ភ្នំពេញៈ ផ្លូវ​ល្បឿន​លឿន​ភ្នំ​ពេញ-ក្រុង​ព្រះសីហនុ ដែល​គ្រោង​ដាក់​ឱ្យដំណើរ​ការ​បណ្តោះ​អាសន្ន ​នៅ​ក្នុង​ខែកក្ក​ដា​នេះ ត្រូវ​បាន​ពន្យារ​ពេល​ទៅ​ខែកញ្ញា ឆ្នាំ​ ២០២២ វិញ ដោយសារ​មាន​បញ្ហា​មួយ​ចំនួន ខណៈ​ការ​សាង​សង់​សម្រេច​បាន ៩៤ ​ភាគ​រយ​។


លោក​ គង់ វិមាន រដ្ឋលេខា​ធិការ ក្រសួង​សាធា​រណការ​ និង​ដឹក​ជញ្ជូន មាន​ប្រសាសន៍ថា​ ដោយ​សារ មាន​ចម្ងល់​ច្រើន​ពី​សំណាក់​ប្រជា​ពល​រដ្ឋ​ដែល​មាន​បំណង​ចង់បើក​បរ លើផ្លូវ​ល្បឿន​លឿន នៅ​ក្នុង​ខែ​កក្កដា​នេះ ប៉ុន្តែ​នៅ​មិន​ទាន់​អាច​អនុញ្ញាត​ឱ្យ​បើក​បរ​បាន​នោះទេ​​ ដោយ​សារ​ផ្លូវ​នេះ នៅ​មិនទាន់​បញ្ចប់​ការ​សាង​សង់​រួច​រាល់​ទាំង​ស្រុង​នៅ​ឡើយ​។

លោក​បាន​ជម្រាប​ជូន​ពីវឌ្ឍន​ភាព​ផ្លូវ​នេះ​ថា គិតត្រឹម​ខែកក្កដា​នេះ លទ្ធផល​សាងសង់​ទាំង​ស្រុង​សម្រេច​បាន ៩៤ ភាគ​រយ ក្នុង​នោះ របង​ការពារ​សុវត្ថិ​ភាព​ផ្លូវទើប​បាន​ជាង ៧០% រនាំង​ទ្រូង​ផ្លូវ​និង សួនច្បារ ទើប​បាន​ប្រហែល​ ៨០% និង​បញ្ហា​ស្លាក​សញ្ញា​ចរាចរណ៍​មិន​ទាន់​បាន​បំពាក់​ឱ្យបាន​គ្រប់គ្រាន់​នៅឡើយ​ទេ។

ចំណែក​ស្ពាន​អាកាស​ឆ្លង​ផ្លូវ​មួយ​ចំនួន​ពុំទាន់​បាន​រួច​រាល់ ទីតាំង​ចំណត​ទាំង​ ៤​ កន្លែង​ នៅពុំ​ទាន់​រួច​រាល់​ ១០០% បរិក្ខារ​មួយ​ចំនួ​នទៀត ពុំ​ទាន់​បាន​បំពាក់​រួច​រាល់ ហើយ​ចំណុច​ចាប់​ផ្តើម​ដើម​ទី និង​ចុង​ទីពុំ​ទាន់​បាន​បញ្ច​ប់​ការ​សាង​សង់​ជាស្ថាពរ​នៅ​ឡើយ និង​នៅមាន​បញ្ហាផ្សេងៗ​មួយ​ចំនួន​ទៀត​។

យ៉ាង​ណា​មិញ​លោក​គូស​បញ្ជាក់​ថា ក្រុមការ​ងារ​ជំនាញ​កំពុង​ពន្លឿន​បញ្ចប់​ការ​ដ្ឋាន​ឱ្យ​បាន​ឆាប់​រហ័ស​ ដើម្បី​ដាក់​ឱ្យ​​ប្រើ​ប្រាស់នៅ​ខែក​ញ្ញា ខាង​មុខ​។


លោក​ថា​៖ «ក្រសួង និង​ក្រុម​ហ៊ុន​បាន​ពិភាក្សា​គ្នា និង​បាន​កំណត់​ថា ​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​បណ្តោះ​អាសន្ន ​នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​ ២០២២​ ខាង​មុខ​នេះ​»។

បើ​តាម​លោក គង់ វិមាន ការ​យឺត​យ៉ាវ​នៃការសាង​សង់​នេះ​ ក៏ដោយ​សារ​កត្តា​ភ្លៀង​ច្រើន​ផង​ដែរ។

រដ្ឋ​មន្រ្តី​ក្រសួង​សាធារ​ណការ​ និង​ដឹក​ជញ្ជូន លោក​ ស៊ុន ចាន់​ថុល ដែល​បាន​ចុះពិនិត្យ​វឌ្ឍភាព​ផ្លូវនេះ កាល​ពី​ខែ​មេសា ឆ្នាំ ២០២២ ​បាន​បញ្ជាក់​ថា ផ្លូវ​នេះ​សាង​សង់​ឡើង​ដោយ​មាន​បច្ចេក​វិទ្យាខ្ព​ស់ និងមាន​ស្តង់ដា​។ ​ផ្លូវ​នេះ​នឹងចូល​រួម​ចំណែក​ក្នុង​ការ​ជំរុញ​ឱ្យប៉ូល​សេដ្ឋកិច្ច​ភ្នំ​ពេញ និង​ប៉ូល​សេដ្ឋ​កិច្ច​ក្រុង​ព្រះសីហនុ​មាន​ការ​រីកច​ម្រើន​លឿន​ជាង​ធម្មតា​ដោយ​សារ​ការ​ធ្វើ​ដំណើរ​បាន​ឆាប់រ​ហ័ស កាត់​បន្ថយ​ចំណាយ កាត់​បន្ថយ​ពេល​វេលា និង​កាត់បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅលើផ្លូវ​ជាតិ​លេខ​៤។​

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ក្រុងព្រះសីហនុ វិនិយោគ​ដោយ​ក្រុមហ៊ុន​របស់​ចិន Cambodia PPSHV Expressway Co.,Ltd ក្នុងតម្លៃ​ប្រមាណ​ ១,៩ ពាន់​លាន​ដុល្លារ​ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នៅ​ខែ​មីនា ឆ្នាំ​ ២០១៩​។

ផ្លូវ​នេះ​មាន​ចម្ងាយ​សរុប​ប្រមាណ ១៩០ គីឡូ​ម៉ែត្រ និង​ទទឹងផ្លូវ ២៤,៥ ម៉ែត្រ (២ គន្លង​ទៅ និង​ ២ គន្លង​មក​) ដោយ​មាន​សួនច្បារ​នៅ​កណ្ដាល​ទ្រូងផ្លូវ ព្រមទាំង​មាន​របាំង​អម​សង​ខាង​ផ្លូវ​ដើម្បី​ការពារ​សត្វ​ពាហនៈ ឬ​មនុស្ស​ឆ្លងកាត់​ព្រម​ទាំង​មាន​កន្លែង​ឈប់សម្រាក និង​​មិន​បង្ក​ការកកស្ទះ​ចរាចរណ៍​ឡើយ​។

តាម​គម្រោង ផ្លូវនេះ នឹង​គ្រោង​ដាក់​ឱ្យដំណើរ​ការ​សាក​ល្បង​នៅក្នុង​ខែកក្ក​ដា ឆ្នាំ​ ២០២២ និង​បញ្ចប់​ការ​សាង​សង់​ជាស្ថាពរ​នៅ​នៅថ្ងៃ​ទី ​៣១ ខែ ឧស​ភា ឆ្នាំ ២​០២៣៕