រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ទាំង​ ១០ ​ប្រទេស​ បាន​អនុម័ត​សេចក្តី​ប្រកាស​រួម ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ

Content image - Phnom Penh Post
រដ្ឋមន្ត្រីការពារជាតិនៃបណ្ដាប្រទេសសមាជិកអាស៊ាន ចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ ២០២២ កាលពីម្សិលមិញ។ ហេង ជីវ័ន

ភ្នំពេញៈ លោក​ ទៀ​ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ទាំង ១០ ​ប្រទេស ​បាន​អនុម័ត​សេចក្តី​ប្រកាស​រួម​ ស្តីពី​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ ដើម្បី​ពង្រឹង​សាមគ្គីភាព​សម្រាប់​សន្តិសុខ ​ប្រកប​ដោយ​សុខដុម។ ជាមួយ​គ្នា​នេះ​ផង​ដែរ កម្ពុជា-ជប៉ុន ​បាន​ឯកភាព​គ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​វិស័យោធា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត។

ការ​អនុម័ត​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ដែល​ធ្វើ​ឡើង​ទល់​មុខ​គ្នា​ កាល​ពី​ថ្ងៃទី ២២ ខែ​មិថុនា នៅ​រាជធានី​ភ្នំពេញ ដោយ​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ហើយ​ក៏​មាន​វត្តមាន​រដ្ឋមន្ត្រី​ការពារ​ជាតិ​មីយ៉ាន់ម៉ា លោក យ៉ា ទុន អូ (Mya Tun Oo) ផង​ដែរ។

ក្នុង​សន្និសីទ​កាសែត បន្ទាប់​ពី​កិច្ច​ប្រជុំ​ភ្លាមៗ​ លោក ទៀ បាញ់ ដែល​បាន​ដឹកនាំ​កិច្ច​ប្រជុំ​នេះ​បាន​ថ្លែង​ថា កម្ពុជា​មាន​កិត្តិយស​ធំធេង​បំផុត និង​មោទនភាព​ធំ​បំផុត​ ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ទល់​មុខ​គ្នា​នា​ពេល​នេះ បន្ទាប់​ពី​ការ​ខកខាន​ប្រជុំ​ទល់មុខ​គ្នា​អស់​រយៈពេល ២ ឆ្នាំ​មក​នេះ​ ដោយសារ​បញ្ហា​ជំងឺ​កូវីដ​ ១៩។ ​លោក​បញ្ជាក់​ថា៖ «នេះ​ហើយ​ដែល​បង្ក​លក្ខណ​សម្បត្តិ​យ៉ាង​ធំធេង​បំផុត​ ដែល​ធ្វើ​ឱ្យ​យើង​មាន​ឱកាស​ជជែក​គ្នា​យ៉ាង​ផុលផុស​ជា​ទី​បំផុត​នៅ​ក្នុង​កិច្ចប្រជុំ​ដែល​ទើប​បញ្ចប់​ទៅ​អម្បាញ់​មិញ​»​។

លោក​សង្ឃឹម​ថា កិច្ចប្រជុំ​ការពារជាតិ​អាស៊ាន​បូក​ ដែល​គ្រោង​ធ្វើ​នៅក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​ នៅ​ឯ​ខេត្ត​សៀមរាប ​នឹង​ទទួល​បាន​ជោគជ័យ​ធំធេង​ថែម​ទៀត។

ពាក់ព័ន្ធ​បញ្ហា​មីយ៉ាន់ម៉ា ហើយ​ខណៈ​លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ ដែល​ជា​​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ គ្រោង​ទៅ​បំពេញ​ទស្សនកិច្ច​ជា​លើក​ទី២ នៅ​ប្រទេស​មីយ៉ាន់ម៉ា​ នៅ​ចុង​ខែ​នេះ​ លោក ទៀ បាញ់ បញ្ជាក់​ថា អ្វី​ដែល​កម្ពុជា​ប្រឹងប្រែង​បំផុត ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ គឺ​កម្ពុជា​បាន​ប្រឹងប្រែង​បំពេញ​តាម​តួនាទី​តាម​ដែល​កម្ពុជា​អាច​បំពេញ​ទៅ​បាន។

