សៀមរាបៈ នៅ​ភូមិ​ភ្នំ​ដី ឃុំ​ត្រពាំង​ធំ ស្រុក​ប្រា​សាទ​បាគង ខេត្ត​សៀម​រាប សមា​គម​ស្រ្តី​តូច​មួយហៅ​ថា ​Kumae ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បុរស​ជន​ជាតិ​ជប៉ុន​ម្នាក់​ឈ្មោះ តាគូយ៉ា យ៉ាម៉ាស៊ី ​ដោយ​បាន​កែច្នៃ​ដើម​ចេក​ទៅជា​ក្រដាស ​និង​ធ្វើ​វា​ចេញ​ជា​កាត​ជូន​ពរ​ កាបូប និង​ទ្រនាប់​កែវ មាន​ការពេញ​និយម​ច្រើន​ពី​ភ្ញៀវ​ទេសចរ​ ប៉ុន្តែ​ចាប់​តាំង​ពី​មាន​កូវីដ ​មុខរបរ​នេះ​មិន​បាន​ដំណើរ​ការ​រលូន​ល្អ ​ធ្វើឱ្យ​ស្រ្តី​ជាច្រើន​សម្រេច​ចិត្ត​ទៅ​ធ្វើ​ការ​ងារ​ផ្សេង​ជា​បណ្ដើរៗ​។


«Kumae» ត្រូវបាន​អ្នកស្រី សួរ រដ្ឋា​កញ្ញា ដែល​ជា​អ្នក​គ្រប់​គ្រង​អាជី​វកម្ម និង​ត្រូវជា​ភរិយា​របស់​លោក តាគូយ៉ា ប្រាប់​ថា​ ពាក្យ​នេះ​មក​ពី​ពាក្យ​ថា «ខ្មែរ» គ្រាន់​តែ​នេះ​ជា​របៀប​ដែល​ជន​ជាតិ​ជប៉ុន​សរសេរ​តាម​លំនាំ​អង់គ្លេស​។

លោក តាគូយ៉ា បាន​ឆ្លើយ​តប​ជាមួយ​ ភ្នំពេញ​ ប៉ុស្តិ៍ ដោយ​មាន​ការ​សម្រួល​ពី​ភរិយា​របស់​លោក​អំពី​មូល​ហេតុ​ដែល​លោក​បាន​មក​ប្រទេស​កម្ពុជា​ លើក​ដំបូង​ និង​សម្រេច​ចិត្ត​ផ្លាស់​មក​រស់នៅ​ទីនេះ (កម្ពុជា​)។

លោក តាគូ​យ៉ា ថា​៖ «ខ្ញុំ​មក​ខ្មែរ​ដំបូង​កាល​ពី​ឆ្នាំ ២០១២​ ជា​លក្ខណៈ​ស្ម័គ្រចិត្ត​ជាមួយ​ក្រុម​ជន​ជាតិ​ជប៉ុន​ផ្សេង​ទៀត ដែល​ពួក​គាត់​បាន​ទៅ​តាម​សាលា​ ភូមិ​ផ្សេងៗ​នៅ​សៀម​រាប​ដើម្បី​បរិច្ចាគ​សម្ភារ​ខ្លះៗ និង​ខោអាវ​មួយ​ចំនួន​។ ពេល​នោះ​ពួក​គាត់​បាន​បបួល​ខ្ញុំ​ទៅ​មើល​កន្លែង​សំរាម​»។

លោក​បន្ត​ទៀត​ថា​៖ «ពេល​ទៅដល់​ទី​សំរាម​នោះ​ហើយ ​ពេល​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​វិញ ខ្ញុំ​ចេះ​តែ​គិត​ថា​បើ​ខ្ញុំ​អាច​ធ្វើអ្វី​បាន​ ​វា​នឹង​ជា​រឿង​ល្អ​។ ដូច្នេះ ​ឆ្នាំ​ ២០១៤ ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​ផ្លាស់​មក​នៅ​ទីនេះ​ ព្រោះ​ខ្ញុំ​គិត​ថា​ខ្ញុំ​ប្រហែល​ជា​អាច​ធ្វើអី​ផ្លាស់​ប្ដូរ ឬ​ក៏​ជួយ​កិច្ច​ការ​ខ្លះ​ជាមួយ​អ្នក​ធ្វើ​ការ​នៅ​កន្លែង​សំរាម​ហ្នឹង»​។


