សមាគម​កប្បាស​កម្ពុជា ​ផ្តោតលើ​ការផលិត​សម្ភារ​ប្រើប្រាស់​ច្នៃ​ពី​រុក្ខជាតិ

Content image - Phnom Penh Post
នារី​ម្នាក់​នៃ​សមាគម​កប្បាស​កម្ពុជា​កំពុង​បេះ​កប្បាស​។ រូបថត សហការី

បាត់ដំបងៈ នាពេល​ថ្មីៗ​នេះ ទីផ្សារ​ផលិតផល​ស្បែក​ច្នៃ​ពី​រុក្ខជាតិ​ត្រូវ​បាន​រំពឹងទុក​ថា នឹង​មាន​ការកើនឡើង ខណៈ​នា​រយៈពេល ៣-៤ ឆ្នាំ​ចុងក្រោយ​នេះ ផលិតផល​ច្នៃ​ចេញពី​ប្រភេទ​នេះ​ហាក់​មានការ​ប្រែប្រួល​ក្នុង​កម្រិត​តិចតួច​ប៉ុណ្ណោះ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា ស្រប​ពេល​មាន​តម្រូវការ​កើនឡើង​ក្នុង​ឧស្សាហកម្ម​ច្នៃ​ម៉ូដ​ផ្តោតលើ​បរិស្ថាន យីហោ​ល្បីៗ​ជាច្រើន​កំពុងតែ​ចាប់ផ្តើម​ស្វែងរក​មធ្យោបាយ​នានា ដើម្បី​លុបបំបាត់​តម្រូវការ​លើ​ផលិតផល​ធ្វើ​ពី​ស្បែក​សត្វ​។

សមាគម​កប្បាស​កម្ពុជា​មាន​មូលដ្ឋាន​នៅ​ខេត្ត​បាត់ដំបង​កំពុងតែ​ផ្តោត​ការផលិត​សម្ភារ​ប្រើប្រាស់​ចាំបាច់ សម្រាប់​ស្ត្រី​ទាន់សម័យ​មាន​ជា​កាបូប​លុយ និង​ការបូប​ស្ពាយ​មាន​ភាពពេញនិយម​នៅ​ទីផ្សារ​ក្រៅប្រទេស​។

ស្បែក​សិប្បនិម្មិត​ដែល​ត្រូវបាន​ផលិត​ចេញពី​សម្បក​ផ្លែឈើ ដែល​បោះចោល ស្លឹក​ម្នាស់ និង​ផ្សិត​នានា ត្រូវបាន​គេ​ប្រើប្រាស់​ ដើម្បី​ផលិត​សម្លៀកបំពាក់ និង​ស្បែកជើង​។ ក្រុមហ៊ុន​យីហោ​ល្បីៗ​ក្នុង​ពិភពលោក ដូចជា Hermes និង Adidas បាន​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​អាជីវកម្ម​ទើប​បង្កើត​ថ្មី​ជាច្រើន ដើម្បី​អភិវឌ្ឍ​ផលិតផល​បែបនេះ​។ ស្បែក​ច្នៃ​ពី​រុក្ខជាតិ ដែល​បង្កើត​រូបរាង និង​វាយនភាព​នៃ​ស្បែក​ឡើងវិញ​ជាមួយ​នឹង​វត្ថុធាតុដើម​ពី​រុក្ខជាតិ​ដោយ​មិន​ប្រើ​ស្បែកសត្វ បច្ចុប្បន្ន​គឺជា​ទិន្នាការ​ថ្មី​មួយ​របស់​ពិភពលោក និង​ជា​គោលបំណង​របស់​សមាគម​កប្បាស​កម្ពុជា​ក្នុង​កិច្ចការពារ​ការសម្លាប់​សត្វ​យក​ស្បែក និង​គិតគូរ​ពី​បរិស្ថាន​។

