​ព្រះសីហនុៈ មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​នៅ​ខេត្ត​ព្រះសីហនុ គ្រោង​ដាំ​កូនដើម​កោង​កាង​ឡើងវិញ​ឲ្យ​បាន​យ៉ាងហោច​ចំនួន ១ ​ម៉ឺន ដើម​ក្នុង​ឆ្នាំ ២០២២​ នេះ នៅ​តំបន់​ដី​រេចរឹល និង​រង​ការកាប់បំផ្លាញ​នៅតាម​បណ្តា​សហគមន៍​នេសាទ​នានា​។


ខណៈ​កូនដើម​កោង​កាង​ចំនួន ៧ ពាន់​ដើម​ ទើបបាន​ដាំ​នៅលើ​ផ្ទៃ​ដីព្រៃ​លិច​ទឹក​ជាង ៧ ​ហិកតា ​ស្ថិតនៅ​ក្នុងភូមិ​ជម្ពូរ​ខ្មៅ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ យោងតាម លោក ឯម ភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​ព្រះសីហនុ ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ២៧ ខែ មិថុនា​ថា ក្នុង​ឆ្នាំ ២០២២​ នេះ​។​

លោក​ប្រាប់ថា ក្នុង​ពិធី​ដាំ​កូនដើម​កោង​កាង​នោះ លោក គង់ វិ​តាណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ​បាន​ជំ​រុញឱ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល និង​អ្នក​ពាក់​ព​ន្ឋ័​ទាំងអស់ ជាពិសេស​អាជ្ញាធរ​មូល​ដ្ឋា​ន ភូមិ​ឃុំ ផ្តល់នូវ​ការគាំទ្រ សហការ ដើម្បី​ថែរក្សា​អភិរក្ស ឱ្យបាន​គង់វង្ស និង​ត្រូវ​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ជន​ណា ដែល​កាប់បំផ្លាញ​ព្រៃកោងកាង និង​កាប់​រាន​ដីព្រៃ​លិច​ទឹក​មកជា​កម្ម​សិទ្ធ​។

លោក ភា បញ្ជាក់ថា ក្រោយ​ទទួលបាន​ការជំរុញ​បន្ថែម​នេះ ក្នុងនាម​ជំនាញ​នឹង​ពង្រឹង​ការការពារ ការ​ល្បាត និង​ផ្សព្វផ្សាយ ទៅតាម​សហគមន៍​ក្នុង​តំបន់​នោះ ឲ្យ​មានការ​ភ្ញាក់រឭក​បន្ថែមទៀត ក្នុង​ការចូល​រួមការ​ពារ​ថែរក្សា​ព្រៃកោងកាង​ដែលជា​ធនធាន​ដ៏​សំខាន់​។


លោក​ថ្លែងថា​៖ «​យើង​នឹង​ផ្សព្វផ្សាយ​ទៅដល់​សហគមន៍​នៅ​តំបន់​ហ្នឹង ឲ្យ​គាត់ការពារ​ថែរក្សា និង​មាន​ឆន្ទៈ​ស្រឡាញ់​ព្រៃកោងកាង​ទាំងអស់គ្នា ហើយ​ក្នុងនាម​ជំនាញ​ខ្ញុំ​ក៏​បន្ត​ការទប់ស្កាត់ និង​ជំរុញ​ការការពារ​ឲ្យ​បាន​រាល់​បទល្មើស កុំ​ឲ្យ​មានការ​លួច​កាប់បំផ្លាញ​»។


លោក ភា ថ្លែងថា ចាប់ពី​ដើមឆ្នាំ​ ២០២២ មកដល់​បច្ចុប្បន្ន មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ខេត្ត​ព្រះសីហនុ​បណ្តុះ​កូនដើម​កោង​កាង​បាន ចំនួន​ជាង ៦​ ម៉ឺន​ដើម​ហើយ សម្រាប់​ត្រៀម​ដាំ​ជា​បន្តបន្ទាប់​ទៀត​លើ​ផ្ទៃដី មានការ​រេចរឹល ៦០ ហិកតា​ នៅ​ស្រុក​ព្រៃនប់​។ លោក​ថា ៦​ ខែ​ដើមឆ្នាំ ២០២២ ​នេះ មន្ត្រី​ជំនាញ​បាន​ដាំ កូនដើម​កោង​កាង ចំនួន ៣ ៦០០ ​ដើម លើ​ផ្ទៃដី​ចំនួន ​៥​ ហិកតា ស្ថិតនៅ​ក្នុងស្រុក​ព្រៃនប់ និង​ក្រុង​កោះរ៉ុង ផងដែរ​។

