ភ្នំពេញៈ ក្រសួង​បរិស្ថាន​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID និង​អង្គការ​ដៃគូ​ក្នុង​វិស័យ​បរិស្ថាន​នៅ​ថ្ងៃទី​ ២២ ខែមិថុនា​បាន​ចាប់ផ្ដើម​យុទ្ធនាការ​ផ្លាស់ប្តូរ​ឥរិយាបថ​សង្គម​លើក​ទី ​២ «​ដើម្បី​កាត់បន្ថយ​ការទិញ និង​ការហូប​សាច់សត្វ​ព្រៃ​» និង​ការពារ​ព្រៃឈើ​ និង​សត្វព្រៃ​នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​។


ការចាប់ផ្ដើម​យុទ្ធនាការ​ផ្លាស់ប្តូរ​ឥរិយាបថ​សង្គម​លើក​ទី​ ២ «​ដើម្បី​កាត់បន្ថយ​ការទិញ និង​ការហូប​សាច់សត្វ​ព្រៃ​» នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​យុទ្ធនាការ​អន្ទាក់​សូន្យ និង​លោក រីឆាត ឈិន (Richard Chen) ប្រធាន​ការិយាល័យ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​នៃ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID រួម​នឹង​អង្គការ​ដៃគូ សិស្ស-​និស្សិត​ប្រមាណ ២០០ ​នាក់​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

លោក រីឆាត ឈិន ថ្លែងថា សត្វព្រៃ​គឺជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​កេរដំណែល​ជាតិ​របស់​ប្រទេស​កម្ពុជា និង​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការធានា​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន និង​សេដ្ឋកិច្ច​។ ប៉ុន្តែ​ធនធាន​ធម្មជាតិ និង​សត្វព្រៃ​របស់​កម្ពុជា​កំពុង​បាត់បង់​ពី​ព្រៃឈើ និង​តំបន់​ការពារ​ធម្មជាតិ​។ លោក​ថ្លែងថា​៖ «​យុទ្ធនាការ​ដែល​យើង​ប្រកាស​ជា​ផ្លូវការ​ថ្ងៃនេះ​ផ្តោតលើ​យុវជន ដែល​ជា​អ្នកការពារ​កេរដំណែល​ជាតិ​របស់​ប្រទេស​កម្ពុជា តាមរយៈ​ការកាត់បន្ថយ​តម្រូវ​ការទិញ និង​ហូប​សាច់សត្វ​ព្រៃ​ដែលជា​កត្តា​ជំរុញ​ដ៏​សំខាន់​នៃ​ការបាត់បង់​ជីវចម្រុះ​»​។

លោក​បន្តថា ពាក្យស្លោក​របស់​យុទ្ធនាការ គឺ «​រួមគ្នា​រក្សា​ជីវិត​សត្វព្រៃ​» “Let Wildlife Live" ដោយសារ សត្វព្រៃ គឺជា​ផ្នែក​ដ៏សំខាន់​មួយ​របស់​ធម្មជាតិ សេដ្ឋកិច្ច និង​វប្បធម៌​។ លោក រីឆាត ឈិន លើកឡើង​ថា កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ក៏​ស្របតាម​យុទ្ធនាការ​អន្ទាក់​សូន្យ ដែល​ផ្តួចផ្តើម​ដោយ​ក្រសួង​បរិស្ថាន​ដែល​បាន​ប្រកាស​ដំណើរការ​កាលពី​ខែមីនា​ឆ្នាំនេះ​ផងដែរ​។ លោក​ថ្លែងថា​៖ «​ការកាត់បន្ថយ​តម្រូវការ​សាច់​សត្វព្រៃ​នឹង​រួមចំណែក​ដល់​ការកាត់បន្ថយ​ការដាក់​អន្ទាក់ និង​ការបរបាញ់​ខុសច្បាប់​»​។