លោក Atsushi Furusawa ដែល​បច្ចុប្បន្ន​ជា​អ្នកផ្តល់​ជំនួយ និង​ជា​ទីប្រឹក្សា​បច្ចេកទេស​ស្ម័គ្រចិត្ត​របស់​សមាគម​កប្បាស​កម្ពុជា ដែល​ពីមុន​លោក​ជា​ស្ថាបនិក​នោះ បាន​ឱ្យ​ដឹងថា​៖ «​ក្នុង​បរិបទ​នេះ យើង​បាន​ផលិត​ស្បែក​កប្បាស​ថ្មី ដោយ​ប្រើប្រាស់​កប្បាស ដែល​ដាំ​នៅ​ខេត្ត​បាត់ដំបង និង​វត្ថុធាតុដើម​ពី​ធម្មជាតិ​របស់​កម្ពុជា​។ សម្ភារ​ប្រើប្រាស់​ថ្មី​ទាំងស្រុង​ត្រូវ​បាន​បង្កើតឡើង​។ រាល់​ផលិតផល​ទាំងអស់​ត្រូវបាន​ផលិត​ចេញពី​រុក្ខជាតិ​ក្នុង​ធនធាន​ធម្មជាតិ​របស់​កម្ពុជា ហើយ​នេះ​គឺជា​កសិដ្ឋាន​ប្រកបដោយ​និរន្តរភាព​របស់​យើង​»​។

សមាគម​កប្បាស​កម្ពុជា គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​វត្តគរ​ក្រុង​បាត់ដំបង​។ អង្គការ​នេះ ដាំ​កប្បាស​លើ​ផ្ទៃដី​ដែល​មិន​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត និង​រវៃ​យក​អំបោះ​តាមរយៈ​ម៉ាស៊ីន​បង្វិល​របស់​ជប៉ុន​ដែលមាន​អាយុកាល ១៥០ ​ឆ្នាំ ដើម្បី​ផលិត និង​លក់​ផលិតផល​កប្បាស​ក្នុងភូមិ​នេះ ដែល​ជា​កន្លែង​នៅតែមាន​គ្រាប់មីន​នៅឡើយ​។ សមាគម​នេះ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ជនជាតិ​ជប៉ុន​ម្នាក់​ក្នុង​ឆ្នាំ ​២០០៧ និង​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ជ្រើស​រើសយក​ស្ត្រី​ដែល​មកពី​គ្រួសារ​កសិករ​ក្បែរ​នោះ​ឱ្យ​មក​ធ្វើការ​ជាមួយ និង​ជួយ​ឱ្យ​ពួកគាត់​អាចមាន​ការពឹង​ផ្អែកលើ​ខ្លួនឯង​បាន​។

Content image - Phnom Penh Post
ការបូបលុយធ្វើពីកប្បាស។ រូបថត សហការី

សមាគម​កប្បាស​កម្ពុជា​កំពុង​ខិតខំ​ព្យាយាម​បង្កើត​ការងារ​ឱ្យ​ស្ត្រី​មាន​ឯករាជ្យ​ផ្នែក​សេដ្ឋកិច្ច និង​ឱកាស​ទទួល​បាន​ការអប់រំ​ស្តីពី​ស្បែក​កប្បាស ដែល​ត្រូវបាន​ផលិត​ទូទាំង​កម្ពុជា ពោលគឺ​តាំងពី​វត្ថុធាតុដើម​រហូត​ដល់​ផលិតផល​ចុងក្រោយ​។

