ភ្នំពេញៈ កំពុង​ឈរ​នៅ​ក្បែរ​យុវជន​ម្នាក់​ពាក់អាវ​ពណ៌​លឿងទុំ​ដែល​សម្គាល់ថា ​ជា​អ្នកទោស​ខណៈ​បុរស​ម្នាក់ទៀត​គ្រង​សម្លៀកបំពាក់​ពណ៌​ខ្មៅ និង​មាន​ពាក់​ក្រវ៉ាត់ ក ពណ៌​ស ​សម្គាល់ថា​ជា​មេធាវី​បាន​បន្លឺសំឡេងច្បាស់ៗដែល​កំពុង​ដាក់​អារម្មណ៍​ទៅជាមួយ​នឹង​រឿងក្តី នៅក្នុង​ចំណោម​មនុស្ស​ជាច្រើន​នាក់​ដែល​កំពុង​អង្គុយ​ស្តាប់​នោះ​គឺ លោក​យុង ផានិត ជា​មេធាវី មួយរូប​ការពារ​ក្តី​ជូន​ជនក្រីក្រ​ដែល​បម្រើការ​នៅ​ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។


លោក ផានិត ក្នុង​ទឹកមុខ​មាំ​សម្បុរ​ខ្មៅ​តែ​សម្តី​ទន់ភ្លន់ និង​​សក់​ក្បាលល្បាយ​ពណ៌​ខ្មៅ និង​ពណ៌​ស ​​ដែល​ប​​ង្ហាញថា ​ជា​មនុ​ស្សមាន​វ័យ​ចំណាយ​ក្តី​តែ​បុរស​វ័យ ៥៨ ឆ្នាំ រូបនេះហាក់នៅតែ​ចិញ្ចឹមចិត្ត​មិន​ព្រម​បោះបង់​ធ្វើជា​មេធាវី​ស្ម័គ្រចិត្ត ការពារ​ក្តី​ជូន​ជនក្រីក្រ (អ្នកទោស​គ្មាន​លទ្ធភាព​ជួល​មេធាវី) របស់​គណៈមេធាវី​ឡើយ។ ទោះបី​ដឹងខ្លួនថា ​ការប្រើប្រាស់​ជំនាញ​នេះតាមឆន្ទៈរបស់ខ្លួន ដែល​មិនសូវ​ទទួលបាន​កម្រៃ​ដូច​មេធាវី​ឯកជន​ដទៃទៀត​ក្តី​ ប៉ុន្តែ​ឆ​ន្ទៈ​របស់លោក​មុត​ស្រួច​ជាង​វ័យ​របស់ខ្លួន​ទៅទៀត។

លោក​ យុង ផានិត បាន​រៀបរាប់ថា លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ និង​មានកូន​ចំនួន៣នាក់​នៅក្នុង​បន្ទុក។ ក្នុង​ជីវិត​ជា​កូនកំព្រា ឪពុកម្តាយ​លោក​បានរស់នៅ​ជាមួយ​បងស្រី​និង​ខិតខំ​រៀនសូត្រ​នៅ​សាលា​ពញាក្រែក​ក្នុង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ចាប់ពី​ឆ្នាំ ១៩៨១ រហូតដល់​ឆ្នាំ ១៩៨៨ លោក​បាន​ប្រឡង​ចូលរៀន​មធ្យម​នីតិសាស្ត្រ នៅ​សាលា​កម្មាភិបាល​រដ្ឋបាល និង​នីតិសាស្ត្រ (ប​ច្ចុ​ប្ប​ន្នសាលា​ភូមិ​មិ​ន្ទ​នីតិសាស្ត្រ សាលា​ច្បាប់​បឹងត្របែក) ហើយ​លោក​រៀន​ចប់ និង​ទទួលបាន​សញ្ញាប័ត្រ​មធ្យម​នីតិសាស្ត្រ​ជំនា​ន់ទី២ នៅ​ឆ្នាំ ១៩៩០។

លោក​បន្តថា ក្នុងអំឡុង​ឆ្នាំ ១៩៩២ លោក​បាន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​ការងារ​ជា​ក្រឡាបញ្ជី​នៅ​ខេត្តស្ទឹងត្រែង​មួយរយៈ​រហូតដល់​ឆ្នាំ ១៩៩៥ ក៏​បាន​ផ្លាស់​មក​រាជធានី​ភ្នំពេញ​វិញ និង​ប្រឡង​ចូល​ធ្វើជា​មេធាវី​មេធាវី​ក្នុង​ឆ្នាំ​ដដែល និង​បាន​ប្រឡង​ចេញ​នៅ​ឆ្នាំ ១៩៩៦។ ចំពោះ​ការងារ​ធ្វើជា​មេធាវី​ការពារ​ក្តី​ជូន​ជនក្រីក្រ​ដំបូង​គឺ​លោក​បាន​ចូល​បម្រើការ​ជា​មេធាវី​ទៅលើ​ក្រុម​ស្ត្រី និង​កុមារ​ដែល រង​អំពើហិង្សា​ក្នុង​គ្រូ​សារ។ បន្ទាប់មក​លោក​ធ្លាប់​ការពារ​ក្តី​ដូចជា​រឿង​វិវាទ​ដីធ្លី និង​ការពារ​រឿង​ព្រហ្ម​ទ័​ណ្ឌ​ជាច្រើន​សំណុំ​រឿង​ទៀត ជាពិសេស​ការពារ​ជនរងគ្រោះ​នៅ​សាលាក្តី​ខ្មែរក្រហម។


