សៀមរាបៈ អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរដែលទៅទស្សនានៅតំបន់អង្គរឱ្យប្រយ័ត្នពីខ្យល់កន្ត្រាក់ ដែលអាចបង្កបញ្ហាផ្សេងៗ ខណៈក្រុមការងារជំនាញកំពុងកាត់ក្រីមែកឈើមួយចំនួនដែលពុកផុយ ដើម្បីបញ្ចៀសហានិភ័យដែលអាចកើតឡើងជាយថាហេតុ។
ការអំពាវនាវនេះ ស្របពេលដែលមានខ្យល់កន្ត្រាក់បង្កឱ្យមែកឈើដ៏ធំមួយបាក់សង្កត់រថយន្តដឹកភ្ញៀវទេសចរនៅតំបន់ប្រាសាទប្រែរូបថ្មីៗនេះ ប៉ុន្តែមិនបង្ករបួសដល់មនុស្សនោះទេ។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានថ្លែងថា ដោយសារអាកាសធាតុបច្ចុប្បន្នប្រែប្រួលបណ្តាលឱ្យមានខ្យល់កន្ត្រាក់ខ្លាំងអាចបង្កគ្រោះថ្នាក់ជាយថាហេតុគ្រប់ពេលវេលា។ លោកថា បើទោះបីជាកន្លងមក និងបច្ចុប្បន្ន មន្ត្រីអាជ្ញាធរជាតិអប្សរាតែងតែដើរពិនិត្យ និងកាត់ក្រីមែកឈើដែលប្រឈមហានិភ័យជាប្រចាំក្តី ក៏មិនអាចដឹងមុនថា មានអ្វីនឹងកើតឡើងពេលមានខ្យល់កន្ត្រាក់ម្តងៗ។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់ភ្ញៀវទេសចរប្រុងប្រយ័ត្នចំពោះខ្យល់កន្ត្រាក់ដែលអាចបង្កបញ្ហាផ្សេងៗដោយកុំទៅជ្រកក្រោមដើមឈើ ឬយករថយន្តទៅចតក្រោមដើមឈើដែលអាចមានគ្រោះថ្នាក់ពេលមានភ្លៀង ឬខ្យល់ខ្លាំង។
លោកបញ្ជាក់ថា៖ «ដោយសង្កេតឃើញថា បញ្ហាអាចកើតមាន អ៊ីចឹងហើយបានជាយើងត្រូវកាត់ក្រីមែកឈើតាមដាន និងហានិភ័យដើមឈើ ប៉ុន្តែទន្ទឹមនឹងនេះ គឺយើងខ្លួនឯងត្រូវរួមចំណែកប្រុងប្រយ័ត្នដែរពាក់ព័ន្ធរឿងសុវត្ថិភាពរបស់យើងទ្រព្យសម្បត្តិ ព្រោះគ្មាននរណាម្នាក់អាចការពារយើង ១០០% ទេ ព្រោះបញ្ហាប្រធានស័ក្តិដែលកើតឡើងជាលក្ខណៈធម្មជាតិ»។
លោកបានបន្ថែមថា ដើមឈើក៏ដូចជាមនុស្សដែរ តែងតែមានការវិវឌ្ឍពីតូចទៅធំ ដូចនេះដើមឈើក៏មានមែកធាងច្រើន ពុកផុយ ធ្ងន់ ដែលអាចបាក់ធ្លាក់ ឬដួលនៅពេលណាមួយ ហេតុនេះទាមទារឱ្យក្រុមការងារជំនាញបន្តតាមដាន និងកាត់ក្រីមែកធាងដើម្បីរក្សាលំនឹងដើមឈើ។
លោកថា៖ «យើងបារម្ភ ព្រោះយើងមិនអាចដកដើមឈើចេញទាំងអស់បានទេ ព្រោះដើមឈើជាផ្នែកមួយនៃបេតិកភណ្ឌនៃទីតាំងនៅតំបន់អង្គរហើយបញ្ហាប្រធានស័ក្តិដែលកើតឡើងជាលក្ខណៈធម្មជាតិដូចជាខ្យល់កន្ត្រាក់អាចដួលរលំ»។
បើតាមលោក ឡុង កុសល ដោយសារខ្យល់កន្ត្រាក់ពីថ្ងៃទី ២០ ខែមិថុនា បណ្តាលឱ្យមែកឈើដ៏ធំមួយបាក់សង្កត់លើរថយន្តដឹកភ្ញៀវទេសចរនៅប្រាសាទប្រែរូប ប៉ុន្តែមិនបង្កឱ្យមានរបួសដល់មនុស្សនោះទេ ហើយលោកថា នេះជាករណីទី១ ដែលមិនធ្លាប់មានពីមុនមក។
សេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាចុះថ្ងៃទី ២០ ខែមិថុនា បានឱ្យដឹងថា ដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ ក៏ដូចជា ដើម្បីលើកកម្ពស់សោភណភាពតាមដងផ្លូវ និងបរិវេណប្រាសាទ អាជ្ញាធរជាតិអប្សរានឹងកាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើនៅទីតាំងមួយចំនួនចាប់ពីថ្ងៃទី ២២ ខែមិថុនា តទៅរហូតដល់ចប់ភារកិច្ច។
ដើមឈើទាំងនោះមាន ៧៩ ដើម ក្នុងនោះដើមឈើខ្លះត្រូវកាត់ដកហូតទាំងមូលហើយដើមឈើខ្លះគ្រាន់តែកាត់មែកដែលមានហានិភ័យប៉ុណ្ណោះ៕