លោក Atsushi Furusawa ថ្លែងថា​៖ «​វត្ថុធាតុដើម​ដែល​យើង​ប្រើប្រាស់ គឺជា​វត្ថុ​ច្នៃ​ពី​ធម្មជាតិ​។ យើង​ប្រើប្រាស់​វត្ថុ​ធាតុ​ដើម​ពី​ធម្មជាតិ ដោយ​មិន​ប្រើប្រាស់​សារធាតុ​គីមី​ឡើយ​។ ជា​ឧទាហរណ៍ ថ្នាំ​ជ្រលក់ ដែល​យើង​ប្រើ ដើម្បី​ជ្រលក់​ពណ៌​គឺ​ច្នៃ​ពី​រុក្ខជាតិ​។ យើង​មិនដែល​ប្រើ​សារធាតុ​គីមី​ដែល​ផ្តល់​គ្រោះថ្នាក់ ដើម្បី​ធ្វើឱ្យ​ពណ៌​នៅជាប់​បានយូរ​ឡើយ​។ ការអនុវត្ត​ដូចគ្នានេះ ក៏​កើតឡើង​ទៅលើ​ស្បែក​កប្បាស​ផងដែរ​»​។ លោក​បន្ថែមថា​៖ «​យើង​មិន​ប្រើប្រាស់​វត្ថុធាតុដើម​ដែល​ផ្តល់​ផលប៉ះពាល់​ឡើយ​។ សមាគម​កប្បាស​កម្ពុជា​ធ្លាប់​មាន​បុគ្គលិក​ធ្វើការ​ចំនួន​ ១៥ ​នាក់​។ បច្ចុប្បន្ន យើង​មានតែ​បុគ្គលិក​ ៨ ​នាក់​ប៉ុណ្ណោះ ព្រោះ​ពួកគេ​បាន​ឈប់​ធ្វើការ​ ដោយសារ​តែ​មានគ្រួសារ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ឬ​ទៅ​ធ្វើការ​នៅ​កន្លែង​ផ្សេង​»​។

ឆ្លើយតប​ទៅនឹង​មូលហេតុ​ដែល​សមាគម​កប្បាស​កម្ពុជា មាន​តែ​បុគ្គលិក​ជា​ស្ត្រី អ្នកផ្តល់​ជំនួយ​ផ្តាច់មុខ និង​ជា​ទីប្រឹក្សា​បច្ចេកទេស​ស្ម័គ្រចិត្ត​រូបនេះ បញ្ជាក់​​ថា​៖ «​មូលហេតុ​មួយ គឺ​ការជួយ​ដល់​ស្ត្រី​មេម៉ាយ​។ មាន​ពេល​មួយ ដែល​នៅពេល​នោះ មាន​បុគ្គលិក​ប្រុស​ជាច្រើន ប៉ុន្តែ​បុគ្គលិក​ប្រុសៗ​ជារឿយៗ​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ ដើម្បី​ធ្វើការ ឬក៏​ទៅ​ធ្វើការ​នៅ​កន្លែង​ផ្សេង​។ ជាមួយ​គ្នា​នេះ នៅពេល​ដែល​បុរស និង​ស្ត្រី​ធ្វើការ​ជាមួយ​គ្នា បញ្ហា​ស្នេហា ក៏​កើតឡើង​។ ដំណោះស្រាយ​ចំពោះ​បញ្ហា​ស្នេហា​នោះ ពិតជា​ពិបាក​។ ស្ត្រី​ក៏មាន​ [​ភាព​ស័ក្តិសម​] ​ជាង​ក្នុង​ការងារ​នេះ​ផងដែរ ដែល​តម្រូវ​ឱ្យ​មានការ​អត់ធ្មត់ ព្រោះ​រាល់​ម៉ាស៊ីន​ទាំងអស់​នៅ​សមាគម​កប្បាស​-​កម្ពុជា​ត្រូវបាន​កែតម្រូវ​ឱ្យ​ស្ថិតក្នុង​ទម្ងន់​មួយ​ដែល​ស្ត្រី​ត្រឹមតែ​ ២ ​នាក់​ក៏​អាច​លើក​បានដែរ​»​។

