ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​លោក វ៉ាង យី រដ្ឋមន្ត្រី​ការបរទេស​ចិន​បាន​ជួបប្រជុំ​ទ្វេភាគី​កាលពី​ថ្ងៃទី ​៣ ខែកក្កដា នៅ​ទីក្រុង​បាកាន ប្រទេស​មីយ៉ាន់ម៉ា ដោយ​ភាគី​ទាំង​ ២​ បានប្រកាស​បន្ត​ប្តេជ្ញាចិត្ត​ក្នុង​ការ​ធ្វើឱ្យ​ទំនាក់​ទំនង កម្ពុជា​-​ចិន ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ខណៈ​ដែល​ទំនាក់ទំនង​បច្ចុប្បន្ន​កំពុង​ស្ថិតនៅ​ចំណុច​ខ្ពស់បំផុត​។ នេះ​បើ​យោងតាម​ប្រព័ន្ធ​តេឡេក្រាម​របស់​ក្រសួង​ការបរទេស​។


ការប្រកាស​ប្តេជ្ញាចិត្ត​របស់​​រដ្ឋមន្ត្រី​ទាំង​ ២ បាន​ធ្វើឡើង​ក្នុងជំនួប​ទ្វេភាគី​នៅមុន​ ១​ ថ្ងៃ មុនពេល​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​ឡានឆាង លើក​ទី​ ៧ នៅ​ទីក្រុង​បាហ្កាន ប្រទេស​មីយ៉ាន់ម៉ា​។

ក្រសួង​ការបរទេស​កម្ពុជា​បានឱ្យ​ក្រុម​អ្នកសារព័ត៌មាន​ដឹង​តាម​ប្រព័ន្ធ​តេឡេក្រាម​នៅ​ថ្ងៃទី​ ៣ ខែកក្កដា ថា​៖ «​ឯកឧត្តម​ទាំង​ ២​ បាន​ជួបពិភាក្សា​ប្រកប​ដោយ​ផ្លែផ្កា​លើ​ប្រធានបទ​ផ្សេងៗ និង​បាន​បន្ត​ប្តេជ្ញាចិត្ត​ក្នុង​ការ​ធ្វើឱ្យ​ទំនាក់ទំនង​ទ្វេភាគី​របស់​ប្រទេស​ទាំង​ ២ ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ខណៈ​ដែល​ទំនាក់ទំនង​នាពេល​បច្ចុប្បន្ននេះ​កំពុង​ស្ថិតនៅ​ចំណុច​ខ្ពស់បំផុត​»​។

រដ្ឋមន្ត្រី​ទាំង​ ២ ​ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​មួយចំនួន​ផងដែរ​។


លោក ប្រាក់ សុខុន បាន​ចូលរួម​កិច្ចប្រជុំ MLC លើក​ទី​ ៧​ នេះ បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ក្នុងនាម​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​រយៈពេល​ ៥ ​ថ្ងៃ ចាប់ពី​ថ្ងៃទី ២៩ ខែមិថុនា ដល់​ថ្ងៃទី​ ៣ ខែកក្កដា ដើម្បី​តាមដាន​វឌ្ឍនភាព​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ (​កុងសង់ស៊ីស​) ៥ ​ចំណុច​របស់​អាស៊ាន និង​តាមដាន​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិគ្រោះយោបល់​ស្តីពី​ជំនួយ​មនុស្សធម៌​របស់​អាស៊ាន​សម្រាប់​មីយ៉ាន់ម៉ា​។


កិច្ចប្រជុំ​ MLC ​នេះ​ធ្វើឡើង​ក្រោម​មូលបទ «​សាមគ្គីភាព​ដើម្បី​សន្តិភាព និង​វិបុលភាព​» ដែលជា​វេទិកា​មួយ​សម្រាប់​រដ្ឋមន្ត្រី​ការបរទេស MLC ធ្វើការ​វាយតម្លៃ​ទៅលើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ ៥ ​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ-​ឡានឆាង ឆ្នាំ​ ២០១៨-២០២២​។

កិច្ចប្រជុំ​ទ្វេភាគី​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​-​ចិន​។ រូប ក្រសួង​ការបរទេស