លោក​បាន​បន្ថែម​ថា ​ម្យ៉ាង​ពេល​នៅ​ជប៉ុន​លោក​មិន​មាន​គោល​ដៅ​ធ្វើអី​ច្បាស់​លាស់​ហើយ​ចេះតែ​មាន​អារម្មណ៍​ថា​ជីវិត​គឺ​ដដែលៗ​។ នៅ​ទីនោះ​មនុស្ស​ច្រើន​ចង្អៀត មិន​មាន​កន្លែង​ដែល​អាច​គិត​បាន​ខុស​ពីទី​នេះ ដែល​លោក​អាច​មាន​សេរី​ភាព​ក្នុង​ការ​គិត និង​ធ្វើ​អ្វី​ដែល​ថ្មី​។

លោក​ឱ្យ​ដឹង​ថា ពេល​ផ្លាស់​មក​នៅ​កម្ពុជា​ដើម​ឆ្នាំ ២០១៤ លោកមិន​ទាន់​បាន​បង្កើត​មុខរបរ​អ្វី​ទេ តែ​បាន​ឆ្លៀត​ឱកាស​បង្រៀន​ភាសា​ជប៉ុន​ជា​មួយ​ក្មេង​ដោយ​មិន​គិតថ្លៃ​នៅ​ក្នុង​ភូមិ​អន្លង់​ ២ ​ជាភូមិដែល​មាន​គំន​រសំរាម។ កូន​សិស្ស​គាត់​ម្នាក់សព្វថ្ងៃបា​នក្លា​យជា​មគ្គុទ្ទេសក៍​ទេសច​រណ៍​ភាសា​ជប៉ុន​ផង​ដែរ​។

ស្រប​ជា​មួយ​គ្នា​នោះ​លោក​បាន​ឆ្លៀត​រៀន​ភាសា​ខ្មែរ​ជា​មួយអ្នក​ភូមិនោះផ​ង​ដែរ​ ហើយនៅ​ពេ​ល​រៀន​បាន​ចេះ​ខ្មែរ​ខ្លះៗ ​លោក​ក៏​បាន​ទៅ​និយាយ​សួរ​នាំ​អ្នក​ដែល​ធ្វើការ​នៅ​កន្លែង​សំរាម​នោះ​។

លោក​ តាគូយ៉ា ​បាន​បញ្ជាក់ថា៖ «ពេលខ្ញុំសួរ​ពួកគាត់​ថា​ហេតុអី​បាន​ជា​ចង់​ធ្វើការ​នៅ​កន្លែង​ហ្នឹង​បើ​វា​ទាំង​ស្អុយ​អី​បែប​នេះ គាត់​ថា ព្រោះ​ពួក​គាត់​អត់​មាន​ការងារ​អី​ផ្សេង​ធ្វើ វា​នៅ​ជិត​ផ្ទះ ម្យ៉ាង​គាត់​មក​ពេល​ណា​ក៏​បាន​។ ខ្ញុំ​ក៏​ចាប់​ផ្ដើម​រក​អី​ធ្វើ​ដោយ​មើល​តាម​យូធូប ​ឃើញ​ការចាក់​កាបូប ខ្សែ​ដៃ និង​បាន​សាក​ច្នៃ​គ្រឿង​អលង្កា​រពី​គ្រាប់​ធញ្ញជាតិ​ខ្លះ​ដែរ តែ​មុខរបរ​នេះ​មិន​បាន​ជោគ​ជ័យ រហូត​ដល់​ឆ្នាំ ២០១៥ ​ចុង​ឆ្នាំ​ទើបបាន​ខ្ញុំ​ធ្វើ​ក្រដាស​ពី​ដើមចេក​បាន​ជោគ​ជ័យ​»។

