ភ្នំពេញៈ អត្រា​ប្រេវ៉ាឡង់​នៃ​​ការ​ក្រិសក្រិន​កុមារ​បាន​ថយចុះ​​ពី​ ៣២ ​ភាគរយ​នៅ​ឆ្នាំ​ ២០១៤ ​មក​ ២២ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២១-២០២២ ខណៈ​ភាគរយ​នៃ​កុមារ​ស្គមស្គាំង​មាន​អត្រា​ ១០ ​ភាគរយ​ដដែល ហើយ​កុមារ​លើស​ទម្ងន់​បាន​ផ្លាស់ប្តូរ​តិចតួច​។ នេះ​បើ​យោង​តាម​របាយការណ៍​​សូចនាករ​ស្នូល​នៃ​អត្រា​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា ឆ្នាំ​ ២០២១-២២​។


របាយការណ៍​បាន​លើកឡើង​ថា កុមារ​សរុប​ចំនួន ៤ ៤៤៣ ​នាក់​ (​គ្មាន​មេគុណ​អង្កេត​) មាន​អាយុ​ក្រោម​ ៥ ​ឆ្នាំ​ត្រូវបាន​ជ្រើសស​សម្រាប់​ថ្លឹង​ទម្ងន់ និង​វាស់​កម្ពស់​។ ​ទោះជា​យ៉ាងណា កុមារ​ដែល​បាន​ជ្រើសរើស​មួយចំនួន​​មាន​ទិន្នន័យ​ពេញលេញ​ និង​គួរ​​ឱ្យ​ជឿ​បាន​លើ​កម្ពស់ ទម្ងន់​ និង​/​ឬ​អាយុ​មិន​ត្រូវបាន​កត់ត្រា​។

អត្រា​អង្កេត​ប្រជាសាស្ត្រ​ និង​សុខភាព​កម្ពុជា​ឆ្នាំ​ ២០២១-២២ បាន​បញ្ជាក់ថា​៖ «​ស្ថានភាព​អាហារូបត្ថម្ភ​របស់​កុមារ​អាយុ​ក្រោម​ ៥​ ឆ្នាំ យោងតាម​សន្ទស្សន៍​​មនុស្ស​មាត្រ​ចំនួន​ ៣ គឺ​ ២២ ​ភាគរយ​នៃ​កុមារ​អាយុ​ក្រោម​ ៥ ​ឆ្នាំមាន​ភាព​​ក្រិសក្រិន​,១០ ភាគរយ​ស្គមស្គាំង និង​ ១៦ ​ភាគរយ​មាន​កង្វះ​ទម្ងន់​»​។

ចំនួន​នេះ​បើ​ធៀប​នឹង​ឆ្នាំ ​២០១៤ បញ្ហា​កុមារ​ក្រិស​ក្រិន​មាន​ការថយចុះ​ពី​ ៣២ ​ភាគរយ មក​ ២២ ​ភាគរយ​, កុមារ​មាន​បញ្ហា​ស្គមស្គាំង​ស្ថិតនៅ​អត្រា​ ១០ ​ភាគរយ​ដដែល ខណៈ​ដែល​បញ្ហា​កុមារ​កង្វះ​ទម្ងន់​បាន​ថយចុះ​ពី​ ២៤ ​ភាគរយ មក​ ១៦ ​ភាគរយ រីឯ​កុមារ​ដែល​លើស​ទម្ងន់​មាន​ចំនួន​ ៤ ​ភាគរយ​។


ប្រភព​ដដែល​បានឱ្យ​ដឹងថា​​មនុស្ស​មាត្រ​ (Anthropometry)​ ត្រូវ​បាន​ប្រើ​ជាទូទៅ​ ដើម្បី​វាស់វែង​ពី​ស្ថានភាព​អាហារូបត្ថម្ភ​របស់​កុមារ​។ រង្វាស់​មនុស្ស​​មាត្រ​ (Anthropometric)​ ត្រូវបាន​ប្រើ​ ដើម្បី​ពិនិត្យ​តាមដាន​ពី​អំពី​សូចនាករ​ការអភិវឌ្ឍ​របស់​កុមារ​។


ការបែងចែក​កម្ពស់ និង​ទម្ងន់​សម្រាប់​កុមារ​អាយុ​ក្រោម​ ៥ ​ឆ្នាំ​​ត្រូវបាន​ប្រៀបធៀប​បទដ្ឋាន​ប្រជាជន​គោល​របស់​អង្គការ​សុខភាព​ពិភពលោក (WHO ២០០៦)​។

ទាក់ទង​នឹង​បញ្ហា​កុមារ​ក្រិសក្រិន និង​ស្គមស្គាំង​នេះ លោក ជា សំណាង ជា​សហប្រធាន-​អនុ​ក្រុមការងារ​លើកកម្ពស់​សេវា​ផ្គត់ផ្គង់​ទឹកស្អាត អនាម័យ និង​អាហារូបត្ថម្ភ​នៃ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​ធ្លាប់បាន​បញ្ជាក់​ពី​មូលហេតុ​ថា វា​បណ្តាល​មកពី​កង្វះ​ទឹកស្អាត និង​អនាម័យ​។