លោក​បញ្ជាក់ថា ការចូលរួម​របស់​យុវជន​ក្នុង​កិច្ចការពារ​បរិស្ថាន និង​ការអភិរក្ស​សត្វព្រៃ​មាន​សារៈសំខាន់​ក្នុងការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​របស់​ប្រទេស​។ ការចូលរួម​របស់​យុវជន​ក៏​ជា​កត្តា​សំខាន់​មួយ សម្រាប់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ប្រកប​ដោយ​ចីរភាព​។ ថាមពល និង​ការប្តេជ្ញាចិត្ត​របស់​យុវជន​អាចជួយ​បង្កើន ការប្តេជ្ញាចិត្ត​ក្នុង​ការអភិរក្ស​ធម្មជាតិ និង​ជីវចម្រុះ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំង​បច្ចុប្បន្ន និង​សម្រាប់​អ្នកជំនាន់​ក្រោយ​។ លោក រីឆាត ឈិន បញ្ជាក់​ថា​៖ «​នេះ​ជា​មូលហេតុ​ដែល​ទីភ្នាក់ងារ USAID មាន​មោទនភាព​ចូលរួម​ក្នុង​ភាពជា​ដៃគូ​ជាមួយ​យុវជន វិស័យ​ឯកជន និង​ដៃគូ​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​អវិជ្ជមាន ដែល​បង្កឱ្យមាន​ការបាត់បង់​ព្រៃឈើ និង​ជីវចម្រុះ​។ នេះ​ក៏​ជា​មូលហេតុ​ដែល​យើង​លើកកម្ពស់​សកម្មភាព​វិជ្ជមាន ដែល​គាំទ្រ​ផលិតផល និង​សេវាកម្ម មេត្រីភាព​បរិស្ថាន​»​។


លោក​បានឱ្យ​ដឹងថា ឆ្នាំនេះ​ជា​ខួប​លើក​ទី​ ៧២ នៃ​ចំណង​ការទូត​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​។ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បន្ដ​ផ្ដល់​ការគាំទ្រ​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ និង​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​រាប់បញ្ចូល​ទាំង​ការ​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់​លើសពី ១០០ លាន​ដុល្លារ​ដល់​គម្រោង​បរិស្ថាន​នៅ​កម្ពុជា​រយៈពេល​ ២ ​ទសវត្សរ៍​កន្លងមក​នេះ​។ លោក​ថា​៖ «​តាមរយៈ​ការសហការ​គ្នា ខ្ញុំ​ដឹងថា យើង​អាច​ធ្វើឱ្យ​កិច្ចការពារ​ព្រៃឈើ សត្វព្រៃ​ និង​ធនធាន​ធម្មជាតិ​របស់​កម្ពុជា​ប្រសើរ​ឡើង​»​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ថ្លែងថា ក្រសួង​បរិស្ថាន អំពាវនាវ​ឱ្យ​ប្រជាជន​ទាំងអស់​ឈប់​ហូប​សាច់សត្វ​ព្រៃ និង​ផលិតផល​សត្វព្រៃ​ផ្សេងទៀត​។ លោក​ថ្លែងថា​៖ «​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប​ទាំង​ក្មេង និង​ចាស់​មាន​ភារកិច្ច​រួមមួយ​ក្នុង​ការ​អភិរក្ស និង​ការពារ​ធនធាន​ធម្មជាតិ​ដ៏​មានតម្លៃ​របស់​យើង​»​។ លោក​បន្តថា​៖ «​យើង​ទទូច​ឱ្យ​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​និយាយថា ទេ ចំពោះ​សាច់​សត្វព្រៃ និង​ចូលរួម​ក្នុង​កិច្ចប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រឆាំងនឹង​ជំនួញ​សត្វព្រៃ​ខុសច្បាប់​ក៏ដូចជា​ចូលរួម​ក្នុង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​ព្រះរាជាណាចក្រ​យើង​»​។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម «​យុទ្ធនាការ​ការពារ​សត្វព្រៃ​យើង​» ការកាត់បន្ថយ ការដាក់​អន្ទាក់ ការទិញ​/​លក់ និង​ការហូប​សាច់សត្វ​ព្រៃ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​អន្ទាក់​សូន្យ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា​។

លោក នេត្រ ភក្ត្រា បញ្ជាក់​ថា យុទ្ធនាការ​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​អន្ទាក់​សូន្យ​ ដែល​ដឹកនាំ​ដោយ​ក្រសួង​បរិស្ថាន​សហការ​ជាមួយ​អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ (WWF កម្ពុជា​) ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) អង្គការ អភិរក្ស​អន្តរជាតិ (CI) អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​អន្តរជាតិ (FFI) អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា (NatureLife/BirdLife) និង​អង្គការ​សម្ព័ន្ធ​សត្វព្រៃ និង​ធម្មជាតិ (Wild Earth Allies) និង​សហគមន៍​មូលដ្ឋាន​៕