ខេត្តបាត់ដំបង​ធ្លាប់ជា​តំបន់​ដែល​ផលិត​កប្បាស​ធំជាងគេ​មួយ​នៅ​កម្ពុជា​។ ប៉ុន្តែ​តំបន់​នេះ​ត្រូវ​បាន​កម្ទេច​ទាំងស្រុង ក្នុង​អំឡុង​សង្គ្រាម​ស៊ីវិល​។ គ្រាប់មីន ដែល​ត្រូវបាន​កប់ អំឡុង​សង្គ្រាម​ស៊ីវិល នៅតែ​មាន​នៅឡើយ ហើយ​ការងារ​ក្នុង​ការយក​គ្រាប់មីន​ទាំងនោះ​ចេញ​នៅតែ​បន្ត​។ សូមបញ្ជាក់ថា ជាទូទៅ​ការដាំ​ដំណាំ​កប្បាស គឺជា​ប្រភេទ​កសិកម្ម​ដែល​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ក្នុង​ចំនួន​ច្រើន​ជាងគេ​បំផុត​ក្នុង​ពិភពលោក ពោល​គឺ​ថ្នាំ​សម្លាប់​ស្មៅ និង​សត្វល្អិត​រហូតដល់​ទៅ​ ៥ គីឡូក្រាម​ត្រូវ​បាន​គេ​ប្រើប្រាស់ ​ដើម្បី​ដាំ​បាន​កប្បាស​ចំនួន​ ១ ​គីឡូក្រាម​។ ការជ្រលក់​ពណ៌​កប្បាស​ក៏​ទាមទារ​ឱ្យមាន​ការប្រើប្រាស់​ទឹក និង​សារធាតុគីមី​ដែល​ពុល​ក្នុង​ចំនួន​ដ៏​ច្រើន​ផងដែរ​។

Content image - Phnom Penh Post
ការបូបយួរដៃស្ត្រីធ្វើពីកប្បាស។ រូបថត សហការី

ការជ្រលក់​ពណ៌​ក្រណាត់​ស្ថិត​ក្នុង​កម្រិត ​២០% ​នៃ​ការ​ខ្ជះខ្ជាយ​ទឹក​ទូទាំង​ពិភពលោក​។ ម្យ៉ាងវិញ​ទៀត ក្រណាត់​ពាក់កណ្តាល​ក្នុង​ចំណោម​ក្រណាត់ ដែល​ត្រូវ​បាន​ផលិត​ទាំងអស់​នឹង​មាន​ផលប៉ះពាល់ ជាពិសេស​ទៅលើ​បរិស្ថាន​ធម្មជាតិ ត្រូវបាន​គេ​ដុត ឬ​យកទៅ​ចោល​នៅ​កន្លែង​ចោល​សំរាម ក្នុង​ចន្លោះពេល​ដ៏ខ្លី​។ ក្នុង​ដំណើរការ​នៃ​ការផលិត ការប្រើប្រាស់ និង​ការយក​ទៅ​បោះចោល​ធ្វើឱ្យ​មាន​ការចេញ​នូវ​ឧស្ម័ន​កាបូន​ក្នុង​កម្រិត​ដ៏ច្រើន និង​ធ្វើឱ្យ​កខ្វក់​ទឹក​។ បញ្ហា​ភាគច្រើន​ទាំងនេះ​កំពុងតែ​កើតឡើង​នៅ​អាស៊ី​-​អាគ្នេយ៍ ដែលមាន​រោងចក្រ​ជាច្រើន​។ ប៉ុន្តែ​សមាគម​កប្បាស​កម្ពុជា​កំពុង​តែ​ដាំ​កប្បាស ដោយ​មិន​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​។

អ្នកស្រី Yuka Bando វ័យ​ ៣៦ ​ឆ្នាំ​ប្រធាន​អ្នកស្ម័គ្រចិត្ត និង​ជា​គិលានុបដ្ឋាយិកា ដែល​មើល​ថែទាំ​អ្នកជំងឺ​ជួប​បញ្ហា​ពុល​ពីសារ​ធាតុគីមី​នៅ​សមាគម​កប្បាស​កម្ពុជា​អស់​រយៈពេល ​៦ ​ឆ្នាំ​មកហើយ​នោះ​ឱ្យ​ដឹងថា​៖ «​ខ្ញុំ​ធ្លាប់​ធ្វើជា​គិលានុបដ្ឋាយិកា​នៅ​ប្រទេស​ជប៉ុន​។ ហេតុនេះ​ខ្ញុំ​ទទួល​ខុសត្រូវ​ផ្នែក​គ្រប់គ្រង​សុខភាព និង​ផ្នែក​សម្របសម្រួល​សម្រាប់​បុគ្គលិក ក៏ដូចជា អ្នក​ត្រួតពិនិត្យ​ការងារ​របស់​ពួកគាត់ ដើម្បី​ធានា​ថា ពួកគាត់​មិនមាន​គ្រោះថ្នាក់​»​។ អ្នកស្រី​ប្រាប់ថា​៖ «​ពួកគេ​មិន​ប្រើប្រាស់​ថ្នាំ​ជ្រលក់​ពណ៌ ដែល​មាន​សារធាតុ​គីមី​ក្នុង​ពេល​ជ្រលក់​ពណ៌​ឡើយ​។ ប៉ុន្តែ​ធ្វើ​ថ្នាំ​ជ្រលក់​ពណ៌​ពី​រុក្ខជាតិ និង​ផ្លែឈើ ដែល​ដុះ​ក្នុងព្រៃ​ក្បែរៗ​នោះ​។ គាត់​ជ្រលក់​គ្រាប់​ស្វាយ និង​គ្រាប់​ប័រ ដោយ​ប្រើប្រាស់​ថ្នាំ​ជ្រលក់​ពី​រុក្ខជាតិ​ធម្មជាតិ​ ១០០%»​។