លោក​បាន​លើកឡើង​ថា ២៩ ​ភាគរយ​នៃ​គ្រួសារ​នៅ​ជនបទ​មាន​ទម្លាប់​បន្ទោបង់​ពាសវាល​ពាសកាល រួមទាំង​ការចោល​លាមក​របស់​ទារក​ ឬ​កុមារ​តូច​,៤១​ភាគរយ​មិនទាន់​ទទួលបាន​​សេវា​ផ្គត់ផ្គង់​ទឹកស្អាត​ជា​មូលដ្ឋាន​,៨៤​ភាគរយ​មិនទាន់​ទទួល​បាន​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង ​២៣ ​ភាគរយ​គ្មាន​ឧបករណ៍​ ឬ​សម្ភារ​លាង​សម្អាត​ដៃ ដែល​មាន​ទឹក និង​សាប៊ូ​។

លោក ហ៊ូ ក្រើន នាយករង​នៃ​អង្គការ​ហេឡែន​ខេលល័រ អន្តរជាតិ​ប្រចាំ​កម្ពុជា​ (HKI) ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​ពិតជា​រីករាយ​នៅពេល​ទទួល​ព័ត៌មាន​ថា អត្រា​ក្រិស​ក្រិន​នៃ​កុមារ​កម្ពុជា​ចុះមក​ ២២ ​ភាគរយ​។

លោក​បាន​បន្តថា ដើម្បី​ដឹង​ច្បាស់​ពី​មូលហេតុ​នៃ​ការធ្លាក់ចុះ​​តម្រូវ​ឱ្យមាន​ការសិក្សា និង​​វិភាគ​លក្ខណៈ​វិទ្យាសាស្ត្រ​។ ប៉ុន្តែ​ទោះយ៉ាងណា លោក​គិតថា អាច​មាន​កត្តា​ជាច្រើន​ដែល​នាំឱ្យ​មាន​ការ​ធ្លាក់ចុះ​នេះ​។

លោក ហ៊ូ ក្រើន បាន​ថ្លែងថា​៖ «​កត្តា​ទាំងនោះ រួមមាន​ការអនុវត្ត​ផ្តល់​អាហារ​ដល់​កុមារ​បាន​ត្រឹមត្រូវ និង​ល្អប្រសើរ​ជាង​មុន​គឺ​ផ្តល់​អាហារ​ចម្រុះ និង​បរិមាណ​អាហារ​បាន​ត្រឹមត្រូវ​តាម​អាយុ និង​តម្រូវការ​របស់​កុមារ​, អាចមាន​ការយក​ចិត្ត​ទុកដាក់​លើ​ការថែទាំ​កុមារ​បានល្អ​ជាង​មុន​, ការអនុវត្ត​អនាម័យ និង​ទឹកស្អាត​បាន​ត្រឹមត្រូវ​,​ការបាន​ទទួល​សេវា​សុខភាព​ប្រសើរ​ជាង​មុន​, មាន​ការ​ផ្លាស់ប្តូរ​ឥរិយាបថ និង​ទម្លាប់​លើ​ការផ្តល់​អាហារ​បន្ថែម​​ដល់​កុមារ​ប្រសើរ​ជាង​មុន​...»​។

ការអនុវត្ត​អនាម័យ និង​ទឹកស្អាត​បាន​ត្រឹមត្រូវ​ធ្វើឱ្យ​មាន​ការទប់ស្កាត់​ទាន់​ពេល​នូវ​ការរីក​រាលដាល​ជំងឺឆ្លង​ដែល​ធ្វើឱ្យ​កុមារ​​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​។ ​ជំងឺ​ជា​កត្តា​រារាំង​សមត្ថភាព​រាងកាយ​កុមារ​ក្នុង​ការ​បឺត​ស្រូបយក​ថាមពល និង​សារជាតិ​ចិញ្ចឹម​​ផ្សេងៗ​ទៀត រួមទាំង​ធ្វើឱ្យ​រាងកាយ​ចុះខ្សោយ​។ ​នេះ​បើតាម​ការបញ្ជាក់​ពី​លោក ហ៊ូ ក្រើន​។

លោក​បាន​បន្ថែមថា​៖ «​ការបឺត​ស្រូប​យក​សារជាតិ​ចិញ្ចឹម​មិនបាន​ល្អ គឺ​ធ្វើឱ្យ​រាងកាយ​កុមារ​​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​​ហើយ​នៅពេល​រាងកាយ​ខ្វះ​​អាហារូបត្ថម្ភ វា​ធ្វើឱ្យ​កុមារ​មាន​​ហាន​ភ័យ​ខ្ពស់​ក្នុង​ការចម្លង​មេរោគ​បន្ថែមទៀត និង​កង្វះ​អាហារូបត្ថម្ភ​ជា​បន្តបន្ទាប់​នឹង​​ឈានទៅ​ធ្វើឱ្យ​កុមារ​មាន​បញ្ហា​​ក្រិស​ក្រិន​»​។