លោក​បាន​ឱ្យ​ដឹង​ថា មុន​បាន​ជោគ​ជ័យ​លើការ​ច្នៃ​ដើម​ចេក​ទៅជា​ក្រដាស​នេះ​ លោក​ទទួល​បាន​គំនិត​ដើម​មួយ​មក​ពី​គម្រោង​របស់​ជប៉ុន​ដែល​បាន​ធ្វើនៅ​អាហ្វ្រិក តែ​មាន​ដំណាក់​កាល​ច្រើន​ត្រូវបាន​ផ្លាស់​ប្ដូរឱ្យ​សម​ស្រប​ទៅ​តាម​ប្រភេទ​នៃ​ដើម​ចេក​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​បាន​ឱ្យ​ដឹង​ដែរ​ថា​ ពេល​ធ្វើ​វិធី​សាស្រ្ត​នៅទី​នេះ[កម្ពុជា] វា​រាង​ពិបាក ​ព្រោះ​ដើមចេក​ប្រភេទ​ខុស​គ្នា ដូច្នេះ​ វា​ចំណាយ​ពេល​យូរ​ជាង​មុន​។ពេលខ្លះ​លោក​គិត​ថា​ហាក់​មិន​ដំណើរ​ការ​ដែរ តែ​ដល់​ពេល​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៥ ពួក​គាត់​អាច​ចាប់​ផ្ដើម​ធ្វើឱ្យ​វា​ក្លាយ​ជា​ក្រដាស​បាន ​ហើយ​ថែម​ទាំង​បាន​ចេញ​ជា​គំនិត​ថ្មី​ទៀត​ផង​។

សព្វថ្ងៃ​ លោក​មាន​ក្រដាស ២​ ប្រភេទ ១ ​គឺ​ធ្វើ​ពី​សរសៃ​ចេក​ ១០០​ ភាគ​រយ​ និង​ ១ ​ប្រភេទ​ទៀត​ជា​គំនិត​កែច្នៃ​របស់​លោក​ផ្ទាល់ គឺ​ក្រ​ដាស​ធ្វើ​ពី​សរ​សៃ​ចេក​លាយ​សរ​សៃ​ប្លា​ស្ទិក ដែល​អាច​ដេរ​ចេញ​ជា​កាបូប​បាន​។

ស្ថាប​និក​សមា​គម Kumae រូបនេះ​បាន​ឱ្យដឹង​ទៀត​ថា ក្នុងពេល​កំពុង​ចាប់​ផ្ដើម​ដំណើរ​ការ ​លោក​ក៏​បាន​ទៅ​សួរ​កន្លែង​សំរាម​ចំពោះ​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ធ្វើ​ការ​ជា​មួយ​លោក​ផង​ដែរ​ តែពេល​នោះ​មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍​ទេ ព្រោះ​បាន​ប្រាក់​ខែ​ទាប​។តែ​ដល់​ចុង​ឆ្នាំ​ ២០១៥ ​នៅ​ពេល​លោក​ចាប់​ធ្វើ​ចេញ​ជា​សម្ភារ​ផ្សេងៗ ​និង​បាន​បើក​ហាង​លក់​អីវ៉ាន់​នៅ​ផ្សារ​រាត្រី​ ក៏​មាន​ភ្ញៀវ​ចាប់​អារម្មណ៍​ច្រើន ហើយ​ក៏​បន្ត​ធ្វើ​រហូត​មក​។

បុរស​ជនជាតិ​ជប៉ុន ដែល​តែង​ប្រឹងប្រែង​ធ្វើ​គ្រប់យ៉ាង​ដោយ​ខ្លួនឯង​រូប​នេះ​ថ្លែងថា​៖ «តាំងពី​ចាប់ផ្ដើម​ធ្វើ​អាជីវកម្ម​មក​ដល់​ពេលនេះ ខ្ញុំ​បាន​បង្កើត​ការងារ​ជួយ​ដល់​អ្នក​ភូមិ​ប្រហែល​ជាង ២០ ​នាក់​ដែរ​ ប៉ុន្តែដោយសារ​ប្រាក់​ខែ​យើង​មិន​អាច​ផ្ដល់​ឱ្យ​ច្រើន​ផង និង​កូវីដ​ទៀត​ធ្វើឱ្យ​ពួកគាត់​មួយ​ចំនួន​សម្រេច​ចិត្ត​ត្រឡប់​ទៅ​កន្លែង​សំរាម​វិញ​។ បច្ចុប្បន្ន​ ​មាន​តែ​ជិត​ ១០​ នាក់​ប៉ុណ្ណោះ​ ដែល​នៅ​ជាមួយ​យើង​»។

