​រយៈពេល ៦ ខែ​​ មាន​ក្មេងប្រុស​ស្រី​ ៨ នាក់​លង់​ទឹក​ស្លាប់​ ក្នុង​ស្រុក​ប្រាសាទ​សំបូរ

Content image - Phnom Penh Post
នគរបាល​ កំពុងពិនិត្យសាកសពក្មេងរងគ្រោះ ដែលលង់ទឹកស្លាប់​កាលពីថ្ងៃទី​​ ២៥​ មិថុនា។ រូបថត នគរបាល​

កំពង់ធំ រយៈពេល ៦ ខែ​​ឆ្នាំ ២០២២ នេះ ​មាន​ក្មេងប្រុស​ស្រី​ចំនួន ៨ នាក់ហើយ ​ត្រូវបាន​ស្លាប់​ដោយសារ​លង់ទឹក​ក្នុងស្រុក ប្រាសាទ​សំបូរ​ ខេត្តកំពង់ធំ​ ដែល​ឧ​បទ្ទវ​​ហេតុនេះ​ ភាគច្រើន​បណ្តាលមកពី​ការ​ធ្វេស​ប្រហែស​របស់​ឪពុកម្តាយ​ឬ​អាណាព្យា​បាល​ក្មេង។

លោក ម៉ៃ វុន នាយក​រដ្ឋបាល ​សាលាស្រុក ​ប្រាសាទ​សំបូរ​ ទទួលបន្ទុក​ផ្នែក​គ្រប់គ្រង​គ្រោះមហន្តរាយ​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២៧ មិថុនាថា គិតពី​ដើមខែ​មករា ដល់​ខែមិថុនា ឆ្នាំ ២០២២ នេះ មាន​ក្មេងប្រុស​ស្រី​ចំនួន ៨ នាក់ (ស្រី ៤ នាក់) ត្រូវបាន​ស្លាប់​ ដោយសារ​លង់ទឹក។

ក្មេងរងគ្រោះ​ទាំងនោះ​ មាន​អាយុ​ចន្លោះ​ពី ៤ ឆ្នាំ​ ដល់ ១៣ ឆ្នាំ​ ដែល​មូលហេតុ​នៃ​ការស្លាប់​​ដោយ​សារឹ​ការ​លង់​ទឹក​នេះ​ ត្រូវបាន​រកឃើញថា បណ្តាលមកពី​ការធ្វេសប្រហែស​របស់​អា​ណា​ព្យាបាល ឬ ឪពុកម្តាយ​ដែល​ទៅ​ប្រក​បរបរ​ផ្សេងៗ​ហើយ​ទុក​កូន​របស់​ពួកគាត់​ឱ្យ​មនុស្ស​ចាស់​មើល​ថែ​ជំនួស។

លោក​បន្តថា៖ «និយាយ​រួម​ទៅមក​ពី​ការធ្វេសប្រហែស​របស់​ម្តាយ​ឪពុក​ហ្នឹង ដោយ​ក្មេង​ទើប​មាន​អាយុ ៤ ទៅ ៥ ឆ្នាំ​អីហ្នឹង ​ម្តាយ​ឪពុក​ពួកគេ​ ទុក​ផ្ញើ​នឹង​យាយអ៊ីចឹង​ទៅ។ គ្រោះថ្នាក់​ស្លាប់​នេះ​យើង​ចាត់ទុកថា​ មិនមែន​ស្លាប់​ដោយ​គ្រោះធម្មជាតិ​ទេ»។

លោក​បញ្ជាក់ថា ពាក់ព័ន្ធ​ការជួយ​ឧបត្ថម​ដល់​គ្រួសារ​ក្មេងរងគ្រោះ​ ដោយ​លង់ទឹក​វិញ​ គឺ​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ស្រុក​ប្រាសាទ​សំបូរ​ តែងតែ​ជួយ​ជ្រោមជ្រែង​យកចិត្តទុកដាក់​ជានិច្ច​ មិនឱ្យ​រំលង​ឡើយ​បើទោះជា​ជនរងគ្រោះ​ មិន​ស្ថិតនៅក្នុង​តារាង​នៃ​ជនរងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ក៏ដោយ។ ក្នុងនោះ​ក៏មាន​អនុសាខា​កាកបាទក្រហម​ស្រុក ​ជួយ​ចូលរួម​រំលែក​ទុក្ខ​ផងដែរ​ ដូចជា​ជួយ​ជា​អង្ករ ប្រាក់ និង​សម្ភារប្រើប្រាស់ផ្សេងៗ​ដល់​គ្រួសារ​រងគ្រោះ​។

បើតាម​លោក ម៉ៃ វុន ជារឿយៗ អាជ្ញាធរ​ស្រុក តាមរយៈ​អាជ្ញាធរ​ភូមិ-ឃុំ​ គឺ​តែងតែ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​មូលដ្ឋាន​ទាំងអស់​ ក្នុងស្រុក​ប្រាសាទ​សំបូរ ​ត្រូវតែ​ប្រុងប្រយ័ត្ន​មើល​ថៃ​ទាំកូនៗរបស់​ពួកគាត់​ កុំ​ធ្វេសប្រហែស​ទាំង​កុមារតូចៗ ឬ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ទាំង​ភ្លើង​ផ្សែង​កុំឱ្យ​មានការ​ឆេះ​ផ្ទះសំបែង​ផងដែរ។

