ភ្នំពេញៈ ក្រសួង​មហា​ផ្ទៃ និង​ស្ថាប័ន​ពាក់​ព័ន្ធ បាន​និង​កំពុង​ពន្លឿន​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី បទ​ល្មើស​បច្ចេក​វិទ្យាព័​ត៌​មាន ​សម្រាប់​ការពារ​សុវត្ថិ​ភាព​ក្រសួង​ស្ថាប័ន និង​ប្រជា​ពលរដ្ឋ អ្នក​ប្រើប្រាស់​ទូរស័ព្ទ ​និង កុំព្យូទ័រ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ កំណើន​នៃការ​ប្រើប្រាស់​សម្ភារ បច្ចេក​វិទ្យា​នៅ​ក្នុង​ប្រទេស មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង ។


លោក ជា ពៅ ប្រធាន​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា នៃ​ក្រសួង​មហាផ្ទៃ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍នៅ​ថ្ងៃទី ២៧ ខែ​មិថុនា​ថា ដើម្បី​ពន្លឿន​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី បទល្មើស​បច្ចេក​វិទ្យាព័ត៌​មាន នេះ នៅថ្ងៃ​ទី ទី ២៧ ខែ​មិថុនា ក្រសួង​មហា​ផ្ទៃ បាន​បន្តបើក​កិច្ច​ប្រជុំ​ពិភាក្សា និង​ពិនិត្យ​លើសេចក្តី​ព្រាង​ច្បាប់​នេះ ក្រោម​អធិប​តីភាព លោក សក់ សេដ្ឋា រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ក្រសួង​មហាផ្ទៃ និង​មន្ត្រី​ស្ថាប័ន​ជំនា​ញពាក់​ព័ន្ធ​ផ្សេង​ទៀត​។

លោក​បន្ត សេចក្តី​ព្រៀង​ច្បាប់​នេះ ត្រូវ​បាន​រៀបចំ​កសាង​ឡើង ចាប់​តាំង​ពីឆ្នាំ​ ២០១៦ រហូត​មកដល់​បច្ចុប្បន្ន​នេះ មិន​ទាន់​ចប់​នៅ​ឡើយ​ទេ ដោយ​សារ ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​ ១៩ រយៈ​ពេល​ជាង​ ២ ឆ្នាំ ត្រូវ​បាន​ផ្អាក​ជាបណ្តោះ​អាសន្ន និង មាន​ភាព​ស្មុគ​ស្មាញ​ច្រើន​នៅ​ក្នុង​ច្បាប់​នេះ ព្រោះពី ១​ ឆ្នាំទៅ ១​ ឆ្នាំ មាន​ការ​កើន​ឡើង​នូវ​បច្ចេក​វិទ្យា​ថ្មីៗ ជាច្រើន​ ។

លោក​ថ្លែង​ថា៖«យើ​ង​មិន​ទាន់​ហ៊ាន​និយាយ​ថា វាបញ្ចប់​នៅពេល​ណាទេ​ ប៉ុន្តែ​ យើង​កំពុង​ពន្លឿន​ និ​ង​បាន​ជួប​ប្រជុំ​ពិភាក្សា និង​រំឭក​ឡើង​វិញ​ទៅលើច្បាប់​នេះ​ហើយ »។


បើតាម លោក ជា ពៅ ក្នុង ​១​ ឆ្នាំៗ ទាំង​ទូរស័ព្ទ​ដៃ និង​កុំព្យូទ័រ បាន​ចេញ​រាប់​ពាន់​គ្រឿង និ​ង​សូហ្វវែរ បាន​អាប់​ដេត​ រាប់​រយ​ដង​ក្នុងមួយ​ថ្ងៃៗ ។ គណៈ​កម្មការ​រៀបចំ​សេចក្តី​ព្រៀងច្បាប់​នេះ នឹង​ពន្លឿន​ឱ្យ​បាន​លឿន​ដើម្បី​ជួយ​រាជ​រដ្ឋាភិបាល​ ប្រជាពលរដ្ឋ និង​ក្រសួង​មន្ទីរ​នានា​ ក្លាយ​ទៅ​ជាអ្នក​រង​គ្រោះ ដោយ​សារ​ការ​វាយ​លុក​ពីបច្ចេក​វិទ្យាព័ត៌មាន​វិទ្យា​នេះ​ ។


លោក​ អ៊ឹម ​សុធី នាយ​ក​ប្រតិបត្តិ​ក្រុម​ប្រឹក្សា​យុវជន​កម្ពុជា ​(YCC) ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍នៅ​ថ្ងៃទី ២៧ ខែ​មិថុនា​ថា ការ​ពន្លឿន​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី បទ​ល្មើស​បច្ចេក​វិទ្យាព័​ត៌មាននេះ គឺជាការ​ល្អប្រសើរ​មួយ សម្រាប់​ការពា​រប្រជា​ពលរដ្ឋ ដែល​ជាអ្នក​ប្រើ​ប្រាស់ ប៉ុន្តែក្រសួង​មហាផ្ទៃ ក៏គួរ​តែ​មាន​ការ​ពិភាក្សា​ជាមួយ​ស្ថាប័ន និង​ភាគី​ពាក់​ព័ន្ធ​ឱ្យបាន​ស៊ីជម្រៅ​ជាមុន​សិន មុន​នឹង​ដាក់​ឱ្យប្រើ​ប្រាស់​។

លោក​ថ្លែង​ថា៖ « ទាក់​ទង​នឹង​ច្បាប់​ហ្នឹង វា​សំខាន់​ដែរ​ ។​ នៅ​ពេល​ដែល​មាន​ច្បាប់​ហ្នឹង​ទៅ ធ្វើ​ឱ្យ​អ្នក​លេង​ហ្វេស​ប៊ុក​ កុំ​ចេះ​តែ​បង្ហោះ​ព័ត៌មាន​មិន​ពិត ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ទទួល​បាន​ព័ត៌មាន​នោះ​វា​មិន​ល្អ និង​ពេល​ខ្លះគ្រោះ​ថ្នាក់​ថែម​ទៀត »។

យោង​តាមសេចក្ដី​ព្រាង​ច្បាប់​ស្ដីពី បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន​នេះ មាន​គោល​បំណង​ធានា សុច​រិត​ភាព នៃការ​ប្រើប្រាស់ ការគ្រប់​គ្រង​ប្រព័ន្ធ​កុំព្យូ​ទ័រ ទិន្ន​ន័យ​កុំព្យូ​ទ័រ និង​ការ​ពារ​សន្តិ​សុខ សណ្តាប់​ធ្នាប់សា​ធារណៈ ព្រម​ទាំង​ការការ​ពារ​សិទ្ធិសេរីភាព​បុគ្គល ​ដើម្បី​បង្ការ​ ទប់ស្កាត់ និង​បង្រ្កាប បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌​មាន៕