ជាមួយ​នឹង​ការអបអរសាទរ​​ពី​ធ្លាក់ចុះ​នូវ​អត្រា​ក្រិស​ក្រិន​នេះ លោក ហ៊ូ ក្រើន ក៏មាន​ការខកចិត្ត​ខ្លាំង​ផងដែរ ចំពោះ​ការធ្លាក់ចុះ​នូវ​អត្រា​ការ​បំបៅ​ដោះ​កូន​​តែមួយ​មុខ​គត់​ក្នុង​ចំណោម​​កុមារ​អាយុ​ពី​ ០ ដល់​ ៦​ ខែ គឺ​ធ្លាក់ចុះ​ពី​ ៦៥ ​ភាគរយ នៅក្នុង​​ឆ្នាំ​ ២០១៤ នៅ​មក​ត្រឹមតែ ​៥២ ភាគរយ​ក្នុង​ឆ្នាំ​ ២០២២​។

យោងតាម​សូចនាករ​ស្នូល​នៃ​អត្រា​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា ឆ្នាំ​ ២០២១-២២ បាន​បញ្ជាក់ថា​៖ «​ការបំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែមួយ​មុខ​ក្នុងចំណោម​កុមារ​អាយុ ​០-៥​ ខែ បាន​កើនឡើង​ពី​ ១១ ​ភាគរយ​នៅ​ឆ្នាំ​ ២០០០ កើន​ដល់​កម្រិត​ខ្ពស់បំផុត ​៧៤ ភាគរយ នៅ​ឆ្នាំ​ ២០១០ ហើយ​បាន​ធ្លាក់ចុះ​ជា​បន្ត​បន្ទាប់ពី​ ៦៥ ​ភាគរយ នៅ​ឆ្នាំ​ ២០១៤ ដល់​ ៥១​ ភាគរយ​នៅក្នុង​ឆ្នាំ​ ២០២១-២០២២»​។

អ្នកស្រី សុខ សំអាត អាយុ​ ៣៩ ​ឆ្នាំ នៅ​ខេត្ត​ត្បូងឃ្មុំ​បាន​និយាយថា អ្នកស្រី​បាន​បំបៅកូន​ដោយ​ទឹកដោះ​ដល់​កូនប្រុស​ទាំង​ ៤ ​នាក់​របស់គាត់​តាំងពី​កើត​រហូត​អាយុ​ ២ ​ឆ្នាំ​។

អ្នកស្រី​បាន​បំបៅកូន​ដោយ​ទឹកដោះ ដោយសារ​ទឹកដោះ​ម្តាយ​មាន​សារប្រយោជន៍​ច្រើន​ជួយ​ដល់​សុខភាព​របស់​កូន និង​ជួយ​ឱ្យ​កូន​ឆ្លាត​ផងដែរ​។

អ្នកស្រី សុខ សំអាត បាន​ថ្លែង​​ថា​៖ «​ទឹកដោះ​ម្តាយ​មាន​អត្ថប្រយោជន៍​ច្រើនណាស់ ដូចជា ជួយ​ឱ្យ​កូន​ខ្ញុំ​ឆ្លាត ក្លៀវក្លា កូន​មិនសូវ​ឈឺ ជួយ​កាត់បន្ថយ​អត្រា​កើត​ជំងឺ​មហារីក​ដោះ ជួយ​ឱ្យ​ម្តាយ​មាន​ភាពស្និទ្ធស្នាល​​ជាមួយ​កូន និង​ជួយ​កាត់បន្ថយ​ការចំណាយ​លើ​ការទិញ​ម្សៅ​ទឹកដោះគោ​ផងដែរ​»​។

ការអនុវត្ត​ការ​បំបៅកូន​ដោយ​​ទឹកដោះ​ម្តាយ​ល្អ​បំផុត​ សម្រាប់​ទារក និង​កុមារ​តូច​ (IYCF) គឺមាន​សារៈសំខាន់​ចំពោះ​សុខភាព និង​ការរស់រាន​មាន​ជីវិត​របស់​កុមារ ការអនុវត្ត​ IYCF ដែល​បាន​ណែនាំ​រួមមាន​ការចាប់ផ្តើម​ដំបូង​នៃ​ការ​បំបៅកូន​​ដោយ​ទឹកដោះ​ម្តាយ​ក្នុង ១​ ម៉ោង​ដំបូង​នៃ​ជីវិត ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​ទាំង​ស្រុង​ សម្រាប់​រយៈពេល​ ៦​ ខែ​ដំបូង​​នៃ​ជីវិត និង​ការ​បំបៅកូន​។

គួរ​បញ្ជាក់ថា កម្ពុជា​បាន​ប្តេជ្ញាចិត្ត​បង្កើន​អត្រា​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​តែ​ ១ ​មុខ​គត់​ សម្រាប់​ទារក និង​កុមារ​អាយុ​ពី​ ០ ​ដល់ ​៦ ​ខែ ឱ្យបាន​ដល់ ​៨៥ ​ភាគរយ នៅ​ឆ្នាំ​ ២០៣០៕