លោក ទៀ បាញ់ បញ្ជាក់​ថា ការ​មាន​វត្តមាន​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​មីយ៉ាន់ម៉ា​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ គឺ​កម្ពុជា​ត្រូវ​បំពេញ​តួនាទី​ដ៏​ពេញ​លេញ​មួយ ដោយ​មិនមាន​ការ​រើសអើង ឬ​ទុកចោល​នូវ​សមាជិក​អាស៊ាន​ណាមួយ​ឡើយ ព្រោះ​កម្ពុជា​ត្រូវ​រក្សា​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត​នូវ​ទស្សនទាន​របស់​អាស៊ាន ឬ​ឈរ​លើ​ប្រធានបទ​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន គឺ «សាមគ្គីភាព​ដើម្បី​សន្តិសុខ និង​សុខដុមរមនា»។

លោក​បញ្ជាក់​ថា៖ «យើង​បាន​បំពេញ​តួនាទី​នេះ ហើយ​មកដល់​ពេល​នេះ​​គឺ​បាន​ការ​ឯកភាព ឯកច្ឆន្ទ​ទាំងអស់​របស់​សមាជិក​នៅ​ក្នុង​អាស៊ាន​របស់​យើង​មាន​ការ​ចូលរួម​ជួបជុំ​គ្នា​ផ្ទាល់​ក្នុង​ពេល​នេះ ​គឺ​ទាំង​រដ្ឋមន្ត្រី​ការពារ​ជាតិ​មីយ៉ាន់ម៉ា​ផង​ដែរ»។

ទាក់ទង​​ទៅ​បញ្ហា​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែ​ន​វិញ លោក ទៀ បាញ់ បញ្ជាក់​ដោយ​ខ្លី​ថា កម្ពុជា​មិន​គាំទ្រ​ការ​ឈ្លានពាន ការ​ប្រើ​កម្លាំង និង​ការ​បំបែក​រដ្ឋ​នោះ​ទេ ដោយ​លោក​លើក​ឡើង​ដូច្នេះ​ថា៖ «នេះ​យើង​មាន​ជំហរ​ជាក់​លាក់​តាំង​ពី​មុនៗ​មក​ហើយ»។ លោក​ក៏​បាន​លើក​ឡើង​ពី​នយោបាយ​ឈ្នះ ឈ្នះ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​នាំមក​នូវ​សន្តិភាព​ពេញ​លេញ​ ដែល​កម្ពុជា​ដណ្តើម​បាន​ប្រាប់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ផង​ដែរ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​និយាយ​អំពី​បញ្ហា​រឿង​នយោបាយ​ឈ្នះ ឈ្នះ។ យើង​បាន​បញ្ជាក់​ហើយ​ជាស្រេច​ នៅ​ក្នុង​នោះ​សុខ​សន្តិភាព​ដ៏​ពេញលេញ​មួយ​របស់​ព្រះរាជាណាចក្រកម្ពុជា​ដែល​ដណ្តើម​បាន ​ហើយ​ក៏​បន្ត​និរន្តរភាព​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ គឺ​មូលដ្ឋានគ្រឹះ​សំខាន់​បំផុត​នោះ​ គឺ​សុខ​សន្តិភាព​ដ៏​ពេញលេញ​នេះ​ឯង។ ​សុខសន្តិភាព​ដ៏​ពេញលេញ​នេះ​ឯង ​ដែល​បាន​ទទួល​តាម​នយោបាយ​ឈ្នះ ឈ្នះ វា​មានគុណ​តម្លៃ​ដ៏​ធំធេង​ជា​ទីបំផុត»។