លោក​ថ្លែងថា៖ «ខ្ញុំ​បាន​ជួបប្រទះ​រឿង​ការពារ​ក្តី​ជូន​ជនក្រីក្រ​ គឺ​យើង​ត្រូវ​ប្រើ​ចិត្តសាស្ត្រ​ព្រោះ​កូនក្តី​យើង​ជា​អ្នកក្រីក្រ​ដូច្នេះ​គាត់​ត្រូវការ​ភាពកក់ក្តៅ​ពី​យើង និង​ភាព​ស្និត​ស្នាល។ បញ្ហា​នេះ​ខ្ញុំ​យល់ច្បាស់ ហើយ​ដោះស្រាយបាន ដោយសារ​ខ្ញុំ​ជាកូនកំព្រា ហើយ​ក្រ​ដូច​កូនក្តី​ដែរ។ បើ​កូនក្តី​អ្នកមាន​វិញ គឺ​ពួកគាត់​មាន​លក្ខណ​បញ្ជា​យើង ​និងត្រូវការ​ស្គាល់​យើង​ឱ្យ​ច្បាស់ ហើយ​ខ្ញុំ​ឡើង​ការពារ​ក្តី​នៅក្នុង​សវនាការម្តងៗ គឺ​យក​ទ្រឹស្តី​វិជ្ជាជីវៈ​ជា​អ្នកច្បាប់​យកមកប្រើ។ ជា​បទពិសោធ អ្នកក្រ ​និង​អ្នកមាន ខ្ញុំ​ប្រឹង​ការពារ​ក្តី​ដូចគ្នា​ ប៉ុន្តែ​អ្នកក្រប្រើ​ចិត្តសាស្ត្រ​ច្រើនជាង​អ្នកមាន»។


លោក​បន្តថា៖ «តួនាទី​យើង​ជា​អ្នកការពារ​ក្តី​ឱ្យគេ ​គឺ​រឿង​អ្វី​ក៏​អាច​ដោះស្រាយ​បានដែរ​ ព្រោះ​យើង​ជា​អ្នកច្បាប់​យើង​ត្រូវតែ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​ទៅ យើង​កុំទៅ​ដោះស្រាយ​ក្រៅពី​ច្បាប់។ខ្ញុំ​ពេញ​ចិត្តនឹង​ពាក្យ ១ ឃ្លា​ថា ​​វិថី​ជោគជ័យ​ គឺ​គ្មាន​ដានជើង​ខ្ចិ​ល​ទេ អ្នក​ខ្ចិ​ល​ គឺ​មិនអាច​ឡើងទៅ​វិថី​ជោគជ័យ​បានឡើយ»។

លោក​បាន​លើកឡើងថា លោក​ចាប់ផ្តើម​ក្លាយជា​មេធាវី​ការពារ​ជន​ជូន​ក្រីក្រ​តាំងពី​ឆ្នាំ ១៩៩៦ រហូតមកដល់​បច្ចុប្បន្ន​នេះ បើ​គិតពី​ចំនួន​កូនក្តី​ដែល​លោក​បានការ​ពារ​ឱ្យ​គឺមាន​ចំនួន ១២ ៤៨០ នាក់​ហើយ​ ក្នុង​រយៈពេល ២៦ ឆ្នាំ​មកនេះ។ ក្នុងនោះ​លោក​ទទួលបាន​ជោគជ័យ​ខ្លះ និង​មិន​​ជោគជ័យ​ខ្លះ​ដោយ​អាស្រ័យទៅលើ​សំណុំរឿង​ក្តី​នីមួយៗ។ ជាមួយគ្នានេះ​លោក​ក៏មាន​ការិយាល័យ​មេធាវី​មួយ​ផ្ទាល់ខ្លួន​ផងដែរ​ឈ្មោះ​ការិយាល័យច្បាប់ និង​ពិគ្រោះ​យោបល់។

ចំពោះ​ជន​ចាប់​ចោទ ឬ​គ្រួសារ​របស់​ជនជាប់ចោទ​ដើម្បី​ពឹងពាក់​ទទួលបាន​មេធាវី​ពី​គណៈមេធាវី​នោះ​គឺជា​គោល​ការ​ណ៍ ក្នុង​រឿង​ព្រហ្មទណ្ឌ សិទ្ធិ​មាន​មេធាវី ជន​គ្រប់រូប​មាន​សិទ្ធិ​ជ្រើសរើស​មេធាវី ហើយ​បើ​គ្មាន​លទ្ធភាព​ទេ អាច​ស្នើ​ទៅ​គណៈមេធាវី​ផ្ទាល់ ឬ​តាមរយៈ​ប្រតិភូ​គណៈមេធាវី​ប្រចាំ​តុលាការរាជធានី-ខេត្ត។ ចំពោះ​តុលាការ​វិញ​ពេល​ត្រូវការ​មេធាវី​មក​ការពារ​ក្តី​ឱ្យ​ជនជាប់ចោទ​ដែល​គ្មាន​លទ្ធភាព​រក​ជួល​មេធាវី​ឯកជន​គឺ ត្រូវ​ស្នើសុំ​ទៅ​គ​ណៈ​មេធាវី ឬ​ប្រតិភូ​គណៈមេធាវី​តាមរយះ​ក្រសួង​យុ​ត្តិ​ធ​ម៌។

