ភ្នំពេញៈ ខេត្ត​គោល​ដៅ​ចំនួន​ ១៦ នឹង​ត្រូវ​​អនុវត្ត​នូវ​គម្រោ​ង​ ១​ ដែល​បង្កើត​ឡើង​ដោយ​​ក្រសួង​អប់រំ យុវជន និង​កីឡា​​​សហការ​ជាមួយ​នឹង​ស្ថាប័ន​ពាក់​ព័ន្ធ រួម​នឹង​មូល​និធិហ្វ្រេត​ហូឡូ​ប្រចាំ​កម្ពុជា​ ដែល​ធ្វើ​ការ​ផ្តោត​សំខាន់​ទៅលើ​ការ​ពង្រឹង និង​បង្កើន​ការ​ផ្ដល់​វ៉ែនតា ដល់​អ្នក​សិក្សា​នៅតាម​គ្រឹះស្ថាន​សិក្សា ដែល​ក្រសួង​រំពឹង​ថា​ សិស្សជាង​ ១៣ ​ម៉ឺន​នាក់ នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពីគម្រោង​នេះ​។


លោក​ស្រី គឹម សេដ្ឋានី រដ្ឋលេខា​ធិការ​ក្រសួង​អប់រំ បាន​ថ្លែង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ ស្ដីពី​ការ​ថែ​ទាំ​សុខ​ភាព​ភ្នែកតាម​សាលា​រៀន​ កាល​ពី​ថ្ងៃទី​ ២៤ ខែ​មិថុនា​ថា ខេត្ត​គោល​ដៅ​ទាំង ​១៦​ នេះ​​នឹង​ត្រូវ​អនុវត្ត​គម្រោង​ថ្មី១ គឺ​គម្រោង «បង្កើន​វិសាល​ភាព​សេវា​កំហុស​កំណុំ​រូប​ភាព​និង​ធ្វើ ឱ្យ​កាន់​តែប្រសើរ​ឡើង នូវ​គំរូហិរញ្ញ​ប្បទាន​ជាតិ​សម្រាប់​ផ្ដល់​វ៉ែនតា​នៅ​កម្ពុជា​»។

គម្រោង​នេះ​ត្រូវបាន​​​ក្រសួង​អប់រំ ​ធ្វើ​ការ​សហកា​រជាមួយ​នឹង​មូលនិធី​ហ្វ្រេត​ហូឡូប្រចាំ​កម្ពុជា​ ក្រោម​កិច្ច​សហការ​ជាមួយ​នឹង​កម្មវិធី​ជាតិ​សុខ​ភាព​ភ្នែក​នៃក្រសួង​សុខាភិ​បាល ដើម្បី​អនុវត្ត​នូវ​គម្រោង​ថ្មី ១ ទៀត។​

លោក​ស្រី គឹម សេដ្ឋានី បាន​បញ្ជាក់​ថា ៖ «ខេត្ត​គោល​ដៅ​ដែល​នឹង​ត្រូវ​អនុវត្ត​គម្រោង​ថ្មី​នេះ​ គឺ​មាន ​១៦ ខេត្ត​គោល​ដៅដែលនៅ​ក្នុង​នោះ​ យើង​ឃើញថា ​គ្រូបង្គោល​ថ្នាក់ជាតិ​ប្រមាណ ​២០ ​នាក់ និង​គ្រូបង្គោល​សុខ​ភាព សិក្សា​នៅ​តាម​សាលា​រៀន​ប្រមាណ​ជា ១ ៣០០ ​នាក់ នឹង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ស្តីពីការ​ប្រើប្រាស់​សៀវ​ភៅ​សិក្សា គោល​មុខ​វិជ្ជាអប់រំ​សុខ​ភាព និង​ការ​ពិនិត្យ​គំហើញ នៅតាម​សាលា​រៀនផង​ដែ​រ»។


​លោក​ស្រី បាន​បន្តថា តាម​រយៈ​គម្រោង​នេះ សិស្សា​នុសិស្ស​ប្រមាណជា ​១៣ ម៉ឺន​នាក់ នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​ពិនិត្យ​គំហើញ​និង​ការ​ផ្តល់​វែនតា​។


នៅក្នុង​គម្រោង​ថ្មី​នេះ​ផង​ដែរ ក្រសួង​នឹង​មាន​ការ​បោះ​ពុម្ព​សៀវភៅ​សិក្សា​គោល ​មុខវិជ្ជា​គម្រោង​សុខភាព​ពី​ថ្នាក់ទី​ ១ ​ដល់​ថ្នាក់ទី ​១២ ការ​រៀបចំ​កែសម្រួល​កម្មវិធី​សិក្សា​មុខ​វិជ្ជា​អប់រំ​សុខភាព ​ពីថ្នាក់ទី ​១ ដល់​ថ្នាក់​ទី ​១២ ព្រម​ទាំង​មាន​ផលិត​មេរៀន​​ ជាវីដេអូ សម្រាប់​ការ​អប់រំ​សុខ​ភាព​ ស្តី​ពី​សុខភាព​ភ្នែក និង​ការ​វាស់គំហើញ​ផង​ដែរ។ នេះ​បើតាម ​លោក​ស្រី គឹម សេដ្ឋា​នី។

ទាក់ទង​នឹង​ការ​អនុវត្ត​គម្រោង​នេះ​ឱ្យ​មាន​ប្រសិទ្ធ​ភាព កម្មវិធី​ជាតិ​សុខ​ភាព​ភ្នែក​ ក៏​បាន​ត្រៀម​រួច​រាល់​ក្នុង​ការ​សហការ​ជាមួយ​ក្រសួង​អប់រំ ។