Content image - Phnom Penh Post
កិច្ចប្រជុំ​រដ្ឋមន្ត្រីការ​ពារ​ជាតិ​អាស៊ាន​ ​នៅថ្ងៃទី​ ២២ ខែ​មិថុនា​​​។ ហេង ជីវ័ន

លោក ថុង ម៉េងដាវិត អ្នក​សិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​​​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) ថ្លែង​ថា កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ដែល​ដឹកនាំ​ដោយ​កម្ពុជា​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញាចិត្ត​ខ្ពស់​របស់​ប្រមុខ​ដឹកនាំ​អាស៊ាន​ក្នុង​ការ​កសាង​តំបន់​សន្តិភាព និង​ជំរុញ​ការ​កសាង​ទំនុក​ចិត្ត​គ្នា​ទៅវិញ​ទៅ​មក​តាមរយៈ​ការ​ដោះដូរ​ព័ត៌មាន​ និង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ក្នុង​តំបន់។ លោក​ថ្លែង​ថា៖ «លើស​ពី​នេះ​ទៅ​ទៀត អាស៊ាន​ត្រូវ​រួបរួម​គ្នា​ក្នុង​ការ​ការពារ​អ​ព្យាក្រឹតភាព​របស់​ខ្លួន​ និង​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​ពី​សំណាក់​មហា​អំណាច។

អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ គឺ​មាន​ការ​ចូលរួម​ពី​សំណាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​មីយ៉ាន់ម៉ា​ដែល​កម្ពុជា​បាន​អញ្ជើញ​ឱ្យ​មក​ចូលរួម​ប្រជុំ ដែល​នេះ​​បង្ហាញ​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​​របស់​កម្ពុជា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​តំបន់​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ទាំង​អស់​ ជាពិសេស​ក្នុង​ការ​ដោះស្រាយ​បញ្ហា​មីយ៉ាន់ម៉ា»។

ជាមួយ​គ្នា​នេះ​​ផង​ដែរ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក គីស៊ី ណូប៊ុអូ (Kishi Nobuo) រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន ក្នុង​ជំនួប​កាល​ពី​ថ្ងៃទី ២២ ខែ​មិថុនា បាន​ឯកភា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​​រវាង​កម្ពុជា-ជប៉ុន ឱ្យ​កាន់​តែ​ស៊ីជម្រៅ និង​បើក​ទូលាយ​ ​​ជាពិសេស​តាមរយៈ​ការ​ផ្លាស់​ប្ដូរ​ទស្សនៈ​លើ​ការ​វាយ​តម្លៃ​ស្ថានភាព​តំបន់ និង​ពិភព​​លោក។ នេះ​បើ​យោង​តាម​ហ្វេសប៊ុក​លោក ហ៊ុន សែន។

ហ្វេសប៊ុក​ដដែល​បញ្ជាក់​ក្រោយ​ជំនួប​នេះ​ថា៖ «សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​នូវ​ការ​គាំទ្រ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​សូម​ឱ្យ​បន្ត​ជំរុញ​ផែនការ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា-ជប៉ុន ឱ្យ​កាន់​តែ​សកម្ម​ថែម​ទៀត ដូចជា​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​នាយ​ទាហាន​វ័យ​ក្មេង នាយ​ទាហាន​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់ បណ្ដុះបណ្ដាល​លើក​កម្ពស់​សមត្ថភាព​កងទ័ព​ជើង​គោក​កម្ពុជា លើ​ការងារ​មនុស្ស​ធម៌ និង​សង្គ្រោះ​គ្រោះ​មហន្តរាយ ផ្តល់​វគ្គ​សិក្សា​នាយ​ទាហាន​សកម្ម បញ្ជាការ​សេនាធិការ​វិស្វកម្ម និង​សុខាភិបាល​ជា​ដើម»៕

ព័ត៌មានថ្មីៗ