អ្នក​ស្រី​ទិត្យ សំនៀង វ័យ ៣៥ ​ឆ្នាំ ជា​អតីត​អ្នក​ធ្វើការ​នៅ​កន្លែង​សំរាម ​១ ​រូប ដែល​បាន​ចូល​ធ្វើការ​ក្នុង​សមា​គម Kumae តាំងពី​​ឆ្នាំ ២០១៨ បានថ្លែង​ថា អ្នកស្រី​បាន​ស្គាល់​សមា​គម​នេះ​តាម​អ្នក​ភូមិ ហើយ​ក៏សុំ​គេ​ចូល​ធ្វើ​ក្រោយ​ពេល​ឮថា​គេ​ជ្រើស​រើស​បុគ្គ​លិក​។

អ្នកស្រី​ សំនៀង​ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​​ក្រោយ​ពី​បាន​ចូល​ធ្វើការ​ទីនោះ​ថា​៖ «បើ​សម្រាប់​ខ្ញុំ​ការងារ​នេះ​បាន​ជួយ​សម្រួល​ខ្ញុំ​ច្រើន​ដែរ​។ ខ្ញុំ​បាន​មាន​ឱកាស​នៅ​ជាមួយ​កូន កូន​ខ្ញុំ​បាន​រៀន ហើយ​ខ្ញុំ​ក៏​អត់​ពិបាក​ធ្វើដំណើរ​ទៅ​ឆ្ងាយ ​យើង​ធ្វើ​ទីនេះ​ គឺ​មាន​សុវត្ថិភាព កន្លែង​ធ្វើធម្មជាតិ មិនមាន​ប៉ះពាល់​ដល់​សុខភាព​យើង​ទេ​។ លើស​ពី​នេះ ខ្ញុំ​បាន​រៀន​ជំនាញ​បន្ថែម​ដោយ​ចេះ​ដេរ​កាបូប និង​ដួសក្រដាស​»។

អ្នក​ស្រី​សំនៀង​ បាន​រៀបរាប់​ត្រួសៗ​ពី​ដំណើរ​ក្នុង​ការធ្វើ​ឱ្យ​ចេញ​ជា​ក្រដាស​នេះ​។ មុនដំបូង ​គឺ​គេ​ត្រូវ​កាប់​ដើម​ចេក​ដែល​ពួក​គាត់​ទិញ​ពី​អ្នកភូមិ​ជុំ​វិញ​នេះ រួច​ឈូស​យក​តែ​សរសៃ​ខ្នង ​បន្ទាប់​មក​បាន​យក​ទៅ​ស្ងោរ​ឱ្យ​ទន់​ យក​មក​លាង​ឱ្យ​ស្អាត​រួច​គេ​យក​វា​មក​ជាន់​កិន​នឹង​ក្ដឿង​ឱ្យ​ទន់ ​និង​ល្អិត​ហើយ​បាន​គេ​យក​ទៅ​លាង​ ម្ដង​ទៀត​រួច​កាត់​ជា​សរ​សៃ​ល្អិតៗ​ និង​យក​វា​ទៅ​ក្រឡុក​។

បន្ទាប់​ពី​នោះ គេ​អាច​ដួស​វា​យក​ធ្វើ​ជា​ក្រដាស​ផ្សេងៗ និង​ហាល​ទៅតាម​ប្រភេទ​ក្រដាស​ ដូចជា​ក្រ​ដាស​សម្រាប់​ដេរ​កា​បូប​យួរ​ដៃ​ស្រី​ជា​ច្រើន​ម៉ូដ​ កាត​ធម្មតា​ ទ្រនាប់​កែវ ​ស្រោម​សំបុត្រ និងវត្ថុ​ផ្សេងៗ​ច្រើន​ទៀត​។

​ចំពោះ​ការ​ផលិត​វិញ អ្នកស្រីបាន​បញ្ជាក់ថា៖ «វា​មាន​ផល​លំបាក​ខ្លះ​ដែរ ជា​ពិសេស​គឺ​ការ​កាប់​ដើម​ចេក ​ព្រោះ​ពេល​ខ្លះ​កាប់​ឆ្ងាយ ​ដើម​ចេក​ធ្ងន់ ​ពិបាក​លី និង​ពេល​ខ្លះ​ស្ងោរ​ហើយ​យើង​ប្រើ​កម្លាំង​ជាន់​វា​ពិបាក និង​ចំណាយ​ពេល​យូរ​ក្នុង​ដំណើរកា​រ​មួយៗ​»។

