជំនាញ​ក្នុង​ការ​រំឭក​រោងចក្រ សហគ្រាស​នានា​ឱ្យដឹង​អំពី​កាតព្វកិច្ច និង​លក្ខខណ្ឌ​ទាំងឡាយ​ដែល​មានចែង​ក្នុង​ច្បាប់​ស្តីពី​ការងារ​។ ជា​រៀងរាល់​ឆ្នាំ​យើង​នៅតែ​មាន​ការ​ផាកពិន័យ​ចំពោះ​រោងចក្រ សហគ្រាស ដែល​នៅមាន​ការខ្វះខាត​ក្នុង​ការគោរព​លក្ខខណ្ឌ​ការងារ​»​។

ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក អាត់ ធន់ បាន​ថ្លែងថា ការដាក់​ចេញ​នូវ​វិធាន​ការដាក់​កំហិត​នេះ​ជា​រឿង​ល្អ ដើម្បី​រំឭក​ទៅ​ដល់​រោងចក្រ សហគ្រាស​មួយចំនួន​ដែល​មិនបាន​គោរព ឬ​គេចវេះ​ពី​ការគោរព​លក្ខខណ្ឌ​ការងារ​។ ក្រសួង​គួរតែ​ពង្រឹង​នូវ​ការអនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ចំពោះ​ក្រុមហ៊ុន​ណា​ដែល​មិន​គោរព​ច្បាប់ ដើម្បី​ធានា​ដល់​ការគោរព​លក្ខខណ្ឌ​ការងារ​នៅ​កន្លែង​ធ្វើការ និង​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​ដល់​កម្មករ​និយោជិត​។


លោក​ថា​៖ «​អ្វីដែល​នៅ​ឃើញ​ខ្វះចន្លោះ ច្បាប់​យើង​មាន​ហើយ អង្គភាព​អធិការកិច្ច​ការងារ​ក៏បាន​ណែនាំ​ហើយ ប៉ុន្តែ​ផ្ទុយ​មកវិញ​កន្លងមក​ការអនុវត្ត​ច្បាប់​ខ្សោយ​ពេក​ហើយ ដែល​ផ្តល់​លទ្ធភាព​ឱ្យ​និយោជក​ច្រើន ដូចជា​មិនសូវ​កាន់ជើង​កម្មករ​ទេ ជាក់ស្តែង​ការដោះស្រាយ​វិវាទ​ជាច្រើន​នៅ​ថ្នាក់​ក្រសួង​ការងារ យើង​ឃើញថា គឺ​ហាក់បី​ដូចជា​មិនសូវ​មាន​ប្រសិទ្ធភាព​»​។

លោក​ថា នាពេល​បច្ចុប្បន្ន រោងចក្រ សហគ្រាស​មួយចំនួន​នៅតែ​បន្ត​រំលោភច្បាប់​ការងារ​ដែល​ភាគច្រើន​ទាក់ទង​កិច្ចសន្យា​ការងារ ការមិន​បើកប្រាក់​អតីតភាព ការមិន​ផ្តល់​ម៉ោង​ឈប់សម្រាក កិច្ចសន្យា​ក្រុមហ៊ុន​ជាច្រើន បោកប្រាស់​កម្មករ ក្រុមហ៊ុន​ខ្លះ​មិនបាន​បង់​ទៅ​បេឡា​ជាតិ​សន្តិសុខ​សង្គម​ទេ និង​អត្ថប្រយោជន៍​ផ្សេង​ជាដើម​។

យោងតាម​លិខិត​ដាក់​កំហិត​ទៅ​កាន់​រោងចក្រ សហគ្រាស ដែល​ចុះហត្ថលេខា​ដោយ​អធិការ​ការងារ កាលបរិច្ឆេទ​ថ្ងៃទី​ ២៧ ខែឧសភា ឆ្នាំ​ ២០២២ បាន​គូសបញ្ជាក់​ថា ចំពោះ​ការអនុវត្ត​លក្ខខណ្ឌ​ទូទៅ​នៃ​ការងារ ម្ចាស់​រោងចក្រ សហគ្រាស​ត្រូវ​ផ្តល់ប្រាក់​ឈ្នួល​ធ្វើការ​ថ្ងៃ​ឈប់សម្រាក​ប្រចាំ​សប្ដាហ៍​ផ្តល់ប្រាក់​ឈ្នួល​ថ្ងៃបុណ្យ​ និង​ប្រាក់​បំណាច់​ធ្វើការ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជូន​កម្មករ​និយោជិត​ឱ្យបាន​ត្រឹមត្រូវ​។ ក្នុងករណី​ល្មើស​នឹង​ចំណុច​អាទិភាព​ណាមួយ​នឹងត្រូវ​ទទួលរង​ការផាក​ពិន័យ​ភ្លាមៗ​ពី​អធិការ​ការងារ​យោងតាម​ច្បាប់ និង​បទប្បញ្ញត្តិ​ជា​ធរមាន​៕

វីដេអូ៖