អ្នកស្រី​ Yuka បន្ថែមថា​៖ «​ការឃើញ​បុគ្គលិក​មិន​ប្រើប្រាស់​សារធាតុ​គីមី រីកចម្រើន និង​អភិវឌ្ឍន៍​ពិតជា​បាន​លើក​ទឹកចិត្ត​ដល់​ខ្ញុំ​ណាស់​។ ខ្ញុំ​រីករាយ នៅពេល​ដែល​ខ្ញុំ​ឃើញ​បុគ្គលិក​ម្នាក់ ដែល​មិនមាន​កន្រៃ្ត​នៅផ្ទះ​អាច​រៀន​ប្រើប្រាស់​កន្រៃ្ត​ជាច្រើន​ប្រភេទ​នៅ​កន្លែង​បណ្តុះបណ្តាល សម្រាប់​គោលដៅ​ផ្សេងៗ​គ្នា ឬ​នៅពេល​ដែល​ខ្ញុំ​ឃើញ​បុគ្គលិក​ថ្មី​ម្នាក់ ដែល​ត្រូវ​បាន​បុគ្គលិក​ចាស់​បង្រៀន​ឱ្យ​ធ្វើការ​មាន​ការរីកចម្រើន ដើម្បី​មើលថែ​បុគ្គលិក​ថ្នាក់ទាប​»​។

Content image - Phnom Penh Post

ក្រោយពី​បាន​ធ្វើការ​ជាមួយ​គ្នា​អស់​រយៈពេល​ ៦​ ឆ្នាំ អ្នកស្រី Yuka Bando បាន​និយាយ​ទាក់ទង​នឹង​បុគ្គលិក​ជា​ស្ត្រី​នៅ​សមាគម​កប្បាស​កម្ពុជា​ប្រកប​ដោយ​សុទិដ្ឋិនិយម​ថា​៖ «​ខ្ញុំ​សង្ឃឹមថា សមាជិក​បុគ្គលិក​ជា​ស្ត្រី​របស់​យើង​នឹង​ដឹងថា ជាមួយ​នឹង​ភាពប៉ិនប្រសប់ និង​ការច្នៃប្រឌិត​បន្តិចបន្តួច ពួកគាត់​អាច​ធ្វើ​អ្វី​បាន​ទាំងអស់ សូម្បីតែ​លើក​របស់​ធ្ងន់ៗ​»​។ អ្នកស្រី​បន្តថា​៖ «​ការគិត​ដូចគ្នា​បែបនេះ និង​ធ្វើការ​ជាមួយ​គ្នា ក៏ដូចជា​ជម្នះ​លើ​បញ្ហា​នានា គឺជា​មធ្យោបាយ​ដ៏អស្ចារ្យ​សម្រាប់​យើង​ទាំងអស់​គ្នា​។ ខ្ញុំ​ជឿជាក់ថា វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​មិនមាន​ទុទ្ទិដ្ឋិនិយម ដោយសារ​តែ​យើង​ជា​ស្ត្រី ឬ​បុរស ប៉ុន្តែ​ត្រូវតែ​គិត​អំពី​មធ្យោបាយ​ដែល​យើង​ងាយ​សម្រេច​គោលដៅ​របស់​យើង​»​។