ទោះ​ជាយ៉ាង​ណា អ្នកស្រី សំនៀង បាន​ឱ្យ​ដឹង​ដែរ​ថា ប៉ុន្តែ​ដោយសា​រ​បច្ចុប្បន្ន​លក់​មិន​សូវ​ដាច់ ពួក​គាត់​មាន​ការងារ​ធ្វើ​តែ​ពេល​ព្រឹក ដោយ​ផលិត​​តែ​សរសៃ​ចេក​ប៉ុណ្ណោះ ​មិន​បាន​ដេរ​ជា​កាបូប​ទេ ទាល់តែ​មាន​គេ​កុម៉្មង់ ​ឬ ត្រូវ​យក​ទៅ​លក់​នៅ​ហាង​។

ចំណែកអ្នកស្រី សួរ រដ្ឋា​កញ្ញា វ័យ​ ២៩ ​ឆ្នាំ ជា​ភរិយា​លោក​ តាគូយ៉ា និង​ជា​អ្នក​ចូល​រួម​ធ្វើការ​នេះ​ដែរបាន​ថ្លែង​​ថា ការ​ងារ​នេះ​បាន​ជំរុញ​ឱ្យ​អ្នក​ស្រី មាន​ការច្នៃ​ប្រឌិត ​ហើយ​ក៏​ស៊ូមិន​ដក​ខ្លួន​ពេល​មាន​បញ្ហា ឬ​ឧប​សគ្គ​ឡើយ​។

អ្នកស្រី រដ្ឋា​កញ្ញា បាន​ឱ្យ​ដឹង​ពី​តម្លៃ និង​ផល​លំបាក​ផងដែរ​ថា សម្រាប់​ភ្ញៀវ​ក្នុង​ស្រុក​ពេល​ឮ​ថា​ក្រដាស​ធ្វើ​ពី​ដើម​ចេក​​គេគិត​ថា​ថោក ប៉ុន្តែ​ជាក់​ស្ដែង​មិន​មែន​ទេ ពីព្រោះ​ អ្នកស្រី​ត្រូវ​គិតពី​កម្លាំង​ញើស​ឈាម​ និង​ដំណើរ​ការ​ដែល​អ្នក​ធ្វើ​ទាំង​ប្រើ​កម្លាំង និង​ប្រើ​ពេល​យូរ​ទម្រាំ​បាន​ជា​ផលិត​ផល​សម្រេច​មួយៗ ​ដូច្នេះ ​គាត់​បាន​ពន្យល់ និង​សូម​ការ​យល់​ចិត្ត​ពី​អតិថិ​ជន​ផង​ដែរ​។

ដោយ​ឡែក ភ្ញៀវ​របស់​សមា​គម Kumae គឺ​ភាគ​ច្រើន​មាន​តែ​ភ្ញៀវ​ទេសចរ​ ក្រុមហ៊ុន​ដែល​គិត​គូរ​ពី​បរិស្ថាន និង​ខាង​សណ្ឋា​គារ​មួយ​ចំនួន​ដែល​គេ​បាន​ទិញ​យក​ធ្វើ​ជា​កាត​ជូនពរ​ឬ​សម្រាប់​ឱ្យ​ភ្ញៀវ​ក្នុង​ថ្ងៃ​កំណើត​​។