ដោយឡែក​តាម​របាយការណ៍​របស់ លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ​នៅក្នុង​ឆ្នាំ​ ២០២១ ខណ្ឌ​រដ្ឋបាល​ជលផល​ព្រះសីហនុ បាន​បណ្តុះ​កោង​កាង ចំនួន ​៥ ៥០០ ​ដើម ស្ថិតនៅ​ក្នុងស្រុក​ព្រៃនប់ និង​ក្រុង​កោះរ៉ុង និង​បាន​ដាំ​កូន​កោង​កាង ចំនួន​ ៤ ពាន់​ដើម លើ​ផ្ទៃដី​ចំនួន ៤,៥ ហិកតា ស្ថិតនៅ​ក្នុងស្រុក​ព្រៃនប់ និង​ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។

លោក នេន ចំរើន បាន​បញ្ជាក់ថា មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បាន​ជំរុញ​ដល់​រដ្ឋបាល​ជលផល បន្ត​បណ្តុះ និង​បន្ត​ដាំ​កូន​កោង​កាង​ឡើងវិញ​ជា​បន្តបន្ទាប់​ផងដែរ​។ ជាមួយគ្នា​នោះ​មន្ទីរ​កសិកម្ម ក៏បាន​ខិតខំ​ការពារ​បង្ក្រាប​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃកោងកាង​នេះ ដើម្បី​ការពារ​ព្រៃកោងកាង​ឱ្យបាន​គង់វង្ស​ទុកជា​ប្រយោជន៍​សាធារណៈ​។

លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា (CNRO) ថ្លែង​នៅ​ថ្ងៃទី ២៧ ខែមិថុនា​ថា ការ​មាន​វិធាន​ការដាំដុះ​ឡើងវិញ​ជា​រឿង​ល្អ ប៉ុន្តែ​បើ​ដាំ​ហើយ​មិនមាន​វិធានការ​ទប់ស្កាត់​នោះ​ព្រៃកោងកាង​មិនអាច​ថែរក្សា​ឲ្យ​នៅ​គង់វង្ស​បានទេ​។ ជា​អ្នកឃ្លាំមើល​ការទន្ទ្រាន​ដី និង​ព្រៃកោងកាង​តំបន់ឆ្នេរ លោក សុខ សុខុម ចង់​ឲ្យ​មាន​វិធានការ​ទប់ស្កាត់បាន​ខ្លាំងក្លា​ដូច​បានធ្វើ​នៅ​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​ទើប​អាច​ស្រោចស្រង់​ការបាត់បង់​ព្រៃកោងកាង​បាន​។

លោក​ថ្លែងថា​៖ «​យើង​ទៅ​វែក​ប្រឡង់​ដាំ​តែ​កន្លែង​រេចរឹល​ហ្នឹង ចុះ​ព្រៃកោងកាង​ខ្ពស់ៗ​ដែល​គេ​បោះបង្គោល​ហ្នឹង​ម៉េច​មិនមាន​វិធានការ​ទប់ស្កាត់ ឲ្យ​បាន​ទាន់ពេល ទាន់​គេ​មិនទាន់​កាប់ ដល់​គេ​កាប់​ហើយ​តាំង​ទៅ​ដាំ​ទៀតហើយ កន្លែង​ខ្លះ​ក៏មាន​បណ្ណ​កម្ម​សិទ្ធ កន្លែង​ខ្លះ​ក៏មាន​លិខិតបញ្ជាក់​កាន់កាប់​ពី​អាជ្ញាធរ​ដែរ​»។

ឆ្លើយ​ការលើកឡើង​នេះ លោក ឯម ភា អះអាងថា ជំនាញ​រដ្ឋបាល​ជលផល​មិនបាន​ទុក​ការងារ​ចោល ឬ​ព្រងើយកន្តើយ​ធ្វើ​ឲ្យ​បាត់បង់​ព្រៃកោងកាង​នោះទេ ពោលគឺ​មន្ត្រី​ជំនាញ​តែង​ល្បាត​ទប់ស្កាត់​ជាប្រចាំ រួមជាមួយ​សហគមន៍​ក្នុងការ​ការពារ​ព្រៃកោងកាង​ឲ្យ​បាន​គង់វង្ស​។​

លោក​បញ្ជាក់ថា ចំពោះ​ដី​មួយចំនួន​ដែលមាន​បង្គោលព្រំ​ហើយ​ព្រៃកោងកាង​ដុះ​ឡើង​នោះ ជាទី​តាំង​ដី​ពលរដ្ឋ​បាន​ទិញ​ទុកជា​យូរ​ឆ្នាំ​មកហើយ មាន​បណ្ណមានការ​ទទួលស្គាល់​ត្រឹមត្រូវ​ដែល​ម្ចាស់​មិនបាន​កាប់ឆ្ការ​សម្អាត ហេតុ​នះ កន្លែង​ខ្លះ​ពលរដ្ឋ​បាន​ចូលមក​ប្រើប្រាស់​ដី​វិញ គឺ​កាប់ឆ្ការ​ដី​លក្ខណៈ​ឯកជន​ប៉ុណ្ណោះ​៕