អនុ​ប្រធាន​កម្មវិធី​ជាតិ​សុខ​ភាព​ភ្នែក​នៃ​ក្រសួង​សុខា​ភិបាល លោក​វេជ្ជបណ្ឌិត ដោរ សីហា បាន​ថ្លែង​ថា កម្មវិធី​ជាតិ​សុខ​ភាព​ភ្នែក នឹង​បន្ត​រួម​សហការ​ជួយ​ដល់​ផ្នែក​បច្ចេក​ទេស​ក្នុង​ការ​កែ​សម្រួល​ក៏ដូច​ជាការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ផង​ដែរ​។

ជាមួយ​គ្នា​នេះ លោក បាក់ តូត្យូ ប្រធាន​មូល​និធិហ្វ្រេត​ហូឡូ​ប្រចាំប្រទេ​ស​កម្ពុជា បាន​បង្ហាញ​នូវសេចក្តី​​រីករាយ និង​ពេញ​ចិត្ត​ក្នុង​ការ​សហការ​ជាមួយ​នឹង​ក្រសួង​អប់រំ ក៏ដូចជា​រាជ​រដ្ឋាភិបាល​កម្ពុជា​ផងដែរ ក្នុង​ការ​ជួយ​ពង្រឹងនូវ​សុខភាព​ភ្នែកដល់​កុមារ និង​ប្រជា​ពលរដ្ឋ​ជំនាន់​ក្រោយ។

លោក​បាន​ឱ្យ​ដឹងថា ៖ «យើង​នឹង​បន្ត​ខិតខំប្រឹង​ប្រែង​ គាំទ្ររាជ​រដ្ឋាភិបាល​ និង​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​បន្តទៀត ​ក្នងការ​ពង្រឹង​នូវ​សុខភាព​ភ្នែកទាំង​នៅ​តាម​មន្ទីរ​ពេទ្យ​ ក៏ដូច​ជានៅ​តាមគ្រឹះស្ថាន​សិក្សា​នានាផង​ដែរ ក្នុង​គោល​ដៅ​ធ្វើ​យ៉ាង​ណាឱ្យ​កុមារ និង​ប្រជាពលរដ្ឋ​ជំនា​ន់​ក្រោយ​ទទួល​បាន​នូវ​សេវា​អប់រំ​សុខ​ភាព​ភ្នែក​ដែល​មាន​គុណ​ភាព​ល្អ​»។

​គម្រោង​ «បង្កើន​វិសាល​ភាពសេវា​កំហុស​កំណុំរូប​ភាព​និងធ្វើឱ្យ​កាន់​តែប្រសើរ​ឡើង នូវ​គំរូហិរញ្ញ​ប្បទាន​ជាតិ​សម្រាប់​ផ្ដល់​វ៉ែនតា​នៅ​កម្ពុជា» នេះ​នឹង​អនុវត្ត​នៅ​តាម​គ្រឹះស្ថាន​សិក្សាគោល​ដៅរាជ​ធានី​ ខេត្ត​ចំនួន​១៦ ក្នុង​នោះ​រួម​មាន រាជ​ធានី​ភ្នំពេញ ខេត្ត​កំពង់​ចាម កំពង់​ឆ្នាំង កំពត កំពង់​ស្ពឺ កំពង់​ធំ កណ្ដាល​ ក្រចេះ ឧត្ដរ​មានជ័យ ព្រះ​សីហនុ ព្រះវិហារ ព្រៃវែង រតន​គិរី សៀម​រាប ស្វាយ​រៀង និង​ខេត្ត​ត្បូង​ឃ្មុំ។

លោក ចេង លឹម​ហ៊ន់ ប្រធាន​មន្ទីរ​អប់រំ យុវ​ជន និងកីឡា ខេត្ត​ព្រះវិហារ​បាន​ប្រាប់ឱ្យ​ដឹងថា មន្ទីរ​របស់​លោក​មិនទាន់​បាន​ធ្វើ​ការ​ស្រាវជ្រាវរកទិន្នន័យ​ទាក់ទង​នឹង​កំសោយមើល​របស់​សិស្សានុសិស្ស​ក្នុង​ខេត្ត​នេះ​ឡើយ ប៉ុន្តែ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកមាន​ករណី​សិស្សកំ​សោយ​មើល កំសោយ​ស្តាប់ តែមិន​មាន​ច្រើន​នោះ​ទេ។

លោក​បាន​បន្តថា ករណី​កំសោយ​មើល​នេះ គឺ​គ្មាន​មូល​ហេតុ​អ្វីផ្សេង​ក្រៅ​ពី​ការ​ប្រើប្រាស់ឬ​មើល​ទូរស័ព្ទ​ច្រើន​នោះ​ទេ ដោយ​សិស្ស​មួយ​ចំនួន​មាន​ប្រើ​ប្រាស់​ស្មាតហ្វូន លេង​ហ្វេសប៊ុក តេឡេ​ក្រាម ឬមាន​លេង​ហ្គេម​ជាដើម។

លោក ចេង លឹមហ៊ន់ បាន​បញ្ជាក់​ថា ៖ «ខ្ញុំគាំ​ទ្រនូវ​គម្រោង​ដែល​ក្រសួង​បាន​បង្កើត​ឡើង​នេះ ដោយ​សារ​វាជា​គម្រោង​ល្អដែល​អាច​ធ្វើ​ឱ្យ​សិស្សា​នុសិស្ស​ដឹង​ពី​សុខភាព​ភ្នែក​របស់​ពួកគេ​ជាមុន ដែល​ធ្វើ​ឱ្យ​ពួកគេ​ធ្វើការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់ភ្នែក​ដែល​អាចនាំឱ្យ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ផង​ដែរ»៕