នេះបើ​តាម​ការ​បញ្ជាក់​ពីអ្នក​ស្រី សួ​រ រដ្ឋា​កញ្ញា​។

ពេល​សួរ​ពី​ចំណាប់​អារម្មណ៍​ និង​ផែនការ​នៅ​ថ្ងៃ​អនាគត​លោក តាគូ​យ៉ា ថា​៖ ​«ខ្ញុំ​ពិបាក​និយាយ​ពី​អារម្ម​ណ៍​យ៉ាង​ណា​ណាស់ ​ព្រោះ​គិត​ថា​ខ្លួនឯង​មិនទាន់​បាន​ជោគ​ជ័យ​។ គោលដៅ​ធំ​ខ្ញុំ​គឺ​សង្ឃឹម​ចង់​ជួយ​អ្នក​នៅ​កន្លែង​សំរាម​ហ្នឹង​យ៉ាង​ហោច​ណាស់ ​១០០ ​នាក់​។ ទោះ​យើង​មិន​ដឹង​ថា​ថ្ងៃមុខ​នឹង​ទៅ​ជា​យ៉ាង​ណា តែ​យើង​នឹង​បន្ត​រក​គំនិត​កែច្នៃ​ថ្មីៗ​ធ្វើ​បន្ថែម​»។

យ៉ាង​ណាក្ដី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ​សៀមរា​ប លោក ​ស៊ុន គង់ បាន​បង្ហាញ​ទឹក​ចិត្ត​អរគុណ​របស់​លោក​ចំពោះ​លោក ​តាគូ​យ៉ា​ ដែល​បាន​មក​កម្ពុជា ហើយ​ជួយ​បង្កើត​មុខរបរ​សម្រាប់​ស្រ្តី​នៅ​ក្នុង​ខេត្ត​សៀម​រាប​តាម​រយៈ​ការ

បង្កើត​ផលិត​ផល​ដើម​ចេក​ទៅ​ជា​វត្ថុធាតុ​ដើម​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផ្សេងៗ​ដែល​ការជួយ​កាត់​បន្ថយ​ការប្រើ​ប្រាស់​ថង់​ប្លា​ស្ទិក​បាន​មួយ​ផ្នែក​ធំ​។

លោក​បាន​ថ្លែង​ថា៖ «នេះ​គឺជា​សកម្ម​ភាព​មួយ​ដែល​ល្អ​ក្នុង​ការរួម​ចំណែក​ដល់​ក្រសួង​បរិស្ថាន ខ្ញុំ​​សូម​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​ដល់​ស្រ្តី​ដែល​ធ្វើការ​ក្នុង​សហ​គមន៍​នោះ និ​ង​បុរស​ជនជាតិ​ជប៉ុន។ ខ្ញុំ​សូម​កោត​សរសើរ​សម្រាប់​ស្នាដៃ ក្នុង​ការ​ចូល​រួម​លើក​កម្ពស់​នៃ​ការ​ប្រើ​ប្រាស់​ប្រភេទ​វត្ថុ​ធាតុ​ដើម​ពី​ដើម​ចេក និង​លើក​កម្ពស់​ប្រជា​ពលរដ្ឋ​នៅ​តាម​ភូមិ​គោល​ដៅ​»។

លោកបាន​ឱ្យ​ដឹង​ថា បើ​ទោះ​ជា​មិន​ទាន់​បាន​ចុះ​ទៅ​មើល​ផ្ទាល់​ក្ដី តែ​លោក​នឹង​ចាត់​មន្រ្តី​ទៅ​សិក្សា​បន្តថា​តើ​មន្ទីរ​បរិស្ថាន និង​ក្រសួង អាច​ជួយ​គាំទ្រ​ផ្នែក​ណា​ខ្លះ​ដើម្បី​លើក​កម្ពស់​ខ្សែ​ចង្វាក់​នៃ​ការផ​លិត​នេះ​។

ទាក់​ទងនឹង​ការ​រួម​ចំណែក​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ពី​ផលិត​ផល​នេះ លោក គ​ង់ ​បាន​បញ្ជាក់ថា​៖ «ក្រសួង​បាន​ធ្វើការ​ចែក​ចាយ​តាម​ផេច​របស់​ក្រសួង​ទាក់​ទង​នឹង​ខ្សែ​ចង្វាក់​ផលិត​របស់​សមា​គម​នារី​ដែល​នៅ​ក្នុង​ភូមិ​នេះ​ ហើយ​ដើម្បីជា​ការលើក​ទឹក​ចិត្ត​​ដល់​ការ​ផ្សព្វ​ផ្សាយ ​មន្ទីរ​នឹង​ចុះ​បន្ត​ទៅ​កាន់​ទីតាំង​ផ្ទាល់​ដើម្បី​ជួយ​ជំរុញ​ពួក​គាត់​»៕