ឧ​ប​ទ្ទវ​​ហេតុដែល​នាំឱ្យ​បាត់បង់​ទ្រព្យសម្បត្តិ​ពិសេស​ការបាត់បង់​អាយុជីវិត​ក្មេង​ដោយសារ​ការ​លង់ទឹក​នេះ ​គឺជា​សោកនាដកម្ម​ដ៏​សោកសង្រេង​បំផុត​ របស់​អាណា​ព្យាបាល ឬ​ឪពុកម្តាយ។

ពាក់ព័ន្ធ​គ្រោះថ្នាក់​ដោយ​លង់ទឹក​នេះ​ ត្រូវបាន​លោក​ឃុ​ត វុទ្ធី អធិការនគរបាល​ស្រុក​ប្រាសាទ​សំបូរ ​បានឱ្យដឹង​នៅ​ថ្ងៃទី ២៧ មិថុនាថា កាលពី​ថ្ងៃទី ២៥ មិថុនា ឆ្នាំ ២០២២ មាន​ក្មេងប្រុស​ស្រី​ជា​សិស្ស​សាលារៀន​ថ្នាក់​ទី៧​នៃសាលា​អនុវិទ្យាល័យអាត់ស៊ូ បាន​លង់ទឹក​បឹង​ស្លាប់​ចំនួន ៤ នាក់ ខណៈ​ពួកគេ​ជិះទូក​ទៅ​បេះ​ផ្លែ​ឈូក​ហូប​ ដែល​បាន​កើត​ហេតុ​នៅ​បឹង​ទឹកល្អក់​ ស្ថិតនៅ​ក្នុងភូមិ​ជាយ​សំពៅ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ។

លោក​បន្តថា ក្មេង​រង​គ្រោះ​ទី១- ឈ្មោះ ភាន់ សុខ​ជឿន ភេទ​ស្រី អាយុ១ ៣ ឆ្នាំ, ទី២- ឈ្មោះ ចិត្រ រស្មី ភេទ​ស្រី អាយុ ១២ ឆ្នាំ, ទី៣- ឈ្មោះ រុន រដ្ឋា ភេទ​ប្រុស អាយុ ១២ ឆ្នាំ និង ទី៤- ឈ្មោះ ភឿន ចាន់ណា ភេទ​ស្រី អាយុ ១៣ ​ឆ្នាំ។ ពួកគេ​រស់នៅ​ភូមិ​អាត់​ស៊ូ ឃុំ សំបូរ ស្រុក ប្រាសាទ​សំបូរ ។

លោក​រំឭកថា សិស្សសាលា​រៀន​តែ​ពេលព្រឹក​ទេ​ ហេតុដូច្នេះ​ហើយ ក្មេងៗរងគ្រោះ​ មាន​ពេលទំនេរ​ក៏​នាំគ្នា​ទៅ​បឹង​កើតហេតុ​ មាន​ចម្ងាយ​ពី​ភូមិ​ដែល​ពួកគេ​រស់នៅ​ប្រមាណ​ជា ៥០០ ម៉ែត្រ។ ពេលទៅដល់​ទីនោះ​ពួកគេ​ឃើញ​ទូក ១ ចត​នៅ​មាត់បឹង​ ហើយក្មេងៗមាន​ប្រុស​មាន​ស្រី​ចំនួន ៧ នាក់​ ក្នុងនោះ​មាន​ក្មេងប្រុស​ម្នាក់​ មិនបាន​ជិះទូក​ជាមួយ​គេ​ទេ​ ដោយ​រង់ចាំ​នៅលើ​គោក។

ពេលនោះ​ស្រាប់តែ​ទូក​ដែលក្មេងៗជិះ​នោះបាន​ផ្អៀង​ហើយក៏​ក្រឡាប់​តែម្តង​ធ្វើឱ្យ​ក្មេង​ទាំង ៦ ​នាក់ ដែល​ជិះទូក ធ្លាក់​ក្នុង​ទឹក​តែមាន​ ២​ នាក់​នាក់​ចេះហែល។ ដោយ​ឃើញបែបនេះ ​ក្មេងប្រុស​ម្នាក់​អាយុ ១២ ឆ្នាំ​ ដែល​នៅលើ​គោក​បាន​រត់​សំដៅ​ទៅរក​ផ្លូវ​ដែលមាន​ចម្ងាយ​ពី​បឹង​ប្រហែលជា ១ គីឡូម៉ែត្រ​ ដើម្បី​ស្ទាក់​ម៉ូតូ​អ្នក​ធ្វើដំណើរ​ឱ្យ​មក​ជួយ​សង្គ្រោះ​។

លោក​និយាយថា៖ «អា​ក្មេង​តូច​ជាងគេ​ហ្នឹង​ នៅលើ​គោក ដល់ពេល​ឃើញ​ទូក​លិច​វា​ស្រែកហៅ​ឱ្យគេ​ជួយ​ដែរ​តែ​គ្មាន​មនុស្សនៅ​ក្បែរៗ​នោះ​ទេ។ ពេលនោះ​វា​រត់​មក​ផ្លូវថ្នល់​ ​ ស្ទាក់​ម៉ូតូ​ប្រាប់​ឱ្យគេ​ជួយ​តែដោយសារ​ផ្លូវ​ឆ្ងាយ​ពន្យា​ពេល​ជិត ១ ម៉ោង​ឯណោះ​ ទំរាំ​គេ​ទៅ​ជួយ​ គឺក្មេងៗ​ទាំង​នោះ​ដាច់​ខ្យល់​ស្លាប់​អស់​ទៅ​ហើយ»៕

ព័ត៌មានថ្មីៗ