កិច្ចប្រជុំ​នេះ​កំណត់​ទិសដៅ​អនាគត​ សម្រាប់​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ទូលំទូលាយ ពង្រឹង​បន្ថែមទៀត​នូវ​ចំណង​មិត្តភាព និង​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​រវាង​បណ្ដា​ប្រទេស​មេគង្គ និង​ប្រទេស​ចិន​ក្នុង​ការលើក​កម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ជាពិសេស​នៅក្នុង​កាលៈទេសៈ​នៃ​ការគំរាម​កំហែង​ពិភពលោក​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ តាមរយៈ​កិច្ចប្រជុំ​នេះ​ក៏មាន​ការសម្ពោធ​អគារ​អង្គភាព​សម្របសម្រួល​ជាតិ​នៃ MLC របស់​ប្រទេស​មីយ៉ាន់ម៉ា​ផងដែរ​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​កម្ពុជា​កាលពី​ថ្ងៃទី​ ១ ខែកក្កដា​។

នៅមុន​ជំនួប​ជាមួយ​លោក វ៉ាង យី ១ ​ថ្ងៃ លោក ប្រាក់ សុខុន បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​បារាំង សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ព្រមទាំង​ភារធារី​ស្តីទី​ស្ថានទូត​អូស្ត្រាលី ប្រចាំ​មីយ៉ាន់ម៉ា ដោយ​មាន​ការពិភាក្សា​អំពី​​វឌ្ឍនភាព​នៃ​កុងសង់ស៊ីស​ ៥ ​ចំណុច​របស់​អាស៊ាន ដោយ​រួមទាំង​ការផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​មីយ៉ាន់ម៉ា​។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​ថ្លែងថា ចំពោះ​កិច្ចសហការ​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន អ្នកណា​ក៏​អាច​មើលឃើញ​ពី​ភាពស្អិតល្មួត និង​កិច្ចសហប្រតិបត្តិ​ដែលមាន​កម្រិត​ខ្ពស់​នេះ​ផងដែរ​។

លោក​បន្តថា កម្ពុជា​ក៏ត្រូវ​តែ​ប្រឹងប្រែង​ធ្វើ​យ៉ាងម៉េច​ឱ្យ​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​មហាអំណាច​ផ្សេងៗ​ទៀត ដូចជា​អាមេរិក ឬក៏​អឺរ៉ុប ដែលជា​មូលដ្ឋាន​សំខាន់​នៃ​ការធ្វើឱ្យ​រីកចម្រើន​សេដ្ឋកិច្ច​កម្ពុជា​ឱ្យបាន​ល្អ និង​បាន​ដល់​​ជា​កម្រិត​ខ្ពស់​ដូច​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន​ជាដើម​។

លោក យង់ គិមអេង ថ្លែងថា​៖ «​ជាមួយ​គ្នា​នោះ វា​នឹង​ជួយ​ឱ្យ​កម្ពុជា​យើង​កាន់តែ​មាន​ភាព​រឹងមាំ​ទាំង​នៅក្នុង​ទំនាក់​ទំនង​អន្តរជាតិ​ទូទៅ​នៅលើ​សកលលោក​ដែរ ប្រសិន​ជា​យើង​អាចធ្វើ​បាន​។ បើសិនជា​កិច្ចសហប្រតិបត្តិការ​​រវាង​តែ​កម្ពុជា និង​ចិន​ដែលមាន​ចំណុច​ខ្ពស់ ប៉ុន្តែ​សម្រាប់​ប្រទេស​ដទៃទៀត​យើង​មាន​ឧបសគ្គ អាហ្នឹង​ក៏​មិនកើត​ដែរ ព្រោះ​អី​អាច​នឹងធ្វើ​ឱ្យគេ​មើលឃើញ​នៅក្នុង​រូបភាព​មួយ​ផ្សេង​ថា យើង​មិនអាច​រក្សាបាន​នូវ​ពហុប៉ូល​»​។

លោក យង់ គិមអេង ថ្លែងបន្តថា ទោះបី​កម្ពុជា​មាន​កិច្ចសហប្រតិបត្តិការ​ជា​ពហុប៉ូល​ក៏ដោយ ក៏ប៉ុន្តែ​កម្ពុជា​មិនទាន់បាន​ពង្រឹង​វា​ឱ្យបាន​ខ្លាំង​ស្មើៗ​គ្នា​នៅឡើយ​ទេ​។ កម្ពុជា​បាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន​បាន​ខ្លាំង ប៉ុន្តែ​ជាមួយ​បណ្តា​ប្រទេស​អឺរ៉ុប និង​អាមេរិក ជាពិសេស​ជាមួយ​បណ្តា​ប្រទេស​សេរី​នៅមាន​ឧបសគ្គ​ច្រើន ជាពិសេស​នៅក្នុង​រឿង​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ដែល​ប្រទេស​សេរី​ទាំងនោះ​តម្រូវឱ្យ​កម្ពុជា​មានការ​កែលម្អ​៕