អ្នកស្រី រ៉ន ចាន់រ៉ាយ អាយុ​ ២៨ ​ឆ្នាំ បុគ្គលិក​ម្នាក់​ក្នុងចំណោម​បុគ្គលិក​ជា​ស្ត្រី​ទាំង​ ៨​ នាក់​នៅ​សមាគម​កប្បាស​កម្ពុជា ដែលមាន​ទីលំនៅ​ក្បែរ​កន្លែង​ធ្វើការ​របស់​នាង​ក្នុង​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង និង​បាន​ធ្វើការ​នៅ​សមាគម​កប្បាស​កម្ពុជា តាំងពី​ឆ្នាំ​ ២០១៥ ​នោះ​បាន​និយាយថា​៖ «​ចាប់តាំងពី​ខ្ញុំ​មក​ធ្វើការ​នៅទីនេះ​កាលពី​ ៧​ ឆ្នាំមុន ខ្ញុំ​ពិតជា​ពេញចិត្ត​នឹង​ការងារ​របស់ខ្ញុំ​ណាស់ ហើយ​ខ្ញុំ​ក៏​អាច​ផ្គត់ផ្គង់​ក្រុមគ្រួសារ​របស់ខ្ញុំ​តាមរយៈ​ប្រាក់ខែ និង​ម៉ោង​ការងារ​របស់ខ្ញុំ​ផងដែរ​»​។

រហូត​មកដល់​ពេលនេះ ផលិតផល​ទាំងអស់​របស់​សមាគម​កប្បាស​កម្ពុជា​ត្រូវ​យកទៅ​លក់​នៅ​ប្រទេស​ជប៉ុន​។ លោក Atsushi ពន្យល់ថា​៖ «​ហេតុអ្វី​លក់​នៅ​ជប៉ុន​? យើង​ជឿជាក់​ថា ប្រសិនបើ​អតិថិជន​ជប៉ុន មាន​ការពេញចិត្ត អតិថិជន​ក្នុង​ប្រទេស​ផ្សេងទៀត ក៏​នឹង​ពេញចិត្ត​ផងដែរ​។ ពិតណាស់ អតិថិជន គឺមាន​ភាពខុសគ្នា បើ​ធៀប​អតិថិជន​ម្នាក់​មកពី​អាមេរិក ដែល​មក​ទស្សនកិច្ច​ភ្លាមៗ​នៅ​សមាគម​កប្បាស​កម្ពុជា​ទៅ​នឹង​អតិថិជន​ម្នាក់​ដែល​មក​ទស្សនកិច្ច​នៅ​សមាគម​កាលពី​ ៤ ​ឆ្នាំមុន ហើយ​ ៤​ ឆ្នាំក្រោយ​មកទៀត​ខុសគ្នា​នឹង​ព្រះវិហារ​កាតូលិក​មួយ នៅ​អេស្ប៉ាញ​»​។ លោក​បញ្ជាក់ថា​៖ «​ប៉ុន្តែ​ដោយសារតែ​យើង​មិនទាន់​លក់​ឱ្យបាន​គ្រប់គ្រាន់ ខ្ញុំ​ធ្វើការ​នៅពេល​យប់ និង​ប្រើប្រាស់​ប្រាក់​នេះ ដើម្បី​ចំណាយ​លើ​ប្រតិបត្តិការ​នានា​របស់​សមាគម​កប្បាស​កម្ពុជា​។ ការ​កុម្ម៉ង់​ស្បែក​កប្បាស​ទុក​មុន​ត្រូវ​បាន​ធ្វើឡើង​មកពី​ប្រទេស​ជប៉ុន សម្រាប់​ទំនិញ​ច្រើនជាង​ ១០​ កញ្ចប់ ដែល​យើង​មិនទាន់​បាន​លក់​ចេញ​»៕

ព័ត៌មានថ្មីៗ