ទាក់ទង​នឹង​ការងារ​របស់​មេធាវី​ជួយជន​ក្រីក្រ​នេះដែរ លោក លី ច័ន្ទ​តុលា ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់បាន​ផ្តល់​បទ​សម្ភា​ស​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​ថា​នៅក្នុង​យន្តការ​នៃ​ការ​ផ្ដល់នូវ​ការការពារ​ក្ដី​ជូន​ដល់​ជនក្រីក្រ គឺ​គណៈមេធាវី​បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ការផ្ដល់​មេធាវី​ការពារ​ក្ដី ដល់​ជនក្រីក្រ ដែលជា​ជនល្មើស នៅក្នុង​សុំ​ណុំរឿង​ព្រហ្មទណ្ឌ បទមជ្ឈិម ឬក៏​បទឧក្រិដ្ឋ។ បន្ថែម​ពីលើ​នេះ​គណៈមេធាវី​ក៏បាន​ចូលរួម​សកម្ម​នៅក្នុង​ការជួយ​ដល់​ស្ដ្រី និង​ក្មេងស្រី ដែល​រងគ្រោះ​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ ឬ​ដោយ​អំពើ​រំលោភ​សេពសន្ថវៈ ឬ​ជាការ​ប៉ះពាល់​ដល់​កិ​ត្ដិ​យស​ស្ដ្រី ឬ​ក្មេងស្រី ដែល​កិច្ចការងារ​នេះ គណៈមេធាវី​បាន​សហការ​ជាមួយ​ក្រុមប្រឹក្សា​ជាតិ​កម្ពុ​ជា​ដើម្បី​ស្ដ្រី។

លោក​បន្តថា កាលពី​ខែកុម្ភៈ ឆ្នាំ ២០២១ លោក​បានដាក់​ចេញ​នូវ​គោលនយោបាយ​មួយទៀត​គឺ​គោលនយោបាយ​ស្ដីពី​ការពិគ្រោះ​យោបល់ និង​ការការពារ​ក្ដី​ដោយ​មិន​យក​កម្រៃ​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ សម្រាប់​បងប្អូន​កម្មក​រ កម្មការិនី ក៏ដូចជា​ស្ដ្រី និង​ក្មេងស្រី​ដែល​រងគ្រោះ គឺ​យើង​មាន​ផ្ដល់​មេធាវី​ដើម្បី​ការពារ​ក្ដី ជូន​ពួកគាត់ ទាំង​ក្នុង​រឿង​ព្រហ្មទណ្ឌ ទាំង​ក្នុង​រឿង​រដ្ឋប្បវេណី ដោយ​យើង​មិន​ធ្វើ​ការយក​កម្រៃ​អ្វី​ទេ។ក្នុង​រយៈពេល​ជិត ២ ឆ្នាំនេះ​លោក​បាន​ពង្រឹង​នូវ​យន្តការ​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​អំពី​សកម្មភាព​របស់​គ​ណៈ​មេធាវី ក៏ដូចជា​យន្តការ​នៃ​ការទទួលយក​នូវ​ព័ត៌មាន ក៏ដូចជា​ការស្នើសុំ​អន្តរាគមន៍​ពី​សំណាក់​​សហ​ភាតា​មេធាវី​របស់​គណៈមេធាវី។

លោក​ថ្លែងថា៖ «យើង​ក៏មាន​ពង្រីក​សកម្មភាព ការងារ​របស់​យើង​នៅក្នុង​គេហទំព័រ និង​បណ្ដាញ​សង្គម​របស់​គណៈមេធាវី ក៏ដូចជា​បង្កើត​ក្រុម​តេ​ឡេ​ក្រាម​របស់​សមាជិក​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បីឱ្យ​យើង​អាច​ទទួល​ព័ត៌មាន ឬក៏​សំណូមពរ​ពី​ ​សហ​ភាតា​របស់​យើង​មកវិញ។ នៅក្នុង​យន្តការ​នេះ​យើង​ឃើញថា ​សហ​ភាតា​មេធាវី​ដែល​គាត់​មាន​បញ្ហា ឬ​មាន​សំណូមពរផ្សេងៗ ពួកគាត់​អាច​ប្រើប្រាស់​នូវ​យន្តការ​ទាំង​អស់នេះ ដើម្បី​ទំនាក់ទំនង​ជាមួយ​គណៈ​មេធាវី​ហើយ​គណៈមេធាវី​ក៏​អាច​អន្តរាគមន៍ ឬ​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់​បាន​ឆាប់រហ